ជំរុញការពន្លឿនពាណិជ្ជកម្ម និងខិតខំសម្រេចបានកំណើននាំចេញ១២%នៅឆ្នាំនេះ
(VOVWORLD) - តាំងពីយូរយារណាស់មកហើយ ការនាំចេញគឺជាកត្តាជំរុញកំណើនដ៏សំខាន់សម្រាប់សេដ្ឋកិច្ចវៀតណាម រួមចំណែករក្សាអត្រាកំណើនខ្ពស់ ស្ថិរភាពតុល្យភាពពាណិជ្ជកម្ម និងបង្កើតការងារធ្វើសម្រាប់ពលកររាប់លាននាក់។ នៅឆ្នាំនេះ រដ្ឋាភិបាលបានដាក់ចេញនូវគោលសដៅកំណើននាំចេញ ១២% ស្មើនឹងប្រាក់ចំណូលប្រមាណ ៤៥០-៤៥១ ពាន់លានដុល្លារ រួមជាមួយនឹងអតិរេកពាណិជ្ជកម្ម ៣០ ពាន់លានដុល្លារ។ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ការនាំចេញបានកើនឡើងជាង ១៣% លើសពីគោលដៅដែលបានដាក់ចេញ ដោយបើកយថាទស្សន៍វិជ្ជមានជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីរក្សាសន្ទុះកំណើននៅក្នុងបរិបទនៃសេដ្ឋកិច្ចសកលមានការប្រែប្រួលជាច្រើន វៀតណាមបានដាក់ពង្រាយប្រកបដោយសមកាលកម្មនូវដំណោះស្រាយយុទ្ធសាស្ត្រជាច្រើន។
ការពង្រីកនិងធ្វើពិពិធកម្មទីផ្សារ គឺជាដំណោះស្រាយមួយដែលវៀតណាមកំពុងបន្តប្រដេញតាម។ ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (FTA) ដូចជា CPTPP, EVFTA, RCEP វៀតណាមកំពុងជំរុញពាណិជ្ជកម្មក្នុងតំបន់មានសក្តានុពលដូចជាមជ្ឈឹមបូព៌ា អាហ្វ្រិក និងអាស៊ីខាងត្បូង ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារប្រពៃណីមួយចំនួន និងពង្រីកបណ្តាញលក់។ ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien ក្នុងកិច្ចប្រជុំជាមួយបណ្តាសមាគមនិងផ្នែកទំនិញ នាពេលថ្មីៗនេះ បានសង្កត់ធ្ងន់ថា៖ “បណ្តាសមាគម និងផ្នែកទំនិញ ត្រូវកសាងផែនការជំរុញពាណិជ្ជកម្មឱ្យស្របតាមតថភាពជាក់ស្តែង និងសមត្ថភាពរបស់សហគ្រាស ផ្តល់អាទិភាពដល់ទីផ្សារជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកំពុងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព ពង្រីកទៅកាន់តំបន់មានសក្តានុពលដូចជាអឺរ៉ុបខាងកើត អាហ្វ្រិក និងអាស៊ីខាងត្បូង ដើម្បីធ្វើពិពិធកម្មទីផ្សារ និងជៀសវាងការពឹងផ្អែកលើទីផ្សារប្រពៃណី។ ទី២ បន្តត្រួតពិនិត្យ វិភាគ និងចែករំលែកព័ត៌មានជាប្រចាំអំពីទីផ្សារ គោលនយោបាយពាណិជ្ជកម្ម ពន្ធគយ និងស្តង់ដារបច្ចេកទេសក្នុងទីផ្សារនាំចេញសំខាន់ៗ ជាពិសេសទីផ្សារដែលមាន FTA ជាមួយវៀតណាម ដើម្បីផ្គត់ផ្គង់ធាតុចូលឲ្យទាន់ពេលវេលាសម្រាប់សកម្មភាពផលិតកម្ម និងអាជីវកម្មរបស់សហគ្រាស”។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានដឹកនាំសន្និសីទជំរុញពាណិជ្ជកម្ម។ រូបថត៖ VOV |
លើសពីនេះ វៀតណាមក៏ផ្តោតលើការអភិវឌ្ឍផ្នែកទំនិញសំខាន់ៗផងដែរ។ ផ្នែកទំនិញមុខព្រួញដូចជា អេឡិចត្រូនិក កសិផល វាយនភណ្ឌ ជលផល និងស្បែកជើង បន្តដើរតួនាទីនាំមុខគេក្នុងកំណើនការនាំចេញ។ ជាមួយនឹងគ្រឿងអេឡិចត្រូនិក វៀតណាមជំរុញការទាក់ទាញលំហូរ FDI គុណភាពខ្ពស់ ចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលនៃ semiconductors បញ្ញាសិប្បនិម្មិត និងថាមពលកកើតឡើងវិញ។ កសិផលនិងជលផល ត្រូវបានលើកកម្ពស់គុណភាពកែច្នៃ តាមដានប្រភពដើម និងអនុលោមតាមស្តង់ដារបៃតងពីទីផ្សារនាំចូល។
