យុទ្ធជនដឹកជញ្ជូននិងបេសកកម្មដឹកជញ្ជូនកងទ័ពក្នុងល្បឿនរហ័សចូលរំដោះសាយហ្គន
(VOVWORLD) - មុននេះ ៥០ឆ្នាំ (១៩៧៥) ដោយស្មារតី “មួយថ្ងៃស្មើ២០ឆ្នាំ” ល្បឿនរហ័ស រហ័សជាងទៀត កម្លាំងទ័ពនៃកងទ័ពប្រជាជនវៀតណាមបានធ្វើយុទ្ធដំណើរដោយឆ្កងកាត់រាប់ពាន់គីឡូ ម៉ែត្រដើម្បីឈានចូលរដោះសាយហ្គន។ ក្នុងជួរកងទ័ពដ៏រហ័សរហួនដូចផ្លេកបន្ទោរនោះ យុទ្ធជន ដឹកជញ្ជូនក្នុងនោះ មានទាំងវរសេនីយ៍ឯក Nguyen Van Ninh អតីតអនុប្រធានស្នងការនយោបាយនៃនាយកដ្ឋានប្រេងឥន្ធនៈ (អគ្គនាយកដ្ឋានភស្តុភារ) មានភាពមោះមុត និងក្លាហាន ក្នុងការជម្នះការលំបាករាប់មិនអស់ ដើម្បីនាំកងទ័ពចូលទៅក្នុងយុទ្ធនាការមុនកាលកំណត់។
លោកវរសេនីយ៍ឯក Nguyen Van Ninh (រូបថត៖ VOV) |
លោកវរសេនីយ៍ឯក Nguyen Van Ninh បានរៀបរាប់ថា នៅឆ្នាំ១៩៧៥ លោកមានឋានន្តរស័ក្តិអនុសេនីយ៍ឯក និងជាស្នងការនយោបាយនៃកងវរសេនាតូចលេខ៧៥ នៃកងវរសេនាធំលេខ ៥១២ កងពលធំលេខ ៥៧១។ នេះគឺជាកងពលធំចល័តយុទ្ធសាស្ត្រដំបូងគេរបស់កងទ័ពប្រជាជន វៀត ណាម ដែលមានរថយន្តគ្រប់ប្រភេទចំនួន ២.៦០០គ្រឿង។ ក្នុងអំឡុងការវាយប្រហារទូទៅនិងក្រោកឈរឡើងនានិទាឃរដូវឆ្នាំ ១៩៧៥ កងពលបានទទួលភារកិច្ចធានាការដឹកជញ្ជូនចល័តយ៉ាងឆាប់រហ័ស អង្គភាពទ័ពធំលេខ១ និងលេខ ២ ពីភាគខាងជើងដើម្បីចូលរួមក្នុងយុទ្ធនាការ ហូជីមិញ។ ដើម្បីបំពេញបេសកកម្ម កងពលបានរៀបចំឱ្យកងវរសេនាតូចយានជំនិះនីមួយៗដឹកកងវរសេនាធំថ្មើរជើង។
“នៅពេលនោះ អង្គភាពបានប្រើប្រាស់រថយន្តសរុបចំនួន ១.០៥៣ គ្រឿង រួមទាំងរថយន្តបំរុងចល័ត ភាគច្រើនកម្លាំងនៃអង្គភាពទ័ពធំលេខ ១ ពី Vinh Chap, Vinh Linh (ខេត្ត Quang Tri) ដើម្បីចូលរួមក្នុងយុទ្ធនាការរំដោះសាយហ្គន។ ឡាននីមួយៗមានអ្នកបើកបរ ២នាក់ ផ្លាស់ប្តូរគ្នា បើកទាំងយប់ទាំងថ្ងៃ យើងហូបបាយដេកលើឡាន”។
