Khanh Hoa បើកទូលាយ​លំហ​ សម្រាប់ទទួលឱកាសអភិវឌ្ឍន៍ថ្មី

(VOVWORLD) - ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ បានគួសសញ្ញាសម្គាល់ជាប្រវត្តិសាស្ត្រ នៅពេលដែលខេត្ត Ninh Thuan និង Khanh Hoa រួមបញ្ចូលគ្នាទៅជាខេត្ត Khanh Hoa ថ្មីជាផ្លូវការ។ ការរួមបញ្ចូលនៃខេត្តទាំងពីរនេះ បានបើកចេញបរិយាកាស អភិវឌ្ឍន៍ដ៏ធំធេង ជាមួយនឹងសក្តានុពលទេសចរណ៍ចម្រុះ សេដ្ឋកិច្ចពហុវិស័យ និងហេដ្ឋារចនាសម្ព័ន្ធទំនើប។ នេះជាការបោះជំហានដ៏សំខាន់មួយ ដើម្បីជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព និងលើកកំពស់ឋានៈរបស់ខេត្តថ្មី ក្លាយជាប៉ូលកំណើននៅភូមិភាគកណ្តាល។

“យើងសង្ឃឹមថា ជាមួយនឹងគោលគារណ៍ដ៏ត្រឹមត្រូវ និងគុណសម្បត្តិក្រោយការច្របាច់បញ្ចូលគ្នា ខេត្តថ្មីនឹងពង្រីកសក្តានុពល និងប្រៀបខ្លាំងរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ស្រុកកំណើត និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

“ការរួមបញ្ចូលគ្នានៃខេត្ត Ninh Thuan និង Khanh Hoa នឹងបង្កើតរបកគំហើញនិងការអភិវឌ្ឍថ្មីក្នុងសេដ្ឋកិច្ច វប្បធម៌ សង្គម និងគ្រប់ទិដ្ឋភាពនៃជីវភាពប្រចាំថ្ងៃ”

បន្ទាប់ពីការច្របាច់បញ្ចូលគ្នា ខេត្ត Khanh Hoa បានក្លាយជាខេត្តដែលប្រមូលផ្តុំនូវចំណុចលេចធ្លោ "ជាងគេ" ជាច្រើន។ ក្នុងនោះ មានដូចជា៖ ខេត្តមានអាកាសយានដ្ឋានច្រើនជាងគេ (អាកាសយានដ្ឋានចំនួន ៣ គឺ Cam Ranh, Thanh Son, Truong A); ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅច្រើនជាងគេទូទាំងប្រទេសនិងតំបន់ ដោយលាតសន្ធឹងពីដើមខេត្ត (កំពង់ផែ Van Phong) កណ្តាលខេត្ត (កំពង់ផែ Cam Ranh) និងចុងខេត្ត (កំពង់ផែ Ca Na); ខេត្តមានឆ្នេរសមុទ្រវែងជាងគេ ដោយប្រវែងសរុប ៥៩០ គីឡូម៉ែត្រ និងមានឆ្នេរសមុទ្រស្អាតនិងល្បីៗជាច្រើន (Ca Na, Mui Dinh, Binh Son, Ninh Chu, Vinh Hy, Binh Tieu, Bai Dai, Nha Trang, Doc Let, Hon Chong, Ganh Nhay); ខេត្តមានកោះច្រើនជាងគេ ដែលមានកោះតូចធំចំនួន ២០០ រួមទាំងប្រជុំកោះ Truong Sa; ខេត្តមានឈូងសមុទ្រនិងរមណីយដ្ឋានស្អាតបំផុតលើពិភពលោក ជ្រើនជាងគេ (ក្នុងនោះឈូងសមុទ្រ Nha Trang ស្ថិតក្នុង Top ២៤ ឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក; ឆ្នេរសមុទ្រ Cam Ranh ស្ថិតក្នុង Top ៣ ឆ្នេរសមុទ្រធម្មជាតិដ៏ស្អាតបំផុតនៅលើពិភពលោក...); ខេត្តមានបេតិកភណ្ឌ កេរ្តិ៍ដំណែល និងរមណីយដ្ឋានច្រើនជាងគេ (រួមទាំងបេតិកភណ្ឌពិភពលោកចំនួន ៥ ដែលទទួលស្គាល់ដោយអង្គការ UNESCO); ខេត្តមានមជ្ឈមណ្ឌលថាមពល និងថាមពលស្អាតដ៏ធំជាងគេនៅទូទាំងប្រទេស។

