ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០២៥ សម្រិតសម្រាំងដោយវិទ្យុសំឡេងវៀតណាម

(VOVWORLD) - 
ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០២៥ សម្រិតសម្រាំងដោយវិទ្យុសំឡេងវៀតណាម - ảnh 1

១. បដិវត្តន៍ក្នុងការបង្រួមក្បាលម៉ាស៊ីនដឹកនាំ រៀបចំព្រំដែនរដ្ឋបាលឡើងវិញ និងដំណើរការប្រព័ន្ធអាជ្ញាធរមូលដ្ឋាន ២ កម្រិត

នាថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ប្រទេសទាំងមូល បានដាក់ឲ្យដំណើរការប្រព័ន្ធអាជ្ញាធរមូលដ្ឋាន ២ កម្រិតជាផ្លូវការ។ ក្រោយពីការរួមបញ្ចូលគ្នា ខេត្តក្រុងចំនួន ៦៣ នៅសល់តែ ៣៤ ជាមួយនឹងឃុំ សង្កាត់និងតំបន់ពិសេសចំនួន ៣.៣២១។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ការសម្រេចចិត្ត «រៀបចំប្រទេសឡើងវិញ» គឺជាជំហានប្រវត្តិសាស្ត្រដែលមានអត្ថន័យយុទ្ធសាស្ត្រ ដែលកត់សម្គាល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ក្នុងបុព្វហេតុសុក្រិតក្បាលម៉ាស៊ីនរដ្ឋបាលរដ្ឋ សុក្រិតស្ថាប័ន និងការរៀបចំនៃប្រព័ន្ធនយោបាយឲ្យមានភាពស៊ីសង្វាក់គ្នា រលូន មានសុពលភាព ប្រសិទ្ធភាព ឆ្ពោះទៅរករដ្ឋបាលអភិបាលកិច្ចទំនើប ជិតស្និទ្ធនឹងប្រជាជន បម្រើប្រជាជន ដើម្បីឱ្យអត្ថប្រយោជន៍ទាំងអស់បានមកលើប្រជាជន។

មុននោះ អនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១៨ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត
វៀតណាមនីតិកាលទី ១២ ក្រោយពីការរៀបចំឡើងវិញនិងការបង្រួម បានកាត់បន្ថយភ្នាក់ងារបក្សចំនួន ៤ ក្រោមឱវាទមជ្ឈិម; ទីភ្នាក់ងារចំនួន ៥ របស់រដ្ឋសភា; ក្រសួងចំនួន ៥ និងទីភ្នាក់ងារចំនួន ៣ របស់រដ្ឋាភិបាល។ នៅថ្នាក់មូលដ្ឋាន បានកាត់បន្ថយមន្ទីរ សាខាចំនួន ៤៦៦ និងអង្គភាពថ្នាក់ការិយាល័យចំនួន ៣៩៨៤។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០២៥ សម្រិតសម្រាំងដោយវិទ្យុសំឡេងវៀតណាម - ảnh 2
២. ចេញសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រចំនួន ៧ ដើម្បីនាំប្រទេសជាតិឈានចូល យុគសម័យអភិវឌ្ឍន៍ថ្មី

ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រចំនួន ៧ នៅចុងឆ្នាំ ២០២៤ និង ឆ្នាំ២០២៥ ក្នុងនោះមានសេចក្តីសម្រេចចិត្តចំនួន ៤៖ សេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ; សេចក្តីសម្រេចចិត្តលេខ ៥៩ ស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី; សេចក្តីសម្រេចចិត្តលេខ ៦៦ ស្តីពីការផ្លាស់ប្ដូរថ្មីការងារតាក់តែងនិងអនុវត្តច្បាប់ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី; សេចក្តីសម្រេចចិត្តលេខ ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ ទាំងនេះត្រូវបានចាត់ទុកថាជា "សសរស្តម្ភទាំងបួន" ដែលជាប់ពាក់ព័ន្ធដល់បញ្ហាគន្លឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងបរិបទបច្ចុប្បន្ន។ ចំណែកសេចក្តីសម្រេចចិត្តឯកទេសលេខ ៧០ លេខ ៧១ និងលេខ ៧២ ស្ដីពីវិស័យចំនួន ៣ ដែលជះឥទ្ធិពលដល់ប្រជាពលរដ្ឋម្នាក់ៗ គឺថាមពល ការអប់រំ-បណ្តុះបណ្តាល និងការថែទាំសុខភាពប្រជាជន។ សេចក្តីសម្រេចចិត្តនីមួយៗផ្តោតលើវិស័យសំខាន់មួយ ប៉ុន្តែចែករំលែកគោលដៅតែមួយ គឺការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសវៀតណាម។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០២៥ សម្រិតសម្រាំងដោយវិទ្យុសំឡេងវៀតណាម - ảnh 3

