អ៊ីស្រាអែលបញ្ជូនគណៈប្រតិភូទៅកាតា ដើម្បីបន្តការចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាស

(VOVWORLD) - កាលពីថ្ងៃទី ២ ខែមករា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ទីក្រុង Tel Aviv នឹងបញ្ជូនគណៈប្រតិភូរួមទាំងមន្ត្រីសន្តិសុខជាន់ខ្ពស់មកពី Mossad (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់) IDF (កងទ័ព) និង ISA (ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងក្នុងស្រុក) ទៅកាន់ប្រទេសកាតា ដើម្បីចរចាលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

មុននោះ នាថ្ងៃដដែល ចលនាហាម៉ាសក៏បានប្រកាសបញ្ជូនគណៈប្រតិភូចរចាពីទីក្រុងគែរ (អេហ្ស៊ីប) ទៅកាន់ទីក្រុងដូហា (កាតា) ដើម្បីបន្តការចរចាជាមួយអ្នកសម្រុះសម្រួលអន្តរជាតិ។ លោក Jihad Taha មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ បានឲ្យដឹងថា តំណាងក្រុមនេះ ធ្លាប់បានពិភាក្សាជាមួយក្រុមអ្នកសម្រុះសម្រួលអេហ្ស៊ីប កាតា និងទួរគី នៅទីក្រុងគែរ ស្តីពីវិធានការដោះស្រាយឧបសគ្គនិងលក្ខខណ្ឌនៃបទឈប់បាញ់ថ្មី ដែលអ៊ីស្រាអែលបានបន្ថែមនាពេលថ្មីៗនេះ។ មន្ត្រីក្រុមហាម៉ាស់បានអះអាងថា ក្រុមនេះកំពុងប្រកាន់យកនូវវិធីសាស្រ្តវិជ្ជមាន និងបើកចំហចំពោះបញ្ហាពាក់ព័ន្ធទាំងអស់។

អ៊ីស្រាអែលបញ្ជូនគណៈប្រតិភូទៅកាតា ដើម្បីបន្តការចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាស - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ រូបថត៖ THX/TTXVN

នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត កាលពីថ្ងៃទី ២ ខែមករា អ៊ីស្រាអែលបានវាយប្រហារលើទីបង្ហោះមីស៊ីលរបស់ក្រុម Hezbollah នៅភាគខាងត្បូងប្រទេសលីបង់ បើទោះបីជាបទឈប់បាញ់ជាមួយក្រុមសកម្មប្រយុទ្ធនេះបានចូលជាធរមានចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក៏ដោយ។ ការវាយប្រហារនេះត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានបញ្ជូនសំណើដើម្បីបំបាត់ទីបង្ហោះមីស៊ីល ដែលបង្កការគំរាមកំហែងដល់ជនស៊ីវិលនិងកងទ័ពរបស់ប្រទេសនេះ ដល់កងកម្លាំងប្រដាប់អាវុធលីបង់ ប៉ុន្តែមិនត្រូវបានដោះស្រាយនោះទេ។ កងទ័ពលីបង់មិនបានធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះទេ។ ខណៈពេលដែលទីភ្នាក់ងារសារព័ត៌មានលីបង់បានរាយការណ៍ថា មានការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលយ៉ាងហោចណាស់ចំនួន ៣លើក នៅភាគខាងត្បូងនៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