(VOVWORLD) - ដោយមាននិស្ស័យជាមួយសៀវភៅចាស់ៗ តាំងពីរៀននៅសកលវិទ្យាល័យ លោក Nguyen Van Chuon មកពីខេត្ត Soc Trang បានធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់បន្ទាប់ពីបញ្ចប់ការសិក្សា។ ជំនួសឱ្យការបន្តអាជីពជាគ្រូបង្រៀន លោកបានជ្រើសរើសចាប់ផ្តើមអាជីវកម្មពីចំណង់ចំណូលចិត្តរបស់ខ្លួនក្នុងការប្រមូល និងចែករំលែកសៀវភៅ។ បច្ចុប្បន្ននេះ ហាងរបស់យុវជនជំនាន់ ៩X រូបនេះ បានក្លាយជាកន្លែង ជួបជុំជាប្រចាំសម្រាប់អ្នកដែលចូលចិត្តវប្បធម៌អាននៅទីក្រុង Can Tho។
លោក Nguyen Van Chuon បានជ្រើសរើសចាប់ផ្តើមអាជីវកម្មពីចំណង់ចំណូលចិត្តក្នុងការប្រមូលនិងចែករំលែកសៀវភៅ (រូបថត៖ Nhat Minh/VOV) |
ហាងលក់សៀវភៅចាស់របស់លោក Nguyen Van Chuon មានទីតាំងស្ថិតជ្រៅក្នុងផ្លូវលេខ ១៣២ ផ្លូវ Ba Thang Hai ស្រុក Ninh Kieu ទីក្រុង Can Tho។ ចំណុចពិសេសរបស់ហាងនោះគឺ មានសៀវភៅនិងទស្សនាវដ្តីចាស់ៗជាច្រើនប្រភេទដែលបានបោះពុម្ពតាំងពីយូរយារណាស់មកហើយ។ មានសន្លឹកក្រដាសត្រូវប្រែជាពណ៌លឿងចាស់ដែលរំលឹកឡើងវិញនូវអតីតកាល។ ទាំងអស់ត្រូវបានរៀបចំយ៉ាងស្អាតនៅលើធ្នើ។ ទីតាំងហាងនៅជ្រៅក្នុងច្រកល្ហក ប៉ុន្តែនៅតែមានចំនួនអតិថិជនមកទិញជារៀងរាល់ថ្ងៃ។
ក្នុងនាមជាអ្នកស្រឡាញ់សៀវភៅ និងចូលចិត្តអាន កាលនៅជានិស្សិតលោក Chuon ធ្លាប់ធ្វើការជាច្រើនកន្លែង ហើយត្រឹមតែទទួលបានប្រាក់ ៥០.០០០ ដុងក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែលោកសុខចិត្តអត់បាយអាហារសម្រាប់សន្សំសំចៃប្រាក់ទិញសៀវភៅប្រវត្តិសាស្ត្រចាស់មួយឈុត ក្នុងតម្លៃ ៨០.០០០ ដុង។ បើយោងតាមលោក Chuon លក់សៀវភៅប្រៀបដូចជាការលក់ចំណេះដឹអញ្ជឹង ដូច្នេះហើយលោកមានចំណង់ចំណូលចិត្តជាមួយបណ្ណាគារចាស់របស់ខ្លួន ដោយស្រឡាញ់គ្រប់ទំព័រឯកសារចាស់ៗ។ សម្រាប់លោក ចំណេះដឹងរបស់ខ្លួន ហើយទស្សនៈរបស់ខ្លួនលើជីវិតកាន់តែស៊ីជម្រៅ ដោយសារហាងសៀវភៅនេះ។ លោក Chuon បានឲ្យដឹងថា លោកបានបើកហាងជាផ្លូវការកាលពី៧ ឆ្នាំមុន (២០១៨) បន្ទាប់ពីលក់តាមអនឡាញមួយរយៈ៖
“ដូចគ្រួសារដទៃទៀត ខ្ញុំចង់ឲ្យកូនរៀនចប់ និងមានការងារមានស្ថិរភាព។ ដំបូងឡើយ ជាទូទៅនៅជនបទមិនសូវមានសៀវភៅប៉ុន្មានទេ ដូច្នេះគ្រួសាររបស់ខ្ញុំមិនបានលើកទឹកចិត្តខ្ញុំទេ ប៉ុន្តែនៅពេលដែលពួកគេឃើញចំណង់ចំណូលចិត្តរបស់ខ្ញុំ ពួកគេក៏គាំទ្រខ្ញុំបន្តិចម្តងៗ។ បច្ចុប្បន្ននេះ ខ្ញុំមានទីតាំងលក់សៀវភៅពីរកន្លែងហើយ”។
ពីសៀវភៅចាស់ ១-២ ក្បាលពីសម័យសិស្ស លោក Chuon បានប្រមូល និងស្រាវជ្រាវសៀវភៅទាំងនោះ ដើម្បីបង្កើតហាងមួយដែលមានសៀវភៅជិត ១ ម៉ឺនក្បាល (រូបថត៖ Nhat Minh/VOV) |
