ចក្តីប្រកាស​បន្ត​ហ៊ុំព័ទ្ធច្រកសមុទ្រ Hormuz និង​ត្រៀម​រៀបចំសម្រាប់បង្កើតសណ្តាប់ធ្នាប់ថ្មីនៅឈូងសមុទ្រពែរ្ស ត្រូវបាន​ប្រកាសដោយ​កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) នៅយប់ថ្ងៃទី ៥ ខែមេសា តែ​ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក​ ដូណាល់ ត្រាំ បានប្រកាសពន្យាពេល ២៤ម៉ោងបន្ថែមទៀត​សម្រាប់អ៊ីរ៉ង់ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ​។ នៅលើបណ្តាញសង្គម X បញ្ជាការកងទ័ពជើងទឹក IRGC បានលើក​ច្បាស់ថា ច្រកសមុទ្រ Hormuz មិនអាចវិលត្រឡប់ទៅសភាព​ដើម​ដូច​មុនជម្លោះបានទេ ជាពិសេសសម្រាប់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ កងទ័ពជើងទឹក IRGC កំពុងរៀបចំប្រកាសផែនការរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ស្តីពីសណ្តាប់ធ្នាប់ថ្មីនៅក្នុងតំបន់​ឈូងសមុទ្រពែរ្ស។

អ៊ីរ៉ង់បានសម្រេចចិត្ត បិទច្រកសមុទ្រ Hormuz ដែលជាខ្សែ​ផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក ជាការសងសឹកចំពោះការវាយប្រហារ របស់អាមេរិក និងអ៊ីស្រាអែលលើប្រទេសនេះ ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ​។ កាយវិការនេះបានធ្វើឱ្យការផ្គត់ផ្គង់ថាមពលសកលមានភាពតានតឹង បណ្តាល​ឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ និងដាក់សម្ពាធយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចភាគននៅទូទាំងពិភពលោក៕​