ភាពយន្តអំពីប្រធានបទសង្គ្រាមបដិវត្តន៍មានការទាក់ទាញឡើងវិញ

(VOVWORLD) - ថ្មីៗនេះ ភាពយន្តវៀតណាមអំពីប្រធានបទសង្គ្រាមបដិវត្តន៍បានបង្ហាញនូវទស្សនវិស័យថ្មីថ្មោង ពហុទិដ្ឋភាព មានការទាក់ទាញទាំងផ្នែកកម្សាន្ត និងសិល្បៈ ហើយបានទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករ។
ភាពយន្តអំពីប្រធានបទសង្គ្រាមបដិវត្តន៍មានការទាក់ទាញឡើងវិញ - ảnh 1រូបភាពនៃខ្សែភាពយន្ត “ផ្លូវរូងក្រោមដី៖ព្រះអាទិត្យនៅក្នុងភាពងងឹត”។

ខ្សែភាពយន្ត “ផ្លូវរូងក្រោមដី៖ព្រះអាទិត្យនៅក្នុងភាពងងឹត” របស់អ្នកដឹកនាំរឿង Bui Thac Chuyen ដែលទើបតែត្រូវបានឧទ្ទេសនាមនៅរោងកុន បាននាំមុខគេក្នុងការលក់សំបុត្រជាមួយនឹងការចាក់បញ្ចាំងរាប់ពាន់ដងជារៀងរាល់ថ្ងៃពេញខែមេសា។ ខ្សែភាពយន្តនេះនាំមកជូនទស្សនិកជន ជាពិសេសទស្សនិកជនវ័យក្មេង នូវបទពិសោធន៍ដ៏រស់រវើកនិងបានយល់ច្បាស់លាស់អំពីជីវិត និងការតស៊ូប្រយុទ្ធរបស់បុព្វបុរស ក្នុងអំឡុងឆ្នាំសង្រ្គាមដ៏កាចសាហាវ។ បន្ទាប់ពីទស្សនាខ្សែភាពយន្តនេះ តារាសម្ដែង Thu Quynh បាននិយាយដោយការរំជួលចិត្តថា៖

“នេះជាខ្សែភាពយន្តដែលគួរតែទស្សនា។ ទោះបីជាខ្ញុំបានត្រៀមចិត្តរួចហើយក៏ដោយ ប៉ុន្តែបន្ទាប់ពីទស្សនាជាង ១២០ នាទី ភាពយន្តនេះពិតជានាំមកនូវចំណាប់អារម្មណ៍ពិសេសខ្លាំងណាស់។ ខ្ញុំអាចទទួលយកអារម្មណ៍ថប់ដង្ហើមនៅក្នុងផ្លូវរូងក្រោមដី ហើយអាចឃើញភាពក្លាហានមោះមុតប្រៀបដូចខ្ញុំកំពុងនៅក្នុងផ្លូវរូងក្រោមដីអញ្ចឹង។ នេះគឺជាជោគជ័យរបស់ខ្សែភាពយន្ត។ ស្នាដៃនេះនាំមកជូនទស្សនិកជនមិនត្រឹមតែភាពពិតប្រាកដពីរូបភាពរហូតដល់អារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងបានបំផុសសេចក្ដីស្នេហាជាតិនៅក្នុងយើងម្នាក់ៗទៀតផង»។

ភាពយន្តអំពីប្រធានបទសង្គ្រាមបដិវត្តន៍មានការទាក់ទាញឡើងវិញ - ảnh 2អ្នកដឹកនាំរឿង Bui Thac Chuyen។ (រូបថត៖ VOV)

ខ្សែភាពយន្ត “ផ្លូវរូងក្រោមដី៖ ព្រះអាទិត្យនៅក្នុងភាពងងឹត” បានបង្កើតឡើងវិញនូវជីវភាព និងដំណើរការប្រយុទ្ធរបស់ក្រុមទ័ពឈ្លបដែលការពារ Cu Chi បន្ទាប់ពីការវាយលុករបស់សត្រូវក្នុងឆ្នាំ ១៩៦៧។ ខ្សែភាពយន្តនេះទទួលបានជោគជ័យដោយការវិនិយោគយ៉ាងម៉ត់ចត់និងប្រុងប្រយ័ត្នក្នុងខ្លឹមសារ ការរួមបញ្ចូលគ្នាដ៏ប៉ិនប្រសប់រវាងការដំឡើងកាលៈទេសៈ សំឡេង និងពន្លឺ ដែលនាំមកនូវរូបភាពពិតដូចវីដេអូឯកសារអញ្ចឹង។ ក្នុងរយៈពេល ១២៨ នាទី អ្នកដឹកនាំរឿង Bui Thac Chuyen បានគូរឡើងវិញនូវផ្ទាំងគំនូរនៃការប្រយុទ្ធដ៏កាចសាហាវនៅ Cu Chi ព្រមទាំងពណ៌នាយ៉ាងរស់រវើកអំពីជីវភាពប្រចាំថ្ងៃរបស់យុទ្ធជននៅក្នុងផ្លូវរូងក្រោមដីផងដែរ។ អ្នកដឹកនាំរឿង Bui Thac Chuyen បានឲ្យដឹងថា៖

