Son La លើកកម្ពស់ផលិតផលកសិកម្ម ជំរុញសេដ្ឋកិច្ចជនបទពីកម្មវិធី OCOP
(VOVWORLD) - Son La គឺជាមូលដ្ឋានឈានមុខគេមួយក្នុងការអភិវឌ្ឍផលិតផលនៃកម្មវិធី "ឃុំមួយផលិតផលមួយ" (OCOP)។ ខេត្តបានចាត់ទុកនេះជាដំណោះស្រាយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជនបទតាមទិសដៅជំរុញកម្លាំងផ្ទៃក្នុង បង្កើនតម្លៃផលិតផល និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ ដោយមានទីតាំងស្ថិតនៅតំបន់ព្រៃភ្នំភាគខាងជើង ជាមួយនឹងលក្ខខណ្ឌអំណោយផលជាច្រើនទាក់ទងនឹងអាកាសធាតុ និងសណ្ថានដី ខេត្ត Son La បានក្លាយជាតំបន់ផលិតកសិផលប្រមូលផ្តុំ ជាពិសេសមានភាពលេចធ្លោជាមួយនឹងដើមឈើហូបផ្លែ តែ និងឱសថ។ ខេត្តបានអនុវត្តកម្មវិធី OCOP ប្រកបដោយសមកាលកម្ម និងទូលំទូលាយ បង្កើតការផ្លាស់ប្តូរដ៏សំខាន់ក្នុងរចនាសម្ព័ន្ធផលិតកម្មកសិកម្ម នាំផលិតផលកសិកម្ម Son La អះអាងពីម៉ាកយីហោរបស់ខ្លួននៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិជាបណ្ដើរៗ។
មកទល់នឹងពេលនេះ ខេត្ត Son La ទាំងមូលមានកសិផលដ៏មានសក្តានុពលជាង ២០០ នៃក្រុមទំនិញសំខាន់ៗចំនួន ៥ គឺម្ហូបអាហារ ភេសជ្ជៈ ឱសថ វត្ថុអនុស្សាវរីយ៍ សេវាកម្មនិងទេសចរណ៍ជនបទ។ ក្នុងនោះ ផលិតផលជាច្រើនត្រូវបានទទួលស្គាល់ជា OCOP។ ទាំងនេះជាផលិតផលដែលមានលក្ខណៈពិសេសប្រចាំតំបន់ បង្ហាញយ៉ាងច្បាស់នូវអត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិនៅភាគពាយព្យ ហើយមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដូចជា៖ ម្សៅកាហ្វេសុទ្ធ តែសំបកកាហ្វេ តែបៃតងពពក តែ Shan ពិសេស តែក្រហម Van Ho អង្ករដំណើប Ngoc Chien មីសួរ Moc Chau ផ្សិតលីងជឺ និងយិនស៊ិនង៉ុកលីញ។ល។
ផលិតផលកសិកម្ម Son La មានភាពចម្រុះ និងសំបូរបែប ទាំងប្រភេទនិងការរចនា។ រូបថត៖ Le Hanh/VOV-ភាគពាយ័ព្យ |
កម្មវិធី OCOP បានបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត Son La ដោយរួមចំណែកបង្កើនប្រាក់ចំណូលនិងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសនៅតំបន់ដាច់ស្រយាល។ សហករណ៍ សហគ្រាស និងគ្រួសារផលិតកម្មជាច្រើនបានផ្លាស់ប្តូរផ្នត់គំនិត ពីផលិតកម្មតូចតាច់ ទៅជាគំរូខ្សែសង្វាក់ផលិតកម្មប្រកបដោយវិជ្ជាជីវៈ ចាប់ពីផលិតកម្ម កែច្នៃ រហូតដល់ការវេចខ្ចប់ និងការដាក់លក់ផលិតផល។ ផ្នត់គំនិតផលិតកម្មផ្សារភ្ជាប់នឹងទីផ្សារ ដោយយកគុណភាពជាស្នូលកំពុងរីករាលដាលនៅក្នុងសហគមន៍កសិកម្ម បង្កស្ថេរភាពសម្រាប់ប្រព័ន្ធអេកូឡូស៊ី OCOP ទាំងមូលរបស់ខេត្ត។ លោក Mai Duc Thinh នាយកសហករណ៍អភិវឌ្ឍន៍កសិកម្ម ១៩ ឧសភា បានឲ្យដឹងថា៖
