Tai Thi Mai - ស្ត្រីជនជាតិ Pa Then នាំក្រណាត់ចរបាប់ទៅកាន់ពិភពលោក
(VOVWORLD) - នៅភូមិ My Bac ឃុំ Tan Trinh ខេត្ត Tuyen Quang មានស្ត្រីជនជាតិ Pa Then ម្នាក់ កំពុងរក្សានិងលើកតម្កើងតម្លៃប្រពៃណីតាមសសៃអំបោះនីមួយៗ និងលំនាំក្បូរក្បាច់នៅលើក្រណាត់ចរបាប់នីមួយៗ។ នោះគឺលោកស្រី Tai Thi Mai ប្រធានសហករណ៍ចរបាប់ Pa Then អ្នកដែលបានលះបង់យុវវ័យរបស់ខ្លួន ដើម្បីសម្រេចបាននូវក្តីសុបិន នាំក្រណាត់ចរបាប់របស់ជនជាតិខ្លួនទៅកាន់ពិភពលោក។
អ្នកស្រី Mai ណែនាំសមាជិកនៃសហករណ៍ឱ្យបំពេញក្រណាត់អំបោះ។ រូបថត៖ Hau Phong/VOV5 |
កើតមកក្នុងគ្រួសារមួយ ដែលទាំងជីដូន និងម្តាយរបស់នាង សុទ្ធតែស្ទាត់ជំនាញក្នុងការតម្បាញចរបាប់ប្រពៃណី នារី Tai Thi Mai ត្រូវបានបង្រៀនឲ្យស្គាល់ពីម្ជុលនិងអំបោះតាំងពីកុមារភាព។
“តាំងពីខ្ញុំអាយុ ១២ ឆ្នាំមក ម្តាយរបស់ខ្ញុំបានបង្រៀនខ្ញុំពីមុខរបរត្បាញ់។ ពេលនោះម្ដាយប្រាប់ខ្ញុំថា៖ ត្រូវចេះមុខរបរត្បាញ់ ដើម្បីអាចតម្បាញសម្លៀកបំពាក់សម្រាប់ខ្លួនឯង។ ថ្វីត្បិតដូច្នេះក៏ដោយ នៅពេលអាយុ៣០ឆ្នាំ ខ្ញុំទើបចាប់ផ្ដើមបន្តអាជីពតម្បាញ។ ដោយសារការបង្រៀនរបស់ម្តាយ ខ្ញុំដឹងពីរបៀបត្បាញលំនាំ ពីសាមញ្ញទៅស្មុគស្មាញ”។
ដោយគោលបំណងចង់អភិរក្សនិងអភិវឌ្ឍន៍មុខរបរតម្បាញនោះ ក្នុងឆ្នាំ ២០១៧ លោកស្រី Tai Thi Mai បានសម្រេចចិត្តបង្កើតសហករណ៍ចារបាប់ Pa Then ដែលប្រមូលផ្តុំស្ត្រីនៅក្នុងភូមិដែលជក់ចិត្តនឹងមុខរបរត្បាញ់។ ពុះពារលើការលំបាក សហករណ៍បាននាំយកផលិតផលដំបូងរបស់ខ្លួនជូនអតិថិជន។
“ខ្ញុំបានកែលម្អកាបូប និងក្រមាជាមួយនឹងការរចនាដ៏ស្រស់ស្អាត។ ពីទីនោះ ពួកយើងបានថែរក្សានូវមុខរបរ ទំនៀមទម្លាប់ សំលៀកបំពាក់ និងលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិ Pa Then”។
អ្នកស្រី Mai និងសមាជិកនៃសហករណ៍ បញ្ចប់ដំណាក់កាលចុងក្រោយនៃថង់ក្លិនក្រអូប និងផលិតផលដាក់កាត ATM ។ រូបថត៖ Hau Phong/VOV5
|
នៅប៉ុន្មានឆ្នាំដំបូង ថ្វីត្បិតតែផលិតផលទទួលបានការពេញនិយមពីសំណាក់អតិថិជនអន្តរជាតិក៏ដោយ សហករណ៍នៅតែមិនមានលក្ខខណ្ឌស្របច្បាប់ក្នុងការនាំចេញដោយខ្លួនឯងឡើយ។ ការបញ្ជាទិញនាំចេរញទៅបរទេសទាំងអស់ត្រូវឆ្លងកាត់អន្តរការី ធ្វើឱ្យអ្នកស្រី Mai មានអារម្មណ៍សោកសៅជាច្រើនដង ដោយសារតែ "ផលិតផលដែលខ្លួនផលិត ប៉ុន្តែឈ្មោះមិនមែនជារបស់ខ្លួនឯង"។ ចំណុចរបត់បានកើតឡើងនៅឆ្នាំ ២០១៨ នៅពេលដែលអង្គការ Good Neighbors International (GNI) បានចាប់ផ្តើមអមដំណើរ និងឧបត្ថម្ភដល់សហករណ៍។ GNI បានឧបត្ថម្ភថវិកាចំនួន ៨.០០០ ដុល្លារ សម្រាប់សហករណ៍ក្នុងការវិនិយោគលើម៉ាស៊ីនដេរ ម៉ាស៊ីនកាត់ដែក ស្ទីម និងត្រូវបានបណ្តុះបណ្តាលជំនាញគ្រប់គ្រង និងបំពេញឯកសារស្របច្បាប់ ដើម្បីអាចនាំចេញជាផ្លូវការ។ លោក Phung Van Lap អ្នកគ្រប់គ្រងគម្រោង GNI Quang Binh បានចែករំលែកថា៖
“បច្ចុប្បន្ន GNI បានឧបត្ថម្ភសហករណ៍ចារបាប់ Pa Then ជាមួយនឹងសម្ភារៈបរិក្ខារ គ្រឿងចក្រ...។ លើសពីនេះទៀត GNI ក៏ស្វែងរកការវិនិយោគសម្រាប់ផលិតផល និងនាំយកផលិតផលដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ និងការតាំងពិពណ៌ផងដែរ”។
