តម្លៃវប្បធម៌៖ ប្រភពធនធានខាងក្នុងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
(VOVWORLD) - ទស្សនៈស្តីពីការកសាង “វប្បធម៌វៀតណាម
ជឿនលឿន សម្បូរទៅដោយអត្ត សញ្ញាណជាតិ” ត្រូវបានបក្សកុម្មុយនិស្តវៀតណាមបញ្ជាក់នៅក្នុងមហាសន្និបាតជា ច្រើន។ ក្នុងសេចក្តីព្រាងឯកសារដែលដាក់ជូនមហាសន្និបាតលើកទី១៤ របស់បក្ស ទស្សនៈនេះបន្តត្រូវបានបញ្ជាក់ និងក្លាយជាគោលដៅស្នូលសម្រាប់អភិវឌ្ឍន៍វប្បធម៌ ជាតិក្នុងលក្ខខណ្ឌប្រវត្តិសាស្ត្រថ្មី។ វប្បធម៍ត្រូវបានចាត់ទុកជាប្រភពធនធាន ខាងក្នុង ជាកម្លាំងចលករ និងជាប្រព័ន្ធសម្របសម្រួលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដោយផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនឹងជីវភាពសង្គម សេដ្ឋកិច្ច ការអប់រំ និងមនុស្ស។
លោក Bui Hoai Son សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភា។ (រូបថត៖ VOV) |
រដ្ឋធានីហាណូយគឺជាទីកន្លែងប្រមូលផ្ដុំ បញ្ចូលគ្នានិងរីកសាយភាយតម្លៃប្រពៃណីដ៏ល្អប្រសើរបំផុតរបស់ប្រជាជាតិ។ តម្លៃទាំងនេះត្រូវបានបង្ហាញឱ្យឃើញតាម រយៈប្រព័ន្ធបេតិកភណ្ឌវប្បធម៌ដ៏ធំសម្បើមរបស់រដ្ឋធានី ជាមួយនឹងកេរ្តិ៍ដំណែលប្រវត្តិ សាស្ត្រវប្បធម៌ រមណីយដ្ឋានជាង ៥៩០០ កន្លែង; បេតិកភណ្ឌវប្បធម៌អរូបីជិត ១៨០០ ក្នុងទម្រង់ចម្រុះ ចាប់ពីពិធីបុណ្យប្រពៃណី សិប្បកម្មប្រពៃណី សិល្បៈសំដែងប្រជាប្រិយ ... រហូតដល់ទំនៀមទម្លាប់សង្គម និងជំនឿផងដែរ។ នេះគឺជាប្រភពធនធានដ៏ធំ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃរដ្ឋធានី។ លោក Bui Hoai Son សមាជិក អចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភាបានចាត់ទុកថា៖
“និយាយអំពីទីក្រុងហាណូយគឺនិយាយអំពីមោទនភាពវប្បធម៌ និយាយអំពីមជ្ឈ មណ្ឌលវប្បធម៌របស់ប្រទេសទាំងមូលដែលអាចផ្សព្វផ្សាយតម្លៃវប្បធម៌សម្រាប់ប្រទេសជាតិ និងជាមោទនភាពរបស់ប្រទេសជាតិផងដែរ។ នោះជាដើមទុនវប្បធម៌ដ៏ល្អណាស់ ដើម្បីពេលយើងធ្វើអាជីវកម្មសម្រាប់ការអភិវឌ្ឍប្រទេសជាតិ យើងមានទីបង្អែកដ៏រឹងមាំដើម្បីបង្កើតឧត្តមភាពផ្ទាល់ខ្លួន”។
