វៀតណាមមានសក្ដានុពលក្លាយជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលកកើតឡើងវិញពិភពលោក
(VOVWORLD) - ឆ្នេរសមុទ្រវែងអន្លាយ អាកាសធាតុខ្យល់មូសុងត្រូពិច វិទ្យុសកម្មព្រះអាទិត្យនិងល្បឿនខ្យល់ខ្ពស់ គឺជាសក្តានុពលនិងអំណោយផលសម្រាប់វៀតណាមក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ ដូចជា៖ ថាមពលពន្លឺព្រះអាទិត្យ វាយោអគ្គិសនី ថាមពលជីវម៉ាស។ ម៉្យាងវិញទៀត ដោយមានទីតាំងនៅជិតមជ្ឈមណ្ឌលផលិតថាមពលកកើតឡើងវិញ និងខ្សែសង្វាក់ផ្គត់ផ្គង់បរិក្ខារធំៗដូចជា៖ ចិន ជប៉ុន កូរ៉េខាងត្បូង... វៀតណាមមានឱកាសក្លាយជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលកកើតឡើងវិញរបស់ពិភពលោក។
និន្នាការផ្លាស់ប្តូរពីថាមពលហ្វូស៊ីលទៅជាថាមពលស្អាត និងថាមពលកកើតឡើងវិញកំពុងប្រព្រឹត្តិទៅយ៉ាងខ្លាំងនៅជុំវិញពិភពលោក។ សេដ្ឋកិច្ចជុំវិញពិភពលោកកំពុងខិតខំប្រឹងប្រែង ដើម្បីរៀបចំឡើងវិញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបៃតង ស្អាត និរន្តរភាព និងស្និតស្នាលជាមួយបរិស្ថាន។ វៀតណាមកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរថាមពលយ់ាងខ្លាំងក្លា។ ទោះបីជាវៀតណាមមិនទាន់បានស្ទាត់ជំនាញលើបច្ចេកវិទ្យាស្នូលនៃថាមពលកកើតឡើងវិញក៏ដោយ ប៉ុន្តែជាជំហានដំបូង បានចូលរួមដំឡើងគ្រឿងបន្លាស់សម្រាប់ថាមពលកកើតឡើងវិញ ដូចជាបន្ទះសូឡា និងទួរប៊ីនខ្យល់ជាដើម។
បច្ចុប្បន្ន វៀតណាមមានសមត្ថភាពដំឡើងថាមពលពន្លឺព្រះអាទិត្យយ៉ាងទូលំទូលាយបំផុតនៅអាស៊ីអាគ្នេយ៍។ រូបភាព៖ TTXVN |
ដើម្បីក្លាយជាមជ្ឈមណ្ឌលនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលកកើតឡើងវិញពិភពលោក វៀតណាមត្រូវតម្រង់ទិសយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនក្នុងរយៈពេលវែង ហើយអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ ២០៥០ ស្របតាមនិន្នាការទូទៅរបស់ពិភពលោក។ នាពេលខាងមុខ វៀតណាមត្រូវកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលប្រកបដោយនិរន្តរភាព រួមទាំងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ និងវិនិយោគយ៉ាងខ្លាំងលើថាមពលកកើតឡើងវិញ។ រដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្តដល់ការស្រាវជ្រាវ ផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍផលិតផល "Make in Vietnam" សម្រាប់ឧស្សាហកម្មថាមពលកកើតឡើងវិញ។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យថាមពល ជាពិសេសថាមពលកកើតឡើងវិញ ព្រមទាំងចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាជាមួយបណ្តាប្រទេសជឿនលឿនផងដែរ។ លោក Tran Van Giang ប្រធាននាយកដ្ឋានអគ្គិសនីនៃសារជីវកម្មឧស្សាហកម្មធ្យូងថ្មនិងរ៉ែវៀតណាម បានឲ្យដឹងថា៖ “អភិវឌ្ឍន៍ដោយសមកាលកម្មនូវប្រភពថាមពលប្រពៃណី និងថាមពលកកើតឡើងវិញ ធ្វើអាជីវកម្មដោយប្រសិទ្ធភាពនូវថាមពលវាយោអគ្គិសនីនៅសមុទ្រ ថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនីខ្នាតតូច ជីវម៉ាស និងថាមពលអគ្គិសនីពីសំណល់។ ការធានាសន្តិសុខថាមពលគឺជាកិច្ចការយុទ្ធសាស្ត្ររយៈពេលវែង និងទូលំទូលាយ បំពេញតម្រូវការថាមពលគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ធានាសមត្ថភាពបម្រុង និងម្ចាស់ការប្រភពផ្គត់ផ្គង់”។
