នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ នាថ្ងៃទី ២៩ ខែកញ្ញា បានចេញសារទូរលេខមួយ ស្នើឱ្យតំបន់នានា ជំនះពុះពារជាបន្ទាន់នូវផលវិបាកដែលបណ្តាលព្យុះ Bualoi និងទឹកជំនន់។ លោកនាយករដ្ឋមន្ត្រីស្នើឱ្យរៀបចំការសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ជំនួយជាអតិបរមាដល់គ្រួសារដែលមានជនរងគ្រោះ; រៀបចំការព្យាបាលដោយឥតគិតថ្លៃសម្រាប់អ្នករងរបួស; ប្រមូលកម្លាំងបន្តស្វែងរកនិងជួយសង្គ្រោះអ្នកដែលបាត់ខ្លួនឬមិនទាន់ទាក់ទងបាន។ ទន្ទឹមនឹងនោះ ត្រូវចល័តកម្លាំងដើម្បីជំនះផលវិបាកភ្លាមៗបន្ទាប់ពីព្យុះ និងភ្លៀងទឹកជំនន់ ជាពិសេសធានាកន្លែងស្នាក់នៅ ស្តារឡើងវិញនូវសកម្មភាពសំខាន់ៗក្នុងការដឹកជញ្ជូន អគ្គិសនី ទឹក ទូរគមនាគមន៍ ការថែទាំសុខភាព និងការអប់រំ។

ខេត្ត Quang Tri ជាតំបន់មួយក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងដោយព្យុះ។ ទោះបីជាមានការទប់ស្កាត់យ៉ាងសកម្មក៏ដោយ ក៏មូលដ្ឋាននៅតែរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយមានមនុស្សស្លាប់ និងបាត់ខ្លួនជាច្រើននាក់។ ក្នុងចំណោមនោះ ទូកនេសាទពីរគ្រឿងដែលមានអ្នកនេសាទ ១៣ នាក់បោះយុថ្កាក្នុងសង្កាត់ Bac Gianh ក៏បានដាច់ខ្សែអណ្តែត ហើយរសាត់ដោយសេរី។ នាវិក៤នាក់នៅលើទូកនេសាទទាំង២នេះ មានសំណាងបានហែលទៅដល់ច្រាំង ខណៈមនុស្ស៩នាក់នៅតែបាត់ខ្លួន។

បច្ចុប្បន្ននេះ ខេត្ត Quang Tri កំពុងជួយប្រជាជនជាបន្ទាន់ឱ្យជម្នះផលវិបាកក្រោយព្យុះ ហើយត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់នឹងទឹកជំនន់ និងការរអិលបាក់ដីនៅតំបន់ភ្នំ តាមដងទន្លេ និងតំបន់ឆ្នេរ៕