ទោះបីជាមិនដូចតាមការរំពឹងទុកខ្ពស់បំផុតតាមសេណារីយ៉ូក៏ដោយ ប៉ុន្តែនេះនៅតែជាអត្រាកំណើនគួរឱ្យកត់សម្គាល់ ដែលបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់មួយដើម្បីសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់សម្រាប់ពេញមួយឆ្នាំ។

ពីស្ថានភាពជាក់ស្តែងនៃត្រីមាសទីមួយ អាចមើលឃើញកាន់តែច្បាស់អំពីឱកាស បញ្ហាប្រឈម ក៏ដូចជាលក្ខខណ្ឌចាំបាច់ ដើម្បីឲ្យសេដ្ឋកិច្ចវៀតណាមអាចបង្កើនល្បឿននៅក្នុងត្រីមាសបន្តបន្ទាប់។

ផ្ទាំងគំនូរសេដ្ឋកិច្ចដែលមានចំណុចភ្លឺជាច្រើន

ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ជម្លោះភូមិសាស្ត្រនយោបាយនៅតែអូសបន្លាយ ខណៈដែលតម្លៃថាមពលបានប្រែប្រួល។ នៅក្នុងបរិបទនេះ ការរក្សាបាននូវអត្រាកំណើនជិត ៨% នៅក្នុងត្រីមាសទី ១​ ឆ្នាំ២០២៦ បានបង្ហាញពីភាពធន់ និងសមត្ថភាពសម្របខ្លួន របស់សេដ្ឋកិច្ចវៀតណាម។ កម្លាំងចលករសម្រាប់កំណើននៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ បន្តមកពីវិស័យនាំចេញ ការប្រើប្រាស់ក្នុងស្រុក ការវិនិយោគសាធារណៈ និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។ គួរឲ្យកត់សម្គាល់ ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានអនុវត្តន៍ បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ដែលបង្ហាញពីភាពទាក់ទាញនៃបរិយាកាសវិនិយោគរបស់វៀតណាម ជាពិសេសនៅក្នុងឧស្សាហកម្មកែច្នៃ និងផលិត។

នៅក្នុងវិស័យសេវាកម្ម ការកើនឡើងនៃតម្រូវការអ្នកប្រើប្រាស់ និងភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាម បានរួមចំណែកជំរុញកំណើននៃឧស្សាហកម្មពាណិជ្ជកម្ម និងសេវាកម្ម។ ភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមក្នុងរយៈពេល៣ខែដើមឆ្នាំ មានចំនួន ៦,៧៦ លាននាក់ កើនឡើង ១២,៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងជាកម្រិតខ្ពស់បំផុតក្នុងត្រីមាសទី១ តាំងពីមុនមក។

ជាទូទៅ លទ្ធផលសេដ្ឋកិច្ចនៃត្រីមាសទី១ ឆ្នាំ ២០២៦ បង្ហាញថា ប្រទេសវៀតណាមមានការចាប់ផ្តើមដ៏រឹងមាំគួរសម។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីធានាកំណើនពីរខ្ទង់នោះទេ។ ប្រការនេះតម្រូវឲ្យមិនត្រឹមតែរក្សាបាននូវកម្លាំងចលករសម្រាប់កំណើននាបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវដំឡើងកម្រិត និងធ្វើអាជីវកម្មពីសក្ដានុពលថ្មីៗទៀតផង។ ទាំងនេះគឺជាអាទិភាពដែលនាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម លោក ឡេ មិញហ៊ុង (អាណត្តិ ២០២៦-២០៣១) បានសន្យានៅក្នុងសុន្ទរកថាចូលកាន់តំណែង នាថ្ងៃទី ៧ ខែមេសា៖

គោលដៅអំពីកំណើន GDP ជាមធ្យមលើសពី ១០% ក្នុងមួយឆ្នាំក្នុងដំណាក់កាល ២០២៦-២០៣១ គឺជាបទបញ្ជាដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសជាតិ។ រដ្ឋា
ភិបាលកំណត់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ គឺជារបកគំហើញដ៏សំខាន់ចម្បង ជាកម្លាំងចលករចម្បង ដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនូវ កម្លាំងផលិតកម្មទំនើប ការបង្កើនផលិតភាព សមត្ថភាពប្រកួតប្រជែង ស្វ័យភាពយុទ្ធសាស្ត្រ និងការបង្កើតកម្លាំងចលករថ្មីៗសម្រាប់កំណើន

