ការអភិរក្សគុម្ពីខ្មែរបុរាណចារលើស្លឹករឹទ្ធ

(VOVWORLD) - សាស្ត្រាស្លឹករឹទ្ធ គឺជាគុម្ពីបុរាណដ៏កម្រមួយប្រភេទ និងជា "ត្រីវិស័យ" សម្រាប់ប្រជាពលរដ្ឋខ្មែរណាមបូ អប់រំកូនចៅ។ នេះត្រូវបានគេចាត់ទុកថាជា «រតនៈសម្បត្តិ» ដែលមានតម្លៃពិសេសក្នុងជីវភាពខាងវិញ្ញាណរបស់ប្រជាពលរដ្ឋខ្មែរ។ ទោះជាយ៉ាងណាក៏ដោយ ការចម្លងគុម្ពីជាការងារពិបាកខ្លាំងណាស់ ដូច្នេះគុម្ពីប្រភេទនេះកំពុងមានហានិភ័យបាត់បង់ទៅ។ ហេតុនេះហើយ ស្ថាប័នមានសមត្ថកិច្ច ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ កំពុងខិតខំប្រឹងប្រែងអភិរក្ស ពង្រីកបច្ចេកទេសចារគុម្ពីព្រះពុទ្ធដ៏វិសេសវិសាលរបស់ជនជាតិខ្លួន។

ការអភិរក្សគុម្ពីខ្មែរបុរាណចារលើស្លឹករឹទ្ធ  - ảnh 1ការសរសេរគម្ពីរពុទ្ធសាសនានៅលើស្លឹករឹទ្ធ តម្រូវឱ្យអ្នកសរសេរត្រូវយល់ និងអានភាសាបាលី អក្សរខ្មែរបុរាណបាន ដោយមានអក្សរពិបាកយល់ច្រើនណាស់។ (រូបថត៖ VOV)

ទូសៀវភៅបុរាណដ៏មានតម្លៃមួយនៅជាន់កំពូលនៃវត្តខ្មែរ ពិទូឃោសរង្សី ដែលស្ថិតនៅមជ្ឈមណ្ឌលខណ្ឌ Ninh Kieu ទីក្រុង Can Tho កំពុងរក្សាទុកសៀវភៅជាង ៤០០០ ក្បាល ក្នុងនោះសៀវភៅចំនួន ៣០ ក្បាល មានអាយុកាលជាងមួយរយឆ្នាំ ដែលសរសេរជាភាសាបាលី និងភាសាខ្មែរបុរាណនៅលើស្លឹករឹទ្ធ។ ទូសៀវភៅនេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់វត្ត ដែលទាក់ទាញភ្ញៀវទេសចរមកពីប្រទេសជាង ៦០ មកទស្សនាគយគន់។ ឈុតគុម្ពីសាស្ត្រាស្លឹករឹទ្ធនីមួយៗ មានតម្លៃរៀងៗខ្លួន។ ព្រះតេជគុណ លី ហុង អនុប្រធានគណៈអភិបាល នៃសមាគមព្រះពុទ្ធសាសនាទីក្រុង Can Tho ព្រះចៅអធិការវត្តពិទូឃោសរង្សី មានពុទ្ធដីការថា៖

“សាស្ត្រាស្លឹករឹទ្ធមានឈុតជាច្រើន ដែលសរសេរអំពីធម្មទេសនា អំពីដំណើរការត្រាស់ដឹងរបស់ព្រះពុទ្ធ និងឈុតខ្លីៗជាច្រើនស្ដីអំពីពិធីកិច្ច និងពិធីបុណ្យរបស់ប្រជាពលរដ្ឋខ្មែរ។ ចំណែកនៅវត្ត ពិទូឃោសរង្សី យើងខ្ញុំបានប្រមូលឈុតជាច្រើន ដើម្បីរក្សាទុកសម្រាប់សម្រាប់សមណសិស្សស្រាវជ្រាវ ពិគ្រោះនិងសិក្សា”។

