១. គោលនយោបាយពន្ធនាំចេញនាំចូលរបស់សហរដ្ឋអាមេរិកប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក
នាថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពី “ពន្ធទិវារំដោះ” ដោយដាក់ពន្ធបដិការលើប្រទេសភាគច្រើនលើទូទាំងពិភពលោក រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិកផងដែរ ដោយអត្រាពន្ធចាប់ពី ១០% ដល់ជាង ៥០%។
ក្រោមសម្ពាធពីគោលនយោបាយពន្ធបដិការរបស់សហរដ្ឋអាមេរិក ប្រទេសជាច្រើនបានយល់ព្រមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាមេរិក ដោយស្វែងរកការផ្ទេរប្ដូរផលិតកម្ម និងរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ ដើម្បីបង្កើនឱកាសជ្រៀតចូលទីផ្សារសហរដ្ឋអាមេរិក និងពិភពលោក។ គោលនយោបាយពន្ធបដិការថ្មីរបស់សហរដ្ឋអាមេរិក បាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ដែលបង្ខំឱ្យប្រទេសនានាត្រូវកែសម្រួលយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យ និងសម្របខ្លួនទៅនឹងបរិបទថ្មី។
២. អ៊ីស្រាអែលនិងហាម៉ាស សម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ ក្រោយពីជម្លោះបង្ហូរឈាមរយៈពេលពីរឆ្នាំ
ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក អេហ្ស៊ីប និងប្រទេសអារ៉ាប់មួយចំនួន នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែលនិងចលនាហាម៉ាសនៅតំបន់ហ្គាហ្សា ត្រូវបានចុះហត្ថលេខាជាផ្លូវការ ដែលជារបត់ដ៏សំខាន់មួយក្នុងការបញ្ចប់ជម្លោះទាំងស្រុង ដែលបានផ្ទុះឡើងចាប់ពីខែតុលា ឆ្នាំ២០២៣ និងបានឆក់យកអាយុជីវិតមនុស្សជាង ៧០.០០០នាក់ (គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥)។ កិច្ចព្រមព្រៀងឈប់បាញ់នេះគឺជាដំណាក់កាលទី ១ នៃផែនការសន្តិភាព ២០ ចំណុច ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលក្នុងនោះបានលើកឡើងពីការប្រគល់តំបន់ហ្គាហ្សាទៅឱ្យរដ្ឋអំណាចប៉ាឡេស្ទីន និងបង្កើតរដ្ឋប៉ាឡេស្ទីន ប្រសិនបើកំណែទម្រង់ចាំបាច់ ត្រូវបានអនុវត្តន៍។ ទោះបីជានៅតែប្រឈមមុខនឹងហានិភ័យជាច្រើនក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា ត្រូវបានចាត់ទុកថាជាវឌ្ឍនភាពនយោបាយ និងការទូតដ៏សំខាន់បំផុតដែលភាគីនានាសម្រេចបានក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ឈប់អំពើហិង្សា និងគ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅតំបន់ហ្គាហ្សា។
៣. សហរដ្ឋអាមេរិកប្រកាសយុទ្ធសាស្ត្រសន្តិសុខជាតិថ្មី ដែលជាសញ្ញានៃការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវស្ថានការណ៍យុទ្ធសាស្ត្រសកល
នាថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ សហរដ្ឋអាមេរិកបានប្រកាសយុទ្ធសាស្ត្រសន្តិសុខជាតិថ្មី ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក ព្រមទាំងជាសញ្ញានៃការរៀបចំឡើងវិញដ៏ធំមួយ។ យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់សហរដ្ឋអាមេរិក បានគូសសញ្ញានូវការវិលត្រឡប់មកវិញនៃទ្រឹស្ដី ម៉ុនរ៉ូ ដោយចាត់ទុក អឌ្ឍគោលខាងលិចជាតំបន់ឥទ្ធិពលដែលមិនអាចរំលោភបានរបស់សហរដ្ឋអាមេរិក ហើយបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងផ្លាស់ទីកម្លាំងយោធាភាគច្រើនរបស់ខ្លួនទៅកាន់អឌ្ឍគោលខាងលិច។ យុទ្ធសាស្ត្រសន្តិសុខនេះក៏មិនចាត់ទុករុស្ស៊ីជា "សត្រូវ" ទៀតឡើយ ប៉ុន្តែផ្លាស់ប្តូរជាបណ្ដើរៗទៅរកភាពជាដៃគូ ហើយប្រើប្រាស់ភាសាដ៏ប្រុងប្រយ័ត្នជាងមុន និងមិនសូវបង្ករឿងហេតុចំពោះប្រទេសចិន ដោយចាត់ទុកប្រទេសនេះជាគូប្រជែង ប៉ុន្តែចាំបាច់ត្រូវធ្វើការសន្ទនាដើម្បីធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចមានតុល្យភាពឡើងវិញ ដោយផ្ដល់អាទិភាពដល់លក្ខណៈមានទៅមានមក។ ទន្ទឹមនឹងនោះ យុទ្ធសាស្ត្រថ្មីនេះ បានរិះគន់យ៉ាងខ្លាំងចំពោះអឺរ៉ុប ដែលជាសញ្ញានៃការដកខ្លួនបន្តិចម្តងៗពីការសន្យាសន្តិសុខរបស់សហរដ្ឋអាមេរិកចំពោះទ្វីបនេះ។
 |
៤. អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកវាយប្រហារទៅលើអ៊ីរ៉ង់
នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ អ៊ីស្រាអែលបានបើក “ប្រតិបត្តិការតោងើប” គួរឲ្យភ្ញាក់ផ្អើល ដោយវាយប្រហារតាមជើងអាកាសលើទីតាំងនុយក្លេអ៊ែរ និងយោធាអ៊ីរ៉ង់ជាច្រើនកន្លែង ហើយបានប្រកាសថា នេះគឺសំដៅរារាំងប្រទេសអ៊ីរ៉ង់ពីការពង្រីកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ អ៊ីរ៉ង់បានសងសឹកដោយការបាញ់មីស៊ីលរាប់រយគ្រាប់ និងយន្តហោះគ្មានមនុស្សបើក (UAV) ជាង ១០០០ គ្រឿងចូលទៅក្នុងដែនដីអ៊ីស្រាអែល។ នាថ្ងៃទី២២ ខែមិថុនា សហរដ្ឋអាមេរិកបានធ្វើអន្តរាគមន៍ដោយផ្ទាល់ នៅពេលដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 និងគ្រូសមីស៊ីល Tomahawk ដើម្បីវាយប្រហារលើទីតាំងនុយក្លេអ៊ែរ Natanz, Fordow និង Isfahan របស់អ៊ីរ៉ង់។ នេះជាលើកដំបូងដែលសហរដ្ឋអាមេរិកបានវាយប្រហារដោយផ្ទាល់ទៅលើបណ្តាញនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីធ្វើឱ្យចុះខ្សោយនូវសមត្ថភាពចម្រើនអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់។
