បន្ត​សកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន នៅរសៀលថ្ងៃទី១៥ ខែមេសា អគ្គលេខា​បក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងអគ្គលេខា​បក្ស ប្រធានរដ្ឋចិន​លោក ស៊ី ជីនពីង បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុងជំនួបសំណេះសំណាលជាមួយ​យុវជនចិន និងវៀតណាម ដែលចូលរួមក្នុងកម្មវិធី "ដំណើរក្រហមសម្រាប់ការសិក្សា និងស្រាវជ្រាវ"។

ថ្លែងនៅក្នុងជំនួប​នេះ អគ្គលេខា​បក្ស ប្រធានរដ្ឋចិន​លោក ស៊ី ជីនពីង បានចែករំលែកថា៖ «​ខ្ញុំសង្ឃឹមថា យុវជននៃប្រទេសទាំងពីរនឹងបន្តពង្រីកសេចក្តីប្រាថ្នា និងសេចក្តី​ក្លៀវក្លា ដើម្បីក្លាយជាកម្លាំងជួរមុខ និងជាកម្លាំង​ស្នូលដែលរួមចំណែកដល់ការកសាងសហគមន៍​ចែករំលែក​អនាគតនៅប្រទេសនីមួយៗ ដោយរួមចំណែកជាវិជ្ជមានដល់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ព្រមទាំង​រួមចំណែកដល់វឌ្ឍនភាពរបស់មនុស្សជាតិទាំងមូល​។​ចំណងមិត្តភាពរវាងប្រទេសទាំងពីរនាពេល​អនាគត​គឺអាស្រ័យលើ​ប្អូនៗទាំងអស់គ្នា»​។

រីឯខ្លួន​វិញ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានចាត់ទុកថា យុវជន និងជំនាន់យុវវ័យនៃប្រទេសទាំងពីរអាចមានមោទនភាព និងគោរពទំនាក់ទំនងវៀតណាម-ចិន ដែលត្រូវបានពូនជ្រុំ​ដោយ​លោកប្រធានហូជីមិញ និងលោកប្រធាន ម៉ៅ សេទុង រួមជាមួយអ្នក​បដិវត្តន៍ជំនាន់មុនៗនៃប្រទេសទាំងពីរ​។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានស្នើថា៖ «​ខ្ញុំសូម​ស្នើឲ្យភ្នាក់ងារ និងអង្គភាពនៃប្រទេសទាំងពីរ ត្រូវប្រកាន់ខ្ជាប់នូវការយល់ដឹងរួមកម្រិតខ្ពស់ បង្កើន​ការច្នៃប្រដិត​ក្នុង​ការងារឃោសនា និងអប់រំសម្រាប់យុវជនជំនាន់ក្រោយអំពីចំណង​មិត្តភាពប្រពៃណីរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ លើក​កម្ពស់គុណភាពនៃកិច្ចសហប្រតិបត្តិការ​យុវជន​; ធ្វើ​ឲ្យ​​​សកម្មភាពផ្លាស់ប្តូររវាងក្មេងជំទង់នៃប្រទេសទាំងពីរកាន់​តែសម្បូរបែម​ ដោយចាត់ទុកនេះជាជំហានយុទ្ធសាស្ត្រ ដើម្បីបណ្តុះចំណង​មិត្តភាព​តាំងពី​ដំបូងរវាងមនុស្សជំនាន់ក្រោយនៃប្រទេសទាំងពីរ និងបន្តអនុវត្តឲ្យ​បាន​ល្អ​នូវ​កម្មវិធី "ដំណើរក្រហម" ដើម្បីឱ្យយុវជននិង​ក្មេងជំទង់នៃប្រទេសទាំងពីរអាចយល់ដឹង​កាន់តែច្បាស់អំពីប្រវត្តិសាស្ត្របដិវត្តន៍ដ៏រុងរឿង ស្មារតីសុទ្ធសាធនៃអន្តរជាតិនិយមកុម្មុយនិស្ត និងជួយជ្រោមជ្រែងគ្នា​ទៅវិញទៅមករវាងបក្សទាំងពីរ និងប្រទេសទាំងពីរ»៕​