(VOVWORLD) - របាំងពាណិជ្ជកម្មទាក់ទងនឹងសង្គ្រាមពន្ធដារនិងការកើនឡើង ភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ កំពុងចាប់ផ្តើមមានផលប៉ះពាល់ដល់ សេដ្ឋកិច្ចពិភពលោក ធ្វើឱ្យទស្សនវិស័យកំណើននៅឆ្នាំនេះ ខ្សោយជាងការព្យាករណ៍អំពីសេដ្ឋកិច្ច ដែលបានដាក់ចេញមុននោះ។
និមិត្តសញ្ញា OECD (រូបថត៖ រូបភាព Getty) |
នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកថ្មីបំផុត ដែលបានចេញផ្សាយនៅថ្ងៃទី ១៧ ខែមីនា អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំនេះមកត្រឹម ៣,១% ពោលគឺទាបជាងឆ្នាំមុន (៣,២%) ហើយអាចបន្តធ្លាក់ចុះដល់ ៣,០% នៅឆ្នាំក្រោយ។
ផលប៉ះពាល់នៃសង្គ្រាមពន្ធដា
យោងតាមអគ្គលេខាធិការ OECD លោក Thomas Cormann ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ចាប់តាំងពីលោកប្រធានាធិបតី Donald Trump បានវិលត្រឡប់មកកាន់អំណាចនៅថ្ងៃទី ២០ ខែមករា ជាពិសេសការចាប់ផ្តើមសង្គ្រាមពន្ធគយជាមួយដៃគូសេដ្ឋកិច្ចសំខាន់ៗ កំពុងបង្កើតផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក រួមទាំងសេដ្ឋកិច្ចសហរដ្ឋអាមេរិកផងដែរ។ OECD ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់អាមេរិកនឹងធ្លាក់ចុះមកត្រឹម ២,២% នៅឆ្នាំនេះ បន្ទាប់មក ១,៦% នៅឆ្នាំក្រោយ ធ្លាក់ចុះពីការព្យាករណ៍មុននោះគឺ ២,៤% និង២,១% រៀងៗគ្នា។ នៅក្នុងករណីកើតមានឡើងសង្រ្គាមពាណិជ្ជកម្មពេញលេញជាមួយដៃគូជាច្រើន កំណើនរបស់សហរដ្ឋអាមេរិកទំនងជាទាបជាង ០,៧% ប្រៀបនឹងការគ្រោងទុក ខណៈដែលគ្រួសារអាមេរិកអាចទទួលបានការចំណាយផ្ទាល់រហូតដល់ ១.៦០០ ដុល្លារក្នុងមួយគ្រួសារ។
ដៃគូសេដ្ឋកិច្ចឈានមុខគេទាំងពីរ ហើយក៏ជាប្រទេសជិតខាងចំនួនពីររបស់សហរដ្ឋអាមេរិក គឺកាណាដានិងម៉ិកស៊ិក ក៏រងផលប៉ះពាល់អវិជ្ជមាន ដោយការសម្រេចចិត្តយកពន្ធ ២៥% ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសប្រទេសកាណាដា នៅពេលដែលការព្យាករណ៍កំណើនសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយមានត្រឹមតែប្រហែល ០,៧% ធៀបនឹងការព្យាករណ៍ពីមុននោះគឺ ២%។ តំបន់ចាយប្រាក់អឺរ៉ូក៏ត្រូវបានព្យាករណ៍ថា នឹងកើនឡើងត្រឹមតែប្រហែល ១,០% ទាបជាងមុននោះ (១,៣%) ហើយអាចទាបជាងនេះ ប្រសិនបើសង្គ្រាមពន្ធរវាងសហរដ្ឋអាមេរិកនិងអឺរ៉ុបកើនឡើង បន្ទាប់ពីសហភាពអឺរ៉ុបបានឆ្លើយតបទៅនឹងពន្ធដែកថែបនិងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិក។ ក្នុងពេលជាមួយគ្នានោះ សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកគឺចិនបានរក្សាការព្យាករណ៍កំណើនរបស់ខ្លួនជាបណ្តោះអាសន្នចំនួន ៤,៨% ដោយសារតែការព្រួយបារម្ភអំពីជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋ អាមេរិកនៅតែស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។ ប្រឈមមុខនឹងភាពតានតឹងនាពេលនេះ អគ្គលេខាធិការ OECD បានសង្កត់ធ្ងន់ថា ជម្លោះពាណិជ្ជកម្មមិនបានផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចណាមួយឡើយ ហើយបានអំពាវនាវឱ្យប្រទេសនានាបង្កើនការសន្ទនាជាជាងប្រើការរឹតបន្តឹងពាណិជ្ជកម្ម។
