កសិកម្ម Son La ស្វែងរកទិសដៅនិរន្តរភាពសម្រាប់ផលិតផលកាហ្វេ
(VOVWORLD) - ខេត្ត Son La មានផ្ទៃដីដាំដំណាំកាហ្វេចំនួន ២៤.៣០០ ហិកតា ដោយមានទិន្នផលគ្រាប់កាហ្វេប្រមាណ ៣៧.៧២៤ តោន។ ប្រាក់ចំណូលជាមធ្យមរបស់កាហ្វេមានចាប់ពី ១៧០ លានដុង/ហិកតា ដល់ជាង ២០០ លានដុង/ហិកតា ជាមួយនឹងប្រាក់ចំណេញជាង ១៤០ លានដុង។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៥ ខេត្ត Son La បាននាំចេញកាហ្វេចំនួន ១៧.៨០០ តោន សម្រេចបានជិត ៧០ លានដុល្លារអាមេរិក កើនឡើងជិត ៣០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
មានវត្តមាននៅខេត្ត Son La តាំងពីឆ្នាំ ១៩៤៥មក ក្រោយរយៈពេល ៨០ឆ្នាំ កាហ្វេបានក្លាយទៅជាដំណាំសំខាន់របស់ខេត្ត។ ដោយមានផ្ទៃដីនិងទិន្នផលធំ Son La គឺជាតំបន់ដាំដុះកាហ្វេអារ៉ាប៊ីកាធំជាងគេក្នុងប្រទេស ស្រូបយក ៥០% នៃផ្ទៃដី និង ៤៣,៥% នៃទិន្នផលរបស់ប្រទេសទាំងមូល។ នេះជាទីតាំងអំណោយផលសម្រាប់ខេត្តក្នុងការអភិវឌ្ឍតំបន់កាហ្វេពិសេសមានគុណភាពខ្ពស់ ស្របតាមនិន្នាការប្រើប្រាស់បៃតង និងនិរន្តរភាពរបស់ពិភពលោក។ លោក Ta Manh Cuong ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា៖ “ផលិតផលកាហ្វេអារ៉ាប៊ីកា របស់ ខេត្ត Son La មានសក្តានុពលខ្លាំងណាស់។ វាមិនមែនជាចៃដន្យទេដែលក្នុងចំណោមខេត្តទាំង ១០ កំពុងដាំដុះនិងផលិតកាហ្វេក្នុងប្រទេស ខេត្ត Son La ស្ថិតក្នុងចំណោមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញទាំងបី ដែលត្រូវបានការពារលើទូទាំងប្រទេស។ នេះជាឱកាសសម្រាប់កាហ្វេ Son La ដើម្បីបញ្ជាក់ពីឋានៈនិងម៉ាកយីហោរបស់ខ្លួន”។
ដំណើរការបណ្តុះពន្លកដើមកាហ្វេ ត្រូវបានធ្វើឡើងដោយដៃ។ រូបថត៖ Tran Long/VOV-ភូមិភាគពាយ័ព្យ |
Son La មិនត្រឹមតែដាំកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំគ្រាប់កាហ្វេរបស់ខ្លួនឈានទៅឆ្ងាយជាបណ្តើរៗ។ ជាមួយនឹងលក្ខខណ្ឌធម្មជាតិអំណោយផល ក៏ដូចជាការឧស្សាហ៍ព្យាយាមរបស់កសិករ ដើមកាហ្វេអារ៉ាប៊ីកាបានរីកលូតលាស់ អភិវឌ្ឍ និងផលិតបានគ្រាប់កាហ្វេ Son La ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ទទួលបានវិញ្ញាបនបត្រក្នុងស្រុក និងអន្តរជាតិជាច្រើន។ សាស្ត្រាចារ្យរង លោកបណ្ឌិត Nguyen Van Bo អតីតនាយកបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មវៀតណាមបានមានប្រសាសន៍ថា៖ “Son La សម្រេចបានវិញ្ញាបនប័ត្រដ៏សំខាន់មួយ ដែលជាវិញ្ញាបនបត្រសម្គាល់ភូមិសាស្ត្រ។ តាមរយៈវិញ្ញាបនបត្រនេះ ខេត្តអាចលក់កាហ្វេបានតម្លៃខ្ពស់ និងនាំចេញទៅកាន់ប្រទេសកាន់តែច្រើន”។
