អ៊ីស្រាអែល និងក្រុមហាម៉ាស់ធ្វើការផ្លាស់ប្តូរចំណាប់ខ្មាំងនិងអ្នកទោសលើកទី៦
(VOVWORLD) - នាថ្ងៃទី ១៥ ខែកុម្ភៈ អ៊ីស្រាអែល និងចលនាហាម៉ាសបានធ្វើការផ្លាស់ប្តូរចំណាប់ខ្មាំងនិងអ្នកទោសលើកទី ៦ ក្នុងដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀង ឈប់បាញ់ដែលកំពុងជាធរមាននៅតំបន់ហ្គាហ្សា ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលនិងក្នុងតំបន់ ក្នុងការដោះដូរថ្ងៃនេះ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង ៣ នាក់ ហើយអ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីន ៣៦៩ នាក់។ ចំណាប់ខ្មាំងដែលត្រូវបានដោះលែងគឺសុទ្ធតែជាបុរសនិងជាពលរដ្ឋកាន់សញ្ជាតិពីរដូចជា៖ អ៊ីស្រាអែល-អាមេរិក អ៊ីស្រាអែល-រុស្ស៊ី និងអ៊ីស្រាអែល-អាហ្សង់ទីន។ បញ្ជីឈ្មោះចំណាប់ខ្មាំងត្រូវបានក្រុមហាម៉ាស ប្រគល់ទៅឲ្យអ្នកសម្រុះសម្រួលអន្តរជាតិនៅរសៀលថ្ងៃទី ១៤ កុម្ភៈ ហើយត្រូវបានបញ្ជូនទៅអ៊ីស្រាអែលភ្លាមមួយរំពិច។ គ្រួសារចំណាប់ខ្មាំងក៏បានទទួលដំណឹងពីការដោះដូរថ្ងៃនេះដែរ។ ក្នុងចំណោមអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែង មាន ៣៦ នាក់កំពុងជាប់ទោសមួយជីវិត។ អ្នកទោសចំនួន ៣៣៣ នាក់ដែលនៅសេសសល់ត្រូវបានអ៊ីស្រាអែលឃុំខ្លួននៅតំបន់ហ្គាហ្សាក្នុងអំឡុងពេលមានជម្លោះ។
មុននេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថា កងទ័ពរបស់ប្រទេសនេះនឹងចាប់ផ្តើមការវាយលុកឡើងវិញភ្លាមៗលើតំបន់ហ្គាហ្សា ប្រសិនបើក្រុមហាម៉ាស់មិនដោះលែងចំណាប់ខ្មាំងនៅវេលាថ្ងៃត្រង់ថ្ងៃនេះ (ម៉ោងក្នុងតំបន់)៕