សហករណ៍កសិកម្មដែលស្រ្តី Son La ធ្វើជាម្ចាស់
(VOVWORLD) - ធ្វើជាម្ចាស់គំរូអាជីវកម្ម តភ្ជាប់ទំនាក់ទំនង បង្កើតម៉ាកយីហោផលិតផលតាមរយៈការច្នៃប្រឌិត និងនវានុវត្តន៍។ ទាំងអស់នេះគឺជាវិធីដែលស្ត្រីធ្លាប់តែធ្វើស្រែចម្ការ និងផលិតកម្មតាមបែបប្រពៃណី បានក្លាយជាម្ចាស់សហករណ៍និងក្រុមសហករណ៍ ដោយរីកសាយភាយគំរូចាប់ផ្តើមអាជីវកម្មប្រកបដោយជោគជ័យនៅតំបន់ព្រៃភ្នំខេត្ត Son La។
ពីគ្រាប់កាហ្វេ Arabica នៅតំបន់ព្រៃភ្នំភាគពាយ័ព្យ សហករណ៍ Ara-Tay Coffee ស្ថិតនៅឃុំ Muong Chanh បានបង្កើតផលិតផលដែលមានរសជាតិប្លែកៗ ក្នុងនោះមានផលិតផលកាហ្វេ Ara-Tay ត្រូវបានទទួលស្គាល់ដោយកម្មវិធី "ឃុំមួយផលិតផលមួយ" (OCOP) លំដាប់ផ្កាយ ៤ នៅខេត្ត Son La។ លោកស្រី Cầm Thị Mòn នាយកសហករណ៍បានឲ្យដឹងថា ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០២០ មក សហករណ៍បានប្តេជ្ញាចិត្ត កសាងម៉ាកយីហោផលិតផលកាហ្វេដែលផ្សារភ្ជាប់ជាមួយនឹងទឹកដី មនុស្ស និងសម្រស់ប្រពៃណីរបស់ខេត្ត Son La និងតំបន់ភូមិភាគពាយ័ព្យ។ “ធម្មជាតិនិងអាកាសធាតុអំណោយផលបានប្រទានឲ្យខេត្ត Son La ដាំដើមកាហ្វេ Arabicaនេះ។ យើងខ្ញុំជ្រើសរើសឈ្មោះសហករណ៍ថា Ara-Tay Coffee ដែល “ara” គឺមកពីពាក្យ Arabica ហើយ “tay” មានន័យថា ជាជនជាតិថៃ ជាបាតដៃថ្នាក់ថ្នមរបស់ស្ត្រី និងជាតំបន់ភាគពាយព្យផងដែរ”។
សមាជិកនៃសហករណ៍កាហ្វេ Ara-Tay ប្រមូលផលកាហ្វេ។ រូបថត៖ baosonla.vn |
លោកស្រី Cầm Thị Mòn និងស្ត្រីជនជាតិថៃនៅទីនេះមិនត្រឹមតែរួមដៃគ្នា បង្កើតសហករណ៍ប៉ុណ្ណោះទេ ថែមទាំងបានភ្ជាប់ទំនាក់ទំនងជាមួយកសិករជាង ៣០០គ្រួសារ ដើម្បីបង្កើតបានខ្សែសង្វាក់ផលិតកម្មប្រកបដោយនិរន្តរភាព ផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តជាបណ្ដើរៗ ដើម្បីឆ្ពោះទៅរកការផលិតកាហ្វេពិសេស មានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការរបស់ទីផ្សារ បង្កើនតម្លៃផលិតផលកាហ្វេ Son La ។ លោកស្រី Cầm Thị Mòn បានចែករំលែក៖ “កាលពីមុន យើងដាំកាហ្វេ ប្រមូលផលនិងកែច្នៃដោយដៃទាំងស្រុង... គុណភាពនិងតម្លៃមិនអាចឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារនោះទេ។ ចាប់តាំងពីបង្កើតសហករណ៍មក យើងបានដាំដុះនិងកែច្នៃកាហ្វេពិសេស ក៏ដូចជាដំឡើងផ្ទះសំណាញ់សម្រាប់ការពារដំណាំ។ ចំណែកឯគ្រួសារជាសមាជិកផ្គត់ផ្គង់កាហ្វេស្រស់សម្រាប់សហករណ៍ យើងប្រមូលផលផ្លែកាហ្វេទុំ ១០០% ជួយបង្កើនតម្លៃសម្រាប់គ្រួសារទាំងនេះ។ ឥឡូវនេះ កាហ្វេជាដំណាំស្នូលរបស់កសិករ ជួយអភិវឌ្ឍន៍សេដ្ឋកិច្ច មានផ្ទះសម្បេងដ៏ធំទូលាយ ហើយបញ្ជូនកូនៗទៅសាលារៀន មិនជួបការលំបាកដូចពីមុន នៅពេលដែលយើងដាំពោត និងដំឡូងមីនោះទេ”។
