សៀវភៅ “ទិនានុលេខន៍ក្នុងពន្ធនាគារជាភាសាបរទេស” រីកសាយភាយភាពអស្ចារ្យរបស់លោកប្រធានហូជីមិញ
(VOVWORLD) - ក្នុងបេតិកភណ្ឌវប្បធម៌ខាងស្មារតីដែលលោកប្រធានហូជីមិញបានបន្សល់ទុកមក និងត្រូវបានទទួលស្គាល់ជារតនៈសម្បត្តិជាតិរបស់វៀតណាមនោះ ទិនានុលេខន៍គឺជាបេតិកភណ្ឌដ៏ពិសេសបំផុត។ រហូតមកដល់បច្ចុប្បន្ន រួមជាមួយរឿងនិទាននាង Kieu របស់អ្នកនិពន្ធ Nguyen Du នោះ ទិនានុលេខន៍ក្នុងពន្ធនាគារ គឺជាស្នាដៃអក្សរសាស្ត្រវៀតណាមដែលត្រូវបានបកប្រែជាភាសាបរទេសច្រើនបំផុត។ ថ្មីៗនេះ សៀវភៅ "ទិនានុលេខន៍ក្នុងពន្ធនាគារជាភាសាបរទេស" ដែលប្រមូលនិងឧទ្ទេសនាមដោយភាសាវិទូ អ្នកបកប្រែ លោកបណ្ឌិត Vo Xuan Que (បច្ចុប្បន្នកំពុងរស់នៅ និងធ្វើការនៅប្រទេសហ្វាំងឡង់) ត្រូវបានបង្ហាញមុខអ្នកអានវៀតណាម។
លោកបណ្ឌិត Vo Xuan Que និងស្នាដៃ "ទិនានុលេខន៍ក្នុងពន្ធនាគារជាភាសាបរទេស"។ |
សៀវភៅ "ទិនានុលេខន៍ក្នុងពន្ធនាគារជាភាសាបរទេស" របស់អ្នកនិពន្ធ Vo Xuan Que គឺជាស្នាដៃដ៏មានអត្ថន័យពិសេស ដោយសារវាបានប្រមូលចំនួនកំណែបកប្រែច្រើនបំផុតនៃសៀវភៅទិនានុលេខន៍ក្នុងពន្ធនាគាររបស់លោកប្រធានហូជីមិញ ដែលមិនធ្លាប់មានពីមុនមក៖ រួមមានកំណែបកប្រែចំនួន ៦២ ជាភាសាចំនួន ៣៧ របស់អ្នកបកប្រែ ៧៩ នាក់។ ក្នុងចំណោមនោះ មានកំណែបកប្រែចំនួន ១៥ ដែលមិនទាន់ត្រូវបានស្គាល់ និងឧទ្ទេសនាមនៅប្រទេសវៀតណាម។
អ្នកស្រាវជ្រាវ Vo Xuan Que បានទំនាក់ទំនងជាមួយអ្នកបកប្រែដែលនៅ រស់មួយចំនួន ដើម្បីស្វែងយល់បន្ថែមអំពីអ្នកបកប្រែ និងការបកប្រែរបស់ពួកគេ៖ ភាសា Bengali (ឥណ្ឌា និងបង់ក្លាដែស) ភាសា Sinhali (ស្រីលង្កា) ឬភាសា Malayalam (ឥណ្ឌា)។ លើសពីនេះ អ្នកនិពន្ធរូបនេះក៏បានធ្វើដំណើរទៅកាន់កន្លែងខ្លះនៅប្រទេសហ្វាំងឡង់ ស៊ុយអែត និងដាណឺម៉ាក ដើម្បីស្វែងយល់អំពីអ្នកនិពន្ធ និងកំណែបកប្រែរបស់ពួកគេផងដែរ។ អ្នកនិពន្ធ អ្នកស្រាវជ្រាវ Vo Xuan Que បានចែករំលែកថា៖
