ភូមិផ្កានៅលើខ្ពង់រាប Lam Vien

(VOVWORLD) - ស្ថិតនៅរយៈកម្ពស់ជាង ១៤០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដោយមានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ និងសីតុណ្ហភាពជាមធ្យមត្រឹម ១៨ ដល់ ២២ អង្សារសេ ទីក្រុង Da Lat ខេត្ត Lam Dong ត្រូវបានគេដាក់ឈ្មោះថា ជាទឹកដីនៃផ្ការាប់ពាន់ប្រភេទ។ រហូតមកដល់ពេលនេះ ទីក្រុង Da Lat បានអភិវឌ្ឍន៍ភូមិផ្កាប្រពៃណីដោយមានទ្រង់ទ្រាយធំ និងម៉ាកយីហោផ្ទាល់ខ្លួន។ ប្រការនេះបានរួមចំណែកបង្កើតឡើងលក្ខណៈពិសេសដោយឡែកនៃទឹកដីនេះ។

ភូមិផ្កានៅលើខ្ពង់រាប Lam Vien - ảnh 1ផ្ការីកស្គុះស្គាយនៅភូមិផ្កា Ha Dong នៅលើខ្ពង់រាប Lam Vien ទីក្រុង Da Lat ខេត្ត Lam Dong។ (រូបថត៖ dalat.vn)

ភូមិផ្កា Ha Dong នៅលើខ្ពង់រាប Lam Vien ទីក្រុង Da Lat ខេត្ត Lam Dong ត្រូវបានបង្កើតឡើងជិតមួយសតវត្សរ៍មុន (ក្នុងឆ្នាំ ១៩៣០)។ ភូមិនេះរួមមានប្រជាពលរដ្ឋមកពីភូមិដូចជា Quang Ba, Nghi Tam, Tay Tuu, Van Phuc, Xuan Tao, Ngoc Ha (រដ្ឋធានីហាណូយ) ដែលបានមកតាំងទីលំនៅនិងចាប់ផ្ដើមអាជីពនៅទីនេះ។ ពីភូមិផ្កាដំបូង រហូតមកដល់បច្ចុប្បន្ន ទីក្រុង Da Lat មានភូមិផ្កាថ្មីជាច្រើន ដែលបន្ថែមភាពស្រស់ស្អាតដល់ទីក្រុងផ្កានេះ។ លោក Vu Huu Xiem អ្នកស្រុកនៅភូមិផ្កា Ha Dong បាននិយាយថា៖

“ក្នុងចង្កោមភូមិទាំងអស់ មានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះ។ ជីដូនជីតាបានមកទីនេះដើម្បីគាស់រានដី ព្រោះពេលនោះវាសុទ្ធតែជាព្រៃភ្នំ។ ដំបូងឡើយ ត្រឹមតែដាំបន្លែប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់ដល់ជនបារាំង”។

ភូមិផ្កានៅលើខ្ពង់រាប Lam Vien - ảnh 2លោក Vu Huu Xiem ជំនាន់ទីមួយនៃភូមិផ្កា Ha Dong។ (រូបថត៖ thanhnien.vn)

ប្រជាកសិករដែលមានបទពិសោធន៍ ជាមួយនឹងភាពឧស្សាហ៍ព្យាយាម បានធ្វើឲ្យទីទួលទុកទំនេរមានមុខមាត់ថ្មី ដោយសួនចម្ការបន្លែ និងផ្កាដ៏ខៀវស្រងាត់។ តាំងពីពេលនោះមក ភូមិ Ha Dong បានក្លាយជាភូមិប្រកបរបរដាំផ្កាដំបូងគេនៅ Da Lat។ អ្នកស្រី Tran Thi Be Thao អ្នកស្រុកនៅភូមិផ្កា Ha Dong បាននិយាយថា៖