ជម្លោះនេះគឺជាការឡើងកំដៅតានតឹងដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងទំនាក់ទំនងអរិភាពរយៈពេលជាច្រើនទសវត្សរ៍រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលគូសសញ្ញានូវការផ្លាស់ប្តូរដ៏គួរឱ្យព្រួយបារម្ភនៃបរិយាកាសសន្តិសុខនៅមជ្ឈិមបូព៌ា។
៥. ជម្លោះព្រំដែនថៃ-កម្ពុជា
ចាប់ពីការប៉ះទង្គិចគ្នាតូចតាចតាមព្រំដែនចាប់ពីចុងខែឧសភា នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជម្លោះបានផ្ទុះឡើងរវាងថៃនិងកម្ពុជា ខណៈដែលភាគីទាំងពីរបានប្រើប្រាស់អាវុធធុនធ្ងន់ដើម្បីវាយប្រហារទីតាំងជាច្រើននៅក្នុងដែនដីរបស់គ្នាទៅវិញទៅមក។ នេះគឺជាជម្លោះដ៏ធ្ងន់ធ្ងរបំផុតរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរនេះ ចាប់តាំងពីការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០១១ ដោយពាក់ព័ន្ធដល់ប្រាសាទព្រះវិហារដែលកំពុងមានជម្លោះ។ ក្រោយពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលផ្សះផ្សាដោយសហគមន៍អន្តរជាតិ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ថៃនិងកម្ពុជាបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដោយចាប់ផ្តើមការចរចាឡើងវិញ។ ជម្លោះនេះបានបង្កឲ្យមានបញ្ហាប្រឈមជាច្រើនដល់ការរក្សាសន្តិភាព និងសាមគ្គីភាពក្នុងអាស៊ាន។
៦. កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែនមានសញ្ញានៃវឌ្ឍនភាព
ជម្លោះរុស្ស៊ី-អ៊ុយក្រែន នៅក្នុងអំឡុងឆ្នាំទីបី នៅតែបន្តជាប់គាំង នៅពេលដែលអ៊ុយក្រែនបើកការវាយប្រហារជាច្រើនលើកលើទឹកដីរុស្ស៊ី ខណៈរុស្ស៊ីពង្រីកការគ្រប់គ្រងរបស់ខ្លួនលើតំបន់ជាច្រើននៅភាគខាងកើតអ៊ុយក្រែន។ នាខែវិច្ឆិកា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានប្រកាសផែនការសន្តិភាព ២៨ ចំណុច ដ៏គួរឲ្យភ្ញាក់ផ្អើល ដើម្បីស្វែងរកច្រកចេញពីសង្គ្រាម។ នេះគឺជាសំណើដ៏ទូលំទូលាយបំផុតពីសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០២២ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សេតវិមានក្នុងការបង្កើតដំណើរការចរចាតាមរបៀបដែលផ្តល់អត្ថប្រយោជន៍ដល់យុទ្ធសាស្ត្រសកលរបស់សហរដ្ឋអាមេរិក។ ត្រឹមតែមួយខែបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសផែនការសន្តិភាព ២៨ ចំណុច នាថ្ងៃទី១៤ ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថា អ៊ុយក្រែនបោះបង់ចោលបំណងប្រាថ្នាចូលជាសមាជិកណាតូ ដែលជាការកែសម្រួលដ៏ធំបំផុតនៅក្នុងគោលនយោបាយរបស់អ៊ុយក្រែន។ កាយវិការទាំងនេះត្រូវបានគេចាត់ទុកថា ជារបត់មួយដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីទាំងអស់ដើម្បីបញ្ឈប់ជម្លោះ។