ចំណែកឯផ្នែកទំនិញវាយនភណ្ឌនិងស្បែកជើងវិញ ការផ្លាស់ប្តូរទៅរកផលិតកម្មស្អាត សន្សំសំចៃថាមពល និងការបង្កើនអត្រាមូលដ្ឋានីយកម្ម គឺជាតម្រូវការចម្បង ដើម្បីជម្នះរាល់ឧបសគ្គបច្ចេកទេសកាន់តែតឹងរ៉ឹងរបស់អឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកស្រី Phan Thanh Xuan អនុប្រធានសមាគមស្បែក ស្បែកជើង និងកាបូបវៀតណាមបានចាត់ទុកថា៖ “ឧត្តមភាពរបស់យើងគឺមានកិច្ចព្រមព្រៀង FTA ចំនួន ១៧ ដែលជាមូលដ្ឋានដ៏ល្អសម្រាប់សហគ្រាសធ្វើពិពិធកម្មទីផ្សាររបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមដ៏ធំនាពេលបច្ចុប្បន្នគឺយើងត្រូវបង្កើនប្រសិទ្ធភាពនៃការចំណាយ ពីព្រោះទីផ្សារដែលយើងធ្វើពិពិធកម្មកំពុងជួបប្រទះនឹងឧបសគ្គមួយចំនួន។ ដូច្នេះហើយ ប្រសិនបើយើងចង់ពង្រីកទីផ្សារ យើងក៏ត្រូវពង្រីកយុទ្ធសាស្ត្រអនុវត្តន៍បច្ចេកវិទ្យា ដើម្បីអាចផលិតបាននូវផលិតផលចម្រុះបន្ថែមទៀត តាមនោះ អាចឈានទៅដល់ទីផ្សារនិងឈានដល់អ្នកប្រើប្រាស់បានកាន់តែច្រើន”។
សហគ្រាសគឺជាម្ចាស់កម្មវត្ថុដើម្បីអនុវត្តន៍យុទ្ធសាស្ត្រនាំចេញ។ ដូច្នេះហើយ ដើម្បីពង្រីកទីផ្សារនាំចេញនោះ ដំណោះស្រាយសំខាន់មួយគឺជំរុញការអនុវត្តបច្ចេកវិទ្យាឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន។ ទន្ទឹមនឹងនោះ ត្រូវបំពេញតាមស្តង់ដារបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ វិញ្ញាបនបត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនឹងក្លាយជា "លិខិតឆ្លងដែន" ដ៏សំខាន់ ដែលជួយទំនិញវៀតណាមដណ្តើមបានទីផ្សារដែលមានតម្រូវការតឹងរឹង។ អនុប្រធាន VCCI លោក Hoang Quang Phong បានអះអាងថា៖ “នៅក្នុងបរិបទដែលទីផ្សារជាច្រើនបានអនុវត្តន៍របាំងមិនមែនពន្ធ តម្រូវការបរិស្ថាន សង្គម និងអភិបាលកិច្ចកាន់តែតឹងរ៉ឹងជាង។ ប្រការនេះទាមទារឱ្យអង្គភាពអាជីវកម្មវិនិយោគលើធនធានសម្រាប់ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល បង្កើនអត្រាធាតុចូលក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការសម្ភារៈនាំចូល ដើម្បីបំពេញស្តង់ដារតម្លាភាពនៃប្រភពដើម។ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលជាច្រើន សហគ្រាសវៀតណាមត្រូវមានយុទ្ធសាស្ត្រឆ្ពោះទៅរកទីផ្សារថ្មីឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព”។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់សហគ្រាស គោលនយោបាយរដ្ឋដើរតួនាទីនាំមុខ។ មិនត្រឹមតែបន្តការចរចា ដករបាំងពាណិជ្ជកម្ម និងដោះស្រាយការបណ្តឹងពាណិជ្ជកម្ម ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសប៉ុណ្ណោះទេ រដ្ឋាភិបាលក៏បានជំរុញពាណិជ្ជកម្មឌីជីថល បង្កើតវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិជាមួយនឹងម៉ាកយីហោជាតិផងដែរ។
ជាមួយនឹងលទ្ធផលវិជ្ជមានក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៥ និងដំណោះស្រាយជាក់លាក់ដែលបានដាក់ចេញ វៀតណាមមានមូលដ្ឋានដ៏រឹងមាំដើម្បីសម្រេចបាននូវគោលដៅកំណើននាំចេញ ១២% ក្នុងឆ្នាំ ២០២៥។ ការសម្រេចបាននូវគោលដៅនេះ នឹងពង្រឹងឋានៈរបស់វៀតណាមក្នុងក្រុមសេដ្ឋកិច្ចពាណិជ្ជកម្មឈានមុខគេទាំង ២០ នៅលើពិភពលោក៕