ប្រែក្លាយសក្តានុពលនៃការអភិវឌ្ឍវាយោអគ្គិសនីលើសមុទ្រឱ្យក្លាយជាការពិត
(VOVWORLD) - ជាមួយនឹងទីតាំងស្ថិតក្នុងតំបន់ខ្យល់មូសុងអាស៊ីខ្លាំងនិងស្ថិរភាព វៀតណាមមានសក្តានុពលដ៏ធំធេងក្នុងការអភិវឌ្ឍថាមពលវាយោអគ្គិសនី។ ប្រភពថាមពលនេះ កំពុងត្រូវបានរដ្ឋាភិបាលវៀតណាមតម្រង់ទិសសម្រាប់ប្រតិបត្តិការនិងធ្វើអាជីវកម្ម ដើរតួនាទីយ៉ាងធំធេងក្នុងការអនុវត្តការសន្យារបស់វៀតណាមស្តីពីការប្រែប្រួលអាកាសធាតុ ជំរុញសេដ្ឋកិច្ចគ្មានកាបូននាពេលអនាគត។
នាយកដ្ឋានឧតុនិយមវៀតណាម ការិយាល័យតំណាងអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNDP) និងស្ថានទូតន័រវេស កាលពីថ្ងៃទី១៨ ខែមេសា បានប្រកាសរបាយការណ៍មួយ ដោយបញ្ជាក់ថា សក្តានុពលសម្រាប់ការអភិវឌ្ឍន៍ថាមពលវាយោអគ្គិសនីលើសមុទ្ររបស់វៀតណាមគឺធំធេងណាស់ ដែលមានអនុភាពឡើងដល់ជាង ១.០០០ GW ។ តួរលេខនេះលើសពីការវាយតម្លៃកាលពីមុនរបស់ធនាគារពិភពលោក។ ជាពិសេស សក្តានុពលលេចធ្លោបំផុត ភាគច្រើនប្រមូលផ្តុំនៅតំបន់ Bac Lieu - Ca Mau, Ninh Thuan - Binh Thuan។ គួរកត់សម្គាល់ថា របាយការណ៍នេះក៏បានវិភាគយ៉ាងលំអិតអំពីការប្រែប្រួលតាមរដូវកាល ដោយកំណត់ពេលវេលា "មាស" សម្រាប់ទិន្នផលវាយោអគ្គិសនីនៅលើសមុទ្រ។
កន្លែងផលិតថាមពលវាយោអគ្គិសនីនៅខេត្ត Bac Lieu ។ រូបថត៖ VOV |
របាយការណ៍នេះគឺជាឧបករណ៍តម្រង់ទិសជាក់ស្តែងសម្រាប់វៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មថាមពលវាយោអគ្គិសនី និងជួយទាក់ទាញការវិនិយោគ ជាពិសេសក្នុងបរិបទនៃផែនការអនុវត្ត ផែនការអភិវឌ្ឍន៍ថាមពលជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ (ផែនការអគ្គិសនី ៨) ដែលទើបត្រូវបានអនុម័តជាផ្លូវការ បង្កើតបុព្វបទបើកទូលាយបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់វិស័យថាមពលវៀតណាមតាមទិសដៅនិរន្តរភាព សមភាព ស្របតាមនិន្នាការសេដ្ឋកិច្ចបៃតង។ លោក Jacques-Etienne Michel នាយកសារជីវកម្ម Equinor Energy ធ្លាប់បានអះអាងពីតួនាទីរបស់វាយោអគ្គិសនីនៅលើមុទ្រក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម៖ “វៀតណាមនឹងមិនអាចអនុវត្តន៍ការផ្លាស់ប្តូរថាមពលដោយជោគជ័យបានទេ ប្រសិនបើគ្មានការអភិវឌ្ឍថាមពលវាយោអគ្គិសនីនៅលើសមុទ្រនោះ ។ វៀតណាមមានឆ្នេរសមុទ្រវែងអន្លាយ ក៏ដូចជាប្រភពថាមពលកកើតឡើងវិញដ៏ធំធេងនិងមានសក្តានុពលបំផុតនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែយើងត្រូវការយល់ដឹងពីបរិស្ថានសមុទ្រនៅហ្នឹងកន្លែង និងវិធីសាស្ត្រប្រតិបត្តិការរបស់វា”។
លោក Jacques-Etienne Michel នាយកសារជីវកម្ម Equinor Energy។ ប្រភព៖ Equinor |
ដោយកំណត់ថា ការអភិវឌ្ឍថាមពលវាយោអគ្គិសនីនៅសមុទ្រគឺជាដំណើរការដ៏វែងឆ្ងាយ ទាមទារឲ្យមានការរៀបចំធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសច្រករបៀងផ្លូវច្បាប់ វៀតណាមបាននិងកំពុងកសាងផែនទីបង្ហាញផ្លូវសម្រាប់ដំណើរការនេះ។ ច្បាប់អគ្គិសនី (វិសោធនកម្ម) ដែលត្រូវបានអនុម័តកាលពីចុងឆ្នាំ២០២៤ បានកំណត់យន្តការដូចជា៖ កិច្ចសន្យា BOT (សាងសង់ - ប្រតិបត្តិការ - ផ្ទេរ) សម្រាប់ថាមពលវាយោអគ្គិសនីនៅលើសមុទ្រ បើកឱកាសសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស។ លោក Du Van Toan អ្នកជំនាញថាមពលកកើតឡើងវិញ វិទ្យាស្ថានស្រាវជ្រាវសមុទ្រនិងកោះ (ក្រសួងកសិកម្មនិងបរិស្ថាន) បានចាត់ទុកថា៖
លោក Du Van Toan អ្នកជំនាញថាមពលកកើតឡើងវិញ វិទ្យាស្ថានស្រាវជ្រាវសមុទ្រនិងកោះ។ រូបថត៖ quochoi.vn |
“ច្បាប់អគ្គិសនីមានជំពូកមួយ ស្តីពីថាមពលវាយោអគ្គិសនីនៅសមុទ្រ ជាមួយនឹងបទប្បញ្ញត្តិជាក់លាក់បន្ថែមទៀតសម្រាប់ថាមពលវាយោអគ្គិសនីនៅសមុទ្រ ជាមួយនឹងគោលដៅសម្រេចបានជិត ១១០ GW នៅឆ្នាំ ២០៥០ រួមចំណែកប្រហែល ១/៣ នៃប្រភពអគ្គិសនីសរុបដែលបម្រើសកម្មភាពសេដ្ឋកិច្ចរបស់វៀតណាម។ ត្រូវមានលក្ខណៈ គតិយុត្តិជាក់លាក់បន្ថែមទៀត ដើម្បីធានានូវដើមទុនវិនិយោគរបស់វិនិយោគិន នឹងនរចិត្តវិនិយោគសម្រាប់រយៈពេលពី ២០-៣០ ឆ្នាំ។ ប្រសិនបើយើងគ្រាន់តែមានចក្ខុវិស័យរយៈពេលខ្លី វានឹងពិបាកអភិវឌ្ឍន៍គម្រោងថាមពលវាយោអាគ្គីសនីនៅសមុទ្រ”។
