យុទ្ធជនពិការ Nguyen Van Cha អភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងសកម្ម រួមចំណែកកសាងស្រុកកំណើត

(VOVWORLD) - បន្ទាប់ពីបានវិលត្រឡប់មកពីបំពេញកាតព្វកិច្ចអន្តរជាតិនៅសមរភូមិកម្ពុជា រូបរាងកាយសុខភាពមិនដូចដើមឡើយ ដោយបាត់បង់ជើងម្ខាង យុទ្ធជនពិការកម្រិត ២/៤ ប៉ុន្តែលោក Nguyen Van Cha  (ង្វៀន វ៉ាន់ឆា) (កើតនៅឆ្នាំ ១៩៦៣ រស់នៅភូមិ ១០ ឃុំ Khanh Lam ខេត្ត Ca Mau) នៅតែរក្សាឆន្ទៈដ៏មុតមាំរបស់យុទ្ធជនម្នាក់។ លោកបានអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងសកម្ម ឈានឡើងធ្វើជាអ្នកមាន រួមចំណែកកសាងនិងអភិវឌ្ឍន៍មាតុភូមិស្រុកកំណើត។

យុទ្ធជនពិការ Nguyen Van Cha អភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងសកម្ម រួមចំណែកកសាងស្រុកកំណើត - ảnh 1ទោះបីជាយុទ្ធជនពិការ ២/៤ ង្វៀន វ៉ាន់ឆា ត្រូវបាត់បង់ជើងក៏ដោយ ក៏គាត់នៅតែអាចធ្វើការងារដ៏លំបាកបាន (រូបថត៖ VOV)

រយៈពេល ៤០ ឆ្នាំមុន ក្នុងឆ្នាំ ១៩៨៥ លោក ង្វៀន វ៉ាន់ ឆា បានចូលបម្រើជួរកងទ័ពនៅក្រុមកងវិស្វកម្មកងពលធំលេខ ៣៣០ ដោយបំពេញកាតព្វកិច្ចអន្តរជាតិក្នុងសមរភូមិកម្ពុជា។ ឆ្នាំ ១៩៨៧ ក្នុងអំឡុងពេលរងការវាយប្រហារយ៉ាងខ្លាំង លោក ឆា បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវកាត់ជើងម្ខាង។ ក្រោយមកលោកត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Minh Hai (ឥឡូវគឺខេត្ត Ca Mau)។ ក្រោយពេលសម្រាកព្យាបាលជិត ៣ ឆ្នាំមក លោកបានវិលត្រឡាប់មកជីវភាពប្រចាំថ្ងៃវិញ ដោយមានអត្រាពិការជិត៨០%។ នៅពេលនោះ លោក ឆា បានជួបការលំបាកជាច្រើនក្នុងជីវភាពរស់នៅ។

“នៅពេលនោះ ប្រទេសទាំងមូលនៅតែមានការលំបាក ហើយជនពិការមិនបានទទួលគោលនយោបាយឧបត្ថម្ភដូចពេលបច្ចុប្បន្ននេះទេ។ បន្ទាប់ពីស្នាក់នៅមណ្ឌលថែទាំជិត ៣ ឆ្នាំ រួចវិលត្រឡប់មកមន្ទីរយុទ្ធជនពិការព្យាបាលវិញ ដោយទទួលបានប្រាក់បៀវត្សរ៍ត្រឹមតែពីរបីម៉ឺនដុង   ជីវភាពបន្ទាប់ពីត្រូវបានរំសាយចេញពីជួរកងទ័ព ពិតជាលំបាកខ្លាំងណាស់”។

ដោយមានការឧបត្ថម្ភពីមនុស្សជាច្រើន លោកបានរៀបការជាមួយលោកស្រី Nguyen Thi Huong។ គ្រួសាររបស់លោកឆា នៅស្រុក Cai Nuoc មានដីតិចតួចសម្រាប់ផលិត ដូច្នេះហើយលោកនិងភរិយាបានទៅព្រៃ U Minh ដើម្បីចាប់ផ្តើមអាជីវកម្ម។ គ្រួសារលោក ឆា ត្រូវបានផ្តល់ដីចំនួន ៧ ហិកតា សម្រាប់ផលិតក្នុងនោះ ៥ ហិកតាសម្រាប់ធ្វើព្រៃ និង ២ ហិកតាសម្រាប់ផលិតកសិកម្ម។ ដី U Minh រងសារធាតុសាច់ជូរ ហើយការដាំព្រៃឈើក៏ពិបាកសម្រាប់មនុស្សធម្មតាដែរ ប៉ុន្តែសម្រាប់ជនពិការដូចលោក ឆា គឺរឹតតែពិបាកទៀត។

“ពេលនោះខ្ញុំនិងប្រពន្ធខ្ញុំទៅធ្វើការស៊ីឈ្នួលដាំស្រូវ រើសដំឡូង កាប់ដើមត្រែង ជាទូទៅយើងធ្វើការងារគ្រប់បែបយ៉ាងសម្រាប់ជួលដើម្បីរកប្រាក់។ រាល់យប់ ប្រពន្ធខ្ញុំនិងខ្ញុំទៅនេសាទ ចាប់ត្រី ហើយបន្ទាប់ពីធ្វើការស៊ីឈ្នួល យើងធ្វើស្រែ កាប់អុស ដើម្បីលក់និងទិញបាយហូប។ ចង់លក់អុស យើងត្រូវជិះទូកទៅទីរួមស្រុក Thai Binh   ព្រោះនៅហ្នឹងកន្លែង យើងនៅ គឺគ្មានអ្នកណាចង់ទិញទេ”។