“ពីការប្រមូលកំណែបកប្រែទាំងនេះ យើងនឹងយល់ពីមូលហេតុដែលអ្នកបកប្រែបរទេសជ្រើសរើសបកប្រែស្នាដៃនេះទៅជាភាសារបស់ពួកគេ។ អញ្ចឹងយល់ថា តើអ្នកអាននៅបរទេសមានអារម្មណ៍ចំពោះសៀវភៅនេះយ៉ាងដូចម្ដ៉េច? តាមរយៈឯកសារដែលខ្ញុំបានអាន ពួកគេវាយតម្លៃខ្ពស់ចំពោះលោកប្រធានហូជីមិញក្នុងនាមជាសិល្បៈករម្នាក់។ ពួកគេបានបកប្រែដោយសារតែពួកគេមានអារម្មណ៍ថា វាគួរឱ្យចាប់អារម្មណ៍ និងខុសប្លែកពីអ្វីដែលពួកគេបានដឹងអំពីលោកប្រធានហូជីមិញក្នុងនាមជាអគ្គមគ្គុទេសកុម្មុយនិស្ត ឬជនបដិវត្តន៍ម្នាក់”។
សៀវភៅ ទិនានុលេខន៍ក្នុងពន្ធនាគារ ជាភាសា Basque។ |
យោងតាមអ្នកនិពន្ធ អ្នកស្រាវជ្រាវ លោក Vo Xuan Que បានឲ្យដឹងថាទិនានុលេខន៍ក្នុងពន្ធនាគាររបស់លោកប្រធានហូជីមិញ គឺជា "ស្នាដៃអក្សរសាស្ត្រដែលមានតម្លៃពិសេសទាក់ទងនឹងខ្លឹមសារមនោគមវិជ្ជា និងសិល្បៈ ព្រមទាំងជា "ជីវពណ៌នា" មួយដ៏រស់រវើក ដែលជួយឱ្យអ្នកអានយល់កាន់តែច្បាស់អំពីជនបដិវត្តន៍ និងសិល្បៈករហូជីមិញ។ ទោះជាយ៉ាងណាក៏ដោយ ដូចជារឿងនិទាន Kieu ដែរ តើទិនានុលេខន៍ត្រូវបានបកប្រែជាភាសាប៉ុន្មាន និងបោះពុម្ពផ្សាយនៅប្រទេសប៉ុន្មាន មិនទាន់ត្រូវបានដឹងច្បាស់នៅឡើយ។ នេះក៏ជាហេតុផលដែលអ្នកបកប្រែ Vo Xuan Que ចាប់ផ្តើមស្វែងយល់អំពីកំណែបកប្រែជាភាសាបរទេសនៃ ទិនានុលេខន៍ក្នុងពន្ធនាគារ។
“លើកមួយខ្ញុំបានទៅសារមន្ទីរហូជីមិញ នៅកន្លែងតាំងបង្ហាញវត្ថុអនុស្សាវរីយ៍របស់លោកប្រធានហូជីមិញ ខ្ញុំត្រឹមតែឃើញសៀវភៅ ទិនានុលេខន៍ក្នុងពន្ធនាគារមួយចំនួនក្បាល ដែលត្រូវបានថតរូបប៉ុណ្ណោះ ដោយមិនមានភាសាអឺរ៉ុបខាងជើងណាមួយឡើយ។ ខ្ញុំបានទាក់ទងជាមួយនឹងបណ្ណាល័យសាកលវិទ្យាល័យ និងបណ្ណាល័យជាតិនៃប្រទេសស៊ុយអែត ន័រវេស និងដាណឺម៉ាក ហើយបានចាប់ផ្តើមប្រមូលកំណែបកប្រែទាំងនោះ។ ខ្ញុំបានឧទ្ទេសនាមកំណែបកប្រែទាំងនោះនៅលើកាសែតវៀតណាម។ ហើយខ្ញុំបានសម្រេចចិត្តពង្រីកបន្ថែមទៀត និងចាប់ផ្តើមប្រមូល ដើម្បីមានភាពសក្ដិសមនឹងឋានៈរបស់ស្នាដៃទិនានុលេខន៍ក្នុងពន្ធនាគារ”។
