(VOVWORLD) - មនុស្សសាមញ្ញ រួសរាយរាក់ទាក់ មានចំណង់ចំណូលចិត្តជាមួយវិជ្ជាជីវៈ និងតែង តែចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្តចំពោះអ្នកជំងឺ ជាការកត់សម្គាល់របស់សហការី គ្រួសារអ្នកជំងឺ និងអ្នកជំងឺជាកុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ បានលើកឡើងនៅពេលនិយាយអំពីលោកស្រីបណ្ឌិត ប៊ុយ ង៉ុក ឡាន វេជ្ជបណ្ឌិតជាន់ខ្ពស់ នាយិការមជ្ឈមណ្ឌលមហារីក មន្ទីរពេទ្យកុមារមជ្ឈិម។ លោកស្រីគឺជាវេជ្ជបណ្ឌិតឈានមុខគេម្នាក់ ក្នុងវិស័យមហារីកកុមារក្នុងប្រទេសវៀតណាមសព្វថ្ងៃនេះ។
វេជ្ជបណ្ឌិតជាន់ខ្ពស់ ប៊ុយ ង៉ុកឡាន នាយិកាមជ្ឈមណ្ឌលមហារីក មន្ទីរពេទ្យកុមារ រូបថត៖ ម្ចាស់រូបថតផ្តល់ជូន) |
“ក្នុងគ្រួសាររបស់ខ្ញុំ គ្មាននរណាម្នាក់រៀនពេទ្យទេ ប៉ុន្តែតាំងពីនៅតូច សុខភាពរបស់ខ្ញុំខ្សោយ ហើយឈឺញឹកញាប់ ឪពុកម្តាយខ្ញុំក៏ឈឺញឹកញាប់ដែរ ដូច្នេះ តាំងពីខ្ញុំចូលរៀនវិទ្យាល័យ ខ្ញុំសម្រេចចិត្តថា ខ្ញុំនឹងក្លាយជាគ្រូពេទ្យដើម្បីព្យាបាលជំងឺជូនមនុស្សគ្រប់រូប។ ក្រោយមក ក្នុងអំឡុងពេលសិក្សានៅសាលាពេទ្យ ខ្ញុំធ្លាប់បានធ្វើកម្មសិក្សានៅតាមដេប៉ាដឺមង់មួយចំនួន ហើយនៅពេលដែលខ្ញុំនៅក្នុងដេប៉ាឌឺម៉ង់ជំងឺមហារីក ខ្ញុំបានឃើញកុមារជាច្រើនមានជំងឺធ្ងន់ធ្ងរ។ នៅពេលនោះ វិស័យវេជ្ជសាស្ត្ររបស់វៀតណាមមិនទាន់មានវិធីព្យាបាលមហារីកនៅឡើយទេ។ ពេលខ្ញុំមើលឃើញប្អូនៗកុមារគួរឱ្យស្រឡាញ់ដែលគ្មានឱកាសជាសះស្បើយពីជំងឺមហារីក ខ្ញុំអាណិតណាស់”។
នោះគឺជាការសំណេះសំណាល របស់លោកស្រីវេជ្ជបណ្ឌិត ប៊ុយ ង៉ុក ឡាន ដែលបច្ចុប្បន្នជានាយិការមជ្ឈមណ្ឌលមហារីក នៃមន្ទីរពេទ្យកុមារមជ្ឈិម។ លោកស្រីបានទទូចថាកាលពី ២៥ ឆ្នាំមុន ក្នុងឆ្នាំ ២០០៥ លោកស្រីបានចាប់ផ្តើមធ្វើការនៅក្នុងនាយកដ្ឋានជំងឺមហារីក ដែលបច្ចប្បន្នគឺមជ្ឈមណ្ឌលមហារីក។ នៅពេលនោះ ដេប៉ាឌឺម៉ង់មានវេជ្ជបណ្ឌិតតិចតួច មិនសូវមានឧបករណ៍និងឯកសារស្រាវជ្រាវដ៏កម្រណាស់។ ដោយមិនសុខចិត្តឃើញកុមារស្លូតត្រង់ត្រូវទ្រទ្រាំជាមួយជំងឺ លោកស្រីវេជ្ជបណ្ឌិត ឡាន បានធ្វើការ សិក្សា ការពារនិក្ខេបបទថ្នាក់បណ្ឌិតផ្នែកជំងឺកុមារ និងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់នៅបរទេស។ សម្រាប់លោកស្រី ទោះបីជាជួបប្រទះនឹងការលំបាកយ៉ាងណា ក៏មិនធ្វើឲ្យលោកស្រីបាក់ទឹកចិត្តដែរ ប៉ុន្តែប្រការដែលលោកស្រីខ្លាចបំផុត គឺត្រូវប្រឈមមុខនឹងករណីដែលទោះជាគ្រូពេទ្យបានធ្វើគ្រប់បែបយ៉ាងក៏គេនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបានឡើយ៖
