ការនាំតម្លៃប្រពៃណីចូលទៅក្នុងផលិតផលតន្ត្រីសម័យទំនើប - ទិសដៅត្រឹមត្រូវ នៃតន្ត្រីវៀតណាម

(VOVWORLD) - ការរួមបញ្ចូលគ្នារវាងតន្ត្រីសម័យទំនើប និងកត្តាវប្បធម៌ប្រជាប្រិយបានក្លាយជាបាតុភូតដ៏គួរឱ្យកត់សម្គាល់នៅក្នុងតន្ត្រីវៀតណាមនាពេលបច្ចុប្បន្ន។ និន្នាការនេះមិនត្រឹមតែជាការបន្តមរតក និងការលើកតម្កើងតម្លៃប្រពៃណីប៉ុណ្ណោះទេ ថែមទាំងក៏បង្ហាញពីការច្នៃប្រឌិតយ៉ាងខ្លាំងក្លានៅក្នុងឧស្សាហកម្មតន្ត្រីរបស់ប្រទេសជាតិទៀតផង។ អ្នកចម្រៀង និងតន្ត្រីករជាច្រើនបានទទួលជោគជ័យចំពោះទិសដៅនេះ តាមនោះរួមចំណែកបង្កើតឡើងភាពសម្បូរបែប និងភាពស្វហាប់សម្រាប់ជីវភាពតន្ត្រី ព្រមទាំងជួយឲ្យវប្បធម៌ប្រពៃណីមានការរីកសាយភាយនៅក្នុងជីវភាពសម័យទំនើបដោយឥតឈប់ឈរផងដែរ។

ការនាំតម្លៃប្រពៃណីចូលទៅក្នុងផលិតផលតន្ត្រីសម័យទំនើប - ទិសដៅត្រឹមត្រូវ នៃតន្ត្រីវៀតណាម - ảnh 1អ្នកចម្រៀង Hoa Minzy និងសហការីរបស់នាងបានបញ្ចូលបេតិកភណ្ឌវប្បធម៌ជាច្រើនរបស់ខេត្ត Bac Ninh ទៅក្នុងផលិតផលតន្ត្រីថ្មី។ (រូបថតអេក្រង់)

ចាប់តាំងពីការបង្ហាញមុខនៅដើមខែមីនាមក វីដេអូចម្រៀង "Bac Bling" របស់អ្នកចម្រៀង Hoa Minzy សហការជាមួយសិល្បករឆ្នើម Xuan Hinh និងអ្នកចម្រៀងរ៉េប Tuan Cry បានក្លាយជាបាតុភូតមួយលើទីផ្សារតន្ត្រីវៀតណាម។ នៅលើបទភ្លេងទំនើប ក្រុមសិល្បករបានរួមបញ្ចូលគ្នានូវកត្តាប្រពៃណីជាច្រើន ដែលធ្វើឱ្យផលិតផលតន្ត្រីនេះអាចខិតជិតមកនិងដក់ជាប់ក្នុងបេះដូងមហាជននៅគ្រប់វ័យអាយុជាច្រើន។ នៅក្នុងបទចម្រៀង “Bac Bling” ផ្នែកមួយនៃទំនុកច្រៀងត្រូវបានបំផុសគំនិតដោយចម្រៀងប្រជាប្រិយ និងសុភាសិតបុរាណរបស់វៀតណាម។ ទាក់ទិននឹងរូបភាព ក្រុមអ្នកផលិត បានឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ប្រពៃណី ឬទំនៀមទំលាប់របស់ជនជាតិវៀតណាមបុរាណ រួមជាមួយនឹងទីកន្លែងដ៏ល្បីល្បាញមួយចំនួនរបស់ខេត្ត Bac Ninh ដូចជា៖ វត្ត Dau, ប្រាសាទ Do, ប្រាសាទ Ba Chua Kho, រោងល្ខោនចម្រៀងប្រជាប្រិយ quan ho Bac Ninh, ភូមិសិប្បកម្មសេរ៉ាមិច Phu Lang ជាដើម។