“សហករណ៍ និងកសិករមានការសម្របសម្រួលផលិតកម្មកសិកម្ម។ តាមនោះ បានបង្កើតផលិតផលប្រកបដោយសុវត្ថិភាពសម្រាប់សុខភាព និងគុណភាពល្អ។ ប្រការនេះជួយឱ្យរូបភាព និងម៉ាកយីហោផលិតផលកសិកម្ម និងផលិតផលកែច្នៃរបស់សហករណ៍មានម៉ាកយីហោនៅលើទីផ្សារ”។
រហូតមកដល់ពេលនេះ កម្មវិធី OCOP នៅខេត្ត Son La មិនត្រឹមតែជួយបង្កើនបរិមាណផលិតផលប៉ុណ្ណោះទេ ថែមទាំងបានផ្លាស់ប្តូរជាមូលដ្ឋាននូវគុណភាព និងផ្នត់គំនិតផលិតកម្មរបស់ប្រជាជនផងដែរ។ ផលិតផល OCOP ជាច្រើនបន្ទាប់ពីត្រូវបានទទួលស្គាល់ បានបង្កើនប្រាក់ចំណូលប្រហែល ២-៣ដង ក្លាយជាប្រភពប្រាក់ចំណូលប្រកបដោយស្ថេរភាពសម្រាប់កម្មករជនបទរាប់ពាន់នាក់។ កម្មវិធីនេះក៏រួមចំណែកយ៉ាងសំខាន់ក្នុងគោលដៅកសាងជនបទថ្មី លើកកំពស់គុណភាពជីវភាពរស់នៅ និងបំផុសទំនុកចិត្តក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានផងដែរ។
Son La ដើរជួរមុខគេក្នុងការអភិវឌ្ឍផលិតផលក្រោមកម្មវិធី “មួយឃុំមួយផលិតផលមួយ” (OCOP)។ រូបថត៖ Vinh Phong/VOV5 |
ដើម្បីសម្រេចបានលទ្ធផលនេះ Son La បានយកចិត្តទុកដាក់ជាពិសេសលើការបណ្តុះបណ្តាលនិងលើកកម្ពស់សមត្ថភាពរបស់អ្នកចូលរួម OCOP។ កម្មវិធីជាបន្តបន្ទាប់ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រង ធ្វើអាជីវកម្ម ណែនាំការបំពេញដំណើរការផលិតកម្ម ការកសាងម៉ាកយីហោ ការរចនាស្លាកសញ្ញា ការវេចខ្ចប់ ការតាមដានប្រភពដើម… ត្រូវបានរៀបចំឡើងជាប្រចាំ។ ខេត្តគាំទ្រដល់គ្រឹះស្ថាន OCOP ក្នុងការកែលម្អគ្រឿងម៉ាស៊ីន ដំឡើងរោងចក្រ អនុវត្តស្តង់ដារអនាម័យនិងសុវត្ថិភាពចំណីអាហារ ប្រកាសគុណភាពផលិតផល ការភ្ជាប់តែមនិងបាកូដ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ។ លោក Nguyen Van Tuan នាយកក្រុមហ៊ុនចម្កាត់ Bao Gia 26 បានចែករំលែកថា៖
“បន្ទាប់ពីចូលរួម ខ្ញុំត្រូវបានប្រឹក្សាពីរបៀបផលិត និងវេចខ្ចប់ផលិតផលប្រកបដោយវិជ្ជាជីវៈ ដើម្បីជួយឲ្យផលិតផលទៅដល់មនុស្សកាន់តែច្រើន”។