ការសម្រេចគោលដៅកំណើន

ដើម្បីប្រែក្លាយគោលដៅទៅជាការពិត ប្រទេសវៀតណាមកំពុងផ្តោតលើគោលនយោបាយយុទ្ធសាស្ត្រ ដោយផ្តោតសំខាន់លើ៖ ការសុក្រិតស្ថាប័ន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការលើកកំពស់គុណភាពធនធានមនុស្ស។ សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី វូ ថាញ់ហឿង អនុប្រធានដេប៉ាតឺម៉ង់សេដ្ឋកិច្ចនិងអាជីវកម្មអន្តរជាតិ មហាវិទ្យាល័យសេដ្ឋកិច្ច សាកលវិទ្យាល័យជាតិហាណូយ បានចាត់ទុកថា៖

យើងត្រូវបន្តពង្រឹងសមត្ថភាពផលិតកម្មដោយខ្លួនឯង និងអភិវឌ្ឍន៍ឧស្សាហកម្មគាំទ្រ

ដែលជារឿងសំខាន់ខ្លាំងណាស់។ ទីពីរ គឺភាពម្ចាស់ការលើបច្ចេកវិទ្យា ពីព្រោះបច្ចេកវិទ្យាគឺជាមូលដ្ឋានគ្រឹះសម្រាប់នវានុវត្តន៍។ មានតែពេលដែលយើងបញ្ចូលបច្ចេកវិទ្យា និងនវានុវត្តន៍ទៅក្នុងផលិតផលរបស់យើងប៉ុណ្ណោះ ទើបតម្លៃបន្ថែមនៃផលិតផលដែលយើងនាំចេញទីផ្សារពិភពលោកអាចកើនឡើង ពីនោះទើបបង្កើនប្រាក់ចំណេញបាន និងបង្កើនប្រាក់ចំណូលរបស់កម្មករដែលចូលរួមវិស័យនាំចេញ

លើសពីនេះ វិស័យសហគ្រាស ជាពិសេសសហគ្រាសឯកជន ត្រូវតែទទួលបានលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការអភិវឌ្ឍ។ យោងតាមអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក កាវ អាញទួន នៅក្នុងបរិបទនៃការប្រកួតប្រជែងសកលកាន់តែខ្លាំងឡើង សមត្ថភាពខាងក្នុងរបស់សហគ្រាសគឺជាកត្តាសម្រេចចិត្តចំពោះកម្លាំងសន្ទុះនៃសេដ្ឋកិច្ច។

គោលដៅអំពីកំណើនពីរខ្ទង់ មិនមែនគ្រាន់តែជាតម្រូវការសម្រាប់ល្បឿននោះទេ ប៉ុន្តែជាតម្រូវការសម្រាប់ការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍ និងការបង្កើនសមត្ថភាពប្រកួតប្រជែងជាតិ។ នេះមិនត្រឹមតែជាភារកិច្ចសេដ្ឋកិច្ចនោះទេ ប៉ុន្តែជាបេសកកម្មយុទ្ធសាស្ត្រដើម្បីនាំប្រទេសរួចផុតពីអន្ទាក់ចំណូលមធ្យម និងសម្រេចនូវសេចក្តីប្រាថ្នាក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ នៅក្នុងដំណើរការនោះ សហគ្រាសត្រូវតែក្លាយជាកម្លាំងត្រួសត្រាយផ្លូវ នាំមុខគេក្នុងវិស័យនវានុវត្តន៍និងកសាងឋានៈរបស់វៀតណាមនៅក្នុងសេដ្ឋកិច្ចសកល

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមបានឆ្លងកាត់កំណាត់ផ្លូវដែលមានទាំងសញ្ញាវិជ្ជមាននិងបញ្ហាប្រឈម។ ផ្លូវខាងមុខនៅតែមានសម្ពាធជាច្រើន ប៉ុន្តែក៏បើកចេញឱកាសជាច្រើនផងដែរ។ ប្រសិនបើឆ្លៀតយកកម្លាំងចលករកំណើនបានយ៉ាងល្អ កែលម្អបរិយាកាសអាជីវកម្មយ៉ាងខ្លាំងក្លា និងបង្កើនសមត្ថភាពផ្ទៃក្នុងនោះ គោលដៅកំណើនពីរខ្ទង់ក្នុងឆ្នាំនេះអាចសម្រេចបានទាំងស្រុង ដោយបង្កើតជាសន្ទុះដ៏សំខាន់សម្រាប់ដំណាក់កាលអភិវឌ្ឍន៍បន្ទាប់នៃសេដ្ឋកិច្ចវៀតណាម៕