គម្ពីរសាស្ត្រាស្លឹករឹទ្ធ គឺជាឯកសារកត់ត្រា ចែកជា ៤ ប្រភេទ រួមមាន៖ គម្ពីរពុទ្ធសាសនា; រឿងនិទានប្រជាប្រិយ; ពិធីបុណ្យ, ល្បែងប្រជាប្រិយ និងមេរៀនក្នុងជីវិត។ ក្នុងចំណោមនោះ គម្ពីរពុទ្ធសាសនាជាឯកសារដ៏មានតម្លៃបំផុតដែលត្រឹមតែបើកសម្រាប់ផ្សព្វផ្សាយក្នុងឱកាសសំខាន់ៗប៉ុណ្ណោះ។ លោក ចៅ ម៉ូនីសុកខា អ្នកស្រាវជ្រាវវប្បធម៌ខ្មែរ បានឲ្យដឹងថា៖

“ក្នុងវប្បធម៌ខ្មែរ ប្រជាជនមិនរក្សាទុកសាស្ត្រាស្លឹករឹទ្ធនៅផ្ទះទេ ដោយទុកតែក្នុងវត្តសម្រាប់ធ្វើពិធីសាសនាប៉ុណ្ណោះ។ លក្ខណៈនៃសាស្ត្រាស្លឹករឹទ្ធ គឺវារក្សាសំណេរបុរាណ ដូច្នេះបើមនុស្សជំនាន់ក្រោយមិនទៅបួសរៀនក្នុងវត្តទេ នឹងពិបាកអានណាស់”។

ការអភិរក្សគុម្ពីខ្មែរបុរាណចារលើស្លឹករឹទ្ធ  - ảnh 2ទូសៀវភៅបុរាណដ៏មានតម្លៃនៅជាន់កំពូលនៃវត្តខ្មែរ ពិទូឃោសរង្សី ដែលស្ថិតនៅមជ្ឈមណ្ឌលខណ្ឌ Ninh Kieu ទីក្រុង Can Tho ទាក់ទាញភ្ញៀវទេសចរមកពីប្រទេសជាង ៦០ មកទស្សនាគយគន់។ (រូបថត៖ VOV)

សិប្បករប្រជាជន ព្រះតេជគុណ Chau Ty (ព្រះជន្ម ៨៣ ព្រះវស្សា ព្រះចៅអធិការវត្ត ស្វាយស ឃុំ Nui To ស្រុក Tri Ton) គឺជាមនុស្សតែម្នាក់គត់នៅក្នុងខេត្ត An Giang ដែលចេះបច្ចេកទេសចារអក្សរលើស្លឹករឹទ្ធយ៉ាងស្ទាត់ជំនាញ ហើយជាអ្នកស្នងជំនាន់ទី ៩ របស់ព្រះចៅអធិការវត្ត ស្វាយទង។ ជាច្រើនឆ្នាំមកហើយ ព្រះតេជគុណ Chau Ty បានបើកថ្នាក់បង្រៀនព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរពីរបៀបចារគុម្ពីលើស្លឹករឹទ្ធ។ ថ្វីត្បិតតែបច្ចេកទេសចារអក្សរលើស្លឹករឹទ្ធមានការលំបាកខ្លាំងក៏ដោយ ក៏មនុស្សជាច្រើននៅតែឧស្សាហ៍ព្យាយាមសិក្សាជារៀងរាល់ថ្ងៃ។ ប្រការនេះបង្ហាញតាមរយៈការចែករំលែករបស់ព្រះសង្ឃ Chau Nup (នៅវត្ត Nen Non ស្រុក Tinh Bien ខេត្ត An Giang) ដែលធ្លាប់បានរៀនថ្នាក់ចារគុម្ពីលើស្លឹករឹទ្ធរបស់ព្រះតេជគុណ Chau Ty៖

“ពេលសិក្សាជាមួយលោកគ្រូក៏បានជួយខ្ញុំយល់អំពីតួអក្សរ និងរបៀបចារអក្សរ។ ពីមុន ខ្ញុំមិនចេះចារអក្សរទេ ឥឡូវខ្ញុំរៀនបានហើយ និងយល់បន្ថែមអំពីគម្ពីរព្រះពុទ្ធ”។