មិនត្រឹមតែទីក្រុងហាណូយប៉ុណ្ណោះទេ មូលដ្ឋានជាច្រើនក្នុងប្រទេសក៏ចាត់ទុក តម្លៃវប្បធម៌ជាកត្តាមួយដែលមិនអាចខ្វះបានក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។ នៅតាមមូលដ្ឋានជាច្រើន ការស្ដារឡើងវិញនូវពិធីបុណ្យប្រពៃណី របរ សិប្បកម្មបុរាណ ការអភិវឌ្ឍទេសចរណ៍សហគមន៍ ... ក៏នាំមកនូវផលប្រយោជន៍ សេដ្ឋកិច្ចជូនប្រជាពលរដ្ឋ ព្រមទាំងក៏ជាមធ្យោបាយមួយក្នុងការអភិរក្ស និងលើក កម្ពស់តម្លៃវប្បធម៌ប្រចាំស្រុកផងដែរ។ នៅថ្នាក់ជាតិ កម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍវប្បធម៌ដំណាក់កាល ២០២៥-២០៣៥ កំពុងត្រូវបានអនុវត្តន៍ដោយមានចក្ខុវិស័យជាយុទ្ធសាស្ត្រ សំដៅកែលម្អជីវ ភាពខាងស្មារតី និងវប្បធម៌របស់ប្រជាជន អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណី ហើយទន្ទឹមនឹងនោះ ជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ រួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ លោក Bui Hoai Son បានសង្កត់ធ្ងន់ថា៖
“កម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍវប្បធម៌បានដាក់ចេញគោលដៅចំនួន១០ ក្នុងនោះមានគោលដៅសំខាន់ចំនួន៩។ គោលដៅទាំងនេះគ្របដណ្ដប់លើបញ្ហា វប្បធម៌នានា តាំងពីការកសាងបរិយាកាសវប្បធម៌ ការអភិរក្សបេតិកភណ្ឌ ការអភិវឌ្ឍ ឧស្សាហកម្មវប្បធម៌ កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យវប្បធម៌ ជាដើម។ វិស័យ ទាំងអស់នេះប្រសិនបើមានការវិនិយោគយ៉ាងពេញលេញ នឹងបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់យើងអភិវឌ្ឍន៍វប្បធម៌ ពង្រឹងវប្បធម៌ក្នុងយុគសម័យថ្មី ដែលជាយុគ សម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ”។
ការសម្តែង Cai luong របស់ក្រុមសិល្បការិនី។ (រូបថត៖ Hong Phuong/VOV) |
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឧស្សាហកម្មវប្បធម៌បានលេចចេញជាក្រុមឧស្សាហកម្ម ដែលនាំមកនូវតម្លៃបន្ថែមខ្ពស់ រួមវិភាគទានដល់សេដ្ឋកិច្ចវៀតណាម ព្រមទាំងរួម ចំណែកបង្កើនសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច និងផ្សព្វផ្សាយរូបភាពវៀតណាម ទៅកាន់ពិភពលោក។ កម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍវប្បធម៌ដំណាក់កាល ២០២៥-២០៣៥ បានដាក់ចេញគោលដៅថា នៅឆ្នាំ២០៣៥ ឧស្សាហកម្មវប្បធម៌នឹង រួមវិភាគទានប្រមាណ ៧% នៃផលិតផលក្នុងស្រុកសរុបជាតិ។ តាមអ្នកជំនាញថា ជាមួយនឹងធនធានវប្បធម៌ដ៏សម្បូរបែប វៀតណាមអាចអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវ ឧស្សាហកម្មថ្មីៗប្រកបដោយភាពច្នៃប្រឌិត ដូចជា ភាពយន្ត តន្ត្រី ការរចនា ម៉ូដសម្លៀកបំពាក់ បោះពុម្ពផ្សាយ វីដេអូហ្គេម ការផ្សាយពាណិជ្ជកម្មជាដើម ដើម្បីសម្រេចបាននូវប្រសិទ្ធភាពទ្វេរដង ដោយអភិវឌ្ឍន៍វប្បធម៌ផង និងនាំមកនូវផល ប្រយោជន៍សេដ្ឋកិច្ចដល់ប្រទេសជាតិផង។