ផែនទីដែលលោកបណ្ឌិត Vo Xuan Que សម្គាល់ប្រទេសដែលបានបោះពុម្ពសៀវភៅ ទិនានុលេខន៍ក្នុងពន្ធនាគាររបស់លោកប្រធានហូជីមិញ។ |
ប្រសិនបើប្រៀបធៀបនឹងការស្រាវជ្រាវមុនៗ សៀវភៅមានតម្លៃលេចធ្លោនានា ដោយសារវាត្រឹមតែប្រមូល និងឧទ្ទេសនាមកំណែបកប្រែជាភាសាបរទេសប៉ុណ្ណោះ (មិនរាប់បញ្ចូលកំណែបកប្រែជាភាសា Quoc Ngu និងភាសា Thai នៅវៀតណាម ក៏ដូចជាកំណែដើមជាអក្សរ Han ដែលបានបោះពុម្ពនៅក្នុងប្រទេសចិន)។ ក្នុងសៀវភៅនេះ ក៏មានព័ត៌មានចាំបាច់អំពីកំណែបកប្រែ ការកែតម្រូវ និងការបំពេញបន្ថែមចំពោះព័ត៌មានមិនត្រឹមត្រូវមួយចំនួននៃស្នាដៃមុនៗផងដែរ។ ឧត្តមសេនីយ៍ត្រី អ្នកអក្សរសាស្ត្រ Nguyen Hong Thai បានឲ្យដឹងថា៖
“សៀវភៅនេះជាស្នាដៃពេញមួយជីវិតរបស់លោកបណ្ឌិត Vo Xuan Que។ ភាពប្រុងប្រយ័ត្ននិងហ្មត់ចត់របស់បណ្ឌិត Vo Xuan Que បានបង្កើតឡើងស្នាដៃដ៏ល្អិតល្អន់និងគ្រប់គ្រាន់បំផុត អំពីការបកប្រែសៀវភៅទិនានុលេខន៍ក្នុងពន្ធនាគារនៅក្នុងប្រទេសផ្សេងៗ។ លោក Vo Xuan Que ធ្លាប់បានស្នើថា រដ្ឋវៀតណាមគួរតែបង្ហាញការដឹងគុណចំពោះអ្នកនិពន្ធជុំវិញពិភពលោក ដែលបានបកប្រែ ទិនានុលេខន៍ក្នុងពន្ធនាគារ។ ខ្ញុំគិតថានោះជាយោបល់ដ៏មានតម្លៃ។ សង្ឃឹមថា សៀវភៅនេះនឹងជួយឱ្យយើងយល់កាន់តែស៊ីជម្រៅអំពីភាពអស្ចារ្យរបស់លោកប្រធានហូជីមិញ ដែលជាឥស្សរជនវប្បធម៌ដ៏ឆ្នើមបំផុតរបស់មនុស្សជាតិ”។
ទន្ទឹមនឹងសៀវភៅនេះ ពីឯកសារដែលប្រមូលបាន អ្នកស្រាវជ្រាវ Vo Xuan Que រហូតមកដល់ពេលនេះ បានបោះពុម្ពអត្ថបទសរសេរចំនួន ១៥ នៅកលើកាសែត និងទស្សនាវដ្តី ស្ដីអំពីកំណែបកប្រែនៃ ទិនានុលេខន៍ក្នុងពន្ធនាគារ ក៏ដូចជាអ្នកបកប្រែផងដែរ។ ជាពិសេស ព័ត៌មានពីសៀវភៅបានបង្ហាញថា ជាលើកដំបូងដែលអ្នកនិពន្ធបានប្រមូល និងឧទ្ទេសនាមបទភ្លេងមួយចំនួនដែលសិល្បករអន្តរជាតិបានអនុវត្តន៍ពីកំណែបកប្រែនៃ ទិនានុលេខន៍ក្នុងពន្ធនាគារ រួមទាំងបទភ្លេងរបស់តន្ត្រីករអង់គ្លេសផងដែរ៕