ខេត្ត Son La តភ្ជាប់ និងពង្រីកទីផ្សារសម្រាប់ផ្លែឈើ
(VOVWORLD) - ខេត្ត Son La គឺជាតំបន់ដាំដុះផ្លែឈើដ៏ធំបំផុតមួយនៅភាគខាងជើង ក៏ដូចជាទូទាំងប្រទេស ដោយមានទិន្នផលផ្លែឈើរាប់សែនតោនក្នុងមួយឆ្នាំៗ។ នាពេលថ្មីៗនេះ Son La បានម្ចាស់ការ តភ្ជាប់និងផ្សព្វផ្សាយម៉ាកយីហោរបស់ខ្លួន តាមនោះ ពង្រីកទីផ្សារប្រើប្រាស់ផលិតផលផ្លែឈើក្នុងស្រុកទៅកាន់ខេត្ត ក្រុងជាច្រើនលើទូទាំងប្រទេស និងបរទេស។
បច្ចុប្បន្ន ខេត្ត Son La បានដាំដើមឈើហូបផ្លែ និងដើមសឺនត្រា(Son Tra) លើផ្ទៃដីជាង ៨២.០០០ ហិកតា ដោយមានទិន្នផលប្រមាណ ៣៧៨.៥៣០ តោន។ ក្នុងរដូវផលិតកម្មឆ្នាំនេះ តំបន់ដាំដើមឈើហូបផ្លៃរបស់ខេត្តរងផលប៉ះពាល់ដោយអាកាសធាតុក្ដៅ និងការរាំងស្ងួតអូសបន្លាយ កន្លៃងខ្លះមានភ្លៀងទឹកកក។ ទោះជាយ៉ាងណាក៏ដោយ ដោយអនុវត្តន៍ វឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកទេស ទាំងទម្រង់និងគុណភាពផ្លែឈើនៅតែធានាបំពេញស្តង់ដាររបស់ដៃគូក្នុងស្រុក និងស្តង់ដារនាំចេញ។
Son La គឺជាតំបន់ដាំដើមឈើហូបផ្លែ ដ៏សំខាន់មួយនៅភាគខាងជើង។ រូបថត៖ Le Hanh/VOV-ភូមិភាគពាយ័ព្យ |
គិតត្រឹមដើមខែឧសភា ខេត្ត Son La ទាំងមូលបានលក់ផ្លែឈើគ្រប់ប្រភេទចំនួនជិត ៤០.០០០ តោន ដែលមានតម្លៃជាង ៧៥៥ ពាន់លានដុង (ជាង ២៨,៨ លានដុល្លារអាមេរិក) ក្នុងនោះភាគច្រើនជាផ្លែស្ត្របឺរី ចេក ផ្លែព្រូនទុំមុនរដូវ ផ្លែមៀនទុំមុនរដូវ និងផ្លៃស្វាយ។ល។ ផ្លែឈើស្រស់ៗភាគច្រើនត្រូវបានក្រុមហ៊ុននិងសហករណ៍ប្រមូលទិញដើម្បីផ្គត់ផ្គង់ដល់ប្រព័ន្ធផ្សារទំនើប ហាងលក់ផ្លែឈើស្អាតនៅតាមបណ្តាខេត្តក្រុងទូទាំងប្រទេស និងនាំចេញ។ ជាមួយនឹងតំបន់វត្ថុធាតុដើមជាង ១៣ ហិកតា ជារៀងរាល់ខែ សហករណ៍កសិកម្មបៃតង ២៦មិនា បានផ្គត់ផ្គង់បន្លែផ្លែឈើគ្រប់ប្រភេទចំនួន ៣០ - ៤០ តោនទៅកាន់ទីផ្សារ។ ដើម្បីបញ្ចេញលក់កសិផលដែលផលិតបាននេះ សហករណ៍បាននិងកំពុងរក្សាវិធីសាស្រ្តដូចជា៖ រៀបចំស្តង់លក់ទំនិញនៅផ្សារមួយចំនួន; រក្សាកិច្ចសន្យារយៈពេលវែងជាមួយផ្ទះបាយសមូហភាព; ពង្រីកបណ្តាញលក់កសិផលស្អាតទៅកាន់ប្រព័ន្ធផ្សារទំនើប និងផ្សារបោះដុំនៅភាគខាងជើង។ លោកស្រី Hoang Thi Tham អនុប្រធានសហករណ៍កសិកម្មបៃតង ២៦ មិនា នៅខេត្ត Son La បានឲ្យដឹងថា៖ "យើងមានបណ្តាញជាច្រើនសម្រាប់បញ្ចេញលក់ផលិតផលរបស់សហករណ៍។ ទីមួយគឺបណ្តាញសង្គមដូចជា Facebook, Zalo និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។ យើងចូលប្រើប្រាស់ និងលក់កសិផលតាមបណ្តាញទាំងនោះ ក៏នាំមកនូវប្រសិទ្ធភាពជាក់លាក់ផងដែរ។ បណ្តាញទីពីរគឺលក់ដោយផ្ទាល់នៅតាមហាង”។
