នៅក្នុងសប្តាហ៍ដំបូង សារពីរដ្ឋាភិបាលថ្មី ត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់៖ គ្មានការស្ទាក់ស្ទើរ គ្មានការរង់ចាំ ប៉ុន្តែត្រូវចាប់ផ្ដើមធ្វើសកម្មភាពភ្លាមៗដើម្បីដោះស្រាយបញ្ហាជាក់ស្តែង ជាពិសេសការជំរុញដំណោះស្រាយនានា ដើម្បីធានាបាននូវគោលដៅកំណើនសេដ្ឋកិច្ច។

កិច្ចប្រជុំដំបូងរបស់រដ្ឋាភិបាល ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានផ្តោតលើការដោះស្រាយ “ចំណុចជាប់គាំង” ចាប់ពីការបញ្ចេញទុនវិនិយោគសាធារណៈ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រហូតដល់ការជំរុញកម្លាំងចលករថ្មីៗសម្រាប់កំណើន។

ការបង្កើតឡើងវិញនូវវិន័យអភិបាលកិច្ច

រួមជាមួយនឹងការចេញផ្សាយកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលដើម្បីអនុវត្តន៍សេចក្តីសន្និដ្ឋានលេខ ១៨ របស់គណៈកម្មាធិការមជ្ឈិមស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ដំណាក់កាល ២០២៦-២០៣០ នោះ រដ្ឋាភិបាលវៀតណាមប្តេជ្ញាចិត្តបង្កើតឡើងវិញនូវវិន័យអភិបាលកិច្ច។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋាភិបាលលើកដំបូង លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់លើគោលការណ៍ថា «មនុស្សច្បាស់លាស់ ការងារច្បាស់លាស់ ការទទួលខុសត្រូវច្បាស់លាស់ កាលកំណត់ច្បាស់លាស់ លទ្ធផលច្បាស់លាស់»។ លោកក៏បានស្នើឱ្យបង្រួបបង្រួមការត្រិះរិះ ការយល់ដឹង និងសកម្មភាព ដើម្បីអនុវត្តន៍គោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់ផងដែរ។

“ត្រូវតែប្រកាន់ខ្ជាប់នូវគោលដៅកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងជាក់ស្ដែង ហើយរដ្ឋាភិបាលបានកំណត់ថា នេះជាភារកិច្ចនយោបាយស្នូលនិងបន្តបន្ទាប់។ ស្នើឲ្យបណ្ដារដ្ឋមន្ត្រី ប្រធានផ្នែក ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងលេខា គណៈកម្មាធិការអចិន្ត្រៃយ៍នៃ
គណៈកម្មាធិការបក្សខេត្តក្រុង ត្រូវផ្តោតលើការដឹកនាំយ៉ាងប្ដូរផ្ដាច់ក្នុងស្មារតី "ជ្រើសរើសត្រឹមត្រូវ - អនុវត្តន៍ឆាប់រហ័ស - ធ្វើឱ្យចប់ចុងចប់ដើម - វាស់វែងដោយលទ្ធផល និងទទួលខុសត្រូវដោយផ្ទាល់ចំពោះលទ្ធផល”។

ដោយផ្អែកលើមូលដ្ឋាននោះ រដ្ឋាភិបាលបានចេញផ្សាយកម្មវិធីសកម្មភាព ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ដែលមានក្រុមភារកិច្ចសំខាន់ចំនួន ១២ ភារកិច្ចចម្បងចំនួន ៦ និងរបកគំហើញយុទ្ធសាស្ត្រចំនួន ៣។ ក្នុងនោះ ផ្តោតលើដំណោះស្រាយលើកកម្ពស់កំណើន ដោយភ្ជាប់នឹងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច; កៀរគរ និងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍ ខណៈដែលធានាបាននូវតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា៖