“ពីមុនយើងខ្ញុំដាំផ្កាស្ដេចនាគ ឥឡូវនេះទើបដាំផ្កាអ័រគីដេ។ ក្រោយពីមួយរយៈ មានផ្កាអ័រគីដេច្រើន ដូច្នេះហើយយើងខ្ញុំបានអភិវឌ្ឍន៍ដើមឈើតាំងលម្អថ្មីៗមួយចំនួនដូចជា៖ ប្រទាលក្រពុំឈូក ពូជអ័រគីដេថ្មី ឬដើមឈើផ្សេងៗទៀតសម្រាប់បម្រើការតុបតែងលម្អ”។

ភូមិផ្កានៅលើខ្ពង់រាប Lam Vien - ảnh 3ភូមិផ្កា Thai Phien ប្រមូលផលផ្កាលីលី។ (រូបថត៖ TTXVN)

បន្ទាប់ពីជោគជ័យនៃភូមិផ្កា Ha Dong ភូមិផ្កាជាច្រើនផ្សេងទៀតនៅលើខ្ពង់រាប Lam Vien ទីក្រុង Da Lat ក៏ត្រូវបានបង្កើតឡើង និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាផងដែរ។ ជិត ៧០ ឆ្នាំមុន (ក្នុងឆ្នាំ ១៩៥៦) ភូមិផ្កា Thai Phien ត្រូវបានបង្កើតឡើង ហើយប្រជាពលរដ្ឋបានមកតាំងទីលំនៅជាបណ្តើរៗ និងបង្កើតមុខរបរដាំផ្កា។ ដោយសារមានលក្ខខណ្ឌធម្មជាតិអំណោយផល និងប្រភពទឹកដ៏សម្បូរពីអូរដែលហូរចូលមកបឹង Than Tho នោះ Thai Phien បានក្លាយជាសួនផ្កាដ៏ធំបំផុតមួយក្នុងទីក្រុង Da Lat ជាមួយនឹងផ្ទៃដីដាំផ្កាជាង ៤៣០ ហិកតា។ លោក Bui Van Hoi នៅភូមិផ្កា Thai Phien បានចែករំលែកថា៖

“មនុស្សម្នាក់ៗមានបច្ចេកទេសដាំផ្ការៀងៗខ្លួន ហើយពួកគេរក្សាទុកសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ ចាប់ពីដាំដល់ច្រូតកាត់ គឺចំណាយពេល៣ខែអាស្រ័យតាមរដូវ។ យើងក៏ត្រូវតាមដានផងដែរថា តើត្រូវចំណាយពេលប៉ុន្មានថ្ងៃដើម្បីឱ្យផ្ការីក ដូច្នេះយើងដឹងថា ត្រូវដាំយ៉ាងណានៅឆ្នាំក្រោយដើម្បីឲ្យផ្ការរីកចំថ្ងៃទី ១៥ ឬថ្ងៃទី ១ តាមច័ន្ទគតិ ឬទិវាបុណ្យទាន។ របរដាំផ្កានេះរកចំណូលបានជាង ១០០ លានដុង (ប្រហែល ៤០០០ ដុល្លារ)  ក្នុងមួយសាវ (៣៦០ម៉ែត្រការ៉េ)។ បើធៀបនឹងបន្លែ ការដាំផ្កាគឺប្រសើរជាងច្រើនណាស់… ពីនោះទើបយើងមានទឹកប្រាក់ចិញ្ចឹមកូន និងសាងសង់ផ្ទះរស់នៅ”។

 រួមជាមួយ Ha Dong និង Thai Phien ភូមិផ្កា Van Thanh ក៏ត្រូវបានអ្នកស្រុកនិងភ្ញៀវទេសចរយ៉ាងច្រើនកុះករស្គាល់ដល់ផងដែរ។ ស្ថិតនៅក្នុងទីក្រុង តែភូមិផ្កានេះនៅតែរក្សាបាននូវលក្ខណៈសាមញ្ញ ស្និទ្ធស្នាល ខណៈពេលដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍របស់ទីក្រុង Da Lat។ លោក Vu Hoang Anh អ្នកស្រុកនៅភូមិផ្កា Van Thanh បាននិយាយថា៖

