សិប្បការិនីង្វៀន ធី មិញ តឹម - អ្នករក្សាចង្វាក់ស្គរក្នុងពិធីបុណ្យ

(VOVWORLD) - ក្នុងវ័យអាយុ ៨៥ ឆ្នាំ សិប្បការិនីឆ្នើម Nguyen Thi Minh Tam (រស់នៅសង្កាត់ Nghia Do ខ័ណ្ឌ Cau Giay នៃទីក្រុងហាណូយ) នៅតែឧស្សាហ៍ថែរក្សានិងបង្រៀនសិល្បៈវាយស្គរប្រជាប្រិយ។ សម្រាប់លោកស្រី ចង្វាក់ស្គរនីមួយៗ មិនត្រឹមតែជាសំឡេងនៃពិធីបុណ្យប៉ុណ្ណោះទេ ថែមទាំងជាព្រលឹងនៃវប្បធម៌ជាតិ ដែលត្រូវការថ្នាកថ្នមនិងផ្សព្វផ្សាយផងដែរ។

សិប្បការិនីង្វៀន ធី មិញ តឹម - អ្នករក្សាចង្វាក់ស្គរក្នុងពិធីបុណ្យ - ảnh 1សិប្បការិនី ង្វៀន ធី មិញ តឹម  (រូបថត៖ Hai Ly/ qdnd.vn)

សិប្បការិនីឆ្នើម Nguyen Thi Minh Tam កើតនៅឃុំ Nguyen Xa (ស្រុក Dong Hung ខេត្ត Thai Binh) ជាទឹកដីដែលមានប្រពៃណីសម្តែងល្ខោនអាយ៉ងទឹក និងចម្រៀង cheo បុរាណ។ ធំដឹងក្តីក្នុងគ្រួសារដែលមានឪពុកម្តាយ និងបងប្អូនបង្កើត ជាតន្ត្រីករនៃក្រុមល្ខោនអាយ៉ងទឹក និងក្រុមសិល្បៈ cheo នៃភូមិ Nguyen Xa តាំងពីក្មេងមក កុមារី Minh Tam តែងតែបានទៅមើលមនុស្សម្នាលេងវាយស្គរ លេងឧបករណ៍តន្ត្រី ច្រៀងនិងរាំ។ ចង្វាក់ស្គរហាក់ដូចជាជ្រាបចូលក្នុងអារម្មណ៍របស់នាងតាំងពីពេលណានាងក៏មិនដឹងដែរ។

“ខ្ញុំពិតជាចូលចិត្តចង្វាក់ស្គរក្នុងពិធីបុណ្យណាស់ មុនពេលដែលខ្ញុំមានឱកាសលេងវាយស្គរក្នុងពិធីបុណ្យទាននានា ខ្ញុំតែងតែមានក្តីសង្ឃឹមថា ខ្លួននឹងបានលេងវាយស្គរក្នុងពិធីបុណ្យទាន។ ដោយសារខ្ញុំកើតនិងធំនៅស្រុកកំណើត Thai Binh ភូមិកំណើត Nguyen Xa របស់ខ្ញុំ  មានអាជីពសម្តែងល្ខោនអាយ៉ងទឹក។ ទំនៀមទម្លាប់សម្តែងល្ខោនអាយ៉ងលើទឹកមានសកម្មភាពសម្តែងរឿង ដោយបង្ហាញឡើងវិញនូវរឿងដូចជា ព្រះរាជដង្ហែ មង្គលការកណ្ដុរ… អមដោយសម្លេងវាយស្គរយ៉ាងអូអររន្ទឺ។   ផ្ទះខ្ញុំនៅជិតផ្ទះសហគមន៍និងវត្ត ដូច្នេះពេលណាមានឱកាស ខ្ញុំចេញទៅមើលភ្លាម។ ថ្វីត្បិតតែខ្ញុំជាកុមារី  ប៉ុន្តែខ្ញុំក៏រពឹកដៃណាស់ រាល់ពេលឮសូរស្គរ គ្មានអ្នកលេង គឺខ្ញុំយកអន្លងវាយភ្លាម។  ខ្ញុំស្គាល់និងជក់ចិត្តវាយស្គរក្នុងពិធីបុណ្យទានតាំងពីពេលនោះមក”។

