ផ្ទះនេះគឺជាអាស័យដ្ឋានក្រហមដ៏ពិសិដ្ឋមួយ ដែលជាកន្លែងប្រសូត្រឡើងនៃសាខាបក្សកុម្មុយនិស្តដំបូងគេនៅវៀតណាម។

ផ្ទះលេខ 5D វិថី ហាមឡុង គឺជាផ្ទះមួយក្នុងចំណោមផ្ទះឥដ្ឋមួយជាន់ ចំនួន៤ខ្នង (5A, 5B, 5C, 5D) ដែលត្រូវបានគ្រួសារវណ្ណៈគហបតីដាក់ជួល។ ត្រូវបានសាងសង់តាមរចនាបថស្ថាបត្យកម្មបារាំងប្រពៃណី ជាមួយនឹងជញ្ជាំងពណ៌លឿង និងដំបូលប្រក់ក្បឿងពណ៌ក្រហម ផ្ទះលេខ 5D មានល្វែងមួយសម្រាប់ស្នាក់នៅ ទីធ្លាតូចមួយ និងផ្ទះបាយសាមញ្ញមួយ។ នៅចុងឆ្នាំ១៩២៨ សាខាតំបន់ភាគខាងជើងនៃសមាគមយុវជនបដិវត្តន៍វៀតណាមបានជួលផ្ទះលេខ 5D ហើយប្រគល់ឱ្យលោក Tran Van Cung និងប្រពន្ធរបស់លោកគឺលោកស្រី Nguyen Thi Lien មករស់នៅ ដោយក្លែងខ្លួនជាគ្រួសារនិយោជិតក្រីក្រ ដើម្បីធ្វើជាមូលដ្ឋានសម្ងាត់សម្រាប់ប្រតិបត្តិការរបស់សាខាបដិវត្តន៍ភាគខាងជើង។ អ្នកស្រី Nguyen Thi Thu Hien មគ្គុទ្ទេសក៍ទេសចរណ៍នៅកេរ្តិ៍ដំណែលផ្ទះលេខ 5D បាននិយាយថា៖

“ផ្ទះទាំងបួនខ្នងត្រូវបានគ្រួសារវណ្ណៈគហបតីសាងសង់ឡើង ដើម្បីដាក់ឲ្យគេជួល ប៉ុន្តែផ្ទះលេខ 5D មានគុណសម្បត្តិមួយ។ ក្រៅពីជ្រុងខាងស្តាំជាប់នឹងផ្ទះលេខ 5C ផ្នែកខាងឆ្វេងជាប់នឹងផ្លូវតូចមួយដែលកម្រមានមនុស្សធ្វើដំណើរតាម ហើយជាពិសេសក្នុងករណីមានបញ្ហាកើតឡើង បណ្ដាសមមិត្តអាចប្រើទ្វារខាងក្រោយ រត់គេចខ្លួនតាមផ្លូវតូចនោះយ៉ាងលឿនបំផុត”។

នៅយប់មួយនៅចុងខែមីនា ឆ្នាំ ១៩២៩ យុវជនជឿនលឿនក្នុងគណៈថ្នាក់ដឹកនាំនៃសាខាបដិវត្តន៍ភាគខាងជើង និងសាខាទីក្រុងហាណូយនៃសមាគមយុវជនបដិវត្តន៍វៀតណាមបានជួបប្រជុំដោយសម្ងាត់នៅផ្ទះលេខ 5D វិថី ហាមឡុង ទីក្រុងហាណូយ ដើម្បីបង្កើតសាខាបក្សកុម្មុយនិស្តដំបូងគេនៅវៀតណាម។ នេះគឺជាជ័យជម្នះដ៏សំខាន់មួយដែលមានអត្ថន័យជាប្រវត្តិសាស្ត្រដ៏ធំធេង ហើយក៏ជាពេលវេលាចាប់ផ្តើមនៃចលនាឆ្ពោះទៅការបង្កើតបក្សកុម្មុយនិស្តវៀតណាមនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ ផងដែរ។

នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ១៩៥៩ ផ្ទះលេខ 5D វិថី ហាមឡុង ត្រូវបានជួសជុលឡើងវិញ ធ្វើជាផ្ទះអនុស្សាវរីយ៍ ដែលដាក់តាំងបង្ហាញឯកសារ និងវត្ថុ ដោយផ្សាភ្ជាប់នឹងការបង្កើត និងសកម្មភាពនៃសាខាបក្សកុម្មុយនិស្តដំបូងគេនៅវៀតណាម។ លោកស្រី Nguyen Thi Hong Ha ចៅស្រីរបស់អ្នកបដិវត្តន៍ Nguyen Phong Sac ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស​ ៨ នាក់ដែលបានចូលរួមបង្កើតសាខាបក្សកុម្មុយនិស្តដំបូងគេនៅវៀតណាម បានចែករំលែកថា៖

“កេរ្តិ៍ដំណែលលេខ 5D ហាមឡុង គឺជាកន្លែងមួយដែលបានផ្សភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជីតារបស់ខ្ញុំតាំងពីពេលដែលលោកចាប់ផ្តើមធ្វើសកម្មភាពបដិវត្តន៍ ពីអ្នកស្នេហាជាតិម្នាក់ បានចូលរួមបដិវត្តន៍ ហើយបន្ទាប់មកបានក្លាយជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខ្ញុំតែងតែព្យាយាមនាំកូនចៅ មកទីនេះ ដើម្បីឲ្យកូនចៅអាចយល់ដឹងអំពីប្រវត្តិសាស្ត្រនៃប្រទេសជាតិ នៃបក្សកុម្មុយនិស្តវៀតណាម ហើយមានមោទនភាពចំពោះជីតារបស់យើង”។