វិញ្ញាបនប័ត្រដែលខេត្ត Son La សម្រេចបានមិនត្រឹមតែជាវិធានការស្តង់ដារប៉ុណ្ណោះទេ ថែមទាំងជាការប្តេជ្ញាចិត្តចំពោះប្រភពដើម និងដំណើរការផលិតកាហ្វេទៀតផង។ លោក Vu Ngoc Huy ក្រុមហ៊ុនភាគហ៊ុនរួម Phuc Sinh Son La បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ តំបន់វត្ថុធាតុដើមរបស់យើងសម្រេចបានវិញ្ញាបនប័ត្រមួយចំនួនស្តីពីនិរន្តរភាពកាហ្វេ ដូចជា៖ វិញ្ញាបនប័ត្រ Rainforest Alliance (RA) និងវិញ្ញាបនប័ត្រ Four C ។ ទាំងនេះគឺជាវិញ្ញាបនប័ត្រដ៏ពេញនិយមបំផុតចំនួនពីរនៅក្នុងពិភពលោកសម្រាប់ការអភិវឌ្ឍកាហ្វេប្រកបដោយនិរន្តរភាព។ ជោគជ័យស្ថិតនៅលើការដែល កសិករប្រតិបត្តិតាមសកម្មភាពកសិកម្មឬអត់។ ដូច្នេះហើយ កសិករគឺជាកត្តាសម្រេចចិត្តមួយ ហើយសហគ្រាសក៏ផ្តោតលើការបណ្តុះបណ្តាល លើកកម្ពស់ចំណេះដឹងរបស់កសិករ ក៏ដូចជាការណែនាំបច្ចេកទេសធ្វើកសិកម្មលើចម្ការបស់ពួកគេផងដែរ”។
ដើមកាហ្វេបានបង្កើតរបរចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព និងក្លាយជាផលិតផលសំខាន់មួយរបស់ខេត្ត Son La ។ រូបថត៖ Nguyen Thuy/VOV-ភូមិភាគពាយ័ព្យ |
ពីបេសកកម្មកាត់បន្ថយភាពក្រីក្រ គ្រាប់កាហ្វេបានក្លាយទៅជាដំណាំឧស្សាហកម្មសំខាន់របស់ខេត្ត Son La។ ផលិតផលកាហ្វេពិសេស កាហ្វេមានគុណភាពខ្ពស់ ដណ្តើមបានទីផ្សារដែលមានតម្រូវការតឹងរឹងជាបណ្ដើរ រួមចំណែកបញ្ជាក់ពីម៉ាកយីហោកាហ្វេវៀតណាមនៅលើផែនទីកាហ្វេពិភពលោក។ ដើម្បីបន្តដណ្ដើមបានគោលដៅអភិវឌ្ឍន៍ថ្មី Son La បាននឹងកំពុងជម្នះការលំបាក ខិតខំបំពេញតាមបទប្បញ្ញត្តិ និងស្តង់ដារអន្តរជាតិដ៏តឹងរឹង បង្កើតផលិតផលកាហ្វេដែលមានគុណភាព។ លោក Nguyen Thanh Cong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានឲ្យដឹងថា៖ “ដំណោះស្រាយទីមួយគឺដើម្បីអភិវឌ្ឍកាហ្វេប្រកបដោយនិរន្តរភាព កសាងដំណើរការផលិតកាហ្វេស្អាត ស្របតាមស្តង់ដារ RA, 4C, UTZ និងបទប្បញ្ញត្តិប្រឆាំងការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប។ ទន្ទឹមនឹងនោះគឺជាបញ្ហាពូជកាហ្វេ ត្រូវបន្តស្រាវជ្រាវពូជកាហ្វេដ៏ល្អបំផុត សមស្របនឹងលក្ខខណ្ឌនៃតំបន់ដាំដុះ Son La។ ដាំដុះឡើងវិញ នូវតំបន់ដាំកាហ្វេចាស់ គុណភាពអន់ខ្សោយ មិនធន់នឹងជំងឺនិងការប្រែប្រួលអាកាសធាតុ... ដើម្បីកសាងតំបន់ដាំដុះកាហ្វេលូតលាស់ល្អ មានសុខភាពល្អ ដើម្បីផលិតផលិតផលកាហ្វេល្អបំផុត”។