Khanh Hoa បើកទូលាយ​លំហ​ សម្រាប់ទទួលឱកាសអភិវឌ្ឍន៍ថ្មី - ảnh 1ក្រោយការច្របាច់បញ្ចូលគ្នា ខេត្ត Khanh Hoa មានតំបន់សមុទ្រធំទូលាយ ជាមួយឆ្នេរសមុទ្រប្រវែងជិត ៥០០ គីឡូម៉ែត្រ។ រូបថត៖ Thai Binh/VOV-ភូមិភាគកណ្តាល

ដោយវាយតម្លៃសក្ដានុពលអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត Khanh Hoa ថ្មី លោក Pham Minh Nhut ប្រធានសមាគមទេសចរណ៍ Nha Trang - Khanh Hoa បានចាត់ទុកថា ចាប់ពីពេលនេះតទៅ ខេត្ត Khanh Hoa បានពង្រីកបរិយាកាសអភិវឌ្ឍន៍ទេសចរណ៍ ហើយបានបង្កើនជម្រៅវប្បធម៌និងបទពិសោធន៍ ដោយរំពឹងថា នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យសេដ្ឋកិច្ចមុខព្រួញនេះ។

“ការច្របាច់បញ្ចូលគ្នានឹងមិនត្រឹមតែជាការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាផលិតផលទេសចរណ៍ជាផ្លូវការ។ ទេសចរណ៍ Ninh Thuan មានលក្ខណៈស្រដៀងគ្នានឹងខេត្ត Khanh Hoa ប៉ុន្តែនៅតែរក្សាលក្ខណៈពិសេសផ្ទាល់ខ្លួន។ ការច្របាច់បញ្ចូលគ្នានឹងបង្កើតតំណភ្ជាប់ដ៏ជិតស្និទ្ធនិងចម្រុះជាង តាមនោះ ជួយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន”

ក្រៅពីវិស័យទេសចរណ៍ សក្ដានុពលសម្រាប់ការអភិវឌ្ឍដ៏ទូលំទូលាយរបស់ខេត្តថ្មី ត្រូវបានបង្ហាញតាមរយៈទំហំ ទីតាំងយុទ្ធសាស្ត្រ និងការតភ្ជាប់ក្នុងតំបន់។ ខេត្ត Khanh Hoa ចាស់ មានកំពង់ផែសមុទ្រទំនើប អាកាសយានដ្ឋានអន្តរជាតិ សេវាទេសចរណ៍លំដាប់ខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយសមកាលកម្ម។ ខេត្ត Ninh Thuan មុនពេលច្របាច់បញ្ចូលគ្នា មានភាពលេចធ្លោជាមួយថាមពលកកើតឡើងវិញ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងសក្តានុពលសម្រាប់កសាងមជ្ឈមណ្ឌលទិន្នន័យជាតិនិងអន្តរជាតិ។ នៅពេលច្របាច់បញ្ចូលគ្នា ខេត្ត Khanh Hoa ថ្មី មានផ្ទៃដីជាង ៨.៥០០ គីឡូម៉ែត្រការ៉េ ដោយពង្រីកបរិយាកាសអភិវឌ្ឍន៍ទៅភាគខាងលិចនិងភាគខាងត្បូង។ ការច្របាច់បញ្ចូលខេត្តទាំងពីរគឺជាការផ្លាស់ប្តូរយុទ្ធសាស្រ្ត បើកចេញឱកាសផ្លាស់ប្តូរគំរូកំណើន ជំរុញកម្លាំងចលករនិងសក្តានុពលអន្តរតំបន់។ លោក Tran Quoc Nam ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានអះអាងថា៖ “ការច្របាច់បញ្ចូលខេត្តទាំងពីរ គឺជាគោលការណ៍ដ៏ធំ មានលក្ខណៈប្រវត្តិសាស្ត្រនិងមានសារៈសំខាន់ជាយុទ្ធសាស្ត្រយូរអង្វែង។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍រដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងជាឱកាសដ៏កម្រមួយ ក្នុងការរៀបចំអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចទ្រង់ទ្រាយធំ មានលក្ខណៈភូមិសាស្ត្រសម្បូរបែប ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពេញលេញ និងសក្តានុពលអភិវឌ្ឍន៍ដ៏ទូលំទូលាយ”។

Khanh Hoa បើកទូលាយ​លំហ​ សម្រាប់ទទួលឱកាសអភិវឌ្ឍន៍ថ្មី - ảnh 2ដោយមានឆ្នេរសមុទ្រជាច្រើន ខេត្ត Khanh Hoa មានលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ។ រូបថត៖ Thai Binh/VOV-ភូមិភាគកណ្តាល

