សិប្បកម្មបោះពុម្ភគំនូរប្រជាប្រិយ Dong Ho ខិតទៅជិតបេតិកភណ្ឌរបស់មនុស្សជាតិ

(VOVWORLD) - គំនូរប្រជាប្រិយ Dong Ho កំពុងធ្វើដំណើរដ៏វែងឆ្ងាយមួយពីភូមិស្រុក ដែលបានផ្ដល់កំណើតដល់ប្រភេទគំនូរនេះ ទៅកាន់ទីស្នាក់ការរបស់ UNESCO នៅប្រទេសបារាំង ដើម្បីឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីសិប្បកម្មបោះពុម្ពគំនូរពិសេសរបស់វៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយ ការសម្ដែង និងការធ្វើចលនាដើម្បីឲ្យ “សិប្បកម្មគំនូរប្រជាប្រិយ Dong Ho” ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការ ការពារជាបន្ទាន់។

សិប្បកម្មបោះពុម្ភគំនូរប្រជាប្រិយ Dong Ho ខិតទៅជិតបេតិកភណ្ឌរបស់មនុស្សជាតិ - ảnh 1គំនូរប្រជាប្រិយ Dong Ho។ (រូបថត៖ VOV)

នាថ្ងៃទី ៧ មេសា សិល្បករឆ្នើម Nguyen Dang Tam បានរៀបចំការឧទ្ទេសនាមអំពីគំនូរប្រជាប្រិយ Dong Ho នៅទីស្នាក់ការកណ្តាលនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុងប៉ារីស ប្រទេសបារាំង។

“ទីមួយ យើងខ្ញុំបានតាំងបង្ហាញគំនូរ Dong Ho។ ទីពីរ ការសម្ដែងសិល្បៈបោះពុម្ពគំនូរ Dong Ho និងណែនាំដល់លោកអ្នកអំពីរបៀបគូរ រួមទាំងពណ៌ សម្ភារៈ និងរបស់ជាច្រើនទៀត”។

យោងតាមសិប្បករ Nguyen Dang Tam លំហតាំងពិព័រណ៌ថ្វីត្បិតតែមានទំហំប្រហែល ១២ ម៉ែត្រការ៉េក៏ដោយ ប៉ុន្តែនៅទីនោះផ្ទុកនូវវប្បធម៌ប្រជាប្រិយដ៏វិសេសវិសាល ដែលត្រូវបានថែរក្សា និងបន្សល់ទុកដោយប្រជាជនវៀតណាមជាច្រើនជំនាន់មកហើយ។ ផ្ទាំងគំនូរ ដែលត្រូវបានជ្រើសរើសយ៉ាងហ្មត់ចត់ ដូចជាសៀវភៅកត់ត្រាដោយរូបភាពមួយប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ដែលណែនាំដល់មិត្តភក្តិអន្តរជាតិអំពីជីវភាពរស់នៅខាងស្មារតីដ៏សម្បូរបែប និងចម្រុះនៃភូមិស្រុកក្នុងអតីតកាល។

“ខ្ញុំគិតថា វាអាចជួយឲ្យសមាជិករបស់ UNESCO ស្គាល់ដល់ភាពស្រស់ស្អាតនៃគំនូរ Dong Ho។ អ្នកដែលកំពុងថែរក្សាសិប្បកម្មនេះ សង្ឃឹមតែថា UNESCO នឹងទទួលស្គាល់សិប្បកម្មនេះជាបេតិកភណ្ឌ”។

សិប្បកម្មបោះពុម្ភគំនូរប្រជាប្រិយ Dong Ho ខិតទៅជិតបេតិកភណ្ឌរបស់មនុស្សជាតិ - ảnh 2សិប្បករ Nguyen Dang Tam ណែនាំអំពីគំនូរ Dong Ho ក្នុងព្រឹត្តិការណ៍ “ទិវាវៀតណាមនៅបារាំងឆ្នាំ ២០២៣”។

គំនូរ Dong Ho មានសាច់រឿងនិងខ្លឹមសារជាក់លាក់ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពនានានៃជនបទ។ សិប្បករបុរាណបានប្រើប្រាស់បន្ទះក្ដារ និងថ្នាំលាបដើម្បីកត់ត្រាដោយរូបភាព មិនត្រឹមតែជីវភាពសាមញ្ញជាមួយនឹងសកម្មភាពនិងការកម្សាន្តប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានផ្ដែផ្ដាំសារជាច្រើន តម្លៃអំពីសុចរិតភាព ក្ដីមេត្តា និងសោភណ្ឌភាព ក៏ដូចជាបំណងប្រាថ្នាសម្រាប់ជីវភាពដ៏សុខសាន្ត និងសុភមង្គលផងដែរ។ សិប្បការិនីឆ្នើម Nguyen Thi Oanh នៅភូមិគំនូរ Dong Ho ទីរួមខេត្ត Thuan Thanh ខេត្ត Bac Ninh បានឲ្យដឹងថា៖