៣. រដ្ឋសភាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងអនុម័តលើគោលនយោបាយរបកគំហើញជាច្រើន

នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមបានអនុម័ត
លើសេចក្តីសម្រេចចិត្តស្ដីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។ សេចក្ដីសម្រេចចិត្តជាប្រវត្តិសាស្ត្រនេះ បានបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ការបង្រួមក្បាលម៉ាស៊ីនដឹកនាំរដ្ឋ បំពេញតាមតម្រូវការអភិវឌ្ឍន៍ក្នុងយុគសម័យថ្មី ជាពិសេស ការរៀបចំប្រព័ន្ធអាជ្ញាធរមូលដ្ឋាន និងបទប្បញ្ញត្តិទាក់ទងនឹងរណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយសង្គម និងអង្គការមហាជនដែលបក្សនិងរដ្ឋបានប្រគល់ភារកិច្ច។

តាមរយៈសម័យប្រជុំសាមញ្ញចំនួនពីរលើក និងសម័យប្រជុំវិសាមញ្ញមួយលើកក្នុងឆ្នាំ២០២៥ រដ្ឋសភាបានធ្វើវិសោធនកម្ម និងបំពេញបន្ថែមច្បាប់ជាច្រើនដែលគ្រប់គ្រងបញ្ហាសំខាន់ៗដូចជាដីធ្លី ការវិនិយោគសាធារណៈ និងការរៀបចំអាជ្ញាធរមូលដ្ឋាន ជាដើម។ ដោយមានស្មារតីនៃ "ស្ថាប័នឈានមុខនាំផ្លូវ" រដ្ឋសភាបានបង្កើតមូលដ្ឋានគ្រឹះផ្លូវច្បាប់ដ៏សំខាន់ សម្រាប់ប្រទេសជាតិឈានចូលយុគសម័យថ្មី។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០២៥ សម្រិតសម្រាំងដោយវិទ្យុសំឡេងវៀតណាម - ảnh 4

៤. មហាសន្និបាតបក្សដ៏ជោគជ័យនៅគ្រប់ជាន់ថ្នាក់ បង្កើតមូលដ្ឋានគ្រឹះសម្រាប់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤

អង្គការបក្សមូលដ្ឋានជាង ៦០.០០០ រួមទាំងបក្សភាគទាំង ៤០ ដែលស្ថិតនៅក្រោមឱវាទមជ្ឈិម បានសម្រេចរួចរាល់មហាសន្និបាតបក្សភាគអាណត្តិឆ្នាំ ២០២៥-២០៣០។ នេះមិនត្រឹមតែជាការប្រជុំជីវភាពនយោបាយដ៏ទូលំទូលាយនៅក្នុងបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះដើម្បីរៀបចំមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ ប្រកបដោយជោគជ័យផងដែរ។ ជាពិសេស លេខាគណៈកម្មាធិការបក្សខេត្ត និងទីក្រុងទាំង ៣៤ និងមុខតំណែងសំខាន់ៗមួយចំនួននៅមូលដ្ឋានក្រោយពីមហាសន្និបាត មិនមែនជាមនុស្សនៅក្នុងតំបន់នោះទេ ស្របតាមការណែនាំរបស់គណៈកម្មាធិការមជ្ឈិមដែលបង្ហាញពីការប្តេជ្ញាចិត្តកែតម្រង់ការងារបុគ្គលិក បង្កើនលក្ខណៈសត្យានុម័ត និងបង្កើនវិន័យ សណ្តាប់ធ្នាប់ក្នុងប្រព័ន្ធនយោបាយ។

មហាសន្និបាតបក្ខភាគនៅថ្នាក់មជ្ឈិម បានម្ចាស់ការរៀបចំក្បាលម៉ាស៊ីនដឹកនាំ ស្របតាមរចនាសម្ព័ន្ធថ្មី ដោយមានការបង្រួម និងការកំណត់កាន់តែច្បាស់អំពីមុខងារ ការទទួលខុសត្រូវ និងសមត្ថភាព ដែលបំពេញតាមតម្រូវការនៃការដឹកនាំនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០២៥ សម្រិតសម្រាំងដោយវិទ្យុសំឡេងវៀតណាម - ảnh 5

៥. កំណើនផលិតផលក្នុងស្រុកសរុបខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមក

ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានអស្ថិរភាពជាច្រើន ជាពិសេសបញ្ហាប្រឈមពីពន្ធបដិការរបស់សហរដ្ឋអាមេរិក និងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះមហន្តរាយធម្មជាតិ ប្រទេស
វៀតណាមនៅតែសម្រេចបានអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាង ៨% ក្នុងឆ្នាំ ២០២៥។ នេះគឺជាអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ ទំហំនាំចូល និងនាំចេញសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៩២០ ពាន់លានដុល្លារអាមេរិក។ ម៉ាក្រូសេដ្ឋកិច្ចនៅតែមានស្ថិរភាព ដោយអតិផរណាត្រូវបានគ្រប់គ្រងនៅក្រោម ៤% ដូចការគ្រោងទុក។ ចំណូលថវិការដ្ឋ គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២៥ សម្រេចបានប្រហែល ២,៤៧លាន ពាន់លានដុង ដែលលើសពីការព្យាករណ៍ជាង ២៥% ហើយកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ GDP ជាមធ្យមក្នុងមនុស្សម្នាក់ត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ៥.០០០ ដុល្លារអាមេរិក កើនឡើង ១,៤ ដងបើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ ដែលនាំប្រទេសវៀតណាម ចូលក្នុងក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។

លទ្ធផលនៃកំណើនសេដ្ឋកិច្ច បានឆ្លុះបញ្ចាំងពីការគ្រប់គ្រងយ៉ាងប្ដូរផ្ដាច់ ប្រកបដោយភាពបត់បែនបាន ភាពច្នៃប្រឌិត និងលក្ខណៈទម្លុះទម្លាយរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ការដឹកនាំ និងការណែនាំទាន់ពេលវេលារបស់បក្ស រដ្ឋ និងការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០២៥ សម្រិតសម្រាំងដោយវិទ្យុសំឡេងវៀតណាម - ảnh 6
៦. ពង្រឹងសុខុមាលភាពសង្គម សម្រេចរួចរាល់ការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម

នាថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ កម្មវិធី និងចលនាប្រឡងប្រណាំង "ប្រទេសទាំងមូលរួមដៃគ្នាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម" បានបញ្ចប់ក្រោយពីការអនុវត្តរយៈពេល ១ ឆ្នាំ ៤ ខែ ដោយសម្រេចបានគោលដៅ ៥ ឆ្នាំ ៤ ខែមុនកាលកំណត់។ ថវិកាជិត ៥០ ទ្រីលានដុងត្រូវបានប្រើប្រាស់ដើម្បីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមចំនួន ៣៣៤,២៣៤ ខ្នង។ នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានបន្តបំផុស "យុទ្ធនាការក្វាងទ្រុង" ដើម្បីសាងសង់និងជួសជុលឡើងវិញយ៉ាងឆាប់រហ័សផ្ទះដែលខូចខាតដោយគ្រោះមហន្តរាយធម្មជាតិ នៅបណ្ដាខេត្តភាគកណ្តាល។

