ព្រឹទ្ធាចារ្យភូមិ K' Keo - អ្នកអភិរក្សវប្បធម៌និងតភ្ជាប់សហគមន៍ជនជាតិ K'Ho
(VOVWORLD) - ព្រឹទ្ធាចារ្យភូមិ K' Keo ដែលមានអាយុ ៦៥ ឆ្នាំ គឺជាអ្នកមានកិត្យានុភាពក្នុងសហគមន៍ឃុំ Di Linh ខេត្ត Lam Dong។ លោកតែងតែដើរឈានមុខក្នុងសកម្មភាព ថែ រក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិ K'Ho អភិវឌ្ឍន៍សេដ្ឋកិច្ចនិងប្រមូលផ្តុំប្រជាជន ឱ្យសាម្គីគ្នា កសាងជីវភាពរស់នៅប្រកបដោយភាពសម្បូររុងរឿងនិងសុភមង្គល។
ព្រឹទ្ធាចារ្យភូមិ K'Keo ផ្លុំត្រែ បើកពិធីបុណ្យអំណររដូវថ្មី (រូបថត៖ K’ Brop/VOV-Tay Nguyen) |
គ្រួសារព្រឹទ្ធាចារ្យភូមិ K’Keo មានផ្ទៃដីដាំកាហ្វេចំនួន ២ ហិកតា ក្នុងមួយឆ្នាំប្រមូលផលគ្រាប់កាហ្វេបានជាង ៨ តោននិងស្រូវប្រាំង ៨ អា ក្នុងមួយឆ្នាំប្រមូលផលបានប្រមាណ ៨ តោន។ លើសពីនេះ គ្រួសារលោកក៏បានដាំដំណាំផ្សេងទៀតក្នុងចំការកាហ្វេ ដូចជា ទុរេន ម៉ាក់កាដាមៀ ផ្លែ បឺរ ខ្នុរ ជាដើម អាស្រ័យហេតុនេះហើយ ទើបធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររបស់ព្រឹទ្ធាចារ្យភូមិក K’Keo មានស្ថិរភាពនិងរឹងមាំ។ ពីវិធីធ្វើសេដ្ឋកិច្ចគ្រួសារប្រកប ដោយប្រសិទ្ធភាព ព្រឹទ្ធាចារ្យភូមិក K’Keo តែងតែដើរឈានមុខគេក្នុងការកៀរគរប្រជាជនឱ្យចូលរួមក្នុងចលនាអភិវឌ្ឍន៍សេដ្ឋកិច្ចដូចជា៖ ការដាំដុះ ការចិញ្ចឹមសត្វ ការអនុវត្តន៍ពូជរុក្ខជាតិ និងពួជសត្វថ្មីៗ។
“មុននេះ ប្រជាជនក្នុងភូមិមិនចេះប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មកប្រើក្នុងការផលិត។ ពួកគេមិនចេះធ្វើជី និងថែទាំស្រូវនិងកាហ្វេនោះទេ។ គ្រួសាររបស់ខ្ញុំធ្វើមុនគេ ពេលគ្រួសារធ្វើបានប្រសិទ្ធភាព ប្រជាជនធ្វើត្រាប់តាម។ តាមរយៈបទពិសោធន៍របស់ខ្ញុំ ខ្ញុំបានចែករំលែកអ្វីគ្រប់យ៉ាងជាមួយប្រជាជន ដោយសង្ឃឹមថាពួកគេអាចធ្វើវាបានដូចខ្ញុំដដែរ”។
ភូមិ Hàng Làng ជាកន្លែងដែលលោកព្រឹទ្ធាចារ្យ K’Keo និងក្រុមគ្រួសាររស់នៅ មានគ្រសារចំនួន ៣៨៤ គ្រួ ដែលភាគច្រើនជាជនជាតិ K’Ho។ បច្ចុប្បន្នមានគ្រួសារក្រីក្រត្រឹមតែ ៤គ្រួសារប៉ុណ្ណោះ។ ជីវភាពរស់នៅខាងសម្ភារៈកាន់តែរីកចម្រើន គឺជីវភាពវប្បធម៌ខាងវិញ្ញាណរបស់ប្រជាជនក៏កាន់តែសម្បូរបែបផងដែរ។ អ្នកស្រី Ka'Lem ជាជនជាតិ K'Ho នៅឃុំ Di Linh បានឲ្យដឹងថា ដោយសារការរួមចំណែករបស់ព្រឹទ្ធាចារ្យភូមិ K' Keo ភូមិ Hang Lang មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។
ព្រឹទ្ធាចារ្យភូមិ K'Keo ចែករំលែកជាមួយអ្នកសារព័ត៌មាន (រូបថត៖ K’ Brop/VOV-Tay Nguyen) |
“ព្រឹទ្ធាចារ្យភូមិ K’Keo ជាបុគ្គលមានកិត្យានុភាពមួយរូប ដែលមានសំឡេងក្នុងមូលដ្ឋានលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ថែរក្សាវប្បធម៌ប្រពៃ ណីជាតិ។ លោកតែងតែយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋដល់ប្រជាជន ណែនាំពីរបៀបធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព ដោយចលនាឲ្យប្រជាជនសាមគ្គីគ្នានិងធានាស្ថិរភាព សន្តិសុខក្នុងមូលដ្ឋាន”។
ព្រឹទ្ធាចារ្យភូមិ K' Keo ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ K'Ho ដូចជាភាសា និងទំនៀមទម្លាប់។ លោកជាអ្នកដែលបង្រៀនចំណេះដឹង ដល់ក្មេងជំនាន់ក្រោយ ជួយឱ្យពួកគេយល់និងកាន់តែស្រឡាញ់វប្បធម៌របស់ជនជាតិខ្លួន។
ក្នុងសកម្មភាពវប្បធម៌នៅតំបន់ជនជាតិភាគតិចនៅខេត្ត Lam Dong លោកតែងតែដឹកនាំក្រុមសិប្បករចូលរួម និងទទួលបានរង្វាន់ខ្ពស់ជាច្រើន។ រូបព្រឹទ្ធាចារ្យ K’Keo ផ្ទាល់បានបង្រៀនថ្នាក់គងឃ្មោះចំនួន ៥ វគ្គ ដល់យុវជនក្នុងស្រុក។ លោក Pham Van Linh អតីតមេឃុំ Gung Re ដែលបច្ចុប្បន្នជាឃុំ Di Linh ខេត្ត Lam Dong បានឲ្យដឹងថា៖ “ព្រឹទ្ធាចារ្យ ខេ កែវ ជាបុគ្គលមានទេពកោសល្យ មានសមត្ថភាពទំនាក់ទំនង និងកៀរគរប្រជាជនអនុវត្តគោលនយោបាយ និងច្បាប់របស់បក្ស និងរដ្ឋ។ លោកតែងតែផ្សព្វផ្សាយ និងកៀរគរប្រជាជនឱ្យលុបបំបាត់ទំនៀមទម្លាប់ហួសសម័យ ឬលើកតម្កើងប្រពៃណីវប្បធម៌របស់ជនជាតិ K'Ho...។ ព្រឹទ្ធាចារ្យ K' Keo ធ្វើបានល្អណាស់”។
ព្រឹទ្ធាចារ្យភូមិ K' Keo មិនត្រឹមតែជាអ្នកថែរក្សាវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាតំណភ្ជាប់ និងណែនាំសម្រាប់ការអភិវឌ្ឍសហគមន៍ K'Ho ទៀតផង។ លោកតែងតែរៀបចំសកម្មភាពរួមសម្រាប់មនុស្សជួបប្រាស្រ័យ និងចែករំលែកបទពិសោធន៍ក្នុងជីវភាពរស់នៅ។ វត្តមាននិងតួនាទីរបស់លោកជាប្រភពលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ភូមិស្រុកជនជាតិភាគតិច៕