ចាប់ពីសៀវភៅពីរបីក្បាលអំឡុងពេលនៅជា “និស្សិត” រហូតមកដល់ពេលនេះ យុវជនមកពីខេត្តសុកត្រាំងរូបនេះ បានដាក់តាំងលក់សៀវភៅជិត ១០.០០០ ក្បាលក្នុងវិស័យជាច្រើន។ នៅក្នុងនោះមានឃ្លាំងផ្ទុកសៀវភៅ 'ពិបាករក' អំពីប្រវត្តិសាស្ត្រ វប្បធម៌ វចនានុក្រម ឱសថ និងអក្សរសិល្ប៍ មុនឆ្នាំ ១៩៧៥។ សម្រាប់រូបលោក សៀវភៅទាំងនោះនៅក្នុងដៃគឺដូចជាមានឃ្លាំងកំណប់អញ្ជឹង។ ថ្ងៃខ្លះគ្រាន់តែដើរមើលជុំវិញខ្លួន លោកក៏មានអារម្មណ៍គ្រប់គ្រាន់និងសប្បាយចិត្តរួចទៅហើយ”។
“បច្ចុប្បន្ននេះ យុវវ័យអានសៀវភៅ ebook ឬបណ្តាញសង្គម នោះក៏ជានិន្នាការទូទៅរបស់សង្គមផងដែរ។ មនុស្សជាច្រើនអាន ebooks និងសៀវភៅអេឡិចត្រូនិកក្នុងពេលដំណាលគ្នានៅលើទូរសព្ទរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមានមនុស្សជាច្រើនដែលងាកមករកសៀវភៅក្រដាសដើម្បីរំលឹករឿងរ៉ាវឡើងវិញ រីករាយនឹងអារម្មណ៍នៃការបង្វិលទំព័រនីមួយៗ និងស្វែងរកអនុស្សាវរីយ៍ចាស់ៗ។ សៀវភៅក្រដាសផ្តល់បទពិសោធន៍នេះទាំងស្រុង”។
ហាងសៀវភៅតូច ប៉ុន្តែសៀវភៅដែលធ្លាប់ស្គាល់… នោះជាអារម្មណ៍របស់មនុស្សជាច្រើនពេលទៅហាងសៀវភៅចាស់របស់លោក Chuon។ ថ្វីត្បិតតែទីធ្លាមិនធំពេកក៏ពិតមែន ប៉ុន្តែដោយសារតែការរៀបចំយ៉ាងស្អាតបាត ហាងនៅតែបង្ហាញបរិយាកាសដ៏សាមញ្ញ និងកក់ក្ដៅ។ កន្លែងដាក់សៀវភៅនៅទីនេះមានគ្រប់ប្រភេទ ចាប់ពីសៀវភៅដែលទើបចេញថ្មីៗ រហូតដល់សៀវភៅដែលមានអាយុកាលជិតកន្លះសតវត្ស។ ថ្វីត្បិតតែមិនមានទីតាំងនៅខាងមុខផ្លូវដ៏មមាញឹកក៏ដោយ ក៏ហាងនៅតែស្វាគមន៍អតិថិជនដែលចូលចិត្តសៀវភៅ និងវប្បធម៌អានជារៀងរាល់ថ្ងៃ៖
“ខ្ញុំតាមដានទំព័រ facebook និង tiktok របស់ហាងសៀវភៅ ក្នុងនាមជាសិស្ស អ្នកគួរតែអនុវត្តទម្លាប់អាន។ ភាគច្រើនជាអក្សរសិល្ប៍បរទេសជាមួយប្រលោមលោក”។
“ពេលចូលទៅក្នុងហាង ខ្ញុំកំណត់ច្បាស់ថា ផ្នែកណាជាសៀវភៅប្រភេទមួយណាទើបរកសៀវ ភៅបាន។ ពេលប្រមូលសៀវភៅ ខ្ញុំក៏ដាក់វានៅកន្លែងដដែល ដើម្បីងាយស្រួលរក”។
ពីការលំបាកនៅពេលចាប់ផ្តើមអាជីវកម្ម លោក Chuon បានសម្របខ្លួនបន្តិចម្តងៗ ចាប់ពីការស្វែងរកទីតាំងសមស្រប ដល់ការរៀបចំកន្លែងប្រកបដោយភាពសុខដុម ទាក់ទាញអតិថិជនក្នុងសម័យសៀវភៅអេឡិចត្រូនិក។ ចំណង់ចំណូលចិត្ត និងបំណងប្រាថ្នារបស់លោកក្នុងការផ្សព្វផ្សាយវប្បធម៌អានបានជួយលោកតស៊ូ និងទទួលបានជោគជ័យលើផ្លូវនេះ។
ក្នុងយុគសម័យឌីជីថល ហាងលក់សៀវភៅចាស់ៗនៅ Can Tho កាន់តែកម្រ ហើយយុវជនដែលជ្រើសរើសចាប់ផ្តើមអាជីវកម្មជាមួយសៀវភៅចាស់ៗគឺកម្រមានជាង។ ទោះជាយ៉ាងនេះក្តី ដោយក្តីស្រលាញ់ដ៏ខ្លាំងរបស់ខ្លួន លោក Chuon បានព្យាយាមកសាង និងបើកហាងលក់សៀវភៅចាស់ពីរកន្លែង។ សម្រាប់អតីតនិស្សិតគរុកោសល្យប្រវត្តិសាស្រ្ត Nguyen Van Chuon ហាងលក់សៀវភៅចាស់មិនគ្រាន់តែជាកន្លែងសម្រាប់ធ្វើអាជីវកម្ម ឬជួយសិស្សសន្សំលុយទិញសៀវភៅប៉ុណ្ណោះទេ ហាងក៏ជាកន្លែងសម្រាប់លោកជួបកល្បាណមិត្តរបស់ខ្លួន៕