ស្ថាបត្យករ Trung Mai និងជម្រើសទៅតាមបំណង ដើម្បីទីក្រុងនាពេលអនាគត
(VOVWORLD) - ដោយមិនដើរតាមនិន្នាការនៃការជួសជុលយ៉ាងប្រញាប់ប្រញាល់តាមរយៈសំណង់ថ្មីនោះ ស្ថាបត្យករ Trung Mai បានជ្រើសរើសផ្ទៀងស្តាប់ចង្វាក់នៃជីវភាពរបស់ទីក្រុង ដើម្បីប្រែក្លាយបញ្ហាដែលហាក់ដូចជាកំពុងច្របូកច្របល់ទៅជាដំណោះស្រាយវិញ។ សម្រាប់ Trung Mai ស្ថាបត្យករម្នាក់ៗត្រូវការទីក្រុងផ្ទាល់ខ្លួន ហើយលោកបានជ្រើសរើសទីក្រុងហាណូយជាកន្លែងបញ្ចេញគំនិតច្នៃប្រឌិត និងនាំមកនូវតម្លៃដល់សហគមន៍។
ស្ថាបត្យករ Mai Hung Trung (រូបថត៖ Danh Khang/nguoidothi.net.vn) |
ស្ថាបត្យករ Trung Mai មានឈ្មោះពិតគឺ Mai Hung Trung គឺជាស្ថាបត្យករអាស៊ីដំបូងគេដែលឈ្នះពានរង្វាន់ Europan ដែលជាពានរង្វាន់ស្ថាបត្យកម្មដ៏ធំបំផុតនៅអឺរ៉ុបសម្រាប់ស្ថាបត្យករដែលមានអាយុក្រោម ៤០ ឆ្នាំ ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា គឺឆ្នាំ ២០១៩, ២០២១ និង ២០២៣។ បន្ទាប់ពីរយៈពេល ១៤ ឆ្នាំនៃការរស់នៅ សិក្សា និងធ្វើការនៅអឺរ៉ុបលោក Trung Mai បានវិលត្រឡប់មកវៀតណាមវិញក្នុងឆ្នាំ ២០២៣ ជាមួយនឹងគោលបំណង ប្រែក្លាយសំណង់ស្ថាបត្យកម្មកំពុងជួបប្រទះនឹងបញ្ហានានា ក្លាយទៅជាកន្លែងមានតម្លៃនិងគួរជាទីរស់នៅ។
“ស្ថាបត្យកម្មនោះត្រូវបានគេកោតសរសើរឬអត់នាពេលបច្ចុប្បន្ន គឺមិនអាស្រ័យលើភាពស្រស់ស្អាតរបស់វាតែមួយមុខនោះទេ ប៉ុន្តែនៅលើសាច់រឿង និងសារដែលបង្កប់ក្នុងស្ថាប័ត្យកម្មនោះ។ ពោលគឺ ស្ថាបត្យកម្មអាចដោះស្រាយបញ្ហាសង្គមតាមរយៈសារទាំងនោះ។ ការនាំយកស្ថាបត្យកម្មពណ៌បៃតងចូលទៅក្នុងទីក្រុងហាណូយដែលមានមនុស្សកកកុញ និងបំពុលគឺដូចជារាងកាយកំពុងឈឺ ហើយស្ថាបត្យកម្មគឺជាថ្នាំគ្រាប់ព្យាបាល។ ដូច្នេះឥឡូវនេះ មានស្ថាបត្យករជាច្រើនងាកទៅរកប្រទេសកំពុងអភិវឌ្ឍន៍។ សម្រាប់ពួកគេ ស្ថានការណ៍ឬកាលៈទេសៈមិនល្អឥតខ្ចោះគឺជាប្រភពធន ធានសម្រាប់ការច្នៃប្រឌិតស្ថាប័ត្យកម្ម”។
នៅទីក្រុងហាណូយ ចិញ្ចើមផ្លូវត្រូវបានប្រើប្រាស់សម្រាប់គោលបំណងជាច្រើននៅពេលវេលាខុសៗគ្នាក្នុងថ្ងៃ ឬលំហរនៅក្នុងអគារផ្ទះល្វែងចាស់ៗ ត្រូវបានពង្រីកដោយគ្មានច្បាប់ អ្វីៗហាក់ដូចជាធ្វើឱ្យទីក្រុងហាណូយមានភាពអាប់អួរ ប៉ុន្តែបង្កប់ក្នុងនោះពោរពេញដោយដំណោះស្រាយសម្រាប់ទីក្រុងនាពេលអនាគត។ ស្ថាបត្យករ Trung Mai បានមើលឃើញពីរបៀបដែលជនហាណូយក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ ដែលគេបានកែលម្អកន្លែងរស់នៅប្រកបដោយប្រសិទ្ធភាពជាមួយនឹងមុខងារជាច្រើន។ ពួកគេប្រើប្រាស់កន្លែងនោះតាមរបៀបដែលអាចបត់បែនបាន ដើម្បីសម្របទៅនឹងពេលវេលា អាកាសធាតុ និងតម្រូវការបុគ្គល។ លោក Trung Mai មើលឃើញភាពបត់បែនជាកម្លាំងនៃស្ថាបត្យកម្មវៀតណាម ហើយប្រើវាជាទស្សនវិជ្ជានៃប្រតិបត្តិការរបស់ខ្លួន។