“រដ្ឋាភិបាលចាត់ទុកនេះជាដំណោះស្រាយដ៏សំខាន់ពិសេស ដើម្បីសម្រេចបាននូវគោលដៅកំណើន "ពីរខ្ទង់" ដោយផ្តោតលើ៖ ខិតខំបង្កើនចំណូលថវិការដ្ឋ ១០%; សន្សំបានជាង ១០% និងខិតខំសន្សំបន្ថែមជាង ៥% លើចំណាយជាប្រចាំ។ នៅក្នុងផែនការបែងចែកថវិការដ្ឋ សម្រាប់ចំណាយជាប្រចាំ ស្នើឲ្យក្រសួងហិរញ្ញវត្ថុកាត់បន្ថយ ១០% ហើយបន្តខិតខំកាត់បន្ថយបន្ថែម ៥% នៅពាក់កណ្តាលឆ្នាំ ដើម្បីបម្រុងទុកធនធានសម្រាប់ករណីអាសន្ន ក៏ដូចជាបែងចែកធនធានបន្ថែមទៀតសម្រាប់ការវិនិយោគអភិវឌ្ឍន៍ផងដែរ”។

រដ្ឋាភិបាលធ្វើសកម្មភាពជាមួយនឹងលទ្ធផលច្បាស់លាស់

ស្មារតីធ្វើសកម្មភាពរបស់រដ្ឋាភិបាល ក៏ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការចាត់ចែងភារកិច្ចជាក់លាក់ ដោយភ្ជាប់ទៅនឹងពេលវេលាច្បាស់លាស់ផងដែរ។ ចាប់ពីតម្រូវការឲ្យកាត់បន្ថយនីតិវិធីរដ្ឋបាលនៅក្នុងខែមេសា ការដោះស្រាយឧបសគ្គសម្រាប់គម្រោងរាប់ពាន់ រហូតដល់ការសុក្រិតស្ថាប័ន ការពិនិត្យឡើងវិញនូវផែនការមេ និងការធ្វើវិសោធនកម្មគោលនយោបាយដីធ្លីក្នុងឆ្នាំ ២០២៦។ ទាំងអស់នេះសុទ្ធតែឆ្ពោះទៅរកគោលដៅរួមតែមួយនោះគឺបង្កើតការផ្លាស់ប្តូរជាក់ស្ដែងនិងអាចវាស់វែងបាន។ លោកនាយករដ្ឋមន្រ្តី ឡេ មិញហ៊ឹង មានប្រសាសន៍ថា៖

“នៅក្នុងត្រីមាសទីពីរឆ្នាំ ២០២៦ ត្រូវតែសុក្រិតច្បាប់ ដើម្បីដោះស្រាយទ្រព្យសម្បត្តិសាធារណៈដែលជាផ្ទះសម្បែងនិងដីធ្លី។ នៅក្នុងត្រីមាសទីបីឆ្នាំ ២០២៦ សម្រេចការស្រាវជ្រាវ ពិនិត្យឡើងវិញ ធានាប្រសិទ្ធភាព សុពលភាព និងឯកភាពនៃការគ្រប់គ្រងរដ្ឋចំពោះវិស័យនីមួយៗ។ ក្នុងឆ្នាំ ២០២៦ សម្រេចការពិនិត្យឡើងវិញ ការកែសម្រួល ការអនុម័ត និងការអនុវត្តផែនការមេនៅក្នុងប្រព័ន្ធផែនការមេជាតិ ដោយធានាបាននូវភាពស៊ីសង្វាក់គ្នា និងឯកភាពជាមួយនឹងតម្រូវការកំណើន "ពីរខ្ទង់"”។

នៅក្នុងបរិបទនៃការកំណត់គោលដៅកំណើនខ្ពស់សម្រាប់ដំណាក់កាលខាងមុខ រដ្ឋា
ភិបាលអាណត្តិថ្មី មិនត្រឹមតែផ្តោតលើដំណោះស្រាយរយៈពេលខ្លីដូចជាការជំរុញតម្រូវការ ជំរុញការវិនិយោគសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អាទិភាពដល់កំណែទម្រង់ជាមូលដ្ឋានដូចជា៖ ការសុក្រិតស្ថាប័ន ការកែលម្អបរិយាកាសអាជីវកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងការជំរុញនវានុវត្តន៍ទៀតផង។

ជាមួយនឹងការចាប់ផ្តើមយ៉ាងប្ដូរផ្ដាច់ និងការតំរង់ទិសច្បាស់លាស់ ការប្តេជ្ញាធ្វើសកម្មភាពរបស់នាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលអាណត្តិថ្មី កំពុងបង្កើត "សន្ទុះ" ដ៏វិជ្ជមាន ដែលដាក់គ្រឹះសម្រាប់ការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងរយៈពេលខាងមុខ៕