សិល្បៈការិនីប្រជាជន Kim Dung - សំឡេងស្មូតកំណាព្យស្ថិតស្ថេរជារៀងរហូតនៅលើរលកវិទ្យុសម្លេងវៀតណាម
(VOVWORLD) - សិល្បៈការិនីប្រជាជន Vu Thi Kim Dung បានចំណាយពេលជាងកន្លះសតវត្សដើម្បីផ្សាភ្ជាប់ជាមួយសិល្បៈស្មូតកំណាព្យ។ លោកស្រីគឺជាមនុស្សម្នាក់ដែលបានរួមចំណែក បង្កើតកម្មវិធីដ៏រស់រវើក "សំឡេងកំណាព្យ" ដោយនាំកំណាព្យទៅកាន់អ្នកស្តាប់រាប់លាននាក់ តាមរយៈ រលកវិទ្យុនៃវិទ្យុសម្លេងវៀតណាម។ សំឡេងរបស់លោកស្រីគឺជាការចងចាំ ជាប្រវត្តិសាស្ត្រ និងជាព្រលឹងនៃសម័យសិល្បៈវិទ្យុ ដែលមិនអាចបំភ្លេចបានឡើយ។
សិល្បការិនីប្រជាជន Vu Thi Kim Dung (រូបថតឯកសារ) |
ក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០ សិល្បៈការិនីប្រជាជន Kim Dung និងអ្នកស្មូតកំពាព្យល្បីៗដូចជា Chau Loan, Linh Nham, Tran Thi Tuyet... បានបង្កើតអត្តសញ្ញាណពិសេសមួយសម្រាប់កម្មវិធី “សំឡេងកំណាព្យ” តាមវិទ្យុសម្លេងវៀតណាម។ អ្នកកាសែត Tran Nhat Minh ប្រធាននាយកដ្ឋានអក្សរសាស្ត្រ-សិល្បៈ តន្ត្រី (VOV3) បានឲ្យដឹងថា៖ សិល្បៈការិនីប្រជាជន Vu Thi Kim Dung គឺជាអ្នកស្មូតកំណាព្យពិសេសបំផុតម្នាក់របស់វិទ្យុសម្លេងវៀតណាម។ សំឡេងស្មូតរបស់លោកស្រីមិនត្រឹមតែនាំមកនូវការរំជួលចិត្តយ៉ាងខ្លាំងដល់មិត្តអ្នកស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកធ្វើឱ្យសិល្បៈស្មូតកំណាព្យទៅជាស្ពានតភ្ជាប់រវាងកំណាព្យ និងសាធារណជន។ ដោយសារមានសិល្បៈការិនីប្រជាជនដូចលោកស្រី បានជាកម្មវិធីសិល្បៈរបស់ VOV មានគុណភាព និងអត្តសញ្ញាណដោយឡែករបស់ខ្លួន៖
“សំឡេងស្មូតកំណាព្យរបស់លោកស្រីគឺអស្ចារ្យណាស់។ ទស្សនិកជន និងអ្នកជំនាញជាច្រើនចាត់ទុកសំឡេងរបស់លោកស្រីថាជាសំឡេងមាស ដែលមានជំនាញ និងគុណភាពសំឡេងស័ក្តិសមសម្រាប់ការស្មូតកំណាព្យ។ សំឡេងស្មូតរបស់សិល្បៈការិនី Kim Dung និងសិល្បករជាច្រើនទៀតបានរុញឲ្យការស្មូតកំណាព្យឡើងដល់កំពូលសំឡេងមាសនៃសិល្បៈស្មូតកំណាព្យ។ ដោយសារ តែមានសិល្បករដូចជាលោកស្រី បានជារលកសិល្បៈរបស់វិទ្យុសម្លេងវៀត ណាមមានតម្លៃ មានគុណភាពនិងបញ្ជាក់ពីម៉ាកយីហោផ្ទាល់ខ្លួន។ សព្វថ្ងៃនេះ នៅក្នុងកម្មវិធីប្រចាំថ្ងៃរបស់យើង យើងនៅតែប្រើប្រាស់សំឡេងមាសរបស់លោកស្រីដែលបានរក្សាទុកនៅបណ្ណសារ និងទទួលបានប្រសិទ្ធភាពខ្លាំងក្លានៅលើរលកអាកាស”។
