រីកសាយភាយវប្បធម៌អានសៀវភៅក្នុងសហគមន៍

(VOVWORLD) - ដើម្បីឲ្យការអានសៀវភៅក្លាយទៅជាទម្លាប់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ បុគ្គល សហគមន៍ និងសហគមន៍ជាច្រើនបានកសាងគំរូលើកទឹកចិត្តការអានសៀវភៅ ជួយឲ្យមនុស្សគ្រប់រូប ជាពិសេសយុវជនទទួលបានចំណេះដឹងដ៏មានតម្លៃពីសៀវភៅ។

រីកសាយភាយវប្បធម៌អានសៀវភៅក្នុងសហគមន៍ - ảnh 1អ្នកគ្រូនិងសិស្សានុសិស្សនៅសាលាបឋមសិក្សា Moc Ly ស្រុក Moc Chau ខេត្ត Son La ជួយជ្រោមជ្រែងទិវាសៀវភៅនិងវប្បធម៌អានសៀវភៅឆ្នាំ២០២៥។

ជួយជ្រោមជ្រែងទិវាសៀវភៅនិងវប្បធម៌អានសៀវភៅឆ្នាំនេះ សាលាបឋមសិក្សា Moc Ly ស្រុក Moc Chau ខេត្ត Son La បានរៀបចំទិវាបុណ្យពិសេសសម្រាប់សិស្សានុសិស្ស ដោយមានសកម្មភាពជាច្រើនដូចជា៖ ការឧទ្ទេសនាមសៀវភៅ ណែនាំសិស្សជ្រើសរើសសៀវភៅសមស្របតាមអាយុរបស់ខ្លួន។ អ្នកគ្រូ Nguyen Thu Thao និងសិស្ស Pham Thuy Duong សាលាបឋមសិក្សា Moc Ly ស្រុក Moc Chau ខេត្ត Son La បាននិយាយថា៖

"សាលារៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសិស្សកសាងនិងរក្សាទម្លាប់នៃការអានសៀវភៅ។ សាលារៀនក៏ចង់ឲ្យវប្បធម៌អានសៀវភៅ រីកសាយភាយដល់សិស្សផងដែរ ដើម្បីជួយឱ្យប្អូនៗយល់ពីតម្លៃនៃសៀវភៅ មានតម្រូវការ គោលបំណងនិងសេចក្ដីប្រាថ្នាចំពោះការអានសៀវភៅ។ ទន្ទឹមនឹងនោះ ប្អូនៗចេះផ្សព្វផ្សាយដល់មនុស្សដទៃ បង្កើតចលនាអានសៀវភៅ និងគោរពតម្លៃដ៏អស្ចារ្យដែលសៀវភៅនាំមកជូន"។

“នៅពេលចូលរួមក្នុងទិវាបុណ្យនៃវប្បធម៌អំណាន រៀបចំដោយសាលា ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងអន្ទៈសារម៉ែនទែន។ នេះជាឱកាសដើម្បីឲ្យខ្ញុំ និងមិត្តភក្តិ អាចរកឃើញសៀវភៅល្អៗ និងមានប្រយោជន៍ជាច្រើន”។

ក្នុងពេលជាមួយគ្នានោះ ដោយមានបំណងចង់ធ្វើចរាចរណ៍សៀវភៅជាបន្តបន្ទាប់ដើម្បីប្រើប្រាស់ឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន មិត្តវ័យក្មេងនៃក្រុម H-H-Book បានអនុវត្តន៍គម្រោងគ្រប់គ្រងវប្បធម៌អានសៀវភៅ H-H-Books។ គម្រោងនេះមានសកម្មភាពស្នូលចំនួនពីរ រួមមាន៖ ការកសាងទូសៀវភៅបណ្ដុះពន្លកក្នុងគោលបំណងនាំយកចំណេះដឹងទៅកាន់តំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន និងការកសាងគំរូបណ្ណាល័យដោយឥតគិតថ្លៃ។ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ មក គម្រោងនេះបានសាងសង់បណ្ណាល័យមួយដែលមានសៀវភៅចំនួន ១០០០ ក្បាល នៅស្រុក Vinh Bao ទីក្រុង Hai Phong។ បណ្ណាល័យមានសៀវភៅជាច្រើនប្រភេទ ចាប់ពីសៀវភៅសិក្សា រឿងនិទានកុមារ រហូតដល់ស្នាដៃអក្សរសាស្ត្រ និងវិទ្យាសាស្ត្រផងដែរ។ បណ្ណាល័យបានក្លាយជាកន្លែងអានសៀវភៅដ៏រាក់ទាក់ ទាក់ទាញប្រជាជនច្រើនមជ្ឈដ្ឋាន។ លោក Tran Huy Hoang ប្រធានក្លឹបអ្នកស្ម័គ្រចិត្តដើម្បីសហគមន៍ Little Hearts ស្ថាបនិកគម្រោងវប្បធម៌អានសៀវភៅ H-H-Books បានឲ្យដឹងថា៖