ពីសក្ដានុពលនៃរុក្ខជាតិឱសថក្នុងស្រុក លោកស្រី Ha Thi Thuan នៅឃុំ Tuong Ha ខេត្ត Son La បានវិនិយោគលើការស្រាវជ្រាវ សិក្សា និងផលិតដោយជោគជ័យនូវផលិតផលឱសថសុវត្ថិភាព ដើម្បីថែទាំងសុខភាពនៅហ្នឹងស្រុកកំណើតរបស់ខ្លួន។ “ខ្ញុំធ្លាប់មានជំងឺក្រិនថ្លើមដំណាក់កាលទី ២ ហើយបានប្រើប្រាស់ថ្នាំជាច្រើនប្រភេទ រួមទាំងដើម An xoa ផងដែរ។ បន្ទាប់ពីឃើញថា មានប្រសិទ្ធភាព ហើយជំងឺក៏ធូរស្រាល ខ្ញុំគិតគួរតែប្រើប្រាស់ដើម An xoa នេះ ដើម្បីព្យាបាលជំងឺសម្រាប់សមាជិកគ្រួសារនិងអ្នកភូមិ។ ដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្ត ប្រើប្រាស់ដើម An xoa ដើម្បីបង្កើតផលិតផល”។
ការកែច្នៃកាហ្វេនៅក្នុងផ្ទះកញ្ចក់។ រូបថត៖ baosonla.vn |
ពីការបម្រើខ្លួនឯង និងក្រុមគ្រួសារ ក្នុងឆ្នាំ ២០១៩ លោកស្រី Ha Thi Thuan បានប្តេជ្ញាចិត្តចាប់ផ្តើមអាជីវកម្ម បង្កើតសហករណ៍ Uyen Thuan វិនិយោគលើរោងចក្រផលិតនិងកសាងម៉ាកយីហោផលិតផល។ នៅចុងឆ្នាំ ២០២០ ផលិតផល Cao An Xoa របស់សហករណ៍ត្រូវបានទទួលស្គាល់ជា ផលិតផល OCOP លំដាប់ផ្កាយ ៤ ថ្នាក់ខេត្ត រួមជាមួយនឹងឱសថជាច្រើនមុខផ ក្នុងនោះមានផលិតផលចំនួន ៣ ជា OCOP លំដាប់ផ្កាយ ៣។ លោកស្រី Ha Thi Thuan បានចែករំលែកថា៖ “បន្ទាប់ពីផលិតបានផលិតផលហើយ ខ្ញុំបានចែករំលែកជាមួយបងប្អូនអ្នកភូមិ មនុស្សជាច្រើនបានមកទីនេះ ហើយឃើញថា ផលិតផលនេះមានប្រសិទ្ធិភាពខ្លាំងណាស់ ទើបខ្ញុំនាំផលិតផលនេះទៅកាន់ទីផ្សារ។ បន្ទាប់មក ខេត្តមានកម្មវិធី “ឃុំមួយផលិតផលមួយ-OCOP” ដូច្នេះខ្ញុំបានចុះឈ្មោះ និងចូលរួមចំណាត់ថ្នាក់ផលិតផលនេះ។ ត្រូវតែមានគុណភាព និងម៉ាកយីហោ ទើបផលិតផលអាចទៅដល់ដៃអ្នកប្រើប្រាស់កាន់តែច្រើន”។
សហករណ៍ Ara-Tay Coffe និងសហករណ៍ Uyên Thuận គ្រាន់តែជាសហករណ៍ចំនួន ២ ក្នុងចំណោមសហករណ៍និងក្រុមសហករណ៍ជិត ៣០ ដែលស្ត្រីធ្វើជាម្ចាស់ ផលិត និងបញ្ចេញលក់ផលិតផលសុវត្ថិភាពនៅក្នុងខេត្ត Son La ។ នៅក្នុងខេត្ត ក៏មានស្ត្រីប្រមាណ ៦០០នាក់ដែលបានចុះឈ្មោះចាប់ផ្តើមអាជីវកម្ម។ ដើម្បីចលនាចាប់ផ្តើមអាជីវកម្មបានរីកសាយភាយយ៉ាងទូលំទូលាយក្នុងចំណោមសមាជិកស្ត្រី គណៈកម្មការកិច្ចការស្ត្រី និងគណៈកម្មការរណសិរ្យមាតុភូមិវៀតណាមខេត្ត Son La កំពុងផ្តោតលើដំណោះស្រាយជួយឧបត្ថម្ភសមាជិកនិងស្ត្រីឱ្យលើកកម្ពស់សមត្ថភាព និងអនុវត្តន៍វឌ្ឍនភាពនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទៅក្នុងផលិតកម្ម និងជីវភាពប្រចាំថ្ងៃ។ ខិតខំក្នុងដំណាក់កាល ២០២២-២០២៥ ជួយឧបត្ថម្ភស្ត្រីយ៉ាងហោចណាស់ ៤០០ នាក់ ឱ្យចាប់ផ្តើមអាជីវកម្ម; បង្កើតក្រុមសហករណ៍យ៉ាងតិច ២០-២៥ និងសហករណ៍ប្រហែល ៥-១០ ដែលគ្រប់គ្រងនិងដំណើរការដោយស្ត្រី ផ្សារភ្ជាប់នឹងខ្សែសង្វាក់តម្លៃផលិតផលដែលអភិវឌ្ឃន៍ប្រកបដោយនិរន្តរភាព។
គម្រោង "An xoa Uyen Thuan " បានឈ្នះរង្វាន់ទីមួយក្នុងការប្រឡងចាប់ផ្តើមអាជីពឆ្នាំ ២០២៤។ រូបថត៖ baosonla.vn |
វត្តមាននៃសហករណ៍ដែលស្ត្រីធ្វើជាម្ចាស់ និងគម្រោងចាប់ផ្តើមអាជីព ប្រកបដោយប្រសិទ្ធភាពបានរួមចំណែកក្នុងការទាញយកសក្តានុពល និងគុណសម្បត្តិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ព្រៃភ្នំ តំបន់ព្រំដែន និងជនជាតិភាគតិចនៅខេត្ត Son La ហើយទន្ទឹមនឹងនោះ ក៏ជាសក្ខីភាពនៃបំណងប្រាថ្នាជម្នះលើការលំបាក និងក្រោកឈរឡើងរបស់ស្ត្រីនៅតំបន់ព្រៃភ្នំ៕