“ខ្ញុំស្គាល់ផ្កាតាំងពីតូចហើយ… ភូមិ Van Thanh ចាប់ផ្ដើមដាំផ្កាច្រើនតាំងពីឆ្នាំ១៩៩០។ តម្រូវការផ្កានៅលើទីផ្សារមានច្រើនណាស់ ប៉ុន្តែនៅពេលនោះមិនមានប្រភេទផ្កាច្រើនទេ មានតែផ្កាកុលាបប៉ុណ្ណោះ។ នៅពេលនោះ ផ្កាកុលាបមានប្រជាប្រិយភាពខ្លាំង និងមានតម្លៃខ្ពស់នៅលើទីផ្សារ ស្ទើរតែផ្តាច់មុខផ្កាផ្សេងទៀតទាំងអស់”។

អ្នកដាំផ្កា Van Thanh បានសិក្សានិងអនុវត្តន៍យ៉ាងឆាប់រហ័សនូវបច្ចេកវិទ្យាដាំផ្កាក្នុងផ្ទះកញ្ចក់ ហើយបង្កាត់ពូជផ្កាថ្មីយ៉ាងសកម្មផងដែរ។ ពួកគេមិនត្រឹមតែដាំផ្កាប្រពៃណីដូចជា ផ្កាកុលាប ផ្កាស្បៃរឿង ផ្កាកាណាសិន ប៉ុណ្ណោះទេ ថែមទាំងធ្វើការពិសោធន៍ និងផលិតផ្កាថ្មីនិងកម្រជាច្រើនទៀតផង។ លោកស្រី Nguyen Thi Kim Thoa អ្នកស្រុកនៅភូមិផ្កា Van Thanh បានចែករំលែកថា៖

“ឪពុកម្ដាយខ្ញុំពីភាគខាងជើងមកទីនេះដើម្បីគាស់រានដីធ្លី ហើយឃើញថាលក្ខណៈធម្មជាតិគឺសមរម្យសម្រាប់ដើមឈើនិងផ្កា... ដូច្នេះសម្រេចចិត្តដាំ។ អ្នកដាំផ្កាស្បៃរឿង អ្នកដាំផ្កាលីលី អ្នកដាំផ្កាកុលាប ... ជាទូទៅមានភាពសម្បូរបែប។ នេះជាមុខរបរដែលដូនតាបន្សល់ទុកមក ដូច្នេះខ្ញុំខិតខំព្យាយាមធ្វើនិងរក្សាវា”។

តាមពេលវេលា ភូមិផ្កានានានៅ Da Lat បានពង្រីកទ្រង់ទ្រាយនិងធ្វើពិពិធកម្មប្រភេទផ្កាដោយឥតឈប់ឈរ។ ទីក្រុងនេះមានផ្ទៃដីដាំផ្កាជិត ៤០០០ ហិកតា ជាមួយនឹងបិរមាណផលប៉ាន់ស្មានចំនួន ១,៥ ពាន់លានទង ក្នុងមួយឆ្នាំ ជាមួយនឹងផ្កាជាង ៤០០ ប្រភេទ។ ក្រៅពីនោះ អ្នកដាំផ្កានៅ Da Lat បានបណ្តាក់ទុននិងអភិវឌ្ឍន៍ផលិតផលពីផ្កា ដូចជា ប្រេងផ្កា តែរុក្ខជាតិ ជាដើម។ ភូមិផ្កាប្រពៃណីដូចជា Ha Dong, Thai Phien និង Van Thanh មិនត្រឹមតែរួមចំណែកដល់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការផលិត និងការនាំចេញផ្កាប៉ុណ្ណោះទេ ថែមទាំងបង្កើតផលិតផលទេសចរណ៍ប្លែកៗ ទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