ដើម្បីកាត់បន្ថយសម្ពាធនៃការបញ្ចេញលក់ផ្លែឈើស្រស់ៗក្នុងរដូវប្រមូលផល ខេត្ត Son La បានផ្លាស់ប្តូរទម្លាប់ប្រពៃណីជាបណ្ដើរៗ មិនត្រឹមតែលក់ផ្លែឈើស្រស់ប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់លើសកម្មភាពកែច្នៃដើម្បីធ្វើពិពិធកម្មផលិតផលទៀតផង ដូចជា៖ ផ្លែឈើក្រៀម ផ្លែឈើស្ងួត ទឹកផ្លែឈើ និងសាច់មៀនជាដើម ដោយរួមចំណែកលើកកម្ពស់តម្លៃផលិតផល បំពេញតម្រូវការរបស់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារសម្រាប់ផលិតផលផ្លែឈើទាំងក្នុងស្រុកនិងនាំចេញផងដែរ។ យោងតាមលោក Nguyen Thanh Cong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តSon La ផែនការប្រើប្រាស់ នាំចេញ និងកែច្នៃត្រូវបានខេត្តអនុវត្តដោយសមកាលកម្មនៅទូទាំងតំបន់ ជាពិសេសចំពោះផលិតផលផ្លែឈើដែលកំពុងឈានចូលរដូវប្រមូលផល។
"ខេត្តបានអនុវត្តការបញ្ចេញលក់ក្នុងស្រុក គឺនៅតាមផ្សារបោះដុំ ផ្សារទំនើបទូទាំងប្រទេស ដើម្បីនាំផលិតផលស្វាយ ផ្លែព្រូន និងបន្តទៀតគឺផ្លែមៀនចូលទៅក្នុងប្រព័ន្ធផ្សារទំនើបដើម្បីបម្រើទីផ្សារវៀតណាម។ ទីពីរ ខេត្ត Son La ក៏ខិតខំប្រឹងប្រែងនាំផលិតផលចូលទៅក្នុងរោងចក្រកែច្នៃ។ នេះជាចំណុចសំខាន់ណាស់ ព្រោះរោងចក្រកែច្នៃនឹងរួមចំណែកដោះស្រាយបញ្ហានៅពេលតែមួយ នៅមានទិន្នផលធំ នឹងត្រូវបានកែច្នៃឲ្យក្លាយជាផលិតផលកែច្នៃជ្រៅ បង្កើនតម្លៃបន្ថែមរបស់ផលិតផល។ ខេត្តអនុវត្តប្រកបដោយសមកាលកម្មនូវភារកិច្ច និងដំណោះស្រាយជាច្រើន ចាប់ពីការរៀបចំផលិតកម្ម ការកែច្នៃ និងការផ្សព្វផ្សាយ ឧទ្ទេសនាមផលិតផល ដោយផ្សារភ្ជាប់ជាមួយនឹងការក្តាប់ជាប់ទីផ្សារជាប្រចាំ"។
ផលិតផលកសិកម្ម Son La ត្រូវបានផ្សព្វផ្សាយ ឧទ្ទេនាម និងបញ្ចេញលក់យ៉ាងទូលំទូលាយនៅលើទីផ្សារ។ រូបថត៖ Le Hanh/VOV-ភូមិភាគពាយ័ព្យ |
ជាមួយគ្នានេះ ខេត្ត Son La ក៏បន្តជំរុញការពន្លឿនពាណិជ្ជកម្ម លើកកម្ពស់តម្លៃសម្រាប់ផលិតផលផ្លែឈើ ជាជំហានៗ នាំផលិតផលពិសេសរបស់ខេត្ត ទៅដល់ដៃអ្នកប្រើប្រាស់ បង្កើតឱកាសដ៏ធំធេងសម្រាប់ផ្លែឈើក្នុងស្រុក។