"គម្រោង H-H-Books ត្រូវបានបង្កើតឡើងដើម្បីរីកសាយភាយវប្បធម៌អាន និងកសាងទម្លាប់អានសៀវភៅយ៉ាងទូលំទូលាយ ក្នុងសហគមន៍ ជាពិសេសឆ្ពោះទៅយុវជន សិស្សានុសិស្ស និងនិស្សិត។ H-H-Books ក៏មានបំណងចង់កសាងសហគមន៍នៃអ្នកស្រឡាញ់សៀវភៅ ដើម្បីចែករំលែកចំណង់ចំណូលចិត្ត ប្រាស្រ័យគ្នា និងអភិវឌ្ឍន៍វប្បធម៌អានផងដែរ។ ពីនោះ យើងនឹងកសាងប្រព័ន្ធអេកូឡូស៊ីអានសៀវភៅប្រកបដោយនិរន្តរភាព បង្កើតបរិយាកាសអានសៀវភៅដ៏អំណោយផល យូរអង្វែង ហើយរួមចំណែកបង្កើតសហគមន៍ដែលស្រឡាញ់អានសៀវភៅ និងមានការយល់ដឹងយ៉ាងច្បាស់អំពីសារសំខាន់នៃចំណេះដឹង”។

រីកសាយភាយវប្បធម៌អានសៀវភៅក្នុងសហគមន៍ - ảnh 2ទិវាសៀវភៅនិងវប្បធម៌អានសៀវភៅ រួមចំណែកផ្សព្វផ្សាយចំណេះដឹង និងកសាងបរិយាកាសអានសៀវភៅក្នុងសង្គម។ (រូបភាព៖ VOV)

វប្បធម៌អានសៀវភៅ មិនត្រឹមតែឈប់ទ្រឹងត្រឹមតែសៀវភៅក្រដាសប៉ុណ្ណោះទេ ថែមទាំងបានអភិវឌ្ឍន៍ទៅជាការអានក្រោមទម្រង់ឌីជីថលទៀតផង ដើម្បីតាមទាន់និន្នាការនៃសម័យកាល។ ដោយមានបំណងចង់លើកទឹកចិត្តសហគមន៍រក្សាទម្លាប់អានសៀវភៅ ៣០ នាទីក្នុងមួយថ្ងៃ អ្នកស្រី Nguyen Thi Thuy Chung នៅទីក្រុងហូជីមិញ បានចំណាយពេលវេលាជាច្រើនលើការស្វែងរកសៀវភៅស្តីពីហិរញ្ញវត្ថុ និងការអភិវឌ្ឍខ្លួនឯង ដើម្បីឧទ្ទេសនាម និងចែករំលែកជាមួយអ្នកដទៃ នៅលើវេទិកា Zoom នាវេលាម៉ោង ៦ និង ៣០នាទីព្រឹក ថ្ងៃចន្ទ ពុធ និងសុក្រជារៀងរាល់សប្ដាហ៍។ ដំបូងឡើយ មានមនុស្សចូលរួមតិចតួចប៉ុណ្ណោះ ប៉ុន្តែអ្នកស្រី Thuy Chung មិនមានអារម្មណ៍បាក់ទឹកចិត្តទេ តែបន្តខិតខំព្យាយាមកសាងសហគមន៍ឲ្យបង្កើនបរិមាណជាបណ្ដើរៗ រហូតដល់ជិតមួយរយនាក់។ តាមរយៈវគ្គអានសៀវភៅបែបនេះ អ្នកស្រឡាញ់សៀវភៅបានក្លាយជាមិត្តភក្តិ ដែលតភ្ជាប់គ្នាតាមរយៈមេរៀនដែលបានផ្ទុកនៅក្នុងសៀវភៅនីមួយៗ។ អ្នកស្រី Nguyen Thi Thuy Chung ស្ថាបនិកសហគមន៍អានសៀវភៅសុភមង្គល-វិបុលភាព បានឲ្យដឹងថា៖

"Thuy Chung តែងតែចាប់អារម្មណ៍នឹងប្រការមួយ នោះគឺបំណងចង់អានសៀវភៅរយៈពេល ៣០ នាទីជារៀងរាល់ថ្ងៃរបស់មនុស្សជោគជ័យ។ ការអានសៀវភៅមិនត្រឹមតែជួយឲ្យយើងមានប្រភពពត៌មានដ៏សម្បូរបែបអំពីប្រធានបទដែលយើងចង់ស្វែងយល់ប៉ុណ្ណោះទេ ថែមទាំងរក្សាបាននូវទម្លាប់អានជាប្រចាំទៀតផង។ ការអានសៀវភៅក៏ជួយឱ្យយើងមានរបៀបត្រិះរិះល្អផងដែរ។ ដោយសារការអភិវឌ្ឍនៃអ៊ីនធឺណិតនាពេលបច្ចុប្បន្ននេះ ការអានសៀវភៅតាមរយៈវេទិកា zoom គឺជាមធ្យោបាយដ៏សាមញ្ញមួយសម្រាប់មនុស្សណាម្នាក់ នៅក្នុងសហគមន៍ណាមួយ កន្លែងណាមួយ ប្រទេសណាមួយសុទ្ធតែអាចចូលប្រើ Zoom ដើម្បីស្តាប់សៀវភៅបាន”។

ប្រសិនបើអ្នកអាចកសាងបាននូវចំណង់ចំណូលចិត្ត ភាពរីករាយចំពោះការស្វែងយល់ពិភពសៀវភៅចម្រុះពណ៌ នៅពេលនោះវប្បធម៌អានសៀវភៅនឹងអភិវឌ្ឍន៍យ៉ាងទូលំទូលាយ។ នៅពេលត្រឡប់ទំព័រសៀវភៅនីមួយៗ ឬចូលទៅកាន់កម្មវិធីដើម្បីតភ្ជាប់ជាមួយសៀវភៅ មនុស្សម្នាក់ៗបានជួយឲ្យតម្លៃនៃសៀវភៅកាន់តែរីកសាយភាយថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