សិប្បការិនីង្វៀន ធី មិញ តឹម - អ្នករក្សាចង្វាក់ស្គរក្នុងពិធីបុណ្យ - ảnh 2សិប្បការិនី មិញ តឹម (ខាងឆ្វេងដៃ) តែងតែទៅវាយស្គរក្នុងពិធីបុណ្យនានា (រូបថត៖ ផ្តល់ដោយតួអក្សរ)

ដើម្បីប្រកាន់ខ្ជាប់នូវទម្រង់សិល្បៈជាក់ស្តែងណាមួយ សម្រាប់មនុស្សភាគច្រើន ក្រៅពីទេពកោសល្យ និងបរិយាកាសដែលបណ្តុះទេពកោសល្យ ត្រូវតែមានគ្រូបង្រៀន ប៉ុន្តែសម្រាប់សិប្បការិនី Minh Tam តាំងពីកុមារភាពរហូតដល់ពេញវ័យ លោកស្រីតែងតែរៀនដោយខ្លួនឯង។ ដើម្បីបង្កើតបទស្គរមានលក្ខណៈដោយឡែក លោកស្រីបាននិពន្ធចង្វាក់ដោយខ្លួនឯង បន្ទាប់មកសាកល្បង និងកែសម្រួលបន្តិចម្តងៗ ឱ្យមានភាពល្អឥតខ្ចោះ។

“ខ្ញុំមិនបានឆ្លងកាត់វគ្គបង្រៀនណាមួយឡើយ ខ្ញុំគិតស្រមៃ និងបង្កើតចង្វាក់ភ្លេងស្គរដោយខ្លួនឯង។ ខ្ញុំបានស្រាវជ្រាវ ដើម្បីតាក់តែងបទភ្លេងសម្រាប់ចង្វាក់ស្គរផ្សេងៗ។ ស្គរក្នុងពិធីបុណ្យគឺខុសពីប្រភេទស្គរដទៃទៀត ឧទាហរណ៍ ស្គរសែនថ្វាយគឺសម្រាប់តែពិធីសែនថ្វាយ រីឯស្គរដង្ហែគឺប្រើសម្រាប់តែពិធីដង្ហែប៉ុណ្ណោះ។ ស្គរបុណ្យជាធម្មតាបើកកម្មវិធីសំខាន់ៗ។ ផ្នែកស្គរផ្សេងទៀតមានតែមនុស្សម្នាក់ ឬពីរបីនាក់ប៉ុណ្ណោះ ប៉ុន្តែស្គរពិធីបុណ្យតែងតែត្រូវការមនុស្សទូងច្រើន”។

រហូតមកទល់នឹងពេលនេះ សិប្បការិនី Minh Tam បានលេងស្ទាត់បទស្គរជាង ៤០បទ ដែលបទនីមួយៗមានរយៈពេលប្រហែល ៧-៨ នាទី; ហើយជាមួយនឹងរបាំបុរាណ លោកស្រីស្គាល់របាំភាគច្រើនដែលបម្រើដល់ពិធីបុណ្យទាននានា។

“ពេលសម្តែង អ្នកវាយស្គរត្រូវចេះញញឹមជាមុនសិន ត្រូវតែមានព្រលឹង ក្បាច់សម្តែងត្រូវតែមានលក្ខណៈស្តង់ដារ ទាំងការរាំ និងការវាយស្គរក៏ត្រូវស៊ីចង្វាក់គ្នាដែរ។ ដូច្នេះវាទាមទារការអនុវត្តច្រើនដើម្បីឱ្យមានចលនាស្តង់ដារ ត្រូវតែអនុវត្តម្តងហើយម្តងទៀត ដើម្បីឱ្យមានចលនាសមស្រប”។

