Thai Nguyen ខិតខំអភិវឌ្ឍ​ដើម​តែ ក្លាយ​ទៅជាដំណាំរាប់ពានលានដុល្លារ

(VOVWORLD) - ខេត្ត Thai Nguyen កំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងការតម្រង់ទិសកសាងដើមតែ មិនត្រឹមតែជាប្រភេទដំណាំស្នូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាម៉ាកយីហោជាតិ ដោយរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងគោលដៅនៃតម្លៃផលិតផលតែសរុបសម្រេចបាន ១ ពាន់លានដុល្លារអាមេរិកក្នុងដំណាក់កាល២០២៥– ២០៣០។ នេះមិនត្រឹមតែជាទិសដៅយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការពង្រីកសក្តានុពល និងគុណសម្បត្តិដែលមានស្រាប់នៃតំបន់ដីដែលមានលក្ខណ្ឌធម្មជាតិអំណោយផល និងជាកន្លែងដែលប្រជាជនមានប្រពៃណីយូរមកហើយ ក្នុងការដាំដុះ និងកែច្នៃផលិតផលតែគុណភាពខ្ពស់។
Thai Nguyen ខិតខំអភិវឌ្ឍ​ដើម​តែ ក្លាយ​ទៅជាដំណាំរាប់ពានលានដុល្លារ - ảnh 1ខេត្ត Thai Nguyen កំពុងវិនិយោគយ៉ាងខ្លាំងក្នុងការលើកកម្ពស់គុណភាព និងធ្វើកសិកម្មតាម ស្តង់ដាររីរាង្គ VietGAP និង GlobalGAP។ រូបថត៖ VOV

ខេត្ត Thai Nguyen បច្ចុប្បន្នគឺជាខេត្តដែលមានផ្ទៃដី ផលិតភាព ទិន្នផល និងចំណូលពីដើមតែធំជាងគេនៅទូទាំងប្រទេស។ បន្ទាប់ពីការរួមបញ្ចូលអង្គភាពរដ្ឋបាល (ខេត្តThai Nguyen និងខេត្ត Bac Kan ចាស់) ខេត្តThai Nguyen មានផ្ទៃដីដាំតែជិត ២៤.០០០ ហិកតា។ ក្នុងនោះ ផ្ទៃដីផលិតតែមានចំនួនជិត ២៣.០០០ ហិកតា ជាមួយទិន្នផលជាមធ្យមជិត ១៨ តោន/ហិកតា។ ខេត្តបានបង្កើតផលិតផលតែចំនួន ២០៧ ដែលត្រូវបានបញ្ជាក់ជាផលិតផល OCOP ពីកម្រិតផ្កាយ ៣ ទៅផ្កាយ ៥ ។ ដោយមានយន្តការគោលការណ៍គាំទ្រដ៏មានប្រសិទ្ធភាពជាច្រើន តម្លៃផលិតផលតែរបស់ខេត្តក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៥ សម្រេចបាន ១៤.៥ ពាន់ពាន់លានដុង (ជាង ៥៥០ លានដុល្លារអាមេរិក)។ ក្នុងដំណាក់កាល ២០២៥ - ២០៣០ Thai Nguyen ខិតខំសម្រេចបាននូវគោលដៅ ១ ពាន់លានដុល្លារអាមេរិក ហើយនៃផលិតផលតែ Thai Nguyen ក្លាយជាផលិតផលយុទ្ធសាស្ត្រក្នុងការនាំចេញកសិផលរបស់វៀតណាម។ នៅចុងឆ្នាំ ២០៣០ ខេត្តបានកំណត់គោលដៅសម្រេចបានផ្ទៃដីដាំតែប្រហែល ៧០% បំពេញតាមស្តង់ដារ VietGAP ពង្រីកផ្ទៃដីដាំតែឡើងដល់ប្រហែល ២៤.៥០០ ហិកតា ទិន្នផលតែស្រស់រហូតដល់ ៣០០.០០០ តោន និងពង្រីកទីផ្សារនាំចេញ ជាពិសេសទីផ្សារដែលមានស្តង់ដារតឹងរឹងដូចជា៖ អឺរ៉ុប ជប៉ុន អាមេរិក។