អាជ្ញាធរខេត្ត Khanh Hoa ទើបបានកំណត់សសរស្តម្ភអភិវឌ្ឍន៍ចំនួន ៣ គឺ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ថាមពលស្អាត និងទេសចរណ៍សមុទ្រ។ ក្នុងដំណាក់កាល ២០២៥-២០៣០ ខេត្តបានកំណត់គោលដៅកំណើន ១២% ក្នុងមួយឆ្នាំ ការប្រមូលថវិកាកើនទ្វេដងនៅចុងអាណត្តិ ទុនវិនិយោគសរុបប្រមាណ ៣៨,៣ ពាន់លានដុល្លារ។ ជាមួយនឹងផ្ទៃដីឧស្សាហកម្មជាង ៤.០០០ ហិកតា ខេត្តបានផ្តល់អាទិភាពទាក់ទាញគម្រោងក្នុងវិស័យអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មាន មេកានិច និងឧស្សាហកម្មស្អាត។ ខេត្ត Khanh Hoa ផ្តោតលើការអភិវឌ្ឍថាមពលវាយោអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យទ្រង់ទ្រាយធំ សំដៅកសាងខេត្ត Khanh Hoa ក្លាយជា៖ មជ្ឈមណ្ឌលសេវាកម្មនិងទេសចរណ៍សមុទ្រអន្តរជាតិ;  មជ្ឈមណ្ឌលសេវាកម្មឧស្សាហកម្មថាមពលកកើតឡើងវិញអន្តរតំបន់; មជ្ឈមណ្ឌលថាមពលនិងថាមពលស្អាតថ្នាក់ជាតិ; មជ្ឈមណ្ឌលទិន្នន័យជាតិនិងអន្តរជាតិ; មជ្ឈមណ្ឌលផលិតបន្ទះឈីប semiconductor។ ដើម្បីឲ្យខេត្ត Khanh Hoa សម្រេចបានគោលដៅដែលបានដាក់ចេញ នាពេលខាងមុខ លោក Tran Quoc Nam បានឲ្យដឹងថា៖  “ខេត្តនឹងអភិវឌ្ឍឧស្សាហកម្មស្អាត បច្ចេកវិទ្យាខ្ពស់ ឡូជីស្ទិក ទេសចរណ៍គុណភាពខ្ពស់និងសេដ្ឋកិច្ចសមុទ្រយ៉ាងទូលំទូលាយ។ ឧស្សាហកម្មនឹងអភិវឌ្ឍន៍តាមទិសនិរន្តរភាព ផ្តោតលើឧស្សាហកម្មកែច្នៃបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិក semiconductor និងថាមពលបៃតង កសាងខេត្ត Khanh Hoa ក្លាយជាមជ្ឈមណ្ឌល AI មជ្ឈមណ្ឌលទិន្នន័យជាតិនិងអន្តរជាតិ ជំរុញហេដ្ឋារចនាសម្ព័ន្ធដើម្បីដាក់ឲ្យដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ២។ ខេត្តនឹងរៀបចំរចនាសម្ព័ន្ធឡើងវិញនូវគំរូកំណើន ជាមួយនឹងទិសដៅច្បាស់លាស់ យុទ្ធសាស្ត្រ និងជាក់ស្តែង។ សេដ្ឋកិច្ចសមុទ្រគឺជាមូលដ្ឋានគ្រឹះ អភិវឌ្ឍន៍តាមទិសពហុផ្នែក។ អភិវឌ្ឍន៍ទេសចរណ៍ចម្រុះ បង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វិថីហិរញ្ញវត្ថុ ឡូជីស្ទិគគុណភាពខ្ពស់។ ធ្វើឱ្យទីកុ្រង Nha Trang ក្លាយជាទីក្រុងទេសចរណ៍ឆ្លាតវៃ ឧបទ្វីប Cam Ranh និង Ninh Chu ក្លាយជាតំបន់ទេសចរណ៍ជាតិ ហើយ Bac Van Phong ជាទីក្រុងទេសចរសមុទ្រអន្តរជាតិ”។

ជាមួយនឹងសក្ដានុពល និងកាលានុវត្តភាពបន្ទាប់ពីការច្របាច់បញ្ចូលគ្នាខេត្តទាំងពីរ ខេត្ត Khanh Hoa កំពុងពន្លឿនដំណើរការប្រែក្លាយទៅជាប៉ូលកំណើនថ្មីនៃតំបន់ឆ្នេរសមុទ្រភាគកណ្តាលប៉ែកខាងត្បូង ដោយខិតខំសម្រេចបានគោលដៅនាំ Khanh Hoa ក្លាយជាទីក្រុងចំណុះមជ្ឈិមនៅឆ្នាំ ២០៣០។ ទាំងនេះគឺជាកត្តាសំខាន់ដើម្បីបង្កើតភាពទាក់ទាញរបស់ Khanh Hoa ចំពោះវិនិយោគិនក្នុងស្រុក និងបរទេសនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