អ៊ីស្រាអែល និងអ៊ីរ៉ង់បន្តបើកការវាយឆ្មក់លើទឹកដីរបស់គ្នាទៅវិញទៅមក
(VOVWORLD) - កាលពីយប់ថ្ងៃទី ១៧ ខែមិថុនា នៅថ្ងៃទីប្រាំនៃប្រតិបត្តិការវាយប្រហារទុកជាមុនដែលមានរហស្សនាមថា "Lion Rising" កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា កងកម្លាំងជើងអាកាសរបស់ខ្លួនបានធ្វើការវាយឆ្មក់យ៉ាងជ្រៅ ចូលទៅក្នុងទឹកដីអ៊ីរ៉ង់។
យន្តហោះចម្បាំងអ៊ីស្រាអែលចំនួន ៦០ គ្រឿងបានវាយប្រហារមកលើកន្លែងបាញ់បង្ហោះមីស៊ីលផ្លោងដែលអ៊ីរ៉ង់បានប្រើប្រាស់ក្នុងការវាយប្រហារលើអ៊ីស្រាអែល។ សរុបមក ចាប់តាំងពីបើកយុទ្ធនាការវាយឆ្មក់នៅព្រឹកព្រលឹមថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានកម្ទេច ៤០% នៃមីស៊ីលរបស់អ៊ីរ៉ង់ ដោយបំផ្លាញប្រព័ន្ធការពារដែនអាកាសជាង ៧០។ រដ្ឋធានី Tehran គឺជាតំបន់មួយដែលរងការវាយប្រហារញឹកញាប់បំផុតដោយយន្តហោះចម្បាំងរបស់អ៊ីស្រាអែល។
ចំពោះខាងអ៊ីរ៉ង់វិញ កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានប្រកាសថា ខ្លួនបានធ្វើការវាយប្រហារដោយមីស៊ីលផ្លោង ទៅលើគោលដៅយុទ្ធសាស្ត្រជាច្រើនក្នុងប្រទេសអ៊ីស្រាអែល រួមទាំងទីស្នាក់ការកណ្តាលនៃនាយកដ្ឋានស៊ើបការណ៍យោធានៃក្រសួងការពារជាតិអ៊ីស្រាអែលនៅទីក្រុង Tel Aviv ផងដែរ។ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីលផ្លោងជាច្រើនគ្រាប់ ក្នុងថ្ងៃទី ១៧ ខែមិថុនា សំដៅលើទីក្រុងនានារបស់អ៊ីស្រាអែល រួមទាំងទីក្រុង Tel Aviv និងទីក្រុងកំពង់ផែ Haifa ផងដែរ។ ការវាយប្រហាររបស់អ៊ីរ៉ង់បានបង្កឱ្យមានការខូចខាតយ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធ និងជនស៊ីវិលជាច្រើនអ្នករងរបួស។ ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានអះអាងថា បើប្រៀបធៀបទៅនឹងថ្ងៃមុន ទោះបីជាភាពការវាយប្រហាររបស់អ៊ីរ៉ង់នាថ្ងៃទី ១៧ មិថុនាបានកើនឡើងក៏ដោយ ប៉ុន្តែទំហំនិងចំនួនមីស៊ីលដែលត្រូវបានដាក់ពង្រាយក្នុងការវាយប្រហារ បានថយចុះគួរឱ្យកត់សម្គាល់៕