(VOVWORLD) - “GOm Show-សូរសំឡេងចេញពីសេរ៉ាមិច” ដែលជាគម្រោងសិល្បៈតន្ត្រីប្រកបដោយភាពច្នៃប្រឌិត បំផុសគំនិតពីវប្បធម៌សេរ៉ាមិច ត្រូវបានសម្តែងជាលើកដំបូងនៅចុងខែមិថុនាកន្លងទៅនៅទីក្រុងហាណូយ។ មិនត្រឹមតែនិទានរឿងនៃទឹកដីនិងមនុស្សជាភាសាមិនប្រើសំដីប៉ុណ្ណោះទេ “GOm show” ក៏ជាការតភ្ជាប់ជាមួយបេតិកភណ្ឌមួយក្នុងរតនៈសម្បត្តិវប្បធម៍វៀតណាមនោះគឺវប្បធម៌សេរ៉ាមិច។
“GOm Show” គឺជាដំណើរនៃសំឡេងដែលតុស្មូនសេរ៉ាមិចក្លាយជាអ្នកណែនាំរឿង។ (រូបថត៖ Bich Ngoc/VOV) |
ដោយត្រូវបានបំផុសគំនិតពីសេរ៉ាមិច គម្រោងសិល្បៈតន្ត្រីច្នៃប្រឌិត “GOm Show” គឺជាដំណើរនៃសំឡេង ដែលតុស្មូនសេរ៉ាមិចក្លាយជាអ្នកណែនាំរឿង ហើយឧបករណ៍ភ្លេងសេរ៉ាមិចនីមួយៗដូចជា ពាង ផើង គង កណ្តឹង ក្លាយជាតួអង្គដែលនិទានរឿងអំពីទឹកដី និងមនុស្សក្នុងភាសាមួយដោយមិនប្រើសំដី។
កម្មវិធីនេះបានអញ្ជើញទស្សនិកជនឱ្យចូលទៅក្នុងពិភពមួយដែលសំបូរទៅដោយអារម្មណ៍ ដែលស្រទាប់សំឡេងនីមួយៗ បានដាស់ការស្រមើលស្រមៃឲ្យភ្ញាក់ រំលឹកពីការចងចាំនៃវប្បធម៌ ហើយណែនាំអ្នកស្តាប់ឆ្លងកាត់ចន្លោះសំឡេងចម្រុះពណ៌ដែលបង្កប់ដោយសញ្ញាសម្គាល់ប្រពៃណី
វៀតណាម។
ការសម្តែងនានាក្នុង “GOm Show” គឺជាសំឡេងផ្ទាល់ខ្លួនរបស់សហគមន៍បណ្ដាជនជាតិភាគតិចដូចជា M’nong, Tay, Lo Lo, Nung Din, E De, Ha Nhi… សិល្បករ Dinh Anh Tuan សមាជិកនៃគម្រោងបានចែករំលែកថា៖
“ផលិតផលទាំងនេះ គេចង់ផ្សព្វផ្សាយដល់ភ្ញៀវបរទេស នោះហើយជាមូលហេតុដែលយើងបានប្រើប្រាស់សម្ភារៈដូចជា ថូរ ពាង ដែលជាឧបករណ៍ប្រើប្រាស់ធ្លាប់ស្គាល់ក្នុងជីវភាពប្រចាំថ្ងៃដើម្បីបង្កើតសំឡេង។ នោះគឺជាដំណើរប្រកបដោយភាពច្នៃប្រឌិត ហើយពីនោះយើងខ្ញុំបានរកឃើញសំឡេងថ្មីថ្មោង ដើម្បីបង្កើតឡើងស្នាដៃ”។
សិល្បករសិល្បការិនីដែលចូលរួមក្នុងកម្មវិធី “Gom Show – សូរសំឡេងចេញពីសេរ៉ាមិច”។ (រូបថត៖ Bich Ngoc/VOV) |
យោងតាមសិល្បៈករ Nguyen Duc Minh សមាជិកនៃក្រុមតន្ត្រី Dan Do ដែលជាក្រុមអ្នកនិពន្ធនៃ “GOm Show” ឲ្យដឹងថា សម្ភារៈរបស់វៀតណាមដូចជាឫស្សី ដី និងទឹកបានបង្កើតឡើងអរិយធម៌សម្ភារៈរបស់ជនជាតិវៀតណាម ហើយឥឡូវនេះតាមរយៈ “Gom Show” ពួកគេចង់បង្ហាញអរិយធម៌នោះរបស់ជនជាតិវៀតណាម តាមរយៈតន្ត្រីទៅកាន់ពិភពលោក៖
