H Ƀliư̆ Hwing - សិល្បការិនីជនជាតិអេដេ ថែរក្សាព្រលឹងនៃបទចម្រៀងប្រជាប្រិយ Eirei
(VOVWORLD) - នៅក្នុងឃ្លាំងវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិអេដេ ចម្រៀងប្រជាប្រិយដូចជា ច្រៀង eirei ច្រៀង kút និងច្រៀង Khan ... គឺជាខ្សែចំណងដែលលតភ្ជាប់ព្រលឹង បន្តលំហូរនៃការចងចាំដែលបន្សល់ទុកពីបុព្វបុរសរបស់យើង។ នៅភូមិ Tu ឃុំ Ea Tul ខេត្ត Dak Lak មានស្រ្តីម្នាក់ដែលស្ងៀមស្ងាត់ ប៉ុន្តែរក្សានិងបន្តនូវចំណង់ចំណូលចិត្តរបស់នាង ចំពោះបទចម្រៀងប្រជាប្រិយ នោះគឺសិល្បការិនី H Ƀliư̆ Hwing។
ក្រអូននិងជ្រាលជ្រៅ សំឡេងច្រៀង eiirei របស់សិល្បៈការិនី H Bliư̆ Hwing បន្ទរលាន់លឺរំពងពេញភ្នំនិងព្រៃនៃតំបន់ Tay Nguyen។ សំនៀងរបស់លោកស្រីបានប៉ះដល់បេះដូងអ្នកស្តាប់ ជាមួយនឹងបទភ្លេងនៃសេចក្តីស្រឡាញ់ស្មោះស្ម័គ្រឬការចង់កសាងភូមិដ៏សម្បូរបែបនិងស្រស់ស្អាត។ សិល្បការិនី H Bliư̆ Hwing បានចែករំលែកថា៖ "ទំនុកច្រៀងបន្លឺឡើងមិនត្រឹមតែបង្ហាញពីអារម្មណ៍នឹករលឹកប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវអ្វីៗដែលល្អៗនូវបំណង អំពីមិត្តភាព សេចក្តីស្នេហាចំពោះមាតុភូមិ និងបំណងប្រាថ្នាចង់កសាងភូមិស្រុកកំណើតឱ្យកាន់តែរីកចម្រើន និងស្រស់ស្អាតថែមទៀត”។
ច្រៀងចម្រៀង Eirei ច្រើនតែសម្តែងជាមួយនឹងចង្វាក់ដ៏រស់រវើក ប្រកបដោយផាសុកភាព ច្រៀងនៅកន្លែងដែលមានមនុស្សច្រើន ហើយត្រូវបានសម្តែងយ៉ាងរស់រវើកជាមួយនឹងពាក្យចុងជួន (klei duê) ដើម្បីបង្កើតជាចង្វាក់ដែលមានលក្ខណៈកំណាព្យផងនិងតន្ត្រីផង។ មុននេះ eiirei ត្រូវបានច្រៀងនៅក្នុងពិធីបុណ្យទានទាំងអស់របស់ជនជាតិអេដេ ហើយនៅក្នុងពិធីបុណ្យសព ការច្រៀង eiirei នឹងត្រូវបានអមដោយត្រែប្រាំខ្សែ។ ក្រោយមក សិល្បៈមហាជនបានលើកទឹកចិត្តឱ្យមានឧបករណ៍អមជាមួយ។ សិល្បការិនី H Bliŭ Hwing បានបន្ថែមទៀតថា៖ “តាំងពីបុរាណកាលមក ដូនតាយើងបានបន្សល់ទុកនូវបទភ្លេងប្រពៃណីដូចជា ចម្រៀង eirei ចម្រៀង kut ដែលជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្លួន។ យើងត្រូវគោរព និងរក្សាតម្លៃខាងវិញ្ញាណទាំងនោះ ដោយមិនបណ្តោយឱ្យលក្ខណៈស្រស់ស្អាតដែលដូនតាបានបន្សល់ទុកត្រូវបាត់បង់ឡើយ ដូចជាការច្រៀង eirei ការច្រៀង kut ការផ្លុំខ្សែប្រាំខ្សែអញ្ជឹង”។
សិល្បការិនី H Bliŭ Hwing បង្រៀងចៅ H Lana ច្រៀង eiirei ហើយផ្លុំ đing năm។ រូបថត៖ H'Zawut Byă/VOV-ខ្ពង់រាបភាគកណ្តាល |
