Con Dao - ដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ ចំកណ្តាលធម្មជាតិដ៏រហោស្ថាន
(VOVWORLD) - Con Dao ជាតំបន់ដីសម្បូរទៅដោយសក្តានុពលទេសចរណ៍ ជីវចម្រុះ និងជាគោលដៅគួឲ្យទាក់ទាញសម្រាប់ទេសចរណ៍ធម្មជាតិនិងរមណីយដ្ឋានលំដាប់ខ្ពស់។ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងសម្ពាធពីទេសចរណ៍ទ្រង់ទ្រាយធំ ការអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ គឺជាដំណោះស្រាយដ៏សំខាន់ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព ថែរក្សាសម្រស់ធម្មជាតិ និងបេតិកភណ្ឌរបស់ Con Dao។
នៅតំបន់ទេសចរណ៍ធម្មជាតិព្រៃកោងកាង Hon Bay Canh នៃសួនឧទ្យានជាតិពិសេស Con Dao យុវជនមួយក្រុមកំពុងបញ្ចេញកូនអណ្តើកទៅក្នុងសមុទ្រ ដោយក្តីរំភើបរីករាយ។
នេះជាសកម្មភាពទេសចរណ៍ឆ្លងបទពិសោធន៍មួយដែលត្រូវបានជំរុញខ្លាំងនៅមូលដ្ឋាននាពេលថ្មីៗនេះ ដោយទទួលបានការគាំទ្រពីភ្ញៀវទេសចរក្នុងស្រុកនិងបរទេស។ ភ្ញៀវទេសចរណ៍ដែលមកទីនេះ មិនត្រឹមតែទទួលបានបទពិសោធន៍ទេសចរណ៍ផ្សេងៗគ្នាដូចជា ជិះកង់ជុំវិញកោះ មើលអណ្តើកពងនាពេលយប់ ការបញ្ចេញកូនអណ្តើកទៅក្នុងសមុទ្រ ហែលទឹក និងទស្សនាផ្កាថ្មប៉ុណ្ណោះទេ ថែមទាំងបានចូលរួមដោយផ្ទាល់ជាមួយអ្នកស្រុក ក្នុងសកម្មភាពថែរក្សានិងការពារបរិស្ថានទៀតផង។
Con Dao កំពុងអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌-ប្រវត្តិសាស្ត្រ ទេសចរណ៍អេកូឡូស៊ីសមុទ្រជាតិក្នុងកម្រិតតំបន់ និងអន្តរជាតិ។ រូបថត៖ Luu Son/VOV-ទីក្រុងហូជីមិញ |
អនុវត្តគំរូសេដ្ឋកិច្ចវិលជុំ Con Dao បាននិងកំពុងរក្សានិងពង្រីកគំរូជាក់ស្តែងជាច្រើន។ ជាពិសេស គំរូទេសចរណ៍កាត់បន្ថយប្លាស្ទីក មានការចូលរួមពីគ្រឹះស្ថានស្នាក់នៅ ភ្នាក់ងារទេសចរណ៍ និងសេវាកម្មដឹកជញ្ជូនទាំង ១០០%។ លោក Pham Nguyen Chuong ម្ចាស់ Con Dao Resort - គ្រឹះស្ថានស្នាក់នៅមួយនៅ Con Dao បានចែករំលែក៖
“នៅ Con Dao Resort យើងប្រមូលផ្តុំ ចាត់ថ្នាក់ និងប្រព្រឹត្តកម្មកាកសំណល់ជីវសាស្រ្ត។ ជាឧទាហរណ៍ យើងប្រមូលសំបកដូងមកកែច្នៃនិងផលិតជីសរីរាង្គ ដើម្បីបម្រើការដាំដុះនិងដាក់ជីដើមឈើក្នុងបរិវេណរមណីយដ្ឋាន"។