រួមជាមួយគ្នានេះ គោលនយោបាយរបកគំហើញជាច្រើនស្តីពីសុខាភិបាលនិងការអប់រំត្រូវបានចេញផ្សាយផងដែរ។ សេចក្តីសម្រេចចិត្តលេខ ៧១ បានកំណត់គោលដៅនៃការអប់រំមត្តេយ្យសិក្សាជាទូទៅសម្រាប់កុមារអាយុ ៣-៥ ឆ្នាំ និងបង្កើនអត្រាយុវជនបញ្ចប់ការសិក្សាវិទ្យាល័យឡើងដល់យ៉ាងហោចណាស់ ៨៥% នៅឆ្នាំ ២០៣០; ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ តទៅ សិស្សសាលាមត្តេយ្យសិក្សា និងសាលាសកលសាធារណៈ នឹងត្រូវបានលើកលែងពីការបង់ថ្លៃសិក្សា។ ទន្ទឹមនឹងនោះ សាងសង់សាលាសកលអន្តរកម្រិតចំនួន ១០០ នៅតាមឃុំជាប់ព្រំដែន។ សេចក្តីសម្រេចចិត្តលេខ ៧២ កំណត់គោលដៅ ផ្តល់ការពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋទាំងអស់ចាប់ពីឆ្នាំ ២០២៦ ឆ្ពោះទៅរកការលើកលែងថ្លៃសេវាមន្ទីរពេទ្យមូលដ្ឋានក្រោមគោលនយោបាយធានារ៉ាប់រងសុខភាពនៅឆ្នាំ ២០៣០ ដោយធានាការទទួលបានសេវាថែទាំសុខភាពជាមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។ ប្រទេសមួយ ត្រឹមតែអាចអភិវឌ្ឍន៍បានយ៉ាងពិតប្រាកដលុះត្រាតែគ្មាននរណាម្នាក់ត្រូវទុកចោលនៅពីក្រោយឡើយប៉ុណ្ណោះ។ នេះគឺជាចំណុចថ្មីមួយដែលបង្ហាញពីឧត្តមភាពនៃរបបរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០២៥ សម្រិតសម្រាំងដោយវិទ្យុសំឡេងវៀតណាម - ảnh 7
៧. របកគំហើញផ្នែកហេដ្ឋារចនាសម្ព័ន្ធ បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ឆ្នាំ ២០២៥ បានគូសសញ្ញានូវរបកគំហើញដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ស៊ីសង្វាក់គ្នា ទំនើប ដែលបំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងយុគសម័យថ្មី។ ក្រោយពីពិធីបើកការដ្ឋានសាងសង់ សម្ពោធសំណង់ គម្រោងសំខាន់ៗទូទាំងប្រទេសចំនួន ៣ លើក ប្រទេសវៀតណាមមានសំណង់ គម្រោងចំនួន ៥៦៤ ដែលមានទុនវិនិយោគសរុបជាង ៥,១៤ លាន ពាន់លានដុង; គម្រោងធំៗជិត ១៤០ ត្រូវបានសម្រេច និងដាក់ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ គួរឲ្យកត់សម្គាល់គឺពិធីសម្ពោធ និងការបើកដំណើរការបច្ចេកទេសនូវផ្លូវល្បឿនលឿនជាង ៣.៥០០ គីឡូម៉ែត្រ ការទទួលជើងហោះហើរលើកដំបូងនៅអាកាសយានដ្ឋាន Long Thanh ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលពិព័រណ៍ ជាតិ និងគម្រោងថាមពលសំខាន់ៗ។ ល។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០២៥ សម្រិតសម្រាំងដោយវិទ្យុសំឡេងវៀតណាម - ảnh 8

៨. ការរៀបចំប្រកបដោយជោគជ័យនូវពិធីអបអរសាទរខួបលើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា; ខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមប្រទេសជាតិ

ព្រឹត្តិការណ៍អបអរសាទរខួបអនុស្សាវរីយ៍ជាច្រើនក្នុងឆ្នាំ ២០២៥ ត្រូវបានរៀបចំប្រកបដោយជោគជ័យ ឧឡារិក ស័ក្ខសមនឹងអត្ថន័យនៃព្រឹត្តិការណ៍ ខណៈពេលដែលធានាសុវត្ថិភាពដាច់ខាត។ ក្នុងនោះ សកម្មភាពនានានៃមហាពិធីរំលឹកខួបលើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា និងខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដែលមិនធ្លាប់មានពីមុនមក។ ពិធីព្យុហយាត្រានិងដង្ហែក្បួនលើទីលានបាឌីញ នាព្រឹកថ្ងៃទី ២ ខែកញ្ញា នៅទីក្រុងហាណូយ និងនៅលើវិថី Le Duan នាព្រឹកថ្ងៃទី ៣០ ខែមេសា នៅទីក្រុងហូជីមិញ មានការចូលរួមពីប្រជាជននិងកងកម្លាំងប្រដាប់អាវុធរាប់លាននាក់។ រូបភាពនៃផែនព្យុហយាត្រាដែល “ដើរនៅក្នុងរង្វង់ដៃប្រជាជន” មិនត្រឹមតែរីកសាយភាយសារដ៏ជ្រាលជ្រៅអំពីសេចក្តីប្រាថ្នាសម្រាប់ឯករាជ្យ សេរីភាព សន្តិភាព និងមិត្តភាពដល់មិត្តភក្តិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវការរំភើបចិត្តដ៏ធំធេង អំពីស្មារតី មោទនភាពជាតិទៀតផង។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០២៥ សម្រិតសម្រាំងដោយវិទ្យុសំឡេងវៀតណាម - ảnh 9

៩. គ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជិវិតមនុស្សនិងទ្រព្យសម្បត្តិ។