Thai Nguyen ខិតខំអភិវឌ្ឍ​ដើម​តែ ក្លាយ​ទៅជាដំណាំរាប់ពានលានដុល្លារ - ảnh 2ការធានាគុណភាពផលិតផលតែស្របតាមស្តង់ដារ OCOP និងពន្លឿងពាណិជ្ជកម្ម ជាពិសេសពាណិជ្ជកម្មអេឡិចត្រូនិក នឹងជួយឲ្យតែ Thai Nguyen សម្រេចបានគោលដៅមួយពាន់លានដុល្លារអាមេរិក។ រូបថត៖ VOV

ដើម្បីសម្រេចនូវគោលដៅរាប់ពាន់លានដុល្លារនេះ ខេត្តThai Nguyen បានចេញសេចក្តីសម្រេចចិត្តលេខ ១១ ចុះថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្តីពីការអភិវឌ្ឍឧស្សាហកម្មតែThai Nguyen ដំណាក់កាល ២០២៥-២០៣០ ហើយបានសម្រេចចិត្តវិនិយោគជាង ៥០០ ពាន់លានដុង (ជិត ១៩.០០០ ដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មតែក្នុងរយៈពេលនេះ។ នេះគឺជា "កម្លាំងចលករ" ដ៏សំខាន់មួយ ដែលបង្កើតសន្ទុះសម្រាប់ឧស្សាហកម្មតែដើម្បីអភិវឌ្ឍប្រកបដោយចីរភាព និងមានប្រសិទ្ធភាព។ លោក Nguyen Ta ប្រធាននាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិខេត្ត Thai Nguyen បានបញ្ជាក់ថា៖ “ខេត្ត Thai Nguyen មានគោលការណ៍ដ៏ទូលំទូលាយ ចាប់ពីការដាំដុះ ការថែទាំ ការកែច្នៃ ដើម្បីបង្កើនតម្លៃផលិតផលជាមួយម៉ាកយីហោ OCOP រហូតដល់ការជំរុញពាណិជ្ជកម្ម ស្វែងរកទីផ្សារសម្រាប់ផលិតផលនៅក្នុងខេត្ត និងទីក្រុងចំនួន ៣៤ និងការណែនាំទៅកាន់ទីផ្សារពិភពលោក។ ប្រការនេះអាចក្លាយជាគោលការណ៍ដ៏ទូលំទូលាយមួយ ហើយអាចនិយាយបានថា គ្មានមូលដ្ឋានណាមួយមានគោលការណ៍របក់កំហើញស្តីពីការអភិវឌ្ឍឧស្សាហកម្មតែដូចខេត្ត Thai Nguyen នោះទេ”។

ដោយមានការគាំទ្រពីអាជ្ញាធរខេត្ត កសិករដាំតែនៅខេត្ត Thai Nguyen ក៏កំពុងច្នៃប្រឌិតការត្រិះរិះ និងវិធីសាស្ត្រផលិតកម្មផងដែរ។ សហគ្រាស និងសហករណ៍ជាច្រើនជ្រើសរើសទិសដៅសរីរាង្គសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើនតម្លៃផលិតផល និងឈានចូលទីផ្សារលំដាប់ខ្ពស់ជាង ជាមួយនឹងតម្លៃលក់អាចកើនឡើងពី ៣០-៤០% ។ នៅក្នុងតំបន់ដី Tan Cuongដែលជាកន្លែងផលិតតែលំដាប់លេខមួយ សហករណ៍តែ Hao Dat គឺជាឧទាហរណ៍ឆ្នើមមួយ។ អ្នកស្រី Dao Thanh Hao នាយិកាសហករណ៍តែ Hao Dat បានចែករំលែកថា៖ “កាលពីមុន ប្រជាជនបានធ្វើតាមរបៀបប្រពៃណីប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ពួកគេបានធ្វើតាមបែបវិទ្យាសាស្ត្រវិញ។ យើងក៏ចង់អភិវឌ្ឍន៍ និងពង្រីកម៉ាកយីហោផងដែរ ជាពិសេសគឺផលិតផលតែ Tan Cuong ដែលជាផលិតផលពិសេសមួយ។ យើងធ្វើតាមបែបវិទ្យាសាស្ត្រ ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍។ បំណងប្រាថ្នារបស់ខេត្តគឺប្រែក្លាយដើមតែទៅជាដំណាំរាប់ពាន់លានដុល្លារ។ ដូច្នេះហើយ យើងនឹងច្នៃប្រឌិតក្នុងការថែទាំនិងការត្រិះរិះ ដើម្បីឱ្យផលិតផលតែ មិនត្រឹមតែសម្រាប់ពិសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវផលិតផលជាច្រើនទៀតដូចជាតែម៉ាត់ឆា ឬគ្រឿងសម្អាងចម្រាញ់ចេញពីស្លឹកតែ”

