យុវជនចូលរួមអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃពិធីបុណ្យ

(VOVWORLD) - ក្នុងប៉ុន្មានខែដើមឆ្នាំ ពិធីបុណ្យនានាត្រូវបានគេប្រារព្ធធ្វើឡើងនៅតាមមូលដ្ឋានជាច្រើន។ សម្របខ្លួនក្នុងបរិយាកាសវប្បធម៌នោះ យុវជនជំនាន់បច្ចុប្បន្នកំពុងមានសកម្មភាពដ៏សកម្ម ដើម្បីរួមចំណែកថែរក្សា អភិរក្ស និងផ្សព្វផ្សាយលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជាតិ។

ពិធីបុណ្យគឺជាទម្រង់បេតិកភណ្ឌវប្បធម៌អរូបីដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីជីវភាពខាងវប្បធម៌ ស្មារតី និងវិញ្ញាណរបស់ប្រជាជនវៀតណាម។ នៅវៀតណាម បច្ចុប្បន្ននេះមានពិធីបុណ្យជាង ៨០០០ ដែលភាគច្រើនប្រារព្ធធ្វើឡើងនៅដើមនិទាឃរដូវ ដែលជាពេលវេលាសម្គាល់នូវការផ្លាស់ប្ដូរនៃមេឃដីនិងវត្ថុគ្រប់បែបយ៉ាង។

យុវជនចូលរួមអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃពិធីបុណ្យ - ảnh 1ការច្រៀង quan ho នៅពិធីបុណ្យ Lim ខេត្ត Bac Ninh។ (រូបថត៖ VOV)

កញ្ញា Le Ngoc Linh និងក្រុមមិត្តភក្តិរបស់នាង ជានិស្សិតនៃមហាវិទ្យាល័យសារព័ត៌មាន និងឃោសនានៅទីក្រុងហាណូយ តែងតែណាត់ជួបគ្នាទៅកាន់កន្លែងណាដែលមានពិធីបុណ្យ ដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រ និងប្រពៃណីនៃពិធីបុណ្យនោះ។ សម្រាប់ពួកគេ ដំណើរកម្សាន្តនីមួយៗ មិនត្រឹមតែជាឱកាសដើម្បីជួយមិត្តភក្តិកាន់តែយល់គ្នាប៉ុណ្ណោះទេ ថែមទាំងស្រូបយកបានបទពិសោធន៍ដ៏មានប្រយោជន៍ជាច្រើនទៀតផង។

“ខ្ញុំច្រើនតែចូលរួមពិធីបុណ្យនានា ព្រោះខ្ញុំកំពុងរៀនមុខជំនាញសារព័ត៌មាន ដែលត្រូវការស្វែងយល់អំពីវប្បធម៌ជាតិ។ ពិធីបុណ្យថ្មីបំផុតដែលខ្ញុំបានចូលរួមគឺពិធីបុណ្យ Lim នៅខេត្ត Bac Ninh។ នេះក៏ជាពិធីបុណ្យដែលខ្ញុំចូលចិត្តបំផុតដោយសារបរិយាកាសដ៏រីករាយ និងការសម្ដែងចម្រៀង quan ho របស់សិល្បករសិល្បការិនី។ នៅពេលឃើញសិល្បករសិល្បការិនីក្នុងសម្លៀកបំពាក់ប្រពៃណីសម្ដែងលើទូក ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។ ខ្ញុំគិតថា ពិធីបុណ្យបែបនេះនឹងជួយឲ្យយុវជនយល់ដឹងកាន់តែស៊ីជម្រៅ និងស្គាល់កាន់តែច្បាស់អំពីតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់វៀតណាម”។

ពិធីបុណ្យ Hai Thuong Lan Ong គឺជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់ ជាឱកាសដើម្បីឧទ្ទិសដល់គុណូបការៈដ៏ធំធេងរបស់គ្រូពេទ្យ Le Huu Trac ជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រវៀតណាមដែលបានចាក់គ្រឹះលើការកសាងបច្ចេកទេសវេជ្ជសាស្ត្រ។ ពិធីបុណ្យនេះរួមមានផ្នែកពិធីការ និងផ្នែកបុណ្យ ជាមួយនឹងសកម្មភាពវប្បធម៌ កីឡា និងល្បែងប្រជាប្រិយដ៏គគ្រឹកគគ្រេងជាច្រើន។ នៅពិធីបុណ្យឆ្នាំនេះ លោក Nguyen Minh Tung ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានចូលរួមការប្រណាំងឡើងភ្នំ Minh Tu នៅស្រុក Huong Son ខេត្ត Ha Tinh។ លោកបានប្រកួតដោយស្មារតីដ៏ខ្នះខ្នែងដើម្បីយកឈ្នះលើចម្ងាយជាង ៨០០ ម៉ែត្រ និងរយៈកម្ពស់ ៨០០ ម៉ែត្រ។ លោក Tung ជឿជាក់ថា ស្មារតីរបស់គ្រូពេទ្យ Hai Thuong Lan Ong អំពីភាពព្យាយាម ការខិតខំប្រឹងប្រែង និងមិនខ្លាចការលំបាកឧបសគ្គ គឺជាការបំផុសគំនិតជានិច្ចសម្រាប់រូបលោក។