លើសពីនេះ សហគ្រាសវៀតណាមត្រូវការការគាំទ្រផ្នែកបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃ។ ក្នុងនោះ គោលនយោបាយហិរញ្ញវត្ថុត្រូវបានចាត់ទុកជាឧបករណ៍យុទ្ធសាស្ត្រសម្រាប់វៀតណាមក្នុងការជំរុញដំណើរការផ្លាស់ប្តូរថាមពល។ សាស្ត្រាចារ្យរង បណ្ឌិត Ngo Tri Long អតីតនាយកវិទ្យាស្ថានស្រាវជ្រាវទីផ្សារ (ក្រសួងហិរញ្ញវត្ថុ)បានឲ្យដឹងថា៖ “វៀតណាមចាំបាច់ត្រូវបង្កើតមូលនិធិជាតិសម្រាប់ការផ្លាស់ប្តូរថាមពល។ មូលនិធិនេះអាចជួយឧបត្ថម្ភដល់សហគ្រាសក្នុងការវិនិយោគលើថាមពលស្អាត និងបង្កើតលក្ខខណ្ឌសម្រាប់ផ្គត់ផ្គង់ដើមទុនដល់សកម្មភាពរបស់សហគ្រាសថាមពល។ ទីពីរគឺបង្កើតយន្តការឥណទានបៃតងសម្រាប់ធនាគារពាណិជ្ជនានា ព្រោះបច្ចុប្បន្នមិនទាន់មានយន្តការឥណទានបៃតងច្បាស់លាស់នៅឡើយទេ។ ប្រសិនបើមានយន្តការឥណទានបៃតងប្រកបដោយប្រសិទ្ធភាពនោះ នឹងបង្កើតលក្ខខណ្ឌនិងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងសម្រាប់សហគ្រាស”។
ការបណ្តុះបណ្តាលក្រុមវិស្វករ និងអ្នកជំនាញបច្ចេកទេសដែលមានគុណភាពខ្ពស់ សម្រាប់ឧស្សាហកម្មថាមពលក៏ជាតម្រូវការបន្ទាន់ផងដែរ។ លោកបណ្ឌិត Nguyen Dat Minh ប្រធានដេប៉ាតឺម៉ង់គ្រប់គ្រង់បច្ចេកវិទ្យានិងថាមពល នៃមហាវិទ្យាល័យអគ្គិសនីបានឲ្យដឹងថា៖ “ធនធានមនុស្សដើរតួនាទីយ៉ាងសំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល។ តាមការព្យាករណ៍ នាពេលខាងមុខ វៀតណាមនឹងត្រូវការបុគ្គលិករាប់ម៉ឺននាក់ក្នុងវិស័យនេះ ចាប់ពីកម្មករ អ្នកបច្ចេកទេស រហូតដល់វិស្វកររចនា វិស្វករប្រតិបត្តិការ និងវិស្វករថែទាំ។ ដូច្នេះហើយ ចាំបាច់ត្រូវភ្ជាប់កម្មវិធីបណ្តុះបណ្តាលរបស់សាលានិងវិទ្យាស្ថាននានា ជាមួយនឹងមុខតំណែងការងារជាក់លាក់នៅក្នុងសហគ្រាសថាមពល”។
ក្នុងបរិបទនៃការផ្លាស់ប្តូរថាមពលយ៉ាងខ្លាំងក្លានៅលើពិផពលោក ការលើកកំពស់សមត្ថភាពប្រកួតប្រជែង និងឋានៈរបស់សហគ្រាសវៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលកកើតឡើងវិញ គឺជាឱកាសសម្រាប់វៀតណាមក្នុងការបោះជំហានជារបក់កំហើញ ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក។ នៅពេលដែលសហគ្រាសវៀតណាមមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមក្នុងការរចនា ផលិត ប្រតិបត្តិការ និងនាំចេញដំណោះស្រាយថាមពល ទើបយើងអាចបញ្ជាក់ពីតួនាទីរបស់វៀតណាមជាតំណភ្ជាប់ដ៏សំខាន់ និងមិនអាចខ្វះបានក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលសកល៕