មហាសន្និបាតលើកទី១៤ របស់បក្សបានកំណត់យ៉ាងច្បាស់អំពីគោលដៅអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ ឆ្នាំ ២០៤៥ ខណៈពេលដែលសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្លាស់ប្តូរថ្មី ពង្រីកកម្លាំងមហាសាមគ្គីជនជាតិទាំងមូល។
កសាងប្រព័ន្ធនីតិបញ្ញត្តិទំនើប អាចធ្វើទៅបាននិងស្ថាបនាការអភិវឌ្ឍ
យោងតាមលោកអគ្គលេខាបក្ស តូ ឡឹម រដ្ឋសភាគឺជាកន្លែងប្រមូលផ្តុំឆន្ទៈ សេចក្តីប្រាថ្នា និងសិទ្ធិជាម្ចាស់របស់ប្រជាជន ជាកន្លែងសម្រេចចិត្តលើបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ និងជាកន្លែងដែលគោលការណ៍ណែនាំរបស់បក្សត្រូវបានផ្លាស់ប្តូរទៅជាច្បាប់ ជាគោលនយោបាយ និងជាកម្លាំងអង្គការជាក់ស្តែង។ ប្រតិភូរដ្ឋសភាម្នាក់ៗត្រូវតែដឹងយ៉ាងស៊ីជម្រៅជានិច្ចថា ខ្លួនមិនត្រឹមតែទទួលបន្ទុកការបោះឆ្នោតទុកចិត្តរបស់អ្នកបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាតិ ទំនុកចិត្តរបស់ប្រជាជន និងអនាគតសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ ដោយផ្អែកលើស្មារតីនេះ លោកអគ្គលេខាបក្សបានស្នើឱ្យរដ្ឋសភា នីតិកាលទី ១៦ ផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗ ចំនួន ៤ ប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ ភារកិច្ចទីមួយគឺកិច្ចការនីតិបញ្ញត្តិ។
“ទីមួយ ត្រូវមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាការងារនីតិបញ្ញត្តិ កសាងឲ្យបានសម្រេចនូវប្រព័ន្ធនីតិបញ្ញត្តិទំនើប ឯកភាព មានស្ថិរភាព អាចធ្វើទៅបាន និងស្ថាបនាការអភិវឌ្ឍ។ រដ្ឋសភាត្រូវតែផ្តោតលើការបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការធ្វើឱ្យសេចក្តីសម្រេចរបស់បក្សមានលក្ខណៈស្ថាប័ន និងជាក់ស្តែងទៅជាគោលនយោបាយ និងច្បាប់ ដោយបង្កើតក្របខ័ណ្ឌច្បាប់រឹងមាំសម្រាប់ការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយជោគជ័យ។ ប្រព័ន្ធច្បាប់ត្រូវតែក្លាយជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាឧបករណ៍ដើម្បីការពារសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ ជាកម្លាំងចលករសម្រាប់ការច្នៃប្រឌិត រំដោះកម្លាំងផលិតភាព និងបើកលំហរអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេសជាតិ”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស តូ ឡឹម។
រដ្ឋសភាត្រូវដឹកនាំការពិនិត្យឡើងវិញយ៉ាងទូលំទូលាយនូវប្រព័ន្ធច្បាប់ ដោយធ្វើឱ្យរចនាសម្ព័ន្ធនៃប្រព័ន្ធច្បាប់ជាតិមានភាពល្អប្រសើជាង ធ្វើយ៉ាងម៉េចដើម្បីពេលច្បាប់ចូលជាធរមានអាចឈានចូលក្នុងជីវភាពរស់នៅ។ ប្រជាជនងាយយល់ សហគ្រាសងាយអនុវត្តន៍និងស្ថាប័នរដ្ឋងាយស្រួលក្នុងការប្រើប្រាស់។ លោកអគ្គលេខាបក្សបានមានប្រសាសន៍ថា៖ “ជាពិសេស ត្រូវតែមានកំណែទម្រង់ជាមូលដ្ឋាននៃការត្រិះរិះអំពីការកសាងច្បាប់ឆ្ពោះទៅរកវិធីសាស្រ្តដែលផ្តោតលើការអភិវឌ្ឍ។ ច្បាប់មិនត្រឹមតែគ្រប់គ្រងអ្វីដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកផ្លូវសម្រាប់អ្វីដែលថ្មី មិនត្រឹមតែគ្រប់គ្រងការអនុវត្តដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតអនាគតផងដែរ។ ច្បាប់មិនត្រឹមតែបើកផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកែតម្រូវផ្លូវផងដែរ។ ចំពោះបញ្ហាថ្មីៗ វិស័យថ្មីៗ គំរូថ្មីៗ និងកម្លាំងផលិតភាពថ្មីៗ វិធីសាស្រ្តសមស្របមួយគឺត្រូវការ រួមជាមួយនឹងកម្មវិធីសាកល្បងដ៏ក្លាហាន និងគ្រប់គ្រង ដើម្បីបង្កើតលំហរសម្រាប់ការច្នៃប្រឌិត និងបង្កើនភាពប្រកួតប្រជែងជាតិ។ ប្រសិទ្ធភាពនៃការអនុវត្ត និងការពេញចិត្តរបស់ប្រជាពលរដ្ឋ និងអាជីវកម្មត្រូវតែជារង្វាស់ខ្ពស់បំផុតនៃគុណភាពនីតិបញ្ញត្តិ”។