ការសរសេរគម្ពីរពុទ្ធសាសនានៅលើស្លឹករឹទ្ធ តម្រូវឱ្យអ្នកសរសេរត្រូវយល់ និងអានភាសាបាលី អក្សរខ្មែរបុរាណបាន ដោយមានអក្សរពិបាកយល់ច្រើនណាស់។ លើសពីនេះ ស្លឹករឹទ្ធកាន់តែកម្រ។ ដូច្នេះ ការអភិរក្សលក្ខណៈវប្បធម៌នេះជារឿងបន្ទាន់។ ថ្មីៗនេះ ខេត្ត An Giang បានអនុម័តលើ
គម្រោងអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីជាតិ "សតិបញ្ញានិងបច្ចេកទេសសរសេរអក្សរលើស្លឹករឹទ្ធរបស់ប្រជាពលរដ្ឋខ្មែរនៅខេត្ត An Giang" រហូតដល់ឆ្នាំ ២០៣០។ តាមនោះ គម្ពីរដែលខូចនឹងត្រូវបានស្ដារឡើងវិញ ហើយបេតិកភណ្ឌនេះនឹងត្រូវបានចងក្រងជាឯកសារ
ឌីជីថល។ ទន្ទឹមនឹងនេះ កសាងកំណែបន្ថែមនៃឈុតគុម្ពីសាស្ត្រាស្លឹករឹទ្ធមួយចំនួន ដើម្បីបម្រើការអប់រំបេតិកភណ្ឌ ការអភិវឌ្ឍទេសចរណ៍ និងបញ្ចូលទៅក្នុងកម្មវិធីសិក្សាក្រៅម៉ោង និងការប្រឡងនៅតាមសាលាផងដែរ។ គាំទ្រគចំពោះម្រោងនេះ ព្រះតេជគុណ លី ហុង អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាទីក្រុង Can Tho មានពុទ្ធដីការថា៖

“បច្ចុប្បន្ននេះ សម្រាប់វត្តនានាក្នុងខេត្ត An Giang ព្រះតេជគុណ Chau Ty នៅតែណែនាំ និងបង្រៀនសមណសិស្សពីរបៀបសរសេរគម្ពីរសាស្ត្រាស្លឹករឹទ្ធអស់រយៈពេលច្រើនឆ្នាំមកហើយ។ ទោះជាយ៉ាងណាក៏ដោយ យើងខ្ញុំក៏ចង់មានការរីករាលដាលផងដែរ ដែលមានន័យថា មិនឈប់នៅខេត្តជាក់ស្ដែងមួយនោះទេ តែយើងមានកន្លែងបណ្តុះបណ្តាល។ ជាឧទាហរណ៍ នៅវិទ្យាស្ថានពុទ្ធសាសនាថេរវាទខ្មែរ យើងខ្ញុំនឹងអញ្ជើញសិប្បករ សមណសិស្សទាំងអស់នៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long មករៀនការសរសេរអក្សរ និងការចារអក្សរ។ ការផ្សព្វផ្សាយយ៉ាងទូលំទូលាយបែបនេះនឹងប្រសើរជាង ព្រោះវានឹងបណ្ដុះបណ្ដាលជំនាន់ក្រោយៗ ដើម្បីថែរក្សា និងអភិរក្សគម្ពីរបុរាណទាំងនេះ”។

បំណងប្រាថ្នាដ៏ធំបំផុតរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ គឺគម្រោងអភិរក្សបេតិកភណ្ឌគុម្ពីសាស្ត្រាស្លឹករឹទ្ធ នឹងត្រូវបានអនុវត្តន៍ប្រកបដោយជោគជ័យ ដើម្បីឲ្យស្លឹកឈើដ៏ផុយស្រួយនិងពាក្យប្រៀនប្រដៅបុរាណទាំងនោះ បន្តត្រូវបានបន្សល់ទុក បង្រៀនគុណតម្លៃដល់កូនចៅជំនាន់ក្រោយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