បច្ចុប្បន្ននេះ ផលិតផលវប្បធម៍វៀតណាម ជាច្រើនបានឈានទៅក្រៅពីវិសាលភាពក្នុងស្រុកទាក់ទាញអ្នកប្រើប្រាស់ទូទាំង ពិភពលោក។ ភាពយន្តគំនូរជីវចលរបស់វៀតណាម វីដេអូហ្គេម ម៉ាកសម្លៀកបំពាក់ ក្នុងស្រុក ឬកម្មវិធីសម្ដែងសិល្បៈប្រពៃណីដែលត្រូវបានធ្វើឡើងវិញឲ្យទាន់សម័យ គឺជាសក្ខីភាពដែលបង្ហាញពីសមត្ថភាពច្នៃប្រឌិត និងសក្តានុពលពាណិជ្ជកម្មនៃ វប្បធម៌។
“ឧស្សាហកម្មវប្បធម៌មិនត្រឹមតែជាការនាំយកបច្ចេកវិទ្យាចូលទៅក្នុងផលិតផលវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជារបៀបនាំវប្បធម៌ចូលទៅក្នុងបច្ចេកវិទ្យាទៀតផង។ វប្បធម៌ត្រូវដើរតួនាទីតំរង់ទិសសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធានាថា បច្ចេកវិទ្យា បម្រើចំតម្លៃមនុស្សសាស្ត្រដែលសង្គមកំពុងតាមរក”។
“នៅពេលកសាង និងអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ មានកត្តាសំខាន់ ៤ រួមមាន៖ ទេពកោសល្យ ភាពច្នៃប្រឌិតរបស់សិល្បករ; ទុនវប្បធម៌; បច្ចេកវិទ្យា; ជំនាញអាជីវកម្ម។ កត្តាទុនវប្បធម៌របស់យើងគឺសម្បូរបែបណាស់។ យើងមានសម្ភារៈដ៏អស្ចារ្យដើម្បីបំពេញបន្ថែមដល់ការច្នៃប្រឌិតនៃសង្គមបច្ចុប្បន្ន ពីនោះបង្កើតឡើងតម្លៃថ្មី។ រតនៈសម្បត្តិវប្បធម៌របស់យើងប្រៀបដូចជាអណ្តូងមាសអញ្ចឹង ប្រសិនបើយើងចេះ សម្រិតសម្រាំង និងចម្រើន យើងនឹងមានផលិតផលដែលបង្កប់នូវលក្ខណៈ ដោយឡែក អត្តសញ្ញាណ និងតម្លៃរបស់ប្រទេសជាតិ”។
ដោយសារៈសំខាន់នៃវប្បធម៌ សេចក្តីព្រាងឯកសារដែលដាក់ជូនមហាសន្និបាត បក្សលើកទី ១៤ បានកំណត់ថា៖ ការអភិវឌ្ឍវប្បធម៌វៀតណាមជឿនលឿន សម្បូរទៅ ដោយអត្តសញ្ញាណជាតិ ដោយឈរលើមូលដ្ឋាននៃប្រព័ន្ធតម្លៃជាតិ តម្លៃវប្បធម៌ តម្លៃ គ្រួសារ និងស្តង់ដារមនុស្សគឺជាទិសដៅសំខាន់ក្នុងសម័យកាលថ្មី។ នៅពេលដែល វប្បធម៌ត្រូវបានដាក់បញ្ចូលក្នុងឯកសារ វាមិនត្រឹមតែរួមចំណែកដល់ការតំរង់ទិស គោលនយោបាយប៉ុណ្ណោះទេ ថែមទាំងក្លាយជាស្តង់ដារសម្រាប់ការអប់រំ សេដ្ឋកិច្ច បច្ចេកវិទ្យា និងអភិបាលកិច្ចសង្គមទៀតផង។ ពីនោះ វប្បធម៌ត្រូវបានកំណត់ជាកត្តា ស្នូលក្នុងការបង្កើតរូបរាងនៃមាគ៌ាអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលវែង៕