សំឡេងច្រៀង Then ដ៏ពិរោះរណ្ដំរបស់ជនជាតិ Tay នៅ Khanh Xuan
(VOVWORLD) - ការច្រៀង Then (ថែន) គឺជាទម្រង់សំដែងប្រជាប្រិយដ៏វិសេសវិសាលរបស់ជនជាតិ Tay និង Nung នៅខេត្តភាគឦសានមួយចំនួនដូចជា Lang Son, Cao Bang... ជនជាតិ Tay នៅឃុំ Khanh Xuan ស្រុក Loc Binh ខេត្ត Lang Son កំពុងខិតខំប្រឹងប្រែងស្តារ អភិរក្ស និងពង្រីកតម្លៃនៃការច្រៀង then តាមរយៈសកម្មភាពជាច្រើន។
សុភមង្គលរបស់លោក Luu Thien Tuan គឺបានឈរនៅលើឆាក និងច្រៀង then ដែលសិល្បៈសម្តែងដ៏វិសេសវិសាលរបស់ជនជាតិខ្លួន។ លោក Luu Thien Tuan បានរៀនច្រៀង then កាលនៅមានអាយុ ១៤ ឆ្នាំមក។ ក្រៅពីរៀនពីម្តាយ លោក Tuan ក៏ទៅកាន់កន្លែងជាច្រើន ទស្សនាការសម្តែងនិងជួបជាមួយសិប្បករជាច្រើន ដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកទេស និងបទចម្រៀង then ផងដែរ។ ក្រោយមក នៅពេលដែលក្លឹបបច្រៀង Then នៃឃុំ Khanh Xuan ស្រុក Loc Binh ខេត្ត Lang Son ត្រូវបានបង្កើតឡើង លោក Luu Thien Tuan មានបរិយាកាសល្អដើម្បីរៀនសូត្រ ហាត់ពត់លត់ដំខ្លួនឯង និងបំផុសគំនិតដល់ជំនាន់វ័យក្មេង៖
"ខ្ញុំសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលខ្ញុំអាចច្រៀងចម្រៀងរបស់ជនជាតិខ្លួន។ នោះគឺជាការជក់ចិត្ត និងសេចក្តីស្រឡាញ់របស់ខ្ញុំ ព្រោះខ្ញុំគិតថា ការច្រៀង then របស់ជនជាតិខ្លួន បង្កប់នូវអត្តសញ្ញាណខ្លាំងណាស់"។
កាលពីមុន នៅឃុំ Khanh Xuan មានមនុស្សមិនសូវច្រើន ដែលស្រឡាញ់ការច្រៀង then ហើយរកវិធីរៀនច្រៀងដោយខ្លួនឯងដូចលោក Luu Thien Tuan នោះទេ។ មានព្រឹទ្ធាចារ្យប៉ុន្មាននាក់ប៉ុណ្ណោះដែលចេះច្រៀង then ហើយសម្តែងតែក្នុងឱកាសពិសេសមួយចំនួនរបស់ភូមិឃុំប៉ុណ្ណោះ។
ជនជាតិ Tay នៅឃុំ Khanh Xuan ស្រុក Loc Binh ខេត្ត Lang Son កំពុងខិតខំប្រឹងប្រែងស្តារ អភិរក្ស និងផ្សព្វផ្សាយតម្លៃនៃការច្រៀង then។ (រូបថត៖ ផ្តល់ដោយតួអក្សរ) |
បីយប់ជារៀងរាល់សប្តាហ៍ បងប្អូននារីជិត ៤០ នាក់នៅឃុំ Khanh Xuan តែងតែប្រមូលផ្តុំគ្នានៅក្លឹបច្រៀង Then និងលេងចាប៉ី Tinh របស់ឃុំដើម្បីហាត់ច្រៀង then។ នៅពេលដែលក្លិបនេះត្រូវបានបង្កើតឡើងកាលពី៣ឆ្នាំមុន (ក្នុងឆ្នាំ២០២២) បងប្អូននារីត្រូវបានសិល្បករល្បីៗបង្រៀនពីការច្រៀង then យ៉ាងល្អិតល្អន់។ ដំបូងឡើយ ការរៀនសូត្រគឺពិបាកបន្តិច ប៉ុន្តែពេលដែលយល់កាន់តែច្រើនអំពីការច្រៀង then ក៏ដូចជាអត្ថន័យដ៏ជ្រាលជ្រៅដែលបានបង្កប់ក្នុងទំនុកច្រៀងនោះ បងប្អូននារី កាន់តែស្រឡាញ់និងជក់ចិត្តនឹងទម្រង់សម្តែងដ៏វិសេសវិសាលរបស់ជនជាតិខ្លួន។ លោកស្រី Hoang Thi Nhung ស្ថាបនិកក្លឹបបានចែករំលែកថា៖
“រូបខ្ញុំផ្ទាល់ ក៏ដូចជាបងប្អូននារីនៅក្នុងក្លឹបច្រៀងThen និងលេងចាប៉ី Tinh នៃឃុំ Khanh Xuan មានកិត្តិយស និងមោទនៈភាពណាស់ដែលបានចូលរួមក្នុងក្រុមអភិរក្សលក្ខណៈវប្បធម៌ប្រជាប្រិយរបស់ជនជាតិខ្លួន។ យើងខ្ញុំខិតខំព្យាយាមសិក្សា សន្សំបទពិសោធន៍ ដើម្បីបន្តអភិវឌ្ឍន៍ និងគាំទ្រដល់បងប្អូននារីដែលស្រឡាញ់ការច្រៀង then ដូចពួកយើង។ យើងខ្ញុំនឹងចែករំលែកបទពិសោធន៍ ហើយផ្សព្វផ្សាយការច្រៀង then នេះឲ្យរីកសាយភាយកាន់តែទូលំទូលាយថែមទៀត”។
ការសម្តែងរបស់ក្លឹបច្រៀង then ឃុំ Khanh Xuan។ រូបថត៖ ផ្តល់ដោយតួអក្សរ |
បងប្អូននារីឧស្សាហ៍ព្យាយាមពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីរៀនច្រៀងឲ្យបានស្ទាត់ជំនាញទាំងបទចម្រៀង then បុរាណនិងទំនើប ហើយចេញលុយទិញចាប៉ី Tinh ពីខេត្ត Cao Bang ទៀតផង។ លោកស្រី Ma Thi Be បានឲ្យដឹងថា៖
“ខ្ញុំចូលរួមក្លឹបនេះគឺមួយផ្នែកដោយសារតែចំណង់ចំណូលចិត្តរបស់ខ្ញុំ ហើយទន្ទឹមនឹងនោះខ្ញុំចង់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Tay ផងដែរ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយម៉ែនទែន នៅពេលដែលខ្ញុំបានច្រៀងបទចម្រៀងរបស់ជនជាតិខ្លួន”។
គ្រាន់តែជាទស្សនិកជនស្តាប់ការច្រៀង then ពេលខ្លះៗប៉ុណ្ណោះ បងប្អូននារីជាច្រើននៅក្នុងឃុំ Khanh Xuan សព្វថ្ងៃនេះ បានក្លាយជាសិល្បករដែលឈរសម្ដែងនៅលើឆាកប្រកបដោយទំនុកចិត្ត។ ជាមធ្យម ក្លឹបចូលរួមសម្ដែងប្រហែល២០ដងក្នុងមួយឆ្នាំនៅទាំងក្នុងនិងក្រៅស្រុក។ នៅឆ្នាំ២០២២ ក្លឹបច្រៀង then លេងចាប៉ី tinh ឃុំ Khanh Xuan ត្រូវបានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត រៀបចំថ្នាក់បង្រៀនការច្រៀង Then លេងចាប៉ី Tinh ដើម្បីឱ្យបងប្អូននារីមានបច្ចេកទេសល្អ និងសម្តែងកាន់តែមានទំនុកចិត្ត។ បច្ចុប្បន្ននេះ សមាជិកក្លឹបកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការបំផុសសេចក្ដីស្រឡាញ់ចំពោះការច្រៀង Then ទៅកាន់យុវជន ដោយចាត់ទុកនេះជាកម្លាំងស្នូលដើម្បីអភិរក្ស និងផ្សព្វផ្សាយតម្លៃនៃការច្រៀង Then ជារៀងរហូត។ លោក Luu Thien Tuan បានឲ្យដឹងថា៖
«ក្មេងៗនៅក្នុងភូមិឃុំ ប្រសិនបើស្រឡាញ់ការច្រៀង Then អាចចូលរួមនិងទៅទស្សនា ដើម្បីដឹងថាឪពុក ពូ ឬបងប្អូនរបស់ពួកគាត់ ច្រៀងយ៉ាងដូចម្ដ៉េច ហើយបន្តិចម្ដងៗប្អូនៗនឹងស៊ាំហើយបង្កើតជាទម្លាប់»។
ជនជាតិ Tay នៅឃុំ Khanh Xuan មានក្លឹបមួយដើម្បីថែរក្សាការជក់ចិត្តនិងហាត់ច្រៀង then ជាមួយគ្នា។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត មនុស្សម្នាក់ៗតែងតែដឹងខ្លួន ហើយខិតខំមានគំនិតផ្តួចផ្តើម និងវិធីជាច្រើនដើម្បីផ្សព្វផ្សាយតម្លៃនៃការច្រៀង Then ព្រមទាំងធ្វើឲ្យទម្រង់សម្ដែងនេះមានការរីកសាយភាយកាន់តែទូលំទូលាយ តាមនោះឧទ្ទេសនាមអំពីសម្រស់នៃដួងព្រលឹងរបស់បងប្អូនជនជាតិ Tay៕