Thai Nguyen ខិតខំអភិវឌ្ឍ​ដើម​តែ ក្លាយ​ទៅជាដំណាំរាប់ពានលានដុល្លារ - ảnh 3ខេត្ត Thai Nguyen បង្កើតដំណើរទេសចរណ៍តែពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនានិងចូលរួមសកម្មភាពពិសេសនៃតំបន់ដាំដំណាំតែ។ រូបថត៖ VOV

ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលក៏ត្រូវបានជំរុញខ្លាំងផងដែរ។ ប្រជាជនក្នុងតំបន់ចង់ប្រែក្លាយដើមតែទៅជាកម្លាំងចលករសម្រាប់ធ្វើជាអ្នកមាន។ ទន្ទឹមនឹងនោះ សហករណ៍និងសហគ្រាសធ្វើអាជីវកម្មដើមតែនៅក្នុងខេត្តក៏កំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើការអភិវឌ្ឍផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។ លោកស្រី Nguyen Thi Hai នាយិកាសហករណ៍តែ La Bang បានចែករំលែកថា៖  “នាប៉ុន្មានឆ្នាំកន្លងទៅ ផលិតផលរបស់យើងត្រឹមតែសម្រេចបាន OCOP ផ្កាយ៤ ប៉ុណ្ណោះ ប៉ុន្តែតម្លៃនៃវិញ្ញាបនបត្របានរីករាលដាលនិងទទួលបានការស្វាគមន៍ពីអ្នកប្រើប្រាស់។ សហករណ៍នឹងខិតខំសម្រេចបាន OCOP ផ្កាយ ៥ ហើយនេះគឺជាឱកាសមួយសម្រាប់តែ La Bang ឈានដល់ពិភពលោក”។

ការអមដំណើររបស់ស្ថាប័នរដ្ឋក្នុងការគាំទ្រនិងតភ្ជាប់ពីការផលិតរហូតដល់ការប្រើប្រាស់ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រភពគាំទ្រផ្សេងទៀត កំពុងបង្កើតធនធានដ៏សំខាន់សម្រាប់សហគ្រាស សហករណ៍ និងអ្នកផលិតតែនៅខេត្ត Thai Nguyen សម្រេចបានបំណងប្រាថ្នាក្នុងការបង្កើនតម្លៃដើមតែ។ ដើមតែ និងផលិតផលតែ Thai Nguyen មិនត្រឹមតែកំពុងរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងឈានដល់ពិភពលោកទៀតផង ដោយក្លាយជាម៉ាកយីហោដ៏មានកិត្យានុភាព នាំមកនូវតម្លៃសេដ្ឋកិច្ចប្រកបដោយចីរភាព រួមចំណែកយ៉ាងសំខាន់ដល់ខេត្ត Thai Nguyen ក្នុងដំណើរការនៃការសម្រេចបានគោលដៅអភិវឌ្ឍន៍។ តំបន់ដីពោពេញទៅដោយសក្តានុពលនេះ បាននិងកំពុងសម្រេចបាននូវក្តីស្រមៃនៃដើមតែរាប់ពាន់លានដុល្លារនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