កើតនៅឆ្នាំ ១៩៤៥ នៅខេត្ត Nam Dinh សិល្បៈការិនី Kim Dung មាននិស្ស័យជាមួយសិល្បៈតាំងពីនៅក្មេង។ ពោលគឺ នៅអាយុ ១៦ ឆ្នាំ លោកស្រីបានជាប់ចូលក្រុមសិល្បៈប្រជាប្រិយ Cai luong មជ្ឈឹម ប៉ុន្តែជំនួសឱ្យការបន្តអាជីពល្ខោនដូចមិត្តភក្ដិជាច្រើន លោកស្រីងាក់ទៅជ្រើសរើសផ្លូវស្ងប់ស្ងាត់ជាង នោះគឺការស្មូតកំណាព្យវិញ។ សម្រាប់សិល្បៈការិនី Kim Dung ការស្មូតកំណាព្យមិនមែនជាការសម្តែងប៉ុណ្ណោះទេ។ នោះគឺជាការយល់ដឹង និងការរួមរស់នៅជាមួយកំណាព្យ។ កាលនៅរស់ លោកស្រីធ្លាប់និយាយថា ពេលស្មូតកំណាព្យមួយបទ ហាក់ដូចជា “កំពុងតែលើកស្លាបដល់ខ្លឹមសារនៃស្នាដៃនោះផងដែរ”។
សិល្បការិនីប្រជាជន Vu Thi Kim Dung បានថតរូបជាមួយអ្នកកាសែត Tran Nhat Minh ប្រធាននាយកដ្ឋានអក្សរសាស្ត្រ និងសិល្បៈ នៃវិទ្យុសម្លេង ក្នុងឱកាសលោកស្រីអញ្ជើញវិលត្រលប់មកមាតុប្រទេសវិញ ដើម្បីទទួលបានកិត្តនាមសិល្បករប្រជាជនឆ្នាំ ២០២៤ (រូបថត៖ ផ្តល់ដោយអ្នកកាសែត Tran Nhat Minh) |
“នៅពេលដែលយើងមានជំនាញក្នុងសិល្បៈស្មូតកំណាព្យ យើងត្រូវតែអាចបញ្ជូនវាទៅកាន់អ្នកស្តាប់ ហើយក្នុងវប្បធម៌ប្រពៃណី យើងត្រូវអនុវត្តភាពវៃឆ្លាតរបស់យើង ជ្រើសរើសបទភ្លេងដែលសមស្រប ដើម្បីឲ្យពេលយើងស្មូតស្នាដៃនេះ អ្នកនិពន្ធនឹងមានការពេញចិត្ត ហើយអ្នកស្តាប់នឹងទទួលយកដោយក្តីរីករាយដែរ”។
សំឡេងស្មូតកំណាព្យរបស់សិល្បៈការិនីប្រជាជន Kim Dung បានរន្ទឺឡើងក្នុងកម្មវិធីវិទ្យុ និងការសម្តែងរាប់រយនៅទូទាំងតំបន់ទាំងបីនៃប្រទេសជាតិ ពីសម័យសង្គ្រាមរហូតដល់សម័យសន្តិភាព។ ជាពិសេសលោកស្រីបានផ្សាភ្ជាប់ជាមួយនឹងស្នាដៃ "កំណត់ហេតុក្នុងពន្ធនាគារ” របស់លោកប្រធានហូជីមិញ" ហើយលោកស្រីបានចំណាយអស់ពីដួងចិត្តដើម្បីស្មូតស្នាដៃនេះ ពីព្រោះចំពោះលោកស្រី “ក្នុងកំណាព្យរបស់លោកប្រធានហូជីមិញ មានភាពមនុស្សធម៌ មានប្រាជ្ញា និងមនុស្សជាតិដ៏ជ្រាលជ្រៅ”។