ផ្លូវធ្វើដំណើរដើរតាមត្រើយខាងលិចនៃត្រឿងសឺន លើទឹកដីមិត្តឡាវ។ រថយន្តពីរគ្រឿងនៅឆ្ងាយពីគ្នាតែប៉ុន្មានម៉ែត្រតែមិនឃើញមុខគ្នា សូម្បីតែពេលថ្ងៃតែពេលខ្លះត្រូវបើកភ្លើងមុខទើបឃើញ។ យានជំនិះបានធ្វើដំណើរជាបន្តបន្ទាប់ទាំងថ្ងៃទាំងយប់ ហើយបានឈប់មួយសន្ទុះនៅចំណតសម្រាប់ បងប្អូនកងទ័ពសម្រាកហូបបាយ បន្ទាប់មកក៏បើកយ៉ាងលឿនម្តងទៀត។ ពេលខ្លះលោក Ninh កំពុងហូបបាយមិនទាន់ហើយ ក៏ត្រូវប្រញាប់ប្រញាល់បន្តដំណើរដែរ៖ “យានជំនិះរបស់ខ្ញុំ និងយានជំនិះផ្សេងទៀតនៅក្នុងកងវរសេនាតូចបានឆ្លងកាត់ Duc Lap ហើយកងទ័ពរបស់ភាគីម្ខាងទៀតនៅតែប្រតិបត្តិការនៅទីនេះ។ ពួកវាបានគប់គ្រាប់បែកដៃនិងកំាបិតលើរថយន្តបណ្តាលឱ្យរងការខូចខាតខ្លះៗដែរ។ ក៏មានករណីដែលពួកវាបានវាយឆ្មក់ពួកយើងនៅតាមដងផ្លូវ ហើយបណ្តាលឲ្យបែកកង់ ហើយមិត្តរួមក្រុមរបស់យើងមួយចំនួនបានរងរបួស។ ប៉ុន្តែបងប្អូនបានរុំបង់ខ្លួនឯង សង្គ្រោះបឋម រួចបន្តយុទ្ធដំណើរទៅមុខទៀត”។
កងទ័ព Truong Son បានដឹកជញ្ជូនកងទ័ព សព្វាវុធ ស្បៀងអាហារ និងសំភារះពីខាងជើងទៅកាន់សាយ ហ្គន (រូបថត៖ TTXVN) |
ក្នុងការចងចាំរបស់ខ្លួន អតីតយុទ្ធជន Nguyen Van Ninh នៅតែចងចាំពីភាពក្លាហាន និងភាពច្នៃប្រឌិតរបស់សមមត្តិ Nguyen Van Thuan ក្នុងការដោះស្រាយស្ថានភាពនៅពេលដែលចង្កូតរថយន្តបានបាក់ពេលកំពុងចុះចំណោត។ រថយន្តឈប់ចំងាយ១០ម៉ែត្រពីចញ្ចើមផ្លូវ ដោយធានាបានសុវត្ថិភាពទាំងមនុស្ស និងរថយន្ត។ ដោយសារមានការរក្សាវិន័យដំណើរទ័ព និងទំនាក់ទំនងដោយរលូន លោក Ninh និងអ្នកបើកបរបានបញ្ចប់ដោយជោគជ័យនូវភារកិច្ចបញ្ជូនអង្គភាពទ័ពលេខ១ ទៅកាន់កន្លែងជួបប្រជុំនៅផ្លូវប្រសព្វ Dong Xoai មុនពេលវេលាបានកំណត់៖
“យើងមានប្រព័ន្ធទំនាក់ទំនង តភ្ជាប់ពីបញ្ជាការដ្ឋានកងវរសេនាតូច កងវរសេនាធំ និងប៉ុស្តិ៍បញ្ជាការតាមផ្លូវ ជាមួយប៉ុស្តិ៍បញ្ជាការមូលដ្ឋានរបស់កងពលធំនៅខាងក្រោយ។ យើងប្រើវិទ្យុសម្រាប់ទំនាក់ទំនង និងបញ្ជាណែនាំ។ កន្លែងណាមានការកកស្ទះ ទីណាមានសត្រូវវាយលុក កន្លែងណាមានការលំបាក យើងទំនាក់ទំនងព័ត៌មានដើម្បីដោះស្រាយ កុំឱ្យមានការស្ទះនៅលើផ្លូវ។ យោងតាមបញ្ជារបស់ក្រសួង នៅថ្ងៃទី ២៥ ខែមេសា អង្គភាពទ័ពធំលេខ ១ ត្រូវតែមានវត្តមាននៅ Dong Xoai។ ផ្នែករបស់យើងបានធ្វើដំណើរយ៉ាងរហ័សរហួន ក្នុងល្បឿនផ្លេកបន្ទោរដើម្បីទៅដល់គោលដៅមុន ៦ ថ្ងៃ នៃតម្រូវការរបស់បញ្ជាការយុទ្ធនាការ”។