“នាងខ្ញុំគិតថា ប្រសិនបើយើងធ្វើមិនបាន មានន័យថា យើងនៅតែត្រូវព្យាយាម។ ខ្ញុំមិនដែលបាក់ទឹកចិត្តទេ។ មានកុមារច្រើននាក់ ដែលខ្ញុំត្រូវចំណាយពេល ២ ដល់ ៣ឆ្នាំ សម្រាប់ការព្យាបាល ហាក់ដូចជាសមាជិកក្នុងគ្រួសាររបស់កុមារនោះអញ្ជឹង។ ពេលកុមារនោះបាត់បង់ជីវិតដោយសារមហារីក ខ្ញុំក៏កើតទុក្ខដែរ។ ដូច្នេះហើយ ខ្ញុំត្រូវតែប្រឹងប្រែងបន្ថែមទៀត ដើម្បីអាចទាក់ទងផ្ទាល់ជាមួយបច្ចេកទេសទំនើបៗរបស់ពិភពលោក ធ្វើយ៉ាងម៉េចដើម្បីអាចជួយសង្គ្រោះកុមារដទៃទៀតបាន។ ប្រសិនបើខ្ញុំបាក់ទឹកចិត្ត មានន័យថា ខ្ញុំនឹងបាត់បង់ឱកាសជួយសង្គ្រោះកុមារផ្សេងទៀត។ ហេតុដូច្នេះ ខ្ញុំកាន់តែខិតខំប្រឹងប្រែង”។
នៅមជ្ឈមណ្ឌលមហារីក មន្ទីរពេទ្យកុមារមជ្ឈិម ឈ្មោះរបស់វេជ្ជបណ្ឌិត ប៊ុយ ង៉ុកឡាន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងបច្ចេកទេសមួយដែលត្រូវបានចាត់ទុកថាជា "បដិវត្តន៍" ក្នុងការព្យាបាលជំងឺមហារីកកុមាររបស់មន្ទីរពេទ្យ ដែលជាការប្តូរកោសិកាដើម។ ដោយសារតែបច្ចេកទេសនេះ កុមារជាច្រើនបានទទួលជោគជ័យក្នុងការប្តូរកោសិកាឈាមដើម បានជាសះស្បើយពីជំងឺ ហើយមានជីវិតដូចកុមារធម្មតាដទៃទៀតដែរ។ សម្រាប់លោកស្រីវេជ្ជបណ្ឌិត ឡាន ពេលណាដែលលោកស្រីឃើញឱកាសរស់រានរបស់កុមារ លោកស្រីមិនបោះបង់ឡើយ។
វេជ្ជបណ្ឌិត ប៊ុយ ង៉ុកឡាន អញ្ជើញពិនិត្យព្យាបាលជំងឺឲ្យកុមារ (រូបថត៖ VOV2) |
“ខ្ញុំគឺជាសមាជិកក្រុមដំបូងគេរបស់មន្ទីរពេទ្យដែលបានទៅសិក្សាការប្តូរកោសិកាដើមនៅប្រទេសកូរ៉េខាងត្បូង។ នៅពេលដែលយើងវិលត្រឡប់មកវិញ យើងបានអនុវត្តន៍ការព្យាបាលលើករណីធ្ងន់ធ្ងរដំបូងបំផុត យើងបានពិគ្រោះជាមួយអ្នកជំនាញដើម្បីជួយកុមារនៅរួចផុតពីគ្រោះថ្នាក់។ ឥឡូវនេះកុមារនោះ នៅតែមានសុខភាពល្អ។ ពេលចាប់ផ្តើមជាមួយបច្ចេកទេសថ្មី តែងមានការលំបាក បើអ្នកមិនហ៊ានទទួលយកការលំបាកទាំងនោះ អ្នកនឹងមិនអាចធ្វើបានទេ។ ដើម្បីព្យាបាលអ្នកជំងឺ ត្រូវតែមានបច្ចេកទេសទំនើបដើម្បីជំនះជំងឺធ្ងន់ធ្ងរ។ លុះត្រាតែយើងមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាលំដាប់ពិភពលោក ទើបយើងអាចផ្តល់ឱកាសដល់អ្នកជំងឺបាន”។
