អ៊ីស្រាអែលបង្កើនការវាយប្រហារលើរណសិរ្សទាំង ៣
(VOVWORLD) - ដោយបន្តយុទ្ធសាស្ត្របង្រ្កាបយោធារបស់ខ្លួន នាថ្ងៃទី ១៩ ខែមិថុនា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារដំណាលគ្នា លើរណសិរ្សទាំង ៣ គឺអ៊ីរ៉ង់ ហ្គាហ្សា និងលីបង់។
អ៊ីរ៉ង់បានបន្តជាមុខចម្បងនៃការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលកាលពីម្សិលមិញ ជាថ្ងៃទី ៧ នៃការប្រឈមមុខដាក់គ្នាខាងយោធា។ កងទ័ពអាកាសអ៊ីស្រាអែលបន្តវាយប្រហារគោលដៅជ្រៅៗក្នុងទឹកដីអ៊ីរ៉ង់ រួមទាំងរដ្ឋធានីតេអេរ៉ង់ផងដែរ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើករបស់ខ្លួន បានវាយប្រហារលើម៉ាស៊ីនរ៉េអាក់ទ័រទឹកធុនធ្ងន់ Arak កាំជ្រួចមីស៊ីល និងកន្លែងយោធានៅទូទាំងប្រទេសអ៊ីរ៉ង់។
នៅថ្ងៃដដែលនោះ អ៊ីស្រាអែលក៏បានបើកការវាយឆ្មក់ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧២នាក់ និងរាប់រយនាក់រងរបួស ដែលភាគច្រើនជាជនស៊ីវិល។ ទីភ្នាក់ងារការពារជនស៊ីវិល Gaza បានបន្តចោទប្រកាន់កងទ័ពអ៊ីស្រាអែលថាបានវាយប្រហារចំណុចចែកចាយជំនួយមនុស្សធម៌នៅជិតច្រករបៀង Netzarim នៅកណ្តាលហ្គាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១ នាក់។ នៅសមរភូមិលីបង់ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថា ខ្លួនបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន ៣ លើកទៅលើគោលដៅរបស់ក្រុមហេសបូឡា ក្នុងរយៈពេលតិចជាង ២៤ ម៉ោង។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Kan នាយប់ថ្ងៃទី ១៩ ខែមិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ជាក់ថា ប្រទេសរបស់លោកមិនត្រឹមតែផ្លាស់ប្តូរមជ្ឈិមបូព៌ាទាំងស្រុងប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្តូរមុខមាត់ពិភពលោកទៀតផង។ មេដឹកនាំអ៊ីស្រាអែលក៏បាននិយាយដែរថា អ៊ីស្រាអែលបានត្រៀមខ្លួនយ៉ាងហ្មត់ចត់សម្រាប់សង្រ្គាមជាមួយអ៊ីរ៉ង់ ប៉ុន្តែមិនទាន់អាចកំណត់ថាតើជម្លោះនឹងត្រូវបញ្ចប់នៅពេលណានោះទេ៕
(Ba Thi- VOV នៅអេហ្ស៊ីប)