“ពិធីបុណ្យបែបនេះនៅដើមឆ្នាំ នឹងជួយឱ្យយុវជនដូចខ្ញុំយល់ដឹងបន្ថែមទៀតអំពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសជាតិ។ ពីនោះ រីកសាយភាយគុណតម្លៃដែលដូនតាយើងបានបន្សល់ទុកមក និងរួមចំណែកពង្រីកការបំផុសគំនិតដល់យុវជន ដើម្បីបន្តលះបង់ បន្តថែរក្សាតម្លៃទាំងនោះឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូត”។

យុវជនចូលរួមអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃពិធីបុណ្យ - ảnh 2ទិដ្ឋភាពនៅពិធីបុណ្យ Hai Thuong Lan Ong។ (រូបថត៖ VOV)

ការកៀរគរការចូលរួមរបស់សហគមន៍ក្នុងការងារអភិរក្ស និងពង្រីកតម្លៃនៃពិធីបុណ្យប្រពៃណីក្នុងជីវភាពសម័យទំនើប បានបង្កប់នូវអត្ថន័យដ៏សំខាន់ ព្រោះវាជាមធ្យោបាយត្រឹមត្រូវ ដើម្បីការពារលំហូរវប្បធម៌ប្រពៃណី រួមចំណែកជំរុញការអភិវឌ្ឍទេសចរណ៍និងសេដ្ឋកិច្ច។ សម្រាប់យុវជន ការចូលរួមក្នុងពិធីបុណ្យនានាតែងតែជាសកម្មភាពដ៏មានអត្ថន័យ។

“ក្នុងនាមជាកូនចៅនៃវង្សត្រកូល Tran ខ្ញុំមានអារម្មណ៍ថា មានការតភ្ជាប់រវាងប្រវត្តិសាស្ត្រនិងបុព្វបុរស។ បរិយាកាសដ៏ពិសិដ្ឋនិងរីករាយនៃពិធីបុណ្យធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង”។

“សម្រាប់ខ្ញុំ ការទៅចូលរួមពិធីបុណ្យនាដើមឆ្នាំ មិនត្រឹមតែជាដំណើរកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែនៅកន្លែងបែបនោះ ខ្ញុំមានអារម្មណ៍ធូរស្រាលនិងស្រស់ស្រាយជាង។ ខ្ញុំមានពេលវេលាដើម្បីសម្លឹងគិតអំពីខ្លួនឯង និងអ្វីដែលមានអត្ថន័យក្នុងជីវិត”។

យោងតាមលោកបណ្ឌិត Nguyen Tuan Anh នៅវិទ្យាស្ថានស្រាវជ្រាវយុវជន ពិធីបុណ្យប្រពៃណីកាន់តែមានសារៈសំខាន់ ព្រោះវាដើរតួជាស្ពានជួយយុវជនឱ្យត្រឡប់ទៅរកអតីតកាលវិញ និងស្វែងយល់ពីតម្លៃវប្បធម៌ស្មរតីរបស់ដូនតា។ ពីនោះ យល់ដឹងនិងស្រឡាញ់កាន់តែច្រើន ហើយមានមនសិការកាន់តែខ្ពស់ក្នុងការថែរក្សាវប្បធម៌ប្រពៃណីរបស់ប្រជាជាតិ។

“ការដែលយុវជនចូលរួមពិធីបុណ្យ ឬទៅកាន់កន្លែងវប្បធម៌នៅដើមនិទាឃរដូវ គឺជាលក្ខណៈវប្បធម៌មួយរបស់ប្រជាជនវៀតណាម។ វាជាដំណើរកម្សាន្តនាដើមនិទាឃរដូវ ដែលតាមរយៈនោះ មនុស្សគ្រប់គ្នាមានបំណងចង់បានសេចក្ដីសុខក្នុងឆ្នាំថ្មី។ យុវជនចូលរួមពិធីបុណ្យនានា គឺជាលក្ខណៈវប្បធម៌មួយដែលត្រូវការលើកទឹកចិត្តនិងពង្រីក។ អាកប្បកិរិយានេះបង្ហាញថាយុវជនមិនបែរខ្នងពីវប្បធម៌ជាតិឡើយ”។

ពិធីបុណ្យគឺជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ប្រជាជាតិ។ ការបន្តប្រពៃណីត្រូវតែចាប់ផ្តើមពីជំនាន់វ័យក្មេង ព្រោះសង្គមមួយដែលគ្មានការទទួលមរតក នឹងមិនអាចអភិវឌ្ឍន៍ក្នុងទិសដៅត្រឹមត្រូវបានទេ។ នៅទីនេះជាការទទួលមរតកវប្បធម៌ប្រពៃណី ការទទួលយកអរិយធម៌ ដើម្បីបង្កើតឡើងភាពសុខដុមរមនា ស្របតាមសម័យកាលបច្ចុប្បន្ន និងឆ្ពោះទៅអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