“សម្រាប់មនុស្សជាច្រើន ប្រតិបត្តិការលើចិញ្ចើមផ្លូវ ឬការពង្រីកតំបន់លំនៅដ្ឋានសមូហភាពគឺជាបញ្ហាមួយ ពីព្រោះពួកគេគិតថា វាធ្វើឱ្យទីក្រុងមើលទៅមិនមានសណ្តាប់ធ្នាប់។ ចំពោះខ្ញុំ ការរស់នៅក្រៅប្រទេសជាច្រើនឆ្នាំ ខ្ញុំគិតថា វាជាដំណោះស្រាយមួយ ប្រសិនបើមិនមែនជាដំណោះស្រាយឲ្យបានដាច់ស្រេចបំផុតសម្រាប់តំបន់ទីក្រុងដូចជាហាណូយទេ ព្រោះមូលនិធិ ដីនៅក្នុងទីក្រុងមានច្រើនណាស់។ ការប្រើលំហអតិបរមាគឺជានិន្នាការឥឡូវនេះ”។
ជារៀងរាល់ឆ្នាំ ស្ថាបត្យករ Trung Mai តែងតែមានគម្រោងស្រាវជ្រាវទីក្រុងសម្រាប់សហគមន៍។ ពេលវិលត្រឡប់មកវៀតណាមវិញ លោក Trung Mai ត្រូវបានគេស្គាល់តាមរយៈគម្រោងជួសជុលរោងចក្ររថភ្លើង Gia Lam ទៅជាមជ្ឈមណ្ឌលតាំងពិពណ៌ និងកន្លែងច្នៃប្រឌិត។ លោក Trung Mai និងក្រុមការងាររបស់ខ្លួនបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងរៀបចំផែនការឱ្យមានគម្រោងបន្ថែមទៀតលើរោងចក្រនាពេលអនាគត ដោយប្រែក្លាយទីធ្លាចាស់ដែលគេបោះបង់ចោលទៅជាកន្លែងមានអត្ថប្រយោជន៍សម្រាប់សហគមន៍។
នៅឆ្នាំ ២០២៤ "ផ្ទះព្រៃឈើ" របស់លោក Trung Mai បានចាប់ផ្តើមដំណើរការ។ “ផ្ទះព្រៃឈើ” មានទីតាំងនៅលើផ្ទៃដីក្រោមស្ពានឡុងបៀន (ហាណូយ)។ សំណង់ដែលត្រូវបានសាងសង់ឡើងពីដើមរុក្ខជាតិ លើច្រាំងទន្លេក្រហម ក្លាយជាកន្លែងសម្រាប់អភិរក្សរុក្ខជាតិតំបន់ សត្វស្លាប និងសត្វ។ គម្រោងនេះត្រូវបានណែនាំនៅក្នុងការតាំងពិពណ៌នៅឯ Venice Architecture Biennale ២០២៥ ដែលធ្វើឡើងនៅប្រទេសអ៊ីតាលី។
សម្រាប់ស្ថាបត្យករ Trung Mai ស្ថាបត្យកម្មមិនគ្រាន់តែជាដំឥដ្ឋ និងប្លុកបេតុងប៉ុណ្ណោះទេ ប៉ុន្តែតំបន់ទីក្រុងនីមួយៗមានអត្តសញ្ញាណផ្ទាល់ខ្លួនដែលបង្កើតឡើងដោយផ្អែកលើរបៀបរស់នៅ និងការគិតរបស់មនុស្សក្នុងតំបន់។ នៅខាងក្រោយផ្ទះមួយខ្នងគឺភ្ជាប់ជាមួយនឹង រឿងរ៉ាវ និងសារដែលបានបន្សល់ទុកជាច្រើនជំនាន់។ លោក Trung Mai និងក្រុមរបស់ខ្លួនចូលរួមនៅក្នុងគម្រោងជាច្រើនដើម្បីអភិរក្សស្នាដៃស្ថាបត្យកម្មបុរាណ នៅទីក្រុងហាណូយ។ ស្ថាបត្យករបារាំង Emma Reix សមាជិកនៃក្រុម Trung Mai បាននិយាយថា៖ “នៅទីនេះ ខ្ញុំទទួលបានការងារលើគម្រោងផ្សេងៗគ្នាជាច្រើន ចាប់ពីទីក្រុងរហូតដល់ការតាំងពិពណ៌ ស្ថាបត្យកម្ម សារមន្ទីរ ដែលជាការចាប់អារម្មណ៍ខ្លាំងសម្រាប់ខ្ញុំ ក្រៅពីនេះ Trung Mai ផ្តល់ឱកាសឱ្យខ្ញុំបង្កើតគំនិតសម្រាប់គម្រោងដែលខ្ញុំចូលរួម។ នោះគឺជាបទពិសោធន៍ថ្មីរបស់ខ្ញុំ”។
ដោយជ្រើសរើសទីក្រុងហាណូយជាទីក្រុងរបស់ខ្លួន លោក Trung Mai បង្ហាញពីសេចក្តីស្រឡាញ់របស់ខ្លួនចំពោះរដ្ឋធានី តាមរយៈដំណោះស្រាយស្ថាបត្យកម្មជាក់ស្តែង ដើម្បីធ្វើឱ្យទីក្រុងហាណូយក្លាយជាកំណែមួយដ៏ស្រស់ស្អាតបំផុត។ ដោយមានគំនិតសម្រាប់គម្រោង ការច្នៃប្រឌិត និងការនាំយកស្នាដៃស្ថាបត្យកម្មទៅកាន់កម្រិតអន្តរជាតិ ស្ថាបត្យករ Trung Mai កំពុងរួមចំណែកជួយមិត្តអន្តរជាតិមានទស្សនវិស័យជាច្រើន អំពីស្ថាបត្យ កម្មវៀតណាម ហើយកាន់តែស៊ីជម្រៅអំពីរបៀបគិតគូរ របៀបរស់នៅ និងវប្បធម៌របស់សហគមន៍អ្នករស់នៅទីក្រុងទំនើបនៅវៀតណាម៕