មានចំណង់ចំណូលចិត្តនឹងការច្រៀងតាំងពីកុមារភាពមក ស្មារតីសិល្បៈបានជ្រួតជ្រាបដល់ព្រលឹងសិល្បការិនី H Bliŭ Hwing។ ហើយតាមរយៈជីវិតឡើងចុះ នាងបានសម្រិតសម្រាំងក្នុងបទភ្លេង និងទំនុកច្រៀងប្រជាប្រិយនីមួយៗ។ នៅក្នុងបទភ្លេងរបស់សិល្បការិនី H Bliư̆ Hwing ពោរពេញដោយអារម្មណ៍និងកម្លាំងចិត្ត។
ប្អូន H’Lana Hwing អាយុ ១២ ឆ្នាំ ជាចៅស្រីរបស់សិល្បៈការិនី H’Bliư̆ Hwing បានចែករំលែកថា៖ រាល់ពេលដែលយាយច្រៀង eiirei ជីតាអង្គុយក្បែរនាង ហើយផ្លុំ đing năm។ សំឡេងបានបន្លឺរំពងពេញផ្ទះ។ ក្រុមគ្រួសារទាំងមូលបានប្រមូលផ្តុំគ្នាស្តាប់ដោយយកចិត្តទុកដាក់។ គ្រាទាំងនោះបំផុសឡើងក្តីស្រឡាញ់របស់ H'Lana សម្រាប់បទចម្រៀងប្រជាប្រិយ៖ “ខ្ញុំពិតជាចូលចិត្តស្តាប់លោកយាយច្រៀង Eirei។ នេះគឺជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ប្រជាជនអេដេ។ នាពេលខាងមុខ ខ្ញុំនឹងសិក្សាបន្ថែមទៀត ដើម្បីស្គាល់ និងអភិរក្សវប្បធម៌ដ៏ស្រស់បំព្រងនេះ។ ខ្ញុំនឹងអញ្ជើញមិត្តភ័ក្តិមករៀនជាមួយគ្នា”។
លោក Y-Novel Hwing មេភូមិ Buon Tu ឃុំ Ea Tul ខេត្ត Dak Lak បានឲ្យដឹងថា សិប្បការិនី H Bliư̆ Hwing គឺជាគំរូដ៏ភ្លឺចិញ្ចាចក្នុងសហគមន៍ក្នុងការបង្រៀន និងថែរក្សាសម្រស់នៃបទចម្រៀងប្រជាប្រិយ Ede៖ “សិល្បការិនី H Ƀliư̆ Hwing តែងតែត្រូវបានប្រជាជនស្រឡាញ់ចូលចិត្តដោយសារសម្លេងច្រៀង eiirei ដ៏ផ្អែមល្ហែមនិងជ្រាលជ្រៅរបស់លោកស្រី។ លោកស្រីមិនត្រឹមតែមានទេពកោសល្យសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវប្បធម៌របស់ភូមិ និងស្រុកផងដែរ។ លោកស្រីតែងតែប្រើការច្រៀងរបស់ខ្លួនដើម្បីលើកទឹកចិត្ត ចែករំលែក និងភ្ជាប់ទំនាក់ទំនងមនុស្សក្នុងគ្រប់កាលៈទេសៈ”។
ថ្វីត្បិតតែលោកស្រីមានអាយុជាង ៧០ ឆ្នាំហើយក៏ដោយ សក់របស់លោកស្រីបានប្រែជាពណ៌សតាមរយៈពេលវេលា ប៉ុន្តែនៅក្នុងក្រសែភ្នែករបស់សិល្បការិនី H Ƀliư̆ Hwing នៅតែមានចំណង់ចំណូលចិត្តចំពោះវប្បធម៌ប្រពៃណី។ លោកស្រីតែងគិតក្នុងចិត្តគឺធ្វើដូចម្តេចដើម្បីកុំឱ្យបទចម្រៀង eiirei ត្រូវបានគេបំភ្លេចចោល ដើម្បីឱ្យអ្នកជំនាន់ក្រោយនៅតែបានស្តាប់គេច្រៀង ហើយមានមោទនភាពចំពោះឫសគល់របស់ខ្លួន។ រាល់ពេលដែលលោកស្រីច្រៀង ជាមួយនឹងសំឡេងនៃចាប៉ីប្រាំខ្សែ លោកស្រីមិនត្រឹមតែនិយាយរឿងមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញតាមរយៈទំនុកច្រៀងរបស់លោកស្រីនូវព្រលឹង និងការចងចាំរបស់ប្រជាជនអេដេជាច្រើនជំនាន់ផងដែរ៕