“ស្មារតីនៃកម្មវិធីគឺជាដួងព្រលឹងនៃតន្ត្រីប្រចាំស្រុក។ ដោយសារវាត្រូវបានបង្កើតឡើងពីមូលដ្ឋានដើមនោះគឺដី ទឹក និងឫស្សី ដូច្នេះបានជាវាបង្កើតបាននូវពណ៌សំឡេងប្រកបដោយលក្ខណៈប្រជាប្រិយ។ កត្តាសោភ័ណភាពនៅទីនេះគឺជាការសុក្រិតលម្អិតនីមួយៗ ដោយធ្វើឱ្យលម្អិតនីមួយៗនោះមានភាពល្អឥតខ្ចោះ ដើម្បីបង្កើតជាស្នាដៃដ៏អស្ចារ្យ។ កែសម្រួលចង្វាក់ក៏ដូចជាអារម្មណ៍នៅក្នុងកម្មវិធីដើម្បីនាំទស្សននិកជនគ្រប់រូបទៅកាន់ស្ថានភាពអារម្មណ៍ខុសៗគ្នា រួមទាំងភាពរីករាយ កំហឹង សេចក្ដីស្រឡាញ់ និងសេចក្តីស្អប់ ជាមួយនឹងការរៀបចំសំឡេងនិងពន្លឺ ក៏ដូចជាក្នុងចលនារបស់ឧបករណ៍ភ្លេងទាំងនោះផងដែរ”។
ជាមួយនឹងសំឡេងសុទ្ធសាធនិងសាមញ្ញ "Gom Show" បានជ្រៀបចូលដល់អារម្មណ៍របស់អ្នកស្តាប់ និងអ្នកទស្សនា។ ដោយសារតែ វាបានលាន់លឺឡើងពីឧបករណ៍ភ្លេងប្លែកៗ ប៉ុន្តែធ្លាប់ស្គាល់ ព្រោះវាជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ។ អនុបណ្ឌិត Tran Nhat Hoang អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានមានប្រសាសន៍ថា៖
“សាររបស់ពួកគេគឺអស្ចារ្យណាស់ ដោយសារតែវាលើកទឹកចិត្តមនុស្សឱ្យរស់នៅក្បែរជាមួយធម្មជាតិ វិលត្រឡប់ទៅរកធម្មជាតិវិញ និងរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយធម្មជាតិ។ នោះគឺជាប្រការដ៏ស្រស់ស្អាតបំផុតដែលខ្ញុំគិតថា យើងពិតជាត្រូវការផ្ញើទៅកាន់សាធារណៈជនតាមរយៈតន្ត្រីនិងសារ។ ហើយខ្ញុំសង្ឃឹមថា ពួកគេនឹងទៅកាន់ប្រទេសជាច្រើនទៀតលើពិភពលោកដើម្បីផ្សព្វផ្សាយអំពីតន្ត្រីវៀតណាម”។
GOm Show មិនត្រឹមតែជាសញ្ញាសម្គាល់ថ្មីនៅក្នុងដំណើរសិល្បៈរបស់ក្រុម “Dan Do” ប៉ុណ្ណោះទេ ថែមទាំងបានបើកជំហានពិសេសមួយឆ្ពោះទៅក្នុងលំហូរសិល្បៈសហសម័យវៀតណាមទៀតផង។ នេះក៏ជាជំហានអភិវឌ្ឍន៍បន្ទាប់នៃប្រភេទតន្ត្រីច្នៃប្រឌិតដោយផ្អែកលើសម្ភារៈវប្បធម៌ប្រចាំស្រុក ជាមួយនឹងប្រព័ន្ធឧបករណ៍ភ្លេងថ្មីដែលផលិតពីសេរ៉ាមិច និងដីឥដ្ឋ ដែលនាំមកនូវសំឡេងថ្មីទាំងស្រុង។ GOm Show បានរក្សានូវប្រពៃណីដ៏ជ្រាលជ្រៅផង និងច្នៃប្រឌិតវិធីអភិក្រមថ្មីផង ដើម្បីឲ្យវប្បធម៌វៀតណាមមិនត្រឹមតែត្រូវបានអភិរក្សប៉ុណ្ណោះទេ ថែមទាំងបន្តរស់រានមានជីវិត លាន់លឺកងរំពង និងរីកសាយភាយទៀតផង៕