សិប្បការិនីង្វៀន ធី មិញ តឹម - អ្នករក្សាចង្វាក់ស្គរក្នុងពិធីបុណ្យ - ảnh 3សិប្បការិនី ង្វៀន ធីមិញ តាំ បង្រៀនសិល្បៈស្គរក្នុងពិធីបុណ្យ (រូបថត៖ Hai Ly/ qdnd.vn)

សិប្បការិនី Nguyen Thi Minh Tam បានរំលឹកថា ក្នុងឆ្នាំ ២០១០ នៅពេលដែលលោកស្រីបានចូលរួមសម្តែងក្នុងពិធីរំលឹកខួបលើកទី ១០០០ ឆ្នាំថាំង ឡុង- ហាណូយ លោកស្រីប្រាថ្នាចង់បានក្រុមស្គរដោយមានការចូលរួមពីមនុស្សជាច្រើន។ ដោយគិតបណ្តើរៗ ធ្វើបណ្តើរៗ លោកស្រីបានកៀរគរបងប្អូនស្រីឲ្យចូលរួមបង្កើតក្លឹបស្គរ។ ទោះបីជាជួបការលំបាក និងនឿយហត់ក្នុងការស្វែងរកមនុស្សក៏ដោយ ប៉ុន្តែទីបំផុតលោកស្រីបានបញ្ចុះបញ្ចូលមនុស្សជាង ២០ នាក់ឱ្យចូលរួម។ ក្រៅពីលុយខ្លួនមក លោកស្រីបានកៀរគរសហការពីសមាជិកដើម្បីមានលុយទិញស្គរ។ ទីបំផុត ក្រុមសិល្បៈស្គរបុណ្យដំបូងរបស់លោកស្រីត្រូវបានបង្កើតឡើង និងទាក់ទាញសមាជិកកាន់តែច្រើនឡើងៗ។     

ថ្វីត្បិតតែមានការលំបាកយ៉ាងណាក៏ដោយ ដោយការស្រលាញ់ជក់ចិត្តនឹងស្គរបុណ្យ សិប្បការិនី Nguyen Thi Minh Tam នៅតែមានចំណង់ចំណូលចិត្តចំពោះទម្រង់សិល្បៈនេះ។ មកទល់នឹងពេលនេះ លោកស្រីបានបង្រៀនក្រុមស្គររាប់សិបកន្លែង ពីសាលាភូមិ Nam Dong សាលាភូមិ Vong Thi រហូតដល់វិហារ Dong Co និងវិហារ Co Nhue ជាដើម។  បច្ចុប្បន្នលោកស្រីគឺជាប្រធានក្រុមសិល្បៈស្គរថាំងឡុង យូណេស្គរវៀតណាម។ លោក Hoang Thanh Tung នៅខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ ជាកូនសិស្សរបស់សិប្បការិនី Nguyen Thi Minh Tam បានចែករំលែកថា៖ “ខ្ញុំបានឮពីកេរ្តិ៍ឈ្មោះរបស់លោកស្រី Nguyen Thi Minh Tam ដែលជាអ្នកលេងស្គរដ៏ឆ្នើមម្នាក់។ ខ្ញុំមានចំណង់ចំណូលចិត្តរៀនលេងស្គរជាយូរមកហើយទើបខ្ញុំមានឱកាសបានជួបគាត់និងទទួលការបង្រៀនពីគាត់។ ខ្ញុំបានចូលក្លឹប និងសិក្សាជាមួយអ្នកគ្រូអស់រយៈពេល ៥ ឆ្នាំមកហើយ”

ការរួមចំណែករបស់លោកស្រីត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់តាមរយៈប័ណ្ឌសរសើរជាច្រើនជូនដល់លោកស្រី ក្នុងតួនាទីថែរក្សាលក្ខណៈវប្បធម៌ប្រពៃណីរបស់វៀតណាម។ ជាពិសេសនៅឆ្នាំ ២០២២ លោកស្រីបានទទួលងារជា "សិប្បការិនីឆ្នើម" របស់ប្រធានរដ្ឋសម្រាប់ការរួមចំណែក ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី - សិល្បៈសម្តែងប្រជាប្រិយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