ទន្ទឹមនឹងការធ្វើវិសោធនកម្មច្បាប់នេះ វៀតណាមក៏ផ្តោតលើការវិនិយោគធនធានមនុស្សផងដែរ។ ក្រសួង ផ្នែក និងមូលដ្ឋាន សហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្ម ដើម្បីបណ្តុះបណ្តាលនិងផ្លាស់ប្តូរចំណេះដឹងលើហេដ្ឋារចនាសម្ព័ន្ធនិងគោលនយោបាយ លើកទឹកចិត្តដល់ការអភិវឌ្ឍមជ្ឈមណ្ឌលឧស្សាហកម្មថាមពលវាយោអគ្គិសនីនៅសមុទ្រ។ ទីក្រុង Hai Phong ក៏ជាមូលដ្ឋានដើរជួរមុខក្នុងវិស័យនេះផងដែរ។ លោក Nguyen Van Thanh អតីតប្រធាននាយកដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្ម Hai Phong បានឲ្យដឹងថា៖ “ ចំណេះដឹងរបស់សហគ្រាសវៀតណាមក៏កំពុងខិតជិតដល់កម្រិតអន្តរជាតិជាបណ្ដើរៗ តាមរយៈវគ្គបណ្តុះបណ្តាលជាច្រើន។ ទន្ទឹមនឹងនោះ ជាមួយនឹងផែនការអភិវឌ្ឍន៍ថាមពលវាយោអគ្គិសនីនៅសមុទ្រ ដែលកំណត់សូចនាករខ្យល់សម្រាប់អាជីវកម្ម និងស្រាវជ្រាវពីសូចនាករទាក់ទងនឹងខ្យល់។ ទាំងនេះគឺជាសូចនាករវិជ្ជមានសម្រាប់ការអភិវឌ្ឍថាមពលវាយោអគ្គិសនី នាពេលអនាគត”។
បច្ចុប្បន្ន ខេត្ត Binh Dinh ក៏កំពុងបំពេញនីតិវិធីចុងក្រោយសម្រាប់ក្រុមហ៊ុន PNE របស់អាឡឺម៉ង់ ដាក់ពង្រាយគម្រោងថាមពលវាយោអគ្គិសនីនៅសមុទ្រ Hon Trau ជាមួយនឹងសមត្ថភាពតាមការរំពឹងទុកចំនួន ២.០០០ MW និងទុនវិនិយោគចំនួន ៤,៦ ពាន់លានដុល្លារអាមេរិក។ គម្រោងនេះ ចែកចេញជា ៣ ដំណាក់កាល ដែលដំណាក់កាលនីមួយៗបានវិនិយោគជាង ១,៥ ពាន់លានដុល្លារអាមេរិក ដោយរំពឹងថានឹងដាក់ឲ្យដំណើរការនៅឆ្នាំ ២០៣០។ នៅពេលឈានចូលដំណើរការ គម្រោងនេះត្រូវបានរំពឹងថា នឹងផ្គត់ផ្គង់អគ្គិសនីដល់គ្រួសារប្រមាណ ៣,៥ លានគ្រួ នៅទីក្រុង Binh Dinh និងវៀតណាម ដោយប៉ាន់ស្មានថា នឹងកាត់បន្ថយការបំភាយឧស្ម័ន CO2 ប្រហែល ១៣០ លានតោន ក្នុងអំឡុងពេល ៣៥ ឆ្នាំនៃគម្រោង។ លោក Ho Quoc Dung លេខាគណៈកម្មាធិការបក្សខេត្ត Binh Dinh បានឲ្យដឹងថា៖ “នេះជាគម្រោងដំបូងរបស់ PNE Group ដែលត្រូវអនុវត្តនៅវៀតណាម។ ខេត្ត Binh Dinh ប្តេជ្ញាជានិច្ចកាលគាំទ្រនិងរួមដំណើរជាមួយ PNE ក្នុងការអនុវត្តន៍គម្រោង ត្រៀមខ្លួនបង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញគម្រោងនេះឱ្យទទួលបានជោគជ័យ”។
ជាមួយនឹងផែនទីបង្ហាញផ្លូវជាក់លាក់ វៀតណាមកំពុងកំណត់រូបរាង ឧស្សាហកម្មថាមពលវាយោអគ្គិសនីនៅសមុទ្រជាបណ្ដើរៗ រួមចំណែកអនុវត្តន៍ការប្តេជ្ញាចិត្ត Net Zero នៅឆ្នាំ ២០៥០ និងលើកកំពស់ឋានៈរបស់វៀតណាមក្នុងផែនទីថាមពលកកើតឡើងវិញរបស់ពិភពលោក៕