៧. បាតុកម្មនិងកុបកម្មផ្ទុះឡើងនៅក្នុងប្រទេសជាច្រើន
នៅក្នុងឆ្នាំ ២០២៥ បាតុកម្មនិងកុបកម្ម បានកើតឡើងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ដែលឆ្លុះបញ្ចាំងពីការរីករាលដាលយ៉ាងទូលំទូលាយនៃអស្ថិរភាពសង្គម។ ទោះបីជាមានបរិបទនយោបាយ និងរបៀបរបបខុសៗគ្នាក៏ដោយ ប៉ុន្តែបាតុកម្មទាំងនេះ មានចំណុចដូចគ្នាជាច្រើន ដែលកើតចេញពីវិបត្តិសេដ្ឋកិច្ចសង្គម អំពើពុករលួយ និងអភិបាលកិច្ចអន់ខ្សោយ ជាដើម។ នៅប្រទេសនេប៉ាល់ រលកបាតុកម្មបានផ្ទុះឡើងនាថ្ងៃទី ៨ ខែកញ្ញា ក្រោយពីការសម្រេចចិត្តរបស់រដ្ឋាភិបាលលើការបិទវេទិកាបណ្ដាញសង្គមចំនួន ២៦។ ផលប៉ះពាល់ពីប្រទេសនេប៉ាល់បានរីករាលដាលដល់ប្រទេស ម៉ាដាហ្គាស្ការ ដែលប្រជាជនបានធ្វើបាតុកម្មប្រឆាំងនឹងកង្វះខាតអគ្គិសនី ទឹក ការកើនឡើងនៃថ្លៃដើមរស់នៅ និងគ្រោះពុករលួយ។ បាតុកម្មទាំងនេះត្រូវបានរៀបចំឡើងដោយលក្ខណៈវិមជ្ឈការ និងពឹងផ្អែកទាំងស្រុងលើបណ្ដាញសង្គមដើម្បីផ្សព្វផ្សាយព័ត៌មាន ហើយមិនច្រានចោលលទ្ធភាពនូវការជ្រៀតជ្រែកពីខាងក្រៅ។
៨. ការប្រែប្រួលលើឆាកនយោបាយនៅអាស៊ីឦសាន ទំនាក់ទំនងរវាងចិននិងជប៉ុនប្រឈមនឹងភាពតានតឹង
នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានទម្លាក់ចេញពីតំណែងជាផ្លូវការ និងជាប់ពន្ធនាគារ បន្ទាប់ពីតុលាការរដ្ឋធម្មនុញ្ញបានចេញសាលក្រមថា ការសម្រេចចិត្តរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹកក្នុងរយៈពេលខ្លីនោះគឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ ទន្ទឹមនឹងនោះ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសជប៉ុន លោកស្រី Takaichi Sanae មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រនៃប្រទេសនេះ។ មិនយូរប៉ុន្មានក្រោយពីលោកស្រី Takaichi Sanae ឡើងកាន់តំណែងនោះ ភាពតានតឹងរវាងចិននិងជប៉ុនបានកើនឡើងគួរឲ្យភ្ញាក់ផ្អើល នៅពេលដែលនាយករដ្ឋមន្ត្រីជប៉ុនបានបង្ហើបពីការឆ្លើយតបផ្នែកយោធា ប្រសិនបើចិនវាយប្រហារលើតៃវ៉ាន់។ ប្រទេសចិនបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ដោយចោទប្រកាន់ជប៉ុន ពីការជ្រៀតជ្រែក និងរំលឹកជម្លោះប្រវត្តិសាស្ត្រឡើងវិញ ព្រមទាំងក៏បានប្រើប្រាស់វិធានការសេដ្ឋកិច្ចមួយចំនួនដើម្បីដាក់សម្ពាធផងដែរ។ ភាពតានតឹងនៅអាស៊ីឦសានកំពុងបង្កឱ្យមានការព្រួយបារម្ភអំពីសន្តិភាព និងសន្តិសុខនៅអាស៊ី។
៩. បញ្ញាសិប្បនិម្មិត (AI) បង្កើតសមរភូមិប្រកួតប្រជែងយុទ្ធសាស្ត្រសកល