“សាររបស់ខ្ញុំទៅកាន់រដ្ឋាភិបាលជុំវិញពិភពលោកគឺថា ប្រការដែលសំខាន់សម្រាប់កំណើននាពេលអនាគត សម្រាប់ការលើកកម្ពស់កម្រិតជីវភាព និងការបង្កើនប្រាក់ចំណូលគ្រួសារ នោះគឺជាការរក្សាទីផ្សារបើកចំហដើម្បីមានទីផ្សាសកល ផ្អែកលើច្បាប់នៃប្រព័ន្ធពាណិជ្ជកម្ម។ ជាមួយគ្នានោះ តែងតែមានបញ្ហានៅក្នុងប្រតិបត្តិការនៃប្រព័ន្ធពាណិជ្ជកម្មសកល ប៉ុន្តែវិធីល្អបំផុតដើម្បីដោះស្រាយគឺតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ”។
យោងតាមការប៉ាន់ប្រមាណរបស់ OECD ការបង្កើនពន្ធទ្វេភាគីដោយពិន្ទុភាគរយ ១០ នឹងកាត់បន្ថយប្រហែល ០,៣% នៃកំណើនពិភពលោកក្នុងឆ្នាំ ២ និង ៣ ខណៈដែលអតិផរណាសកលជាមធ្យមនឹងខ្ពស់ជាង ០,៤% ក្នុង រយៈពេល ៣ ឆ្នាំដំបូង។
អស្ថិរភាពភូមិសាស្ត្រនយោបាយ
នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលដែលបានចេញផ្សាយកាល ពីចុងឆ្នាំមុន OECD មានសុទិដ្ឋិនិយមយ៉ាងប្រយ័ត្នប្រយែងអំពីកំណើនសេដ្ឋកិច្ចពិភពលោក ប៉ុន្តែនៅតែបង្ហាញពីហានិភ័យដែលទាក់ទងនឹងអស្ថិរភាពភូមិសាស្ត្រនយោបាយ។ នៅក្នុងរបាយការណ៍ថ្មី កត្តានេះត្រូវបាន OECD សង្កត់ធ្ងន់បន្ថែមទៀត នៅពេលដែលចាត់ទុកថា ក្រៅពីរបាំងពាណិជ្ជកម្ម ភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយគឺជាហានិភ័យចម្បងចំពោះកំណើនសេដ្ឋកិច្ចពិភពលោក។ ចែករំលែកទស្សនៈនេះ លោកស្រី Rebecca Christie អ្នកជំនាញនៅវិទ្យាស្ថាន Brugel នៅទីក្រុង Brussels (បែលហ្ស៊ិក) បានចាត់ទុកថា អឺរ៉ុបមិនទាន់បង្កើតយុទ្ធសាស្ត្រឆ្លើយតបសមស្របទៅនឹងគោលនយោបាយថ្មីពីអាមេរិកទេ ពោលគឺ គ្រាន់ តែមានប្រតិកម្មចំពោះការផ្លាស់ប្តូរពីសហរដ្ឋអាមេរិក និងមិនបានកំណត់ផែនការរយៈពេលវែង។ លោកស្រី Rebecca Christie បានវាយតម្លៃថា៖ “យើងត្រូវមើលពីសកម្មភាពពិតរបស់លោក Donald Trump មិនមែនគ្រាន់តែប្រតិកម្មចំពោះអ្វីគ្រប់យ៉ាងដែលលោករូបនោះនិយាយនឹងកើតឡើង។ សម្រាប់អឺរ៉ុប ប្រការដែលយើងត្រូវធ្វើ គឺត្រូវជ្រើសរើសអ្វីដែលពិតជាផលប្រយោជន៍របស់អឺរ៉ុប មិនមែនអំពីប្រតិកម្មភ្លាមៗទេ”។
ក្នុងពេលជាមួយគ្នានោះ ការវិវឌ្ឍថ្មីៗ ទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែននិងការដោះស្រាយជម្លោះរបស់រដ្ឋបាលអាមេរិក ក៏បានបង្កើតបរិយាកាសនៃភាពមិនច្បាស់លាស់សម្រាប់អាជីវកម្មនៅអឺរ៉ុបផងដែរ។ យោងតាមលោក Oliver Roth មកពីក្រុមសេវាកម្មហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅទីក្រុង ប៉ារីស ODDO BHF (ប្រទេសបារាំង) ការជំរុញរបស់រដ្ឋាភិបាលសហរដ្ឋ អាមេរិកក្នុងការសន្ទនាដោយផ្ទាល់ជាមួយរុស្ស៊ីក្នុងកម្រិតខ្ពស់បំផុត ដើម្បីស្វែងរកមធ្យោបាយដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែនគឺសញ្ញាវិជ្ជមាន ប៉ុន្តែការរំពឹងទុករបស់ទីផ្សារអាចនឹងវិលត្រលប់មកវិញ ប្រសិនបើចលនាការ ទូតទាំងនេះបរាជ័យក្នុងការបង្កើតរបកគំហើញ។
“ពិភពលោកទាំងមូលកំពុងមើលទៅលើការសន្ទនាតាមទូរស័ព្ទរវាងលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ព្រោះវាមិនត្រឹមតែមានសារៈសំខាន់ផ្នែកនយោបាយ សម្រាប់ប្រជាជនអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជាជំហានដ៏ធំមួយឆ្ពោះទៅរកស្ថិរភាពសេដ្ឋកិច្ចនៅអឺរ៉ុប ប្រសិនបើភាគីនានាយ៉ាងហោចណាស់អាចឈានដល់កិច្ចព្រមព្រៀង ឈប់បាញ់ជំហានដំបូង”។
យោងតាមក្រុមអ្នកសង្កេតការណ៍ ដោយសារតែលទ្ធភាពនៃការបញ្ចប់ដំបូងចំពោះគោលនយោបាយតបតវិញរវាងសហរដ្ឋអាមេរិក និងដៃគូសេដ្ឋកិច្ចមានកម្រិតទាប អស្ថិរភាពភូមិសាស្ត្រនយោបាយដែលអូសបន្លាយនឹងបណ្តាលឱ្យកំណើនសេដ្ឋកិច្ចពិភពលោកកាន់តែមានផលប៉ះពាល់នាពេលខាងមុខ៕