ផលិតផលថង់ក្លិនក្រអូប និងផលិតផលដាក់កាត ATM ។ រូបថត៖ Hau Phong/VOV5
|
ក្រៅពីការគាំទ្រពីអង្គការអន្តរជាតិ ដំណើររបស់សហករណ៍ចរបាប់ Pa Then ក៏ទទួលបានការយកចិត្តទុកដាក់ និងការឧបត្ថម្ភជាក់ស្តែងពី អាជ្ញាធរមូលដ្ឋានផងដែរ។ ចាប់តាំងពីពេលនោះមក សហករណ៍ត្រូវបានឧបត្ថម្ភពីនីតិវិធីច្បាប់ និងតភ្ជាប់ជាមួយកម្មវិធីលើកកម្ពស់ពាណិជ្ជកម្ម។ លោកស្រី Tai Thi Mai បានឲ្យដឹងថា៖ “តាំងពីនោះមក ស្ត្រីនៅក្នុងសហករណ៍មានការងារកាន់តែច្រើន...។ បច្ចុប្បន្នសហករណ៍កំពុងខិតខំប្រឹងប្រែងបំពេញនូវផលិតផលបន្ថែមទៀត។ នៅពេលអនាគត យើងសង្ឃឹមថា GNI នឹងភ្ជាប់ជាមួយនឹងការបញ្ជាទិញកាន់តែច្រើន និង ជួយឱ្យសហករណ៍មានការងារកាន់តែសម្បូរ សម្រាប់អភិរក្សនិងអភិវឌ្ឍន៍ផលិតផលវាយនភណ្ឌជនជាតិភាគតិច Pa Then”។
នៅឆ្នាំ ២០២៥ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំមក សហករណ៍ ចរបាប់ Pa Then បានសម្រេចចំណុចរបត់ដ៏សំខាន់មួយគឺការចុះហត្ថលេខាលើការបញ្ជាទិញនាំចេញជាផ្លូវការលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងត្បូងដោយជោគជ័យ ដែលមានតម្លៃ ៤.០០០ ដុល្លារ រួមទាំងថង់ក្លិនក្រអូបចំនួន ៥០០ ដំ និងថង់ដាក់កាត ATM ចំនួន ៥០០។ នេះជាលើកដំបូងដែលផលិតផលរបស់សហករណ៍ត្រូវបាននាំចេញទៅក្រៅប្រទេសក្រោមឈ្មោះរបស់ខ្លួន។ លោកស្រី Tai Thi Mai បានចែករំលែកថា ជាលើកទីមួយហើយ ដែលផលិតផលរបស់សហករណ៍ត្រូវបាននាំចេញទៅក្រៅប្រទេស ក្រោមឈ្មោះសហករណ៍ចារបាប់ Pa Then។ ពួកយើងពិតជាសប្បាយចិត្ត និងមោទនៈភាពខ្លាំងណាស់ ព្រោះនេះមិនមែនគ្រាន់តែជាការបង្គាប់បញ្ជានោះទេ ប៉ុន្តែជាក្តីសុបិនដែលសម្រេចបានជាច្រើនឆ្នាំមកហើយ។
“បំណងប្រាថ្នារបស់ខ្ញុំក៏ដូចជាបំណងប្រាថ្នារបស់សមាជិកនៃសហករណ៍គឺដើម្បីនាំយកផលិតផលរបស់យើងទៅកាន់ទីផ្សារអន្តរជាតិដូចជាទីផ្សារអឺរ៉ុប។ ផលិតផលរបស់យើងទាំងអស់គឺត្បាញដោយដៃទាំងស្រុង ហើយមិនប៉ះពាល់ដល់បរិស្ថាន។ ភ្ញៀវអន្តរជាតិជាច្រើនដែលមករកយើងពិតជាចូលចិត្តផលិតផលវាយនភណ្ឌរបស់ជនជាតិ Pa Then។ ខ្ញុំពិតជាសង្ឃឹមថា ផលិតផលរបស់ក្រុមជនជាតិរបស់ខ្ញុំនឹងត្រូវបានមនុស្សជាច្រើនស្គាល់ដល់”។
ការខិតខំប្រឹងប្រែងរបស់សមាជិកសហករណ៍បានជួយថែរក្សាលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិ Pa Then។ រូបថត៖ Hau Phong/VOV5 |
បច្ចុប្បន្ន សហករណ៍មានសមាជិកចំនួន ១៥ នាក់ ភាគច្រើនជាស្ត្រី Pa Then។ ទីនេះមិនត្រឹមតែជាកន្លែងផលិតប៉ុណ្ណោះទេ សហករណ៍ក៏បានបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃដល់ក្មេងស្រីនៅក្នុងឃុំ ដោយមានបំណងចង់លើកតម្កើងមោទនភាពជាតិ និងផ្តល់ឱកាសសេដ្ឋកិច្ចពីមុខរបរប្រពៃណី។ ដំណើររឿងរបស់លោកស្រី Tai Thi Mai និងសហករណ៍ចារបាប់ Pa Then មិនត្រឹមតែជាដំណើរនៃសហគ្រិនភាពប៉ុណ្ណោះទេ ថែមទាំងជាដំណើរនៃការអភិរក្សវប្បធម៌ លើកកំពស់ផលិតផលជនជាតិដើមភាគតិច និងបញ្ជាក់ពីតួនាទីស្ត្រីជនជាតិភាគតិចក្នុងសមាហរណកម្មផងដែរ៕