ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ - កន្លែង​ប្រមូលផ្តុំផលិតផលប្រណិត​របស់​វៀតណាម​ និងឱកាសតភ្ជាប់ជា​សកល​

(VOVWORLD) - ចាប់ពីថ្ងៃទី ២៥ ខែតុលាដល់ថ្ងៃទី ៤ ខែវិច្ឆិកា ពិព័រណ៍សរទរដូវឆ្នាំ ២០២៥នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍វៀតណាម (VEC) សង្កាត់ Dong Anh ទីក្រុងហាណូយ។ ដោយប្រធានបទ “តភ្ជាប់មនុស្សជាមួយផលិតកម្ម និងអាជីវកម្ម” ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងតាមថ្នាក់ជាតិ ដែលជាពិព័រណ៍ដ៏ធំបំផុតមិនធ្លាប់មាននៅវៀតណាម។ មិនត្រឹមតែជាកន្លែងផ្សព្វផ្សាយផលិតផលឆ្នើម និងមានគុណភាពខ្ពស់របស់សហគ្រាសវៀតណាមប៉ុណ្ណោះទេ ពិព័រណ៍នេះក៏ជាចំណុចតភ្ជាប់ពាណិជ្ជកម្មរវាងទីផ្សារក្នុងស្រុក និងអន្តរជាតិ ដោយបានរួមចំណែកយ៉ាងសកម្មដល់គោលដៅកំណើនសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២៥ បង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងដំណាក់កាលបន្ទាប់។

ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ មានស្តង់ចំនួន ៣.០០០ លើផ្ទៃដីប្រហែល ១៣០.០០០ ម៉ែត្រការ៉េ ដោយមានការចូលរួមពីខេត្ត ក្រុងចំនួន ៣៤ ជាមួយបណ្តា ក្រសួង ផ្នែក សាជីវកម្មធំៗ សហគ្រាសក្នុងស្រុក និងបរទេស។ ពិព័រណ៌នេះ ត្រូវបានរៀបចំជាតំបន់ធំៗចំនួន ៥ ដែលតំបន់នីមួយៗមានសញ្ញាសម្គាល់ផ្ទាល់ខ្លួន បង្ហាញពីភាពចម្រុះ និងភាពសម្បូរបែបនៃទំនិញវៀតណាម។

ពិព័រណ៍សរទរដូវឆ្នាំ ២០២៥  - កន្លែង​ប្រមូលផ្តុំផលិតផលប្រណិត​របស់​វៀតណាម​ និងឱកាសតភ្ជាប់ជា​សកល​ - ảnh 1ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ - តភ្ជាប់មនុស្សជាមួយផលិតកម្ម និងអាជីវកម្ម។ រូបភាព៖ គណររៀបចំ

ផលិតផលដែលត្រូវបានដាក់តាំងនៅក្នុងពិព័រណ៌នេះ មានភាពចម្រុះរួមមាន៖ ឧស្សាហកម្មធុនធ្ងន់ ឧស្សាហកម្មធុនស្រាល ឧស្សាហកម្មវប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា - នវានុវត្តន៍ កសិកម្ម ការកែច្នៃម្ហូបអាហារ សេវាកម្ម ពាណិជ្ជកម្ម និងទំនិញប្រើប្រាស់។ ផលិតផលនៅក្នុងពិព័រណ៌នេះ សុទ្ធតែជាមុខទំនិញឆ្នើមៗ ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវគុណភាព បង្ហាញពីសមត្ថភាពផលិតកម្មកាន់តែកើនឡើងរបស់សហគ្រាសវៀតណាមក្នុងយុគសម័យធ្វើសមាហរណកម្ម។ ដូច្នេះហើយ ពិព័រណ៍នេះគឺជាឱកាសមួយសម្រាប់សហគ្រាសវៀតណាម ឧទ្ទេសនាមផលិតផលថ្មី បច្ចេកវិទ្យាថ្មី ក៏ដូចជាពង្រីកទីផ្សារ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងផងដែរ។ លោកស្រី Do Thi Thu Huong អគ្គនាយិការងក្រុមហ៊ុនភាគហ៊ុនឧសថ Vinh Phuc (Vinaphaco) បានឲ្យដឹងថា៖ “មកដល់ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ Vinaphaco សង្ឃឹមថា នេះនឹងក្លាយជាសកម្មភាពពន្លឿនពាណិជ្ជកម្មដ៏មានប្រសិទ្ធភាព និងទូលំទូលាយ ជួយ Vinaphaco ពង្រីកការផ្សព្វផ្សាយម៉ាកយីហោ និងផលិតផលរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនោះ នឹងមានឱកាសតភ្ជាប់ ផ្លាស់ប្តូរ និងសហប្រតិបត្តិការជាមួយអតិថិជន សហគ្រាស និងដៃគូនានា បើកចេញឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការផ្ទេរនិងអភិវឌ្ឍបច្ចេកវិទ្យា និងផលិតឱសថគុណភាពខ្ពស់

ពិព័រណ៍សរទរដូវឆ្នាំ ២០២៥  - កន្លែង​ប្រមូលផ្តុំផលិតផលប្រណិត​របស់​វៀតណាម​ និងឱកាសតភ្ជាប់ជា​សកល​ - ảnh 2សន្និសីទសារព័ត៌មាន ជូនដំណឹងអំពីពិព័រណ៍សរទរដូវឆ្នាំ ២០២៥។ រូបភាព៖ គណរៀបចំ

