អតីតយុទ្ធជន Nguyen Hong Phong៖ ពិការប៉ុន្តែមិនខ្វិន
(VOVWORLD) - អតីតយុទ្ធជន Nguyen Hong Phong នៅភូមិ Phu Yen ឃុំ Phuc Lam ស្រុក My Duc ទីក្រុងហាណូយ គឺជាអតីតយុទ្ធជនពិការគំរូមួយរូប ធ្វើសេដ្ឋកិច្ចពូកែក្នុងមូលដ្ឋាន។ នៅពេលវិលត្រឡប់មកពីសមរភូមិវិញ ថ្វីត្បិតតែមានរបួសស្នាមក្នុងសង្គ្រាមក៏ដោយ ក៏ យុទ្ធជនពិការ Nguyen Hong Phong តែងតែព្យាយាមពុះពាររាល់ការលំបាក ធ្វើសេដ្ឋកិច្ចពូកែ ដោយហេតុនេះ លោកមិនត្រឹមតែធានាដល់ជីវភាពរស់នៅរបស់គ្រួសារប៉ុណ្ណោះទេ ថែមទាំងបានជួយដល់ជនពិការជាច្រើននាក់ទៀតដែលមានស្ថានភាពលំបាក ឈានឡើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
រោងចក្រកាត់ដេររបស់អតីតយុទ្ធជន Nguyen Hong Phong តែងតែពោរពេញទៅដោយសំណើច (រូបថត៖ VTV1) |
នៅភូមិ Phu Yen ឃុំ Phuc Lam ស្រុក My Duc នៃទីក្រុងហាណូយ មានរោងចក្រកាត់ដេរតូចមួយ ដែលមានម៉ាស៊ីនតែប៉ុន្មានគ្រឿងប៉ុណ្ណោះ ប៉ុន្តែមានពេលខ្លះ រោងចក្រនេះអាចផលិតឯកសណ្ឋានបានរហូតដល់ទៅ ៣.០០០សម្រាប់ផងដែរ។ នេះជារោងចក្រកាត់ដេរដោយលោក Nguyen Hong Phong បង្កើតឡើង ហើយក្រៅពីនោះ នៅមានរោងចក្រមួយចំនួនទៀតស្ថិតរាយប៉ាយពាសពេញភូមិ ក្នុងផ្ទះផ្ទាល់របស់គ្រួសារជាងកាត់ដេរដែលធ្វើការនៅក្នុងរោងចក្ររបស់លោក Phong។ អ្វីដែលរោងចក្រកាត់ ដេរនេះនាំមកជូនគឺមិនត្រឹមតែការកាត់ដេរយ៉ាងប្រយ័ត្នប្រយែងផលិត ផលសម្លៀកបំពាក់ដែលមានគុណភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ភាពរីករាយដល់ស្ត្រីជាច្រើននាក់នៅក្នុងភូមិផងដែរ។
រោងចក្រកាត់ដេរនេះត្រូវបានអតីតយុទ្ធជន Nguyen Hong Phong (កើតនៅឆ្នាំ ១៩៥៤) បង្កើតឡើង ដោយមានបំណងចង់ជួយបង្កើតការងារធ្វើសម្រាប់គ្រួសារដែលមានស្ថានភាពលំបាក កូនយុទ្ធជនមានជំងឺនិងជនពិការក្នុងមូលដ្ឋាន។ លោក Nguyen Hong Phong បានចែករំលែកថា៖ “នៅទីនេះ ប្អូនៗកុមារភាគច្រើនជាកូនរបស់យុទ្ធជនពិការ ដែលពុំមានការងារធ្វើ។ ខ្ញុំក៏លើកទឹកចិត្តបងប្អូនញាតិមិត្តបញ្ជូនកូនមករៀនកាត់ដេរ ដើម្បីឲ្យពួកគេមានការស្រឡាញ់នឹងការងារ។ ខ្ញុំបង្រៀនដោយមិនគិតថ្លៃ។ ខ្ញុំគ្រាន់តែសង្ឃឹមថា កូនចៅរបស់យើងមានការងារធ្វើ”។
លោក Nguyen Hong Phong ធ្លាប់បានចូលរួមប្រយុទ្ធនៅសមរភូមិយោធភូមិភាគទី៥ (តំបន់ Tay Nguyen និងតំបន់ភាគកណ្តាលប៉ែកខាងត្បូង) ក្នុងឆ្នាំ ១៩៧១ លោកទទួលរងពិការភាពថ្នាក់ទី ១/៤ ផ្នែកមើលមិនច្បាស់និងសុខភាពចុះខ្សោយយ៉ាងខ្លាំង។ ពេលវិលត្រឡប់មកស្រុកកំណើតវិញក្នុងឆ្នាំ១៩៧៥ គ្រួសារលោកស្ថិតក្នុងចំណោមគ្រួសារក្រីក្រហើយរូបលោកផ្ទាល់រងពិការ ដូច្នេះហើយលោក Phong ជួបប្រទះនឹងការលំបាកជាច្រើនក្នុងជីវភាព។ យ៉ាងណាមិញ ដោយមានឆន្ទៈមោះមុត ការលើកកម្ពស់ស្មារតី និងគុណសម្បត្ដិរបស់យុទ្ធជនមួយរូប និងការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ៖ “ពិការប៉ុន្តែមិនខ្វិន” យុទ្ធជនពិការ Nguyen Hong Phong បានក្រោកឡើង ស្វែងរកទិសដៅផលិតកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ចាប់តាំងពីប៉ុន្មានឆ្នាំចុងសតវត្សទី ២០ ដោយដឹងថា