នៅរដូវប្រមូលផលផ្លែព្រូនក្រហម និងស្វាយ (ចាប់ពីពាក់កណ្តាលខែឧសភា ដល់ចុងខែកក្កដា) នៅតាមតំបន់ដាំដុះប្រមូលផ្តុំនៅតាមឃុំ Thuan Chau ឃុំ Muong La និងឃុំ Yen Chau... ខេត្ត Son La បានដឹកនាំអង្គភាពមានសមត្ថកិច្ចឱ្យផ្គត់ផ្គង់ រៀបចំផ្លែព្រូន Ruby សម្របសម្រួលជាមួយសហករណ៍ដែលបានជ្រើសរើស វេចខ្ចប់ និងដឹកជញ្ជូនទៅកាន់ក្រុមហ៊ុនភាគហ៊ុនផ្គត់ផ្គង់អាហារតាមយន្តហោះ Noi Bai; តភ្ជាប់ការបញ្ចេញលក់ ជាមួយក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មនាំចេញនាំចូល Minh Khai (ខេត្ត Lao Cai) និងក្រុមហ៊ុនចម្កាត់ពាណិជ្ជកម្មនាំចេញនាំចូលតូន SUN Liang Yunnan (ចិន) ផងដែរ។ នាពេលថ្មីៗនេះ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីរួមខេត្តMoc Chau គណៈកម្មាធិការប្រជាជនខេត្ត Son La នសហការជាមួយក្រុមហ៊ុន Vietnam Airlines សម្ព័ន្ធសហករណ៍ពាណិជ្ជកម្មទីក្រុងហូជីមិញ (Saigon Co.op), Go! និងក្រុមហ៊ុនភាគហ៊ុនសេវាកម្មពាណិជ្ជកម្ម WinCommerce រៀបចំពិធីចាប់ផ្តើមនាំផ្លែព្រូនក្រហម Son La តាមជើងហោះហើររបស់ Vietnam Airlines និងចូលទៅក្នុងប្រព័ន្ធចែកចាយរបស់ Saigon Co.op, Go! និង WinCommerce។ លោក Vo Tran Ngoc នាយកផ្នែកអាជីវកម្មរបស់ Saigon Co.op បានឲ្យដឹងថា៖ "នេះគឺជាមូលដ្ឋានគ្រឹះដើម្បីជួយឱ្យផលិតផលរបស់ Son La ទៅដល់ដៃអ្នកប្រើប្រាស់នៅទីក្រុង Da Nang ដើម្បីបម្រើដល់បណ្តាខេត្តភូមិភាគកណ្តាល នាំចូលទៅកាន់ទីក្រុងហូជីមិញដើម្បីបម្រើដល់ប្រព័ន្ធផ្សារទំនើបនៅបណ្តាខេត្តក្រុងនៅតំបន់ដីសណ្តទន្លេ Cuu Long ភាគខាងត្បូង"។
ពិធីចាប់ផ្តើមនៃផ្លែព្រូន Son La ចូលទៅក្នុងប្រព័ន្ធលក់របស់ Saigon Co.op នៅទូទាំងប្រទេស។ រូបថត៖ Le Hanh/VOV-ភូមិភាគពាយ័ព្យ |
ទន្ទឹមនឹងនោះ អាជ្ញាធរមូលដ្ឋាន និងសហគ្រាសក្នុងខេត្តក៏បានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនានាដូចជា៖ សប្តាហ៍ផលិតផលកសិកម្ម ផ្លែឈើ Son La នៅតាមបណ្តាញផ្សារទំនើបទូទាំងប្រទេស ឬពិធីបុណ្យកសិផល និងផ្លែឈើដើម្បីផ្សព្វផ្សាយផលិតផល។ សកម្មភាពទាំងនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ រួមចំណែកពង្រីកទីផ្សារ ជាពិសេសនៅតំបន់ភាគខាងត្បូង។
កិច្ចខិតខំប្រឹងប្រែងរបស់ខេត្ត Son La ក្នុងការភ្ជាប់ទំនាក់ទំនង ផ្សព្វផ្សាយ និងពង្រីកទីផ្សារផ្លែឈើបាននិងកំពុងនាំមកនូវលទ្ធផលវិជ្ជមាន។ ភាពជោគជ័យទាំងនេះមិនត្រឹមតែរួមចំណែកលើកកម្ពស់តម្លៃផលិតផលកសិកម្ម កែលម្អប្រាក់ចំណូលរបស់កសិករប៉ុណ្ណោះទេ ថែមទាំងនាំផលិតផលកសិកម្ម Son La ឈានទៅឆ្ងាយនិងដណ្តើមយកទីផ្សារអន្តរជាតិដែលមានស្តង់ដារតឹងរឹងផងដែរ៕