ឆ្នាំ ២០២៥ ត្រូវបានវាយតម្លៃថា ជាឆ្នាំមួយក្នុងចំណោមឆ្នាំដែលគ្រោះមហន្តរាយធម្មជាតិបានកើតឡើងយ៉ាងញឹកញាប់ ធ្ងន់ធ្ងរ និងមិនប្រក្រតីបំផុតនៅក្នុងប្រវត្តិសាស្ត្រឧតុនិយមនិងជលសាស្ត្រវៀតណាម ជាមួយនឹងបាតុភូតគ្រោះថ្នាក់ជាច្រើន ដែលកើតឡើងលើវិសាលភាពទូលំទូលាយ ជាបន្តបន្ទាប់ និងត្រួតស៊ីគ្នា ដូចជាព្យុះទីហ្វុង ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការរអិលបាក់ដី។ គិតត្រឹមថ្ងៃទី ២០ ខែធ្នូ គ្រោះមហន្តរាយធម្មជាតិលើទូទាំងប្រទេសបានបណ្តាលឱ្យមានមនុស្សស្លាប់និងបាត់ខ្លួនចំនួន ៤៦៨ នាក់ និងរងរបួសចំនួន ៧៤១ នាក់។ ការខូចខាតសេដ្ឋកិច្ចសរុប ត្រូវបានប៉ាន់ស្មានថា លើសពី ៩៨,៦៧៧ ពាន់លានដុង ស្មើនឹង ០,៧-០,៨% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៥។

ការងារឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិត្រូវបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ ប្ដូរផ្ដាច់ និងចុះសម្រុងគ្នាពីមជ្ឈិមដល់មូលដ្ឋាន។ ដូច្នេះ បើប្រៀបធៀបទៅនឹងប្រទេសជាច្រើនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនៅក្នុងតំបន់ និងពិភពលោក ការខូចខាតរបស់វៀតណាមត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់ ដែលបង្ហាញពីបទពិសោធន៍របស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០២៥ សម្រិតសម្រាំងដោយវិទ្យុសំឡេងវៀតណាម - ảnh 10

១០. ឧស្សាហកម្មវប្បធម៌បង្កើតសញ្ញាសម្គាល់ជាមួយនឹងកម្មវិធីសិល្បៈ និងខ្សែភាពយន្តជាច្រើនដែលបំបែកកំណត់ត្រាអំពីប្រាក់ចំណូលនិងចំនួនទស្សនិកជនដែលមិនធ្លាប់មានពីមុនមក

ឆ្នាំ ២០២៥ គឺជាឆ្នាំជោគជ័យដ៏សំខាន់សម្រាប់ឧស្សាហកម្មវប្បធម៌វៀតណាម។ ចំណុចលេចធ្លោគឺ "concert ថ្នាក់ជាតិ" ដែលត្រូវបានរៀបចំឡើងតាមស្តង់ដារអន្តរជាតិ ដោយរួមបញ្ចូលគ្នាប្រកបដោយភាពសុខដុមរមនានូវតម្លៃប្រពៃណីជាមួយនឹងភាសាកម្សាន្តទំនើបៗ ដែលរួមចំណែកដល់ការរីកសាយភាយស្មារតីស្នេហាជាតិតាមរយៈវិធីសាស្រ្តថ្មី ជាពិសេសសម្រាប់ជំនាន់យុវជន។ នៅក្នុងវិស័យភាពយន្ត ខ្សែភាពយន្ត “ភ្លៀងក្រហម” បានបង្កើតកំណត់ត្រាអំពីប្រាក់ចំណូលដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រភាពយន្តវៀតណាម ដោយទទួលបានប្រាក់ចំណូលជាង ៧១៤ ពាន់លានដុង រួមជាមួយនឹងខ្សែភាពយន្តជាច្រើនទៀតដែលទទួលបានប្រាក់ចំណូលរាប់រយពាន់លានដុង។

នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ បានចុះហត្ថលេខា ផ្ដល់សច្ចាប័នលើយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌វៀតណាមរហូតដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥។ តាមនោះ កំណត់គោលដៅដល់ឆ្នាំ ២០៣០ ឧស្សាហកម្មវប្បធម៌សម្រេចបានអត្រាកំណើនប្រចាំឆ្នាំជាមធ្យមប្រហែល១០% និងរួមចំណែក៧% ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាតិ។ នៅឆ្នាំ២០៤៥ ប្រទេសវៀតណាម ក្លាយជាប្រទេសអភិវឌ្ឍន៍ ក្នុងឧស្សាហកម្មវប្បធម៌ ឧស្សាហកម្មកម្សាន្តនៅអាស៊ី ដោយអះអាងនូវឋានៈលើផែនទីឧស្សាហកម្មវប្បធម៌ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