ការរញ្ជួយដីនេះបានបណ្ដាលឱ្យតំបន់ប៉ាស៊ីហ្វិកទាំងមូល រួមទាំងប្រទេសជប៉ុន ហាវ៉ៃ រុស្ស៊ី និងអេក្វាឌ័រត្រូវប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ។ ការប្រកាសអាសន្នគ្រោះថ្នាក់ក៏ត្រូវបានចេញផ្សាយនៅតាមបណ្តោយឆ្នេរសមុទ្រនៃរដ្ឋកាលីហ្វ័រញ៉ា (សហរដ្ឋអាមេរិក) ផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ថា មនុស្សមួយចំនួន បានរងរបួសស្រាលដោយសារការរញ្ជួយដីនេះ។ រលកយក្សស៊ូណាមិក៏បានជន់លិច ទីរួមស្រុកកំពង់ផែ Severo-Kurilsk និងសហគ្រាសនេសាទជលផល Alaid ផងដែរ។ នៅប្រទេសជប៉ុន រលកយក្សស៊ូណាមិដំបូងត្រូវបានគេរកឃើញនៅលើ កោះហុកកៃដូ ភាគខាងជើងប្រទេសនេះ។ ប្រជាជននៅតំបន់ជាច្រើនត្រូវបានជម្លៀស បន្ទាប់ពីមានការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ៕