រហូតមកដល់ពេលនេះ ក្រោមការដឹកនាំរបស់នាយិកា ប៊ុយ ង៉ុក ឡាន មជ្ឈមណ្ឌលមហារីកបានប្រើប្រាស់បច្ចេកទេសដែលស្របតាមស្តង់ដារអន្តរជាតិ ដោយព្យាបាលដោយជោគជ័យសម្រាប់កុមាររងជំងឺមហារីកកម្រច្រើនករណី។
បន្ទាប់ពីរយៈពេល ៣០ ឆ្នាំផ្សាភ្ជាប់ជាមួយអាជីព លោកស្រីវេជ្ជបណ្ឌិត ប៊ុយ ង៉ុក ឡាន តែងតែខ្វល់ខ្វាយអំពីចំនួនអ្នកជម្ងឺមហារីកកុមារដែលបានព្យាបាលនៅប្រទេសវៀតណាមគឺតិចតួចណាស់។ ដូច្នេះហើយ លោកស្រីតែងតែចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាលអន្តរជាតិស្តីពីជំងឺមហារីកកុមារ ដើម្បីលើកកំពស់គុណវុឌ្ឍិវិជ្ជាជីវៈ រួមជាមួយគ្នានោះ លោកស្រីបានចូលរួមក្នុងការបង្រៀន និងផ្តល់បទពិសោធន៍សម្រាប់វេជ្ជបណ្ឌិតវ័យក្មេង។ វេជ្ជបណ្ឌិត ឡាន មានអត្ថបទអន្តរជាតិចំនួន ៣ និងអត្ថបទចំនួន ៦៨ ដែលបានបោះពុម្ពនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រក្នុងស្រុកដ៏ល្បីឈ្មោះ។ បច្ចុប្បន្ន លោកស្រីកំពុងធ្វើការស្រាវជ្រាវលើជម្ងឺទាក់ទងនឹងកោសិកាសរសៃប្រសាទជាមួយនឹងក្តីសង្ឃឹមក្នុងការជួយអ្នកជំងឺក្រីក្រទទួលបានការធ្វើតេស្តរកជំងឺមហារីកដោយឥតគិតថ្លៃ ដែលបច្ចុប្បន្នមានតម្លៃថ្លៃណាស់។ ដូច្នេះ ចំពោះសហការីរបស់លោកស្រី បណ្ឌិត ប៊ុយ ង៉ុក ឡាន តែងតែជាអ្នកបំផុសទឹកចិត្តចំពោះអាជីពនេះ។
“លោកស្រីស្រី ឡាន ជាអ្នកដែលមានចំណង់ចំណូលចិត្តចំពោះវិជ្ជាជីវៈ និងមានជំនាញពូកែ ហើយលោកស្រីតែងតែជួយសហការី និងជាពិសេសតែងតែលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តចំពោះអ្នកជំងឺ”។
“ប្រសិនបើនិយាយអំពីវិជ្ជាជីវៈ ខ្ញុំគិតថា លោកស្រី ឡាន គឺជាអ្នកជំនាញដ៏ឆ្នើមម្នាក់ មានភាពស្វាហាប់ មានការស្រឡាញ់និងយកចិត្តទុកដាក់ចំពោះកុមារ។ ដោយសារតែលោកស្រីមានក្ដីស្រឡាញ់ខ្លាំងណាស់ចំពោះអ្នកជំងឺជាកុមារ ទើបលោកស្រីអាចធ្វើការនិងលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តចំពោះអាជីពរបស់ខ្លួន”។
ជាមួយនឹងការរួមចំណែករបស់ខ្លួន វេជ្ជបណ្ឌិត លោកស្រី ប៊ុយ ង៉ុក ឡានបានក្លាយជាវេជ្ជបណ្ឌិតឈានមុខគេម្នាក់ក្នុងវិស័យជំងឺមហារីកកុមារនៅវៀតណាម។ បច្ចុប្បន្ននេះ លោកស្រីក៏ជាប្រធានសមាគមជំងឺមហារីកកុមារ។ នៅឆ្នាំ ២០២០ លោកស្រីបណ្ឌិត ប៊ុយ ង៉ុក ឡានបានទទួលកិត្តនាមជា “គ្រូពេទ្យឆ្នើម” ហើយកាលពីឆ្នាំមុន លោកស្រីមានកិត្តិយសជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គល ១១ នាក់ដែលបានទទួលពានរង្វាន់ ស្ត្រីវៀតណាម៕