បទចម្រៀងនេះមិនត្រឹមតែមានប្រជាប្រិយភាពនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងទទួលបានការចាប់អារម្មណ៍ និងការស្រឡាញ់ពីទស្សនិកជនបរទេសយ៉ាងច្រើនកុះករទៀតផង ដោយបង្កើតប្រកបដោយជោគជ័យនូវកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា៖ មានការចូលមើនចំនួន ៦៣ លានលើក បន្ទាប់ពីចេញផ្សាយ ២ សប្តាហ៍; ជាប់ចំណាត់ថ្នាក់កំពូលលើតារាងតន្ត្រីអនឡាញជាច្រើននៅក្នុងប្រទេសវៀតណាម; ជាប់ចំណាត់ថ្នាក់ទី ១៥ ក្នុងបញ្ជីបទចម្រៀងដែលបានស្តាប់ច្រើនជាងគេប្រចាំសប្តាហ៍លើទូទាំងពិភពលោក; ស្ថិតក្នុងជម្រើសបទចម្រៀងដ៏លេចធ្លោទាំង ២០ ប្រចាំសប្តាហ៍នៅក្នុងប្រទេស និងតំបន់ដែនដីដូចជា៖ អូស្ត្រាលី សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ (ចិន) សាធារណរដ្ឋឆែក ជប៉ុន អាល្លឺម៉ង់ និងកាណាដា ជាដើម។ វាយតម្លៃអំពីផលិតផលតន្ត្រីនេះ តន្ត្រីការិនី Giang Son បានចាត់ទុកថា៖

“MV នេះមានភាពស៊ីសង្វាក់គ្នាទាំងស្រុង តាំងពីបទចម្រៀង រូបភាព ហើយសំលៀកបំពាក់រហូតដល់តន្ត្រី សុទ្ធតែជាអត្តសញ្ញាណជាតិតាមបែបទំនើប។ នេះគឺជា MV ដ៏ល្អឥតខ្ចោះមួយ ហើយប្រការដ៏អស្ចារ្យជាងនេះទៅទៀត គឺវាបង្ហាញពីក្តីស្រឡាញ់របស់កុលបុត្រកុលធីតាចំពោះស្រុកកំណើត។ តាមរយៈ MV នេះ អ្នកទាំងអស់គ្នានឹងស្គាល់ពី Bac Ninh ឃើញថា Bac Ninh ជាកន្លែងរបស់មនុស្សដ៏អស្ចារ្យ មានកន្លែងល្បីៗជាច្រើន ហើយគ្រប់គ្នានឹងចង់ទៅទស្សនា Bac Ninh។ នេះក៏ជាមធ្យោបាយដ៏ល្អមួយដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍ Bac Ninh ផងដែរ”។

ការធ្វើឲ្យតន្ត្រីជនជាតិ ថ្មីឡើងវិញ ដោយរួមបញ្ចូលកត្តាប្រពៃណី ជាមួយនឹងកត្តាសហសម័យ សិល្បករជើងចាស់សម្តែងជាមួយអ្នកចម្រៀងវ័យក្មេង... គឺជាវិធីសាស្រ្តដែលសិល្បករសិល្បការិនីជាច្រើនបានអនុវត្តន៍នាពេលកន្លងមក។

អ្នកចម្រៀងវ័យក្មេងមួយចំនួនដែលទទួលបានជោគជ័យនៅក្នុងរចនាប័ទ្មនេះ អាចនិយាយដល់ Hoang Thuy Linh, Ha Myo, Hoa Minzy, Phuong My Chi ... ឬការរួមបញ្ចូលគ្នារវាងតន្ត្រីប្រជាប្រិយជាមួយតន្ត្រី pop, rap... នៅក្នុងស្នាដៃតន្ត្រីជាច្រើន។

“ខ្ញុំចូលចិត្តបទចម្រៀង "រុញរទេះគោ" របស់អ្នកចម្រៀង Phuong My Chi ជាមួយនឹងបទភ្លេងដ៏ទាក់ទាញ។ អ្នកចម្រៀងបានបង្ហាញពីវប្បធម៌ប្រជាប្រិយវៀតណាមផង ក៏ដូចជាធាតុផ្សំផ្សេងទៀតនៃតន្ត្រីសម័យទំនើបផង។ ខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់”។