ថ្វីត្បិតតែជួបការលំបាកយ៉ាងដូច្នេះ ប៉ុន្តែជ្រួតជ្រាបពាក្យប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ "ជាជនពិការ ប៉ុន្តែនៅមានប្រយោជន៍" លោកឆានិងភរិយាបានតាំងចិត្តជំនះពុះពាររាល់ការលំបាកនិងកសាងជីវភាពលើតំបន់ដីថ្មី។

ដំបូងឡើយ លោក ឆា និងភរិយា បានជីកគល់ឈើនីមួយៗ ដំបូកដីនីមួយៗ ហើយចាក់បំពេញនៅតំបន់ទំនាបដើម្បីមានដីសម្រាប់ធ្វើស្រែចំការ។ ក្រោយមក លោកនិងភរិយា បានឆ្លៀតយកដីទំនេរជុំវិញផ្ទះ ដើម្បីដាំដំណាំហូបផ្លែ ចិញ្ចឹមមាន់ ទា ជ្រូក ហើយទន្ទឹមនឹងនោះ ក៏បានឆ្លៀត យកដីទំនេរជុំវិញទំនប់ទឹក សម្រាប់ដាំដើមចេក។

ទន្ទឹមនឹងការបើកទូលាយផ្ទៃដីដាំដំណាំស្រូវនិងដំណាំហូបផ្លែ គ្រួសាររបស់លោក ឆា ក៏បានដាំដើមឬស្សីយកទំពាំងចំនួនជាង ១០០ ដើម បង្កើនប្រាក់ចំណូលជាង ៥០លានដុង (២.០០០ ដុល្លារ) ក្នុងមួយឆ្នាំៗ។ ដោយឡែក ផ្ទៃដីដាំដើមស្មាចដែលលោកទើបតែធ្វើអាជីវកម្មក៏នាំមកនូវចំណូលជាង ៣០០ លានដុង (១១.៥០០ ដុល្លារ)។ បន្ទាប់មក លោក ឆា បានកែប្រែដីនិងដាំដើមអាកាស្យា ដោយរំពឹងថា នឹងនាំយកប្រាក់រាប់រយលានដុងសម្រាប់គ្រួសារ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ដោយឆន្ទៈរបស់យុទ្ធជនម្នាក់ លោក ឆា បានប្រែក្លាយដីសាច់ជូរទៅជាព្រៃស្មាច និងដំណាំ... ប្រកបដោយប្រសិទ្ធភាព។ គ្រួសាររបស់លោក ឆា មានប្រភពចំណូលរាប់រយលានដុង ហើយសេដ្ឋកិច្ចក៏កាន់តែមានស្ថិរភាព។

ដោយមានការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ឈានឡើងក្នុងជីវភាពប្រចាំច្ងៃរបស់លោក ឆា លោក Ho Minh Quyen ប្រធានសមាគមអតីតយុទ្ធជនភូមិ១០ ឃុំ Khanh Lam ខេត្ត Ca Mau បានឲ្យដឹងថា៖ “តំបន់ដីនេះមានជាតិសាច់ជូរច្រើន ពីអតីតកាលរហូតមកដល់បច្ចុប្បន្ននេះពិបាកធ្វើស្រែចម្ការណាស់។ ក្រោយមកដើម្បីអាចដាំដើមឈើបាន លោក ឆា ត្រូវព្យាយាមយ៉ាងខ្លាំង។ ដូចជាការកំចាត់ស្មៅ និងការភ្ជួរដីទាម ទារភាពឧស្សាហ៍ព្យាយាម ដូច្នេះរាល់ថ្ងៃលោក ឆា ត្រូវតែសម្អាតសំរាម ថែទាំចំការ និងរុក្ខជាតិ ទើបមានដូចសព្វថ្ងៃនេះ។ លោក ឆា ក៏មានសកម្មភាពយ៉ាងស្វាហាប់ក្នុងសមាគមអតីតយុទ្ធជនដែរ”។

ឆ្នាំនេះមានអាយុ៦៣ឆ្នាំ ហើយប្រាក់ខែក៏ជួយឲ្យលោកនិងប្រពន្ធធានាជីវភាពរស់នៅប្រចាំថ្ងៃបានយ៉ាងគួរសមដែរ។ ទោះជាយ៉ាងណាក៏ដោយ អតីតយុទ្ធជន ង្វៀន វ៉ាន់ឆា តែងតែចងចាំការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញថា “ពលកម្មគឺរុងរឿង” ដូច្នេះលោកនៅតែខិតខំប្រឹងប្រែង និងផលិតជារៀងរាល់ថ្ងៃ។ ជាមួយនឹងការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការចូលរួមយ៉ាងសកម្មក្នុងចលនាក្នុងស្រុក លោក ឆា មានកិត្តិយសជាបុគ្គល មួយក្នុងចំណោមអ្នកមានគុណទាំងបួនរបស់ខេត្ត Ca Mau ដែលត្រូវបានជ្រើសរើសឱ្យទៅចូលរួមសន្និសីទជាតិឆ្នាំ ២០២៤ កោតសរសើរអ្នកមានគុណបំណាចចំពោះបដិវត្តន៍ នៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