ចំណុចពិសេសនៃពិព័រណ៍សរទរដូវឆ្នាំ ២០២៥ បើធៀបនឹងពិព័រណ៍ធម្មតាគឺមានកម្រិតថ្នាក់ជាតិ និងការតភ្ជាប់សកល។ គណរៀបចំបានទទួលការចុះឈ្មោះដើម្បីចូលរួមក្នុងពិព័រណ៍ពីសហគ្រាសក្នុងស្រុក និងបរទេសចំនួន ២.៥០០ អង្គភាព ក្នុងនោះមានសហគ្រាសប្រមាណ ១០០ មកពីតំបន់អឺរ៉ុបដូចជា បារាំង បែលហ្ស៊ិក ហូឡង់ អូទ្រីស ស្វីស... និងបណ្តាប្រទេសអាស៊ី ដូចជាចិន បណ្តាប្រទេសអាស៊ាន អូស្ត្រាលី នូវែលសេឡង់…។ ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានឲ្យដឹងថា៖ “ស្តង់ទំនិញនៅក្នុងពិព័រណ៍នេះ ត្រូវធានាថា មានសហគ្រាសទាំងក្នុងស្រុកនិងបរទេស និងដៃគូដែលត្រៀមធ្វើពាណិជ្ជកម្មទំនិញនៅវៀតណាម ក្នុងនោះរួមទាំង Amazon Group ផងដែរ។ ប្រធាន Amazon បានឲ្យដឹងថា ក្រុមហ៊ុនមានបំណងចង់ចូលរួមក្នុងពិព័រណ៍នេះ ហើយនឹងរួមចំណែកដល់ព្រឹត្តិការណ៍នេះដោយការផ្សព្វផ្សាយ ប៉ុន្តែរឿងសំខាន់គឺតភ្ជាប់សហគ្រាសដែលមានវត្តមាននៅក្នុងពិព័រណ៍នេះ ហើយនាំពួកគេចូលរួមក្នុងខ្សែសង្វាក់ Amazon។ ដូច្នេះហើយ នេះនឹងក្លាយជាការវិវឌ្ឍដ៏ធំមួយ រួមទាំងនៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិចនាពេលអនាគតផងដែរ”។

ទន្ទឹមនឹងសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មរវាងសហគ្រាស សកម្មភាពលក់រាយសម្រាប់អ្នកប្រើប្រាស់ក៏ជាកត្តាបង្កើតភាពទាក់ទាញសម្រាប់ព្រឹត្តិការណ៍នេះដែរ។

សម្រាប់មូលដ្ឋាននានា ជាពិសេសទីក្រុងហាណូយ ដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ គឺជាឱកាសមួយដើម្បីលើកកម្ពស់តម្លៃវប្បធម៌ផង និងសក្តានុពលសេដ្ឋកិច្ចផង។ លោក Nguyen Anh Duong អនុប្រធាននាយកដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មហាណូយបានចែករំលែកថា៖  “នេះជាសកម្មភាពពិសេសមួយ មិនត្រឹមតែរួមចំណែកដល់ការងារជំរុញពាណិជ្ជកម្មរបស់រដ្ឋធានីប៉ុណ្ណោះទេ ថែមទាំងដល់ការងារផ្សព្វផ្សាយ និងទាក់ទាញវិនិយោគរបស់ទីក្រុងហាណូយ និយាយរួមទៀតផង។ តាមរយៈសកម្មភាពនេះ គ្រួសារអាចីវកម្ម សហគ្រាស អង្គភាពផលិតកម្មមានឱកាសឧទ្ទេសនាម ផ្សព្វផ្សាយ តភ្ជាប់ពាណិជ្ជកម្ម ហើយនេះក៏ជាឱកាសសម្រាប់ទីក្រុងហាណូយ ក្នុងការឧទ្ទេសនាមផលិតផលសំខាន់ៗដែលមានចរិតលក្ខណៈវប្បធម៌ និងតម្លៃសេដ្ឋកិច្ចខ្ពស់បំផុតដល់ប្រជាជន ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិផងដែរ”។

ពិព័រណ៍សរទរដូវឆ្នាំ ២០២៥  - កន្លែង​ប្រមូលផ្តុំផលិតផលប្រណិត​របស់​វៀតណាម​ និងឱកាសតភ្ជាប់ជា​សកល​ - ảnh 3ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son ពិនិត្យការត្រៀមរៀបចំសម្រាប់ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ។ រូបថត៖ VGP/Hai Minh

ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ បានរួមបញ្ចូលនូវកត្តាដូចជា៖ មាត្រដ្ឋានធំជាងគេ បរិយាកាសទំនើបបំផុត ផលិតផលចម្រុះបំផុត គុណភាពខ្ពស់បំផុត សកម្មភាពគួរឲ្យទាក់ទាញបំផុត អនុគ្រោះល្អបំផុត។ ទាំងអស់នេះ ត្រូវបានចាត់ទុកជាឧបករណ៍គោលនយោបាយសំខាន់ដើម្បី "ធ្វើបច្ចុប្បន្នភាពកម្លាំងចលករសម្រាប់កំណើនចាស់" ជំរុញការប្រើប្រាស់ ពង្រីកការនាំចេញ បង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសវៀតណាមក្នុងទីផ្សារពិភពលោក។ ទីកន្លែងនេះមិនត្រឹមតែប្រមូលផ្តុំនូវភាពប្រណិតនៃទំនិញវៀតណាម បញ្ជាក់ពីឋានៈរបស់ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបើកទ្វារឆ្ពោះទៅរកសមាហរណកម្មសកលយ៉ាងស៊ីជម្រៅទៀតផង។ ក្នុងបរិបទ ដែលសេដ្ឋកិច្ចសកលមានការប្រែប្រួលជាច្រើន ពិព័រណ៍នេះ គឺជាសក្ខីភាពច្បាស់លាស់ អំពីភាពសកម្ម ភាពស្វាហាប់ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់វៀតណាមក្នុងការកសាងខឿនសេដ្ឋកិច្ចទំនើប និរន្តរភាព និងសមាហរណកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