“ការដែលអ្នកចម្រៀង និងសិល្បករបានដាក់ធាតុផ្សំប្រជាប្រិយទៅក្នុងតន្ត្រីគឺជាទិសដៅត្រឹមត្រូវ។ ទីមួយ វាបង្ហាញពីការត្រិះរិះក្នុងតន្ត្រី និងទេពកោសល្យរបស់ពួកគេ។ ក្រៅពីនោះ វាក៏បង្កើតឱ្យមានការចង់ដឹងចង់ឃើញនិងទាក់ទាញទស្សនិកជនផងដែរ”។

លោកស្រី Nguyen Khanh Ly បណ្ឌិតតន្ត្រី គ្រូបង្រៀននៃវិទ្យាស្ថានតន្ត្រីជាតិវៀតណាមបានចាត់ទុកថា ការមានស្នាដៃតន្ត្រីកាន់តែច្រើន ដែលទាញយកកត្តាប្រជាប្រិយនិងប្រពៃណី គឺជាសញ្ញាដ៏ល្អសម្រាប់តន្ត្រីវៀតណាម។ ប្រការនេះមិនត្រឹមតែបង្ហាញពីសេចក្តីស្រឡាញ់របស់សិល្បករចំពោះមាតុភូមិ និងស្រុកកំណើតប៉ុណ្ណោះទេ ថែមទាំងនាំមកនូវមុខមាត់ថ្មីថ្មោង សម្គាល់អត្តសញ្ញាណវៀតណាមសម្រាប់ផលិតផលតន្ត្រីសហសម័យទៀតផង។

“ការទាញយកយ៉ាងបិនប្រសប់និងមានការសម្រិតសម្រាំងនូវធាតុផ្សំតន្ត្រីប្រពៃណីមិនត្រឹមតែជួយឱ្យតន្ត្រីវៀតណាមមានការចម្រាញ់យ៉ាងស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងជួយឱ្យអ្នកស្តាប់យល់អំពីអត្តសញ្ញាណវប្បធម៌ជនជាតិវៀតណាមតាមរយៈបទចម្រៀងដែលមានធាតុផ្សំប្រជាប្រិយ មានការសម្រិតសម្រាំង ហើយវប្បធម៌វៀតណាម តន្ត្រីវៀតណាមនឹងនាំមកជូនទស្សនិកជននូវភាពច្នៃប្រឌិតតាមរយៈបទចម្រៀងក៏ដូចជាការត្រិះរិះរបស់ផលិតករតន្ត្រីផងដែរ។ វាមានប្រសិទ្ធិភាពខ្លាំងណាស់ក្នុងការបង្ហាញពីសេចក្ដីស្នេហាជាតិក៏ដូចជាមោទនភាពជាតិ”។

សម្រាប់ជនជាតិវៀតណាមម្នាក់ៗ វប្បធម៌ប្រពៃណីជានិច្ចកាលជាខ្សែតភ្ជាប់ប្រកបដោយប្រសិទ្ធភាព។ សព្វថ្ងៃនេះ សិល្បករវ័យក្មេងបានចេះពីរបៀបធ្វើឲ្យតម្លៃប្រពៃណីមានភាពថ្មីថ្មោងឡើងវិញ ធ្វើឱ្យតន្ត្រីទាំងនោះកាន់តែជិតស្និទ្ធ និងងាយស្រួលខិតជិតមកមហាជនក្នុងស្រុកនិងបរទេស តាមនោះជួយលើកតម្កើងតន្ត្រីវៀតណាមនៅលើទីផ្សារអន្តរជាតិ។ ការនាំយកវប្បធម៌ប្រពៃណីរបស់ប្រជាជាតិវៀតណាមចូលទៅក្នុងផលិតផលនៃឧស្សាហកម្មវប្បធម៌ បានបញ្ជាក់ពីភាពមិនអាចផ្លាស់ប្តូរបាននៅក្នុងតម្លៃអត្តសញ្ញាណរបស់ប្រជាជាតិវៀត
ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