ក្នុងបរិបទនៃការប្រកួតប្រជែងកាន់តែខ្លាំងឡើងនៅក្នុងទីផ្សារកាហ្វេពិភពលោក ការរក្សាម៉ាកយីហោកាហ្វេ Son La មិនត្រឹមតែអាស្រ័យលើទិន្នផលកាហ្វេប៉ុណ្ណោះទេ ថែមទាំងសំខាន់ជាងនេះទៅទៀតគឺការរក្សាបាននូវគុណភាពស្ថិរភាពនិងធានានិរន្តរភាព។ Son La កំពុងដើរលើមាគ៌ាត្រឹមត្រូវ ដោយផ្តោតលើដំណោះស្រាយសមកាលកម្មពីការរៀបចំផែនការតំបន់វត្ថុធាតុដើម កែលម្អគុណភាពគ្រាប់ពូជ អនុវត្តស្តង់ដារអន្តរជាតិក្នុងផលិតកម្ម ភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកសិករ - អាជីវកម្ម - ភ្នាក់ងារគ្រប់គ្រង ការវិនិយោគលើដំណើរការស៊ីជម្រៅ និងការកសាងម៉ាកសម្គាល់ភូមិសាស្ត្រ។ សាស្ត្រាចារ្យរង លោកបណ្ឌិត Nguyen Van Bo មានប្រសាសន៍ថា៖ “គោលការណ៍របស់យើងគឺតភ្ជាប់ ដូច្នេះ កសិករត្រូវភ្ជាប់ទំនាក់ទំនងជាមួយគ្នាជាមុនសិន ដើម្បីផលិតតាមដំណើរការដូចគ្នា និងតភ្ជាប់ជាមួយសហគ្រាស ដើម្បីត្រូវបានគាំទ្រក្នុងការបំពេញបែបបទ បំពេញតម្រូវការលើគុណភាព ប្រភពដើម និងទទួលបានវិញ្ញាបនបត្រកាហ្វេ។ កសិករត្រូវតែចូលរួមក្នុងសកម្មភាពតភ្ជាប់បែបនេះ។ នោះគឺជាតម្រូវការដំបូង និងសំខាន់ខ្លាំងណាស់”។
ផលិតផលកាហ្វេត្រូវបានវិនិយោគលើការផលិត និងកែច្នៃ រួមចំណែកបង្កើនតម្លៃរបស់ផលិតផល។ រូបថត៖ Le Hanh/VOV-ភូមិភាគពាយ័ព្យ |
ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដើមកាហ្វេ ខេត្ត Son La បានខិតខំរហូតដល់ឆ្នាំ ២០៣០ សម្រេចបានផ្ទៃដីដាំកាហ្វេចំនួន ២៥.០០០ ហិកតា ដោយទិន្នផល ៤០.០០០ តោន អភិវឌ្ឍកាហ្វេពិសេសលើផ្ទៃដី ៥.៩៥០ ហិកតា ដាំកាហ្វេបំពេញតាមស្តង់ដារនិរន្តរភាពចំនួន ១៨.០០០ហិកតា និងផ្ទៃដីចំនួន៨០-៩០% ដាំពូជកាហ្វេបំពេញតាមស្តង់ដារ។ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥ តំបន់ដាំកាហ្វេនឹងកើនដល់ ២៧.០០០ ហិកតា ដោយទិន្នផល ៤៧.០០០ តោន កាហ្វេពិសេសចំនួន ៦.៥០០ ហិកតា ទិន្នផលកែច្នៃស៊ីជម្រៅដល់ ២០-២៥% ការនាំចេញស្រូបយក ៨០-៨៥% នៃទិន្នផលកាហ្វេសរុបរបស់ខេត្ត បង្កើតនិងអភិវឌ្ឍន៍តំបន់ចំនួន៥ឬច្រើនជាង ដាំដុះកាហ្វេអនុវត្តន៍បច្ចេកវិទ្យាខ្ពស់។ កិច្ចខិតខំប្រឹងប្រែងនេះ បានបង្ហាញថា ខេត្ត Son La កំពុងព្យាយាមដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតកាហ្វេអារ៉ាប៊ីកាដែលមានគុណភាពខ្ពស់របស់វៀតណាម តាមនោះ បង្កើតសន្ទុះសម្រាប់ផលិតផលកាហ្វេក្នុងស្រុក ដណ្តើមបានទីផ្សារដែលមានតម្រូវការតឹងរឹងរបស់ពិភពលោក៕