សិល្បៈការិនីប្រជាជន Kim Dung មិនត្រឹមតែលេចធ្លោដោយសំឡេង "កណ្តឹងមាស" របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពម៉ត់ចត់ និងល្អិតល្អន់ទាំងក្នុងសិល្បៈ និងក្នុងជីវភាពប្រចំាថ្ងៃផងដែរ។ ក្នុងអារម្មណ៍របស់មិត្តរួមការងារ និងសិស្សរបស់ខ្លួន សិល្បៈការិនី Kim Dung ជាស្ត្រីគំរូមួយរូប និងជាអ្នកមានជំណង់ចំណូលចិត្តនឹងវិជ្ញជាជីវៈយ៉ាងជ្រាលជ្រៅ។ ទោះបីជាលោកស្រីបានចូលនិវត្តន៍ក៏ដោយ ក៏លោកស្រីនៅតែមានបំណងចង់រួមចំណែកចំពោះការងារដល់ដង្ហើមចុងក្រោយ។ សិល្បៈការិនីប្រជាជន Kim Dung ធ្លាប់បានថត “រឿងនាង Kieu” ទាំងមូល ហើយប្រគល់ជូនអត្ថបទថតនេះដល់វិទ្យុសម្លេងវៀតណាម បន្ទាប់មកផ្ញើជូនគណៈកម្មាធិការប្រជាជនខេត្ត Ha Tinh ក្នុងឱកាសរំលឹកខួបលើកទី ២៥០ នៃថ្ងៃកំណើតរបស់មហាកវី Nguyen Du។ យោងតាមអ្នកកាសែត Tran Nhat Minh សិល្បៈការិនីប្រជាជន Vu Thi Kim Dung គឺជាសិល្បករពិតប្រាកដ មានចំណង់ចំណូលចិត្តជាមួយវិជ្ជាជីវៈ៖
“លោកស្រីគឺជាអ្នកសិល្បៈពិតប្រាកដ និងឧស្សាហ៍ព្យាយាមក្នុងអាជីព ដោយតែងតែរស់នៅយ៉ាងក្លៀវក្លាជាមួយនឹងអាជីពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈខ្ពស់។ ខ្ញុំក៏បានរៀនច្រើនពីវិចិត្រករ Kim Dung។ រៀនពីអាជីព រៀនពីចំណង់ចំណូលចិត្តសម្រាប់អាជីព និងជាពិសេសរៀនពីលោកស្រីនូវទំនួលខុសត្រូវចំពោះរលកវិទ្យុ និងទំនួលខុសត្រូវលើការងារ”។
ទោះបីជាលោកស្រីបានចូលនិវត្តន៍នៅឆ្នាំ ២០០០ ហើយបានផ្លាស់ទៅរស់នៅសាធារណរដ្ឋឆែកដើម្បីរស់នៅជាមួយកូនៗ និងចៅក៏ដោយ ក៏លោកស្រីនៅតែបន្តសម្តែងការសូត្រកំណាព្យជូនចំពោះសហគមន៍វៀតណាមនៅឯបរទេស ដោយណែនាំសិស្សជាច្រើននាក់។ មនុស្សចាស់ជាច្រើនដែលបានតាមរៀនស្មូតកំណាព្យពីលោកស្រីតែងតែហៅលោកស្រីជា “អ្នកគ្រូ” យ៉ាង កក់ក្តៅ។
គួរឲ្យសោកស្តាយ នារសៀលថ្ងៃទី ២៦ ខែមីនា នៅសាធារណរដ្ឋឆែក សិល្បៈការិនីប្រជាជន Vu Thi Kim Dung “សំឡេងសូត្រកំណាព្យមាស” របស់វិទ្យុសម្លេងវៀតណាមបានផុតដង្ហើម ក្នុងវ័យអាយុ ៨០ឆ្នាំ។ ការលាចាកលោករបស់លោកស្រី បានបន្សល់ទុកនូវចន្លោះប្រហោងដ៏ធំមួយនៅក្នុងដួងចិត្តអ្នកស្រឡាញ់កំណាព្យ អ្នកចូលចិត្តវិទ្យុ និងជាពិសេសអ្នកដែលជាប់ក្នុងកម្មវិធី “សំឡេងកំណាព្យ” របស់វិទ្យុសម្លេងវៀតណាម ជាទីតាំងដែលសំឡេង សូត្រកំណាព្យរបស់លោកស្រីក្លាយទៅជានិមិត្តរូបមិនអាចជំនួសបានក្នុងច្រើនទស្សនវត្តន៍កន្លងមកនេះ៕