បច្ចុប្បន្ន កេរ្តិ៍ដំណែលផ្ទះលេខ 5D រួមមាន៖ បន្ទប់អនុស្សាវរីយ៍ បន្ទប់តាំងពិព័រណ៍ បន្ទប់ទទួលភ្ញៀវ បន្ទប់ធ្វើការ និងតំបន់ជំនួយ ដែលមានទំហំផ្ទៃដីជាង ៥០០ ម៉ែត្រការ៉េ។ គណៈគ្រប់គ្រងកេរ្តិ៍ដំណែលនិងរមណីយដ្ឋានទីក្រុងហាណូយ បន្តអនុវត្តន៍ការជួសជុលកេរ្តិ៍ដំណែលនេះ ខណៈពេលដែលនៅតែរក្សាសភាពដើមឲ្យនៅដដែល។ ក្នុងពេលជាមួយគ្នានោះ ផ្ដល់អាទិភាពដល់ការអនុវត្តបច្ចេកវិទ្យាឌីជីថល 3D ការពិតនិម្មិត ការស្កេនលេខកូដ QR ផែនទីឌីជីថល បច្ចេកវិទ្យា AR/VR ដើម្បីជួយប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ទទួលបានបទពិសោធន៍ដ៏រស់រវើក និងគួរឱ្យចាប់អារម្មណ៍ ដើម្បីបង្កើនអន្តរកម្ម។ លោកស្រី Ngo Thi Minh Tam អនុប្រធានការិយាល័យគ្រប់គ្រងកេរ្តិ៍ដំណែល គណៈគ្រប់គ្រងកេរ្តិ៍ដំណែលនិងរមណីយដ្ឋានហាណូយ បានឲ្យដឹងថា៖

“កេរ្តិ៍ដំណែលលេខ 5D វិថី ហាមឡុង ត្រូវបានវិនិយោគ ជួសជុលកែលម្អ បោសសម្អាតឈូសឆាយដី សងសំណងសម្រាប់ម្ចាស់ផ្ទះ 5A និងផ្លាស់ទីលំនៅប្រជាជនចេញពីកេរ្តិ៍ដំណែល។ បច្ចុប្បន្ននេះ កេរ្តិ៍ដំណែលមានលេខផ្ទះសរុបចំនួន ៤ ខ្នង។ ក្នុងដំណើរការផ្លាស់ប្តូរឌីជីថល យើងបានអនុវត្តន៍បច្ចេកវិទ្យា ដំឡើងអេក្រង់ចាក់បញ្ចាំង ដើម្បីណែនាំ និងផ្សព្វផ្សាយដល់ភ្ញៀវទេសចរ ជាពិសេសជំនាន់យុវជន នៅពេលមកដល់កេរ្តិ៍ដំណែលលេខ 5D វិថី ហាមឡុង”។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ផ្ទះលេខ 5D វិថីហាមឡុង បានក្លាយជាទីកន្លែងអភិរក្សប្រវត្តិសាស្ត្រនៃរដ្ឋធានី ជាអាស័យដ្ឋានក្រហមរបស់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និងភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ នៅពេលមកទស្សនាទីក្រុងហាណូយ។ ប្អូន Nguyen Khanh Linh (ថ្នាក់ 7A3 សាលាមធ្យមសិក្សា ក្វាងទ្រុង) បានចែករំលែកថា៖

“ពេលរៀនប្រវត្តិសាស្ត្រនៅសាលា យើងអានតែសៀវភៅសិក្សា និងឯកសារយោងប៉ុណ្ណោះ ដូច្នេះយើងមិនអាចស្រមៃមើលបានពេញលេញអំពីព្រឹត្តិការណ៍ និងការវិវត្តន៍នោះទេ។ ជាមួយនឹងការណែនាំយ៉ាងក្បោះក្បាយ ពីមគ្គុទ្ទេសក៍ទេសចរណ៍អំពីវត្ថុ និងរូបភាពនីមួយៗ យើងបានយល់កាន់តែច្បាស់អំពីកេរ្តិ៍ដំណែលនេះ អំពីដំណើរការបង្កើតបក្សកុម្មុយនិស្តវៀតណាម ហើយមានអារម្មណ៍ថា មុខវិជ្ជាប្រវត្តិសាស្ត្រងាយយល់ និងគួរឱ្យទាក់ទាញជាង”។

ជិត ១០០ ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែផ្ទះនៅ 5D វិថី ហាមឡុង ទីក្រុងហាណូយ នៅតែជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រពិសេសមួយ ដែលជាកន្លែងកកើតនៃសាខាបក្សកុម្មុយនិស្តដំបូងគេនៅវៀតណាម។ លើសពីនេះ អាជ្ញាធរក្រុងក៏កំពុងបង្កើនការអនុវត្តបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការតាំងពិព័រណ៍ និងជំរុញការតភ្ជាប់ជាមួយភ្នាក់ងារទេសចរណ៍ ដើម្បីធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវតម្លៃនៃកេរ្តិ៍ដំណែលនេះ ក្នុងការអភិវឌ្ឍទេសចរណ៍ ដោយរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌របស់រដ្ឋធានី៕