"គំនូរ Dong Ho មានលក្ខណៈពិសេសចំនួនពីរ។ លក្ខណៈពិសេសទីមួយគឺគំនូរត្រូវបានធ្វើដោយដៃទាំងស្រុង។ លក្ខណៈពិសេសទីពីរគឺពណ៌ត្រូវបានធ្វើពីវត្ថុធាតុដើមធម្មជាតិ។ ផ្ទាំងគំនូរនីមួយៗពណ៌នាពីជីវភាពរស់នៅប្រចាំថ្ងៃដ៏សាមញ្ញរបស់មនុស្ស ដែលទាក់ទងនឹងប្រធានបទជាច្រើនដូចជាការអបអរសាទរ ប្រធានបទប្រវត្តិសាស្ត្រ ប្រធានបទខាងវិញ្ញាណ និងប្រធានបទរិះគន់សង្គម។ ដូនតាយើងពីមុន ត្រឹមតែទិញគំនូរ Dong Ho មកព្យួរនៅក្នុងប៉ុន្មានថ្ងៃបុណ្យតេតដើម្បីបួងសួងសុំសេចក្ដីសុខប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃនេះ ភ្ញៀវទេសចរបានទិញគំនូរ Dong Ho ពេញមួយឆ្នាំ។”

សិប្បកម្មបោះពុម្ភគំនូរប្រជាប្រិយ Dong Ho ខិតទៅជិតបេតិកភណ្ឌរបស់មនុស្សជាតិ - ảnh 3សិប្បការិនីឆ្នើម Nguyen Thi Oanh។ (រូបថត៖ VNP)

បច្ចុប្បន្ននេះ ភូមិគំនូរ Dong Ho មានគ្រួសារតែបីប៉ុណ្ណោះ ក្នុងចំណោមវង្សត្រកូលចំនួនពីរ ដែលនៅតែប្រកបមុខរបរនេះ។ នៅទីនេះ កំពុងខ្វះខាតមនុស្សវ័យក្មេងដែលអាចកត់ត្រា និងយល់អំពីរឿងបុរាណពីរាប់រយឆ្នាំមុន ដែលត្រូវបានបង្ហាញនៅលើប្រភេទគំនូរនេះ។ ប្រឈមមុខនឹងការលំបាកទាំងនេះ សិប្បករឆ្នើម Nguyen Huu Qua នៅភូមិគំនូរ Dong Ho ទីរួមខេត្ត Thuan Thanh ខេត្ត Bac Ninh បានឲ្យដឹងថា៖

“ដោយសារការលំបាកទាំងនេះ ខ្ញុំគិតថា ចាំបាច់ត្រូវការពារបេតិកភណ្ឌនៃរបរធ្វើគំនូរ Dong Ho ជាបន្ទាន់។ ប្រសិនបើគំនូរ Dong Ho ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីត្រូវការការពារជាបន្ទាន់ទាំងនោះ ខ្ញុំគិតថានេះជាបញ្ហាចាំបាច់ណាស់។ ក្នុងការបំពេញសំណុំឯកសារនោះ ក៏មានការចូលរួមចំណែកពីសិប្បករនិយាយរួម និងរូបខ្ញុំផ្ទាល់និយាយដោយឡែក ដូច្នេះយើងមានមូលដ្ឋានវិទ្យាសាស្ត្រគ្រប់គ្រាន់នៅពេលរាយការណ៍ជូនក្រុមប្រឹក្សា។ ប្រសិនបើ សិប្បកម្មធ្វើគំនូរ Dong Ho ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវការការពារជាបន្ទាន់ វានឹងជារឿងល្អណាស់”។

ក្នុងអំឡុងពេលរង់ចាំការទទួលស្គាល់ បណ្ដាសិប្បករនៅតែខិតខំព្យាយាមដោយឥតឈប់ឈរដើម្បីស្វែងរកវិធីអភិរក្សនិងផ្សព្វផ្សាយសិប្បកម្មធ្វើគំនូរ Dong Ho នៃទឹកដី Kinh Bac។ សិប្បករ Nguyen Huu Hoa នៅភូមិគំនូរ Dong Ho ខេត្ត Bac Ninh បានឲ្យដឹងថា៖

“ប្រសិនបើសិប្បកម្មធ្វើគំនូរ Dong Ho ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូនោះ វានឹងជាឱកាសដើម្បីបន្តអភិរក្ស និងលើកកំពស់តម្លៃនៃសិប្បកម្មនេះ។ នេះក៏ជាឱកាសសម្រាប់គ្រប់ថ្នាក់ និងគ្រប់ផ្នែកពីមជ្ឈិមដល់មូលដ្ឋាន យកចិត្តទុកដាក់បន្ថែមទៀតដល់សិប្បកម្មធ្វើគំនូរ ហើយមានដំណោះស្រាយ និងគោលនយោបាយជាច្រើនដើម្បីអភិរក្ស និងអភិវឌ្ឍន៍។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក សិប្បករនៅភូមិគំនូរ Dong Ho បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង រួមជាមួយស្ថាប័នគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែក ដើម្បីអភិរក្សនិងពង្រីកតម្លៃនៃសិប្បកម្មធ្វើគំនូរប្រជាប្រិយ Dong Ho នៃស្រុកកំណើតយើង”។

គំនូរ Dong Ho កំពុងត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោក ហើយសង្ឃឹមថា ថ្ងៃណាមួយនឹងក្លាយជាបេតិកភណ្ឌរបស់មនុស្សជាតិ។ ពីនោះ ភូមិគំនូរនេះនឹងមានភាពអ៊ូអរឡើងវិញដោយបរិយាកាសនៃការច្នៃប្រឌិត ហើយផ្ទាំងគំនូរដែលបង្កប់នូវពណ៌ជនជាតិនោះ នឹងចែងចាំងពន្លឺរស្មីជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