ស្រដៀងគ្នានេះដែរ លោក Nguyen Hoang Phuong នាយកក្រុមហ៊ុនចម្កាត់ សេវាកម្ម-ទេសចរណ៍ Dao Ngoc Travel ដែលជាសមាជិកនៃគំរូ សេដ្ឋកិច្ចវិលជុំ បានឲ្យដឹងថា គោលការណ៍ផ្លាស់ប្តូរបៃតងនូវផលិតផលទេសចរណ៍ គឺជាគោលដៅអភិវឌ្ឍន៍របស់សហគ្រាស។ ជាមួយនឹងគំរូ “ប្រមាញ់ថ្ងៃរះ Con Dao” ដែលមិនប៉ះពាល់ដល់បរិស្ថាន កំពុងត្រូវបានផ្សព្វផ្សាយយ៉ាងសកម្មនៅក្នុងសហគមន៍ និងភ្ញៀវទេសចរមកពីទាំងជិតទាំងឆ្ងាយផងដែរ៖ “កាហ្វេប្រមាញថ្ងៃរះ នាពេលព្រឹកព្រលឹមនៅ Con Dao គឺជាគំរូសាកល្បងសេដ្ឋកិច្ចវិលជុំ។ យើងខ្ញុំប្រើប្រាស់កែវក្រដាសទាំងស្រុង ទាញយកវត្ថុដែលគេបោះបង់ចោល ហើយកែច្នៃឡើងវិញដើម្បីបង្កើតផលិតផលប្លែកៗនិងបន្តវិលជុំ ដូចជាសំបកកង់ ដបកែវដាក់ ត្រូវបានកែច្នែទៅជាវត្ថុអនុស្សាវរីយ៍ នេះជាគំរូផលិតផលថ្មីណាស់”។
ចមណែកឯតំបន់លំនៅដ្ឋាន និងគ្រឹស្ថានទេសចរណ៍វិញ ប្រជាជន និងសហគ្រាសបានបង្កើតគំរូជាច្រើនដូចជា ដំបូលផ្ទះបៃតង មិនប្រើប្រាស់ដបប្លាស្ទិក ថង់នីឡុងជាដើម។ ការធ្វើ "បៃតង" Con Dao មិនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះបានក្លាយជារបៀបរស់នៅតាមរយៈចលនាជាបន្តបន្ទាប់ ដូចជា៖ ថ្ងៃសៅរ៍ដ៏បៃតង - ស្អាត; កាកសំណល់ប្លាស្ទិកប្តូរយកកាដូ; "ផ្ទះបៃតង" ប្រមូលកាកសំណល់ប្លាស្ទិក; កែច្នៃបដាផ្សព្វផ្សាយពាណិជ្ជកម្ម ទៅជាកាបូប; យកកន្លែងចោលសំរាម ដើម្បីដាំឱសថរុក្ខជាតិ។ល។
សកម្មភាពបញ្ចេញអណ្តើកទៅក្នុងសមុទ្រនៅ Con Dao បានទាក់ទាញភ្ញៀវទេសចរជាច្រើន។ រូបថត៖ Luu Son/VOV-ទីក្រុងហូជីមិញ |
តំបន់ពិសេស Con Dao ទីក្រុងហូជីមិញ (ស្រុក Con Dao ខេត្ត Ba Ria Vung Tau ចាស់) គឺជាមូលដ្ឋានដំបូងគេនៅទូទាំងប្រទេសដែលអនុវត្តគំរូសេដ្ឋកិច្ចវិលជុំជាផ្លូវការ យោងតាមគម្រោងស្រាវជ្រាវការអនុវត្តគំរូសេដ្ឋកិច្ចវិលជុំ ដើម្បីបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពនៅ Con Dao ដំណាក់កាល ២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០២៣។ បន្ទាប់ពីអនុវត្តរយៈពេល ២ ឆ្នាំ Con Dao ទទួលបានលទ្ធផលគួរអោយចាប់អារម្មណ៍ដូចជា៖ កាត់បន្ថយ ៣៥-៤០% នៃកាកសំណល់ប្លាស្ទិកដែលប្រើបានតែម្តង នៅតាមគ្រឹះស្ថានសេវាកម្មទេសចរណ៍; ជាង ៥០% នៃគ្រឹះស្ថានស្នាក់នៅនិងភោជនីយដ្ឋានអនុវត្តគំរូ "មិនប្រើប្រាស់ផ្លាស្ទិចដែលប្រើបានតែម្ដង" ; គំរូកែច្នៃកាកសំណល់សរីរាង្គទៅជាជីសរីរាង្គ ត្រូវបានចម្លង; កញ្ចប់ទេសចរណ៍ធម្មជាតិ ឆ្លងបទពិសោធន៍ធម្មជាតិ និងវប្បធម៌ក្នុងស្រុកបានអភិវឌ្ឍន៍យ៉ាងខ្លាំង ដោយទាក់ទាញភ្ញៀវទេសចរជាច្រើននាក់ដែលមានស្មារតីការពារបរិស្ថាន។
លើសពីនេះ Con Dao ក៏អនុវត្តដំណោះស្រាយគ្រប់គ្រងទឹក សំដៅបង្កើនអត្រាផ្គត់ផ្គង់ទឹកស្អាត ទន្ទឹមនឹងនោះ បង្កើនការបន្សុតនិងប្រើប្រាស់ឡើងវិញនូវទឹកសំណល់។
ភ្ញៀវទេសចរណ៍ជិះទូកនៅសមុទ្រ Con Dao នៅពេលថ្ងៃលិច។ រូបថត៖ Luu Son/VOV-ទីក្រុងហូជីមិញ |
នាពេលខាងមុខ Con Dao នឹងបន្តពង្រីកទំហំគំរូដែលមានស្រាប់ ជំរុញការលើកទឹកចិត្តសហគ្រាសឲ្យចូលរួមនិងស្រាវជ្រាវការអនុវត្តបច្ចេកវិទ្យាថ្មីក្នុងការគ្រប់គ្រងកាកសំណល់ ថាមពលកកើតឡើងវិញ និងទេសចរណ៍ឆ្លាតវៃ។ លោក Le Anh Tu លេខាគណៈកម្មាធិការបក្សតំបន់ពិសេស Con Dao បានអះអាងថា៖ “Con Dao នឹងផ្តោតលើការពង្រឹងធនធានមនុស្ស ផ្លាស់ប្តូរថ្មីកម្មវិធីបណ្តុះបណ្តាលស្តីពីសេដ្ឋកិច្ចវិលជុំ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកែច្នៃឡើងវិញ ការដោះស្រាយកាកសំណល់ ក៏ដូចជាការផ្សព្វផ្សាត លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ Con Dao ក៏ទាមទារ ឱ្យសហគ្រាសបង្ហាញទំនួលខុសត្រូវបរិស្ថានក្នុងការវិនិយោគ និងសកម្មភាពអាជីវកម្មរបស់ពួកគេ។ ជាមួយនឹងការតំរង់ទិសនោះ Con Dao ខិតខំកសាងគំរូសេដ្ឋកិច្ចវិលជុំប្រកបដោយប្រសិទ្ធភាព ស្របតាមគោលដៅនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ផ្សារភ្ជាប់ជាមួយនឹងការអភិរក្សធម្មជាតិ និងជីវចម្រុះ”។
សមិទ្ធិផលដំបូងបានកំណត់រូបរាង Con Dao បៃតង - ស្អាត - អភិវឌ្ឍប្រកបដោយសុខដុមរមនា អត្តសញ្ញាណ និងមានទំនួលខុសត្រូវជាបណ្ដើរៗ។ ជាមួយនឹងភាពទាក់ទាញដ៏សុខសានត្រាននិងខ្យល់អាកាសបរិសុទ្ធដែលកម្រមាន ជាមួយនឹងការប្តេជ្ញាចិត្តរបស់អាជ្ញាធរ ប្រជាជន និងសហគ្រាស សេដ្ឋកិច្ចវិលជុំនឹងជួយ Con Dao ពង្រីកប្រៀបខ្លាំងរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព៕