លើកកម្ពស់ការឃ្លាំមើលកំពូលរបស់រដ្ឋសភាតាមទិសជាក់ស្តែងនិងមុតស្រួច
លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យរដ្ឋសភាលើកកម្ពស់ការឃ្លាំមើលកំពូលរបស់ខ្លួនតាមទិសជាក់ស្តែង និងមុតស្រួច ដោយបន្តការទទួលខុសត្រូវរហូតដល់ទីបញ្ចប់។ ការឃ្លាំមើលត្រូវតែក្លាយជាឧបករណ៍មួយ ដើម្បីកែលម្អប្រសិទ្ធភាពអភិបាលកិច្ចជាតិ ដោយរួមចំណែកដល់ការកែលម្អការអនុវត្ត ការលុបបំបាត់ឧបសគ្គ ផ្តល់ការព្រមានជាមុនអំពីហានិភ័យ និងលើកកម្ពស់សកម្មភាព។ និយាយម្យ៉ាងវិញទៀត ការត្រួតពិនិត្យត្រូវតែជួយកំណត់លក្ខណៈដំបូងនៃចំណុចខ្វះខាតដែលអាចកើតមាន ហើយត្រូវតែដោះស្រាយសំណួរថា តើបញ្ហាត្រូវបានដោះស្រាយឬអត់។
“ខ្ញុំស្នើឱ្យរដ្ឋសភាអាណត្តិនេះផ្តោតការត្រួតពិនិត្យរបស់ខ្លួនលើបញ្ហាធំៗ វិស័យសំខាន់ៗ ចំណុចកក់ស្ទះ និងបញ្ហាបន្ទាន់ដែលអ្នកបោះឆ្នោត និងប្រជាជនផ្តោតការយកចិត្តទុកដាក់។ ជាពិសេសការអនុវត្តគោលនយោបាយសំខាន់ៗរបស់បក្ស ការរៀបចំ និងការអនុវត្តច្បាប់ ការប្រើប្រាស់ធនធានជាតិ ការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈ ការអនុវត្តការសន្សំសំចៃ ការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ និងការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋ”។
យោងតាមលោកអគ្គលេខាបក្ស រដ្ឋសភានីតិកាលទី១៦ ត្រូវបង្កើនប្ញទ្ធានុភាព និងចក្ខុវិស័យ នៅពេលសម្រេចចិត្តលើបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ។ ការសម្រេចចិត្តត្រូវតែត្រឹមត្រូវ និងទាន់ពេលវេលា សម្រាប់ផលប្រយោជន៍រយៈពេលវែងរបស់ប្រទេសជាតិ។
“បញ្ហាសេដ្ឋកិច្ច និងសង្គម ថវិការដ្ឋ ការវិនិយោគសាធារណៈ កម្មវិធីគោលដៅជាតិ និងគម្រោងជាតិសំខាន់ៗ សុទ្ធតែជាការសម្រេចចិត្តគោលនយោបាយសំខាន់ៗ ដែលតភ្ជាប់ទៅនឹងផលប្រយោជន៍រយៈពេលវែងជាមូលដ្ឋានរបស់ប្រទេសជាតិ និងប្រជាជន។ ការសម្រេចចិត្តទាំងនេះត្រូវតែពិចារណាឱ្យបានទូលំទូលាយ មានលក្ខណៈវិទ្យាសាស្ត្រ និងដោយប្រុងប្រយ័ត្ន ប៉ុន្តែក្នុងកាលៈទេសៈណាក៏ដោយ ការពន្យារពេលមិនគួរក្លាយជាឧបសគ្គចំពោះការអភិវឌ្ឍឡើយ។ ការសម្រេចចិត្តនីមួយៗរបស់រដ្ឋសភាត្រូវតែដាក់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិទាំងមូល នៅក្នុងបរិបទនៃកាលៈទេសៈអន្តរជាតិដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងនៅក្នុងតម្រូវការនៃការធានាឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព”។
អាណត្តិនៃរដ្ឋសភានីតិកាលទី១៦ បានចាប់ផ្តើមជាមួយនឹងការទទួលខុសត្រូវដ៏ធំ។ លោកអគ្គលេខាបក្សជឿជាក់ថា នៅចំពោះមុខឱកាសប្រវត្តិសាស្ត្រថ្មីរបស់ប្រទេសជាតិ រដ្ឋសភានីតិកាលទី១៦ ពិតជានឹងបំពេញភារកិច្ចសំខាន់ៗដែលបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន ដោយរួមចំណែកដល់ការសម្រេចបំណងប្រាថ្នាក្នុងការកសាងប្រទេសវៀត ណាមមួយប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល រឹងមាំបោះជំហានឡើងសង្គមនិយម៕