នៅវេលាម៉ោង ១៧ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៩៧៥ សំឡេងកាំភ្លើងបើកយុទ្ធនាការហូជីមិញបានចាប់ផ្តើមពីទិសខាងកើត ដោយវាយលុកមូលដ្ឋាន Nuoc Trong (Dong Nai)។ កងពលធំលេខ ៥៧១ បានចេញដំណើរដោយបញ្ជូនកម្មាភិបាល និងយុទ្ធជននៃអង្គភាពទ័ពធំលេខ ២ មកពីទិសខាងកើត ចូលសមរភូមិយ៉ាងរហ័ស និងវាយលុកគោលដៅរបស់សត្រូវ។ ជិត ២ ម៉ោងក្រោយមក កងទ័ពដណ្តើមបានផ្នែកមួយនៃមូលដ្ឋាន Nuoc Trong។
ដោយស្មារតី “មួយថ្ងៃស្មើ២០ឆ្នាំ” កាន់តែរហ័ស រហ័សជាងទៀត លោក Nguyen Van Ninh រួមជាមួយកម្មាភិបាល យុទ្ធជន កងពលលេខ ៥៧១ ជាពិសេស អង្គភាពដឹកជញ្ជូនតាមផ្លូវ Truong Son និយាយរួម បានបង្កើតឡើងអព្ភូតហេតុតាមដំណើរទ័ព។ ការដែលអាចចូលរួមក្នុងក្បួនដឹកជញ្ជូននោះគឺជាកិត្តិយស និងមោទនភាពសម្រាប់វរសេនីយ៍ឯក Nguyen Van Ninh ព្រមទាំងកម្មាភិបាលនិងយុទ្ធជន នៅកងពលធំលេខ ៥៧១។ វរសេនីយ៍ឯក Dinh Cong Ty ដែលពេលនោះជាស្នងការនយោបាយនៃកងវរសេនាធំដឹកជញ្ជូនរថយន្តទី ១១ កងពលធំលេខ ៥៧១ បានចែករំលែកថា៖ “យើងរីករាយណាស់។ ជាធម្មតា យើងគ្រាន់តែបើកឡានដឹកទំនិញ និងអាវុធពីខាងជើងទៅកាន់ខាងត្បូង ក្នុងស្ថានភាពលំបាកនៃការវាយប្រហាររបស់សត្រូវ។ ឥឡូវរត់លើផ្លូវជាតិលេខ១ ផ្លូវជាតិដឹកទ័ពថ្មើរជើង គ្មានអ្វីសប្បាយជាងនេះដែរ។ ដូច្នេះ បងប្អូនយើងបានប្ដេជ្ញាចិត្តធានាសុវត្ថិភាព ដោយប្តូរវេនបើកបរមិនឈប់ បំពេញតម្រូវការរបស់កងទ័ពថ្មើរជើង គ្មានអាហារ ឬទឹកក៏បានទេ គ្រាន់តែចែកអាហារស្ងួតប៉ុណ្ណោះ។ រំភើបណាស់។ ខ្មាំងត្រូវដកថយដោយប្រញាប់ប្រញាល់ យើងត្រូវពឹងលើយានជំនិះ និងអ្នកបើកបររបស់កងទ័ព Truong Son ដើម្បីដឹកជញ្ជូនកងទ័ពសំខាន់ៗ ទើបទាន់ពេលវេលា”។
ដោយមានតែរថយន្ត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ យុទ្ធជនដឹកជញ្ជូន រួមទាំងវរសេនីយ៍ឯក Nguyen Van Ninh មានភាពអង់អាចក្លាហាន ពុះពារជំនះរាល់ការលំបាក និងការលះបង់ក្នុងស្ថានភាពលំបាក និងខ្វះខាតខ្លាំង រួមចំណែកយុវវ័យក្នុងជ័យជម្នះទាំងស្រុង ពេញលេញរបស់ប្រទេសជាតិ៕