ខេត្ត Son La ក៏បានអនុវត្តដំណោះស្រាយជំរុញពាណិជ្ជកម្មជាច្រើន ដូចជាការកសាងប្រព័ន្ធហាងលក់ទំនិញ និងកន្លែងឧទ្ទេសនាមផលិតផល OCOP នៅតាមមូលដ្ឋាននានាក្នុងខេត្ត។ ទន្ទឹមនឹងនោះ ខេត្តក៏រៀបចំការតាំងពិព័រណ៌ នៅទីផ្សារធំៗដូចជាហាណូយ ដាណាង ទីក្រុងហូជីមិញជាដើម ដើម្បីផ្សព្វផ្សាយរូបភាពផលិតផល Son La ដល់អ្នកប្រើប្រាស់ទូទាំងប្រទេស។ ជាពិសេស ក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលយ៉ាងខ្លាំងក្លា ខេត្តបានជំរុញការអនុវត្តការផ្លាស់ប្តូរឌីជីថលក្នុងការបញ្ចេញលក់ផលិតផលកសិកម្ម។ ផលិតផល OCOP មានវត្តមាននៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដូចជា Postmart, Voso, Sendo … ជួយពង្រីកបណ្តាញលក់ កាត់បន្ថយថ្លៃដើមអន្តរការី និងតភ្ជាប់ផលិតផលកសិកម្មដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់។ លោកស្រី Cam Thi Huyen Trang លេខាសម្ព័ន្ធយុវជនខេត្ត Son La បានចាត់ទុកថា៖
“អនុវត្តន៍ការផ្លាស់ប្តូរឌីជីថលក្នុងការងារផ្សព្វផ្សាយ និងឧទ្ទេសនាមផលិតផលកសិកម្មនៅលើវេទិកាឌីជីថលបាននាំមកនូវលទ្ធផលវិជ្ជមាន។ តាមរយៈសន្និសីទបណ្តុះបណ្តាល ក៏ដូចជាវេទិកាដើម្បីបង្កើនជំនាញលក់របស់កសិករ យើងសង្ឃឹមថា នឹងតម្រង់ទិសធ្នត់គំនិត និងការយល់ដឹងរបស់ប្រជាជនទាក់ទងនឹងការអនុវត្តការផ្លាស់ប្តូរឌីជីថលក្នុងការងារផ្សព្វផ្សាយនិងឧទ្ទេសនាមផលិតផលកសិកម្មក្នុងស្រុក”។
ត្រីមាសទី ២ និងទី ៣ នឹងជារដូវប្រមូលផលសំខាន់សម្រាប់ផលិតផលផ្លែឈើ Son La ។ រូបថត៖ Thu Thuy/VOV-ភាគពាយ័ព្យ |
ដើម្បីអភិវឌ្ឍកម្មវិធី OCOP ប្រកបដោយនិរន្តរភាព ខេត្ត Son La ផ្តោតលើការធ្វើរៀបចំផែនការតំបន់វត្ថុធាតុដើមបំពេញស្តង់ដារ ធានាទិន្នផលប្រកបដោយស្ថិរភាព គុណភាព និងបំពេញតម្រូវការនាំចេញ។
កម្មវិធី OCOP បន្តត្រូវបានខេត្ត Son La ចាត់ទុកជាភារកិច្ចសំខាន់ក្នុងការកសាងជនបទថ្មីដំណាក់កាល ២០២១-២០២៥។ ខេត្តកំពុងឆ្ពោះទៅរកការកសាងផលិតផល OCOP ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ទេសចរណ៍។ OCOP មិនត្រឹមតែជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាមាគ៌ាសម្រាប់ប្រជាជននៅតំបន់ព្រៃភ្នំខេត្ត Son La ឈានឡើងធ្វើជាអ្នកមាននៅហ្នឹងស្រុកកំណើតរបស់ខ្លួន៕