"ខ្ញុំមានឱកាសសម្ភាសពូៗមីងៗ ដែលធ្លាប់ជាទ័ពឈ្លបប្រតិបត្តិការនៅក្នុងផ្លូវរូងក្រោមដី Cu Chi ហើយរឿងរ៉ាវរបស់ពូមីងធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។ ពីរឿងរ៉ាវទាំងនោះ ខ្ញុំបានរកឃើញការប្រយុទ្ធដ៏ចម្លែកមួយនិងមិនធ្លាប់មានពីមុនមក។ នោះគឺការប្រយុទ្ធរវាងកសិករសាមញ្ញប្រឆាំងនឹងខ្មាំងសត្រូវដ៏ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍។ ប្រជាជាតិតូចមួយ ប៉ុន្តែខ្មាំងសត្រូវ មិនថាខ្លាំងប៉ុណ្ណាក៏ដោយ ក៏មិនអាចវាយបរាជ័យប្រជាជាតិនោះបានឡើយ។ ខ្ញុំបានសរសេររឿងនេះ ក្នុងរយៈពេល ២ ឆ្នាំ។ អ្វីគ្រប់យ៉ាងដែលខ្ញុំបានបង្ហាញក្នុងខ្សែភាពយន្តគឺគ្រាន់តែជាផ្នែកតូចមួយនៃអ្វីដែលខ្ញុំបានស្ដាប់។"

មុននោះ នៅឆ្នាំ ២០២៤ ខ្សែភាពយន្ត "ផ្កាម៉ាកខៃ ហ្វើ និងព្យ៉ាណូ" របស់អ្នកដឹកនាំរឿង Phi Tien Son ស្រាប់តែក្លាយជា "បាតុភូតនៃរោងកុន"។ ខ្សែភាពយន្តនេះឆ្លុះបញ្ចាំងពីប្រធានបទសង្គ្រាមបដិវត្តន៍ តាមទិដ្ឋភាពចម្លែកមួយ ដែលបង្កើតឡើងវិញនូវបរិយាកាសវីរភាព និងមនោរម្យរបស់ប្រជាជនហាណូយក្នុងការប្រយុទ្ធរយៈពេល ៦០ ថ្ងៃទាំងយប់ ចាប់ពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៤៦ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ១៩៤៧។

ភាពយន្តអំពីប្រធានបទសង្គ្រាមបដិវត្តន៍មានការទាក់ទាញឡើងវិញ - ảnh 3ខ្សែភាពយន្ត "ផ្កាម៉ាកខៃ ហ្វើ និងព្យ៉ាណូ" បង្កើតឡើងវិញនូវរូបភាពទីក្រុងហាណូយនៅឆ្នាំ ១៩៤៦-១៩៤៧។

ភាពជោគជ័យនៃខ្សែភាពយន្តដូចជា “ផ្លូវរូងក្រោមដី”, “ផ្កាម៉ាកខៃ ហ្វើនិងព្យ៉ាណូ” បានបង្កើតចំណុចរបត់ដ៏ធំមួយសម្រាប់ភាពយន្តប្រវត្តិសាស្ត្រ និងភាពយន្តសង្រ្គាមបដិវត្តន៍។ ភាពទាក់ទាញនៃខ្សែភាពយន្តទាំងនេះបានបង្ហាញថា ជំនាន់វ័យក្មេងមិនភ្លេចប្រវត្តិសាស្ត្រទេ ហើយប្រធានបទនេះនៅតែទាក់ទាញសាធារណជនជានិច្ច។ អ្នកដឹកនាំរឿង Dao Thanh Hung បានចែករំលែកថា៖

“ប្រការសំខាន់គឺភាពយន្តសង្គ្រាមអាចរីកសាយភាយយ៉ាងខ្លាំងក្លា និងត្រូវបានសាធារណជនទទួលយកយ៉ាងទូលំទូលាយ។ ខ្ញុំគិតថានេះជាចំណុចរបត់មួយដែលធ្វើឱ្យយើងត្រូវក្រឡែកមើលឡើងវិញ។ ទីមួយ ភាពយន្តប្រភេទនេះសមស្របនឹងចំណងចំណូលចិត្តរបស់អ្នកទស្សនា។ ទីពីរគឺឥទ្ធិពលពីប្រព័ន្ធផ្សព្វផ្សាយធ្វើឱ្យទស្សនិកជនសម្រុកទៅរោងកុនដើម្បីទស្សនា ហើយនឹងធ្វើឱ្យផលិតករភាពយន្តសង្គ្រាមបដិវត្តភ្ញាក់រលឹក ព្រោះវាក៏អាចនាំមកនូវចំណូលដ៏ធំផងដែរ។ ខ្ញុំគិតថា ប្រធានបទនេះនឹងមានភាពក្ដៅគគុកជានិច្ច ហើយនឹងបើកផ្លូវសម្រាប់ខ្សែភាពយន្តសង្គ្រាមកាន់តែទាក់ទាញថែមទៀត”។

ថ្វីត្បិតតែសង្គ្រាមបានកន្លងផុតទៅជិតកន្លះសតវត្សហើយក្តី ប៉ុន្តែការចងចាំអំពីសម័យកាលវីរភាពរបស់ប្រទេសជាតិនៅតែត្រូវបានចារឹក ហើយការទាក់ទាញនៃភាពយន្តអំពីសង្គ្រាមបដិវត្តកំពុងត្រូវបានបញ្ជាក់។ ភាពជោគជ័យនៃខ្សែភាពយន្តថ្មីៗនេះ បានបើកទិសដៅដ៏សក្ដានុពលមួយសម្រាប់ភាពយន្តអំពីប្រធានបទសង្គ្រាមបដិវត្តន៍ ហើយប្រភេទភាពយន្តនេះមានពិតជាមានសមត្ថភាពដើម្បីប្រកួតប្រជែងជាមួយនឹងភាពយន្តកម្សាន្តសហសម័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