កម្មវិធីបញ្ញាសិប្បនិម្មិត (AI) DeepSeek របស់ក្រុមហ៊ុនចិនមួយ ដែលបានបង្ហាញមុខនៅចុងខែមករា ឆ្នាំ២០២៥ បានធ្វើឲ្យពិភពបច្ចេកវិទ្យាសកលមានការរង្គោះរង្គើជាភ្លាមមួយរំពិច។ ដោយមានសមត្ថភាពមិនចាញ់ពី ChatGPT ដែលជាកម្មវិធី AI ចេះនិពន្ធ របស់ក្រុមហ៊ុន OpenAI (សហរដ្ឋអាមេរិក) ប៉ុន្តែ DeepSeek មានការចំណាយអភិវឌ្ឍន៍ទាបជាងគួរឱ្យកត់សម្គាល់។ កំណើតនៃ DeepSeek បានបើកទិសដៅថ្មីទាំងស្រុង សម្រាប់ប្រទេសនានាដែលគ្មានគុណសម្បត្តិនាំមុខគេផ្នែកបច្ចេកវិទ្យាឬហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍ AI។ ការវិវត្តន៍នៃគំរូ AI ផ្សេងៗដូចជា GPT, Grok, Gemini… និងការប្រណាំងប្រជែងផ្នែកមនុស្សយន្តដែលរួមបញ្ចូល AI កំពុងបង្កើតការប្រកួតប្រជែងយុទ្ធសាស្ត្រសកល ដោយប្រទេសឈានមុខគេចំនួនពីរគឺសហរដ្ឋអាមេរិក និងចិន។ ការផ្ទុះឡើងនៃបច្ចេកវិទ្យា AI បន្តបង្កបញ្ហាប្រឈមដល់អភិបាលកិច្ចសកល ឆ្ពោះទៅរកសុវត្ថិភាព និងផ្តោតលើមនុស្ស ដោយមិនបណ្ដោយឲ្យពង្រីកគម្លាតឌីជីថលរវាងប្រទេសនានា។
១០. គ្រោះធម្មជាតិបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ ដែលបំផ្លិចបំផ្លាញតំបន់ជាច្រើននៅជុំវិញពិភពលោក
បាតុភូតអាកាសធាតុដ៏ធ្ងន់ធ្ងរជាបន្តបន្ទាប់ដូចជាព្យុះសង្ឃរា ទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកំដៅប្រវត្តិសាស្ត្របានបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរនៅគ្រប់តំបន់ទាំងអស់លើពិភពលោកក្នុងឆ្នាំ ២០២៥។ ព្យុះសង្ឃរាដូចជា Melissa, Kalmaegi និង Ragasa បានបំផ្លិចបំផ្លាញតំបន់អាស៊ីប៉ាស៊ីហ្វិក; ទឹកជំនន់នៅប្រទេសប៉ាគីស្ថាន ស្រីលង្កា និងអាស៊ីអាគ្នេយ៍; ការរញ្ជួយដីនៅមីយ៉ាន់ម៉ា និងអាហ្វហ្គានីស្ថាន; ភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិក; រលកកំដៅនៅអឺរ៉ុប និងអាស៊ី... គេប៉ាន់ប្រមាណថា គ្រោះមហន្តរាយធម្មជាតិបានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចពិភពលោកចំនួន ២២០ ពាន់លានដុល្លារអាមេរិក។ អង្គការឧតុនិយមពិភពលោកបានព្រមានថា សីតុណ្ហភាពពិភពលោកក្នុងឆ្នាំនេះមានពេលខ្លះបានលើសពី ១,៥ អង្សាសេ បើធៀបនឹងសម័យ មុនឧស្សាហកម្ម ដែលធ្វើឱ្យឆ្នាំ ២០២៥ អាចជាឆ្នាំក្តៅបំផុតទីពីរក្នុងប្រវត្តិសាស្ត្រ។ ក្នុងពេលជាមួយគ្នានោះ សន្និសីទ COP30 ដែលធ្វើឡើងនៅប្រទេសប្រេស៊ីលក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ គឺជាការខកចិត្ត ព្រោះវាបានបរាជ័យក្នុងការឯកភាពលើផែនទីបង្ហាញផ្លូវសម្រាប់ការបញ្ឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលត្រូវបានចាត់ទុកជា "ជនដៃដល់" នៅពីក្រោយការឡើងកំដៅផែនដី៕
រចនានិងសំយោគ៖ Kieu Anh/VOV
ប្រភពរូបភាព៖ Reuters, AP