សម្លៀកបំពាក់គឺជាតម្រូវការដែលមិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះលោកបានទៅរៀនកាត់ដេរ។ ក្នុងឆ្នាំ ២០០៤ ជាមួយនឹងប្រាក់សន្សំតិចតួច លោក Phong បានបង្កើតរោងចក្រកាត់ដេរ។ កាលពីប៉ុន្មានថ្ងៃដើមដំបូង នៅពេលដែលលោកមិនទាន់មានបទពិសោធន៍និងជួបការលំបាក លោកបានស្វែងរកគ្រួសារក្នុងមូលដ្ឋាន ដែលទទួលបានជោគជ័យក្នុងមុខរបរកាត់ដេរ ដើម្បីសិក្សាបទពិសោធន៍ពីពួកគេ។ លោកក៏បានខិតខំស្រាវជ្រាវ និងចុះទៅតំបន់ជិតខាង ដើម្បីស្វែងយល់បន្ថែម និងប្រមូលបទពិសោធន៍ មុននឹងត្រឡប់មកបើករោងចក្រដោយខ្លួនឯង។
អតីតយុទ្ធជន Nguyen Hong Phong (រូបថត៖ VTV1) |
ជាងកាត់ដេរត្រូវបានលោកបង្រៀនយ៉ាងយកចិត្តទុកដាក់ ដូច្នេះពួកគេសុទ្ធតែមានជំនាញល្អដូចរូបលោកដែរ ហើយតែងតែទទួលបានការបញ្ជាទិញច្រើន។ លោក Phong បានសំណេះសំណាលថា៖ “ពីមុនខ្ញុំមានម៉ាស៊ីនជាង ៣០គ្រឿង និងកម្មករជំនាញជាង ១០នាក់ដែលមានប្រាក់ខែ ៥លាន/ខែ។ កម្រិតប្រាក់ចំណូលនេះគឺខ្ពស់ជាងអ្នកធ្វើការនៅវាលស្រែដែរ”។
ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ លោកបានបើកថ្នាក់បង្រៀនដេរដោយឥតគិតថ្លៃជាច្រើន ដោយផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្មករជាង ២០០ នាក់ដែលអ្នកទាំងនេះមានស្ថានភាពលំបាកក្នុងមូលដ្ឋាន។ មនុស្សជាច្រើនបានក្លាយជាកម្មករនៅក្រុមហ៊ុនកាត់ដេរដែលមានប្រាក់ចំណូលស្ថិរភាព អ្នកខ្លះមានដើមទុនបានបើកហាងកាត់ដេរផ្ទាល់ខ្លួន។
ក្រៅពីការងារដេរនៅរោងចក្រ យុទ្ធជនពិការ Nguyen Xuan Phong ក៏ជួយស្ត្រីក្នុងឃុំក្នុងការនាំយកទំនិញទៅផ្ទះផលិត ថែមទាំងរកប្រាក់ និងចិញ្ចឹមជីវិតគ្រួសារផងដែរ។ លោកស្រី Nguyen Thi Sang នៅឃុំ Phuc Lam បានឲ្យដឹងថា “ខ្ញុំបានយកម៉ាស៊ីនមកផ្ទះ គឺសន្សំសំចៃពេលវេលាច្រើនណាស់។ ពេលថ្ងៃ ខ្ញុំធ្វើការផងនិងមើលថែកូនផង ហើយពេលយប់ខ្ញុំអាចធ្វើការបានបន្តិចបន្តួចទៀត។ អរគុណលោក Phong ដែលបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ស្ត្រីទាំងអស់នៅក្នុងភូមិមានការងារមានស្ថិរភាព ដោយមិនចាំបាច់ទៅធ្វើការឆ្ងាយ”។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការរងរបួសបានធ្វើឱ្យសុខភាពរបស់ លោក Nguyen Hong Phong ចុះខ្សោយ។ ប៉ុន្តែដោយមានកិត្យានុភាព និងទំនួលខុសត្រូវ លោកនៅតែទាក់ទងដៃគូជាប្រចាំ ដើម្បីទទួលការងារឲ្យកម្មករ និងចាត់ឲ្យកូនៗរបស់ខ្លួនបើករោងចក្រកាត់ដេរ។ អ្នកស្រី Pham Thi Nga កូនប្រសាលោក Phong ដែលជួយលោក Phong នៅរោងចក្រកាត់ដេរបានឲ្យដឹងថា៖
“ខ្ញុំក៏សប្បាយចិត្តណាស់ដែលធ្វើការជាមួយឪពុកខ្ញុំ។ ខ្ញុំមានមោទនៈភាពណាស់ដែលមានឪពុកម្នាក់ដែលទោះជាលោកជាជនពិការភាពក៏ដោយ ក៏នៅតែមានចំណង់ចំណូលចិត្តក្នុងការជួយប្រជាជនជាច្រើននៅក្នុងភូមិ”។
មិនត្រឹមតែពូកែរកស៊ីប៉ុណ្ណោះទេ យុទ្ធជនពិការ Nguyen Hong Phong ក៏ជាគំរូ ជាអ្នកត្រួសត្រាយផ្លូវក្នុងចលនាក្នុងស្រុក និងជាបុគ្គលមានកិត្យានុភាពក្នុងសហគមន៍ផងដែរ។ អតីតយុទ្ធជន Nguyen Hong Phong បានបំផុសគំនិត និងក្លាយជាគំមួយរូប ដែលខិតខំដោយឥតឈប់ឈរ និងរួមចំណែកយ៉ាងសកម្មដល់សង្គមក្នុងសម័យសន្តិភាព៕