នៅព្រឹកថ្ងៃទី ៨ ខែមេសា នៅវិមានប្រធានរដ្ឋ (ទីក្រុងហាណូយ) លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានអញ្ជើញធ្វើជាអធិបតីនៅសន្និសីទប្រកាសសេចក្ដីសម្រេចរបស់ការិយាល័យនយោបាយ អំពីការតែងតាំងគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការអចិន្ត្រៃយ៍ លេខា និងលេខារងនៃគណៈកម្មាធិការបក្សរដ្ឋាភិបាល ព្រមទាំងប្រកាសសេចក្ដីសម្រេចអំពីការតែងតាំងសមាជិករដ្ឋាភិបាលសម្រាប់អាណត្តិ ២០២៦-២០៣១។ ក៏អញ្ជើញចូលរួមសន្និសីទ មានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អតីតនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន និងសមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមលោក ត្រិន កឹមទូ។
ថ្លែងនៅក្នុងសន្និសីទ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា អាណត្តិថ្មី ២០២៦-២០៣១ បានមកដល់ក្នុងបរិបទដ៏ពិសេស ដែលជាអាណត្តិដំបូងដែលអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ព្រមទាំងជាដំណាក់កាលសំខាន់ដែលសម្រេចថា តើវៀតណាមនឹងឈានដល់កម្រិតអភិវឌ្ឍន៍ថ្មីដែរឬអត់។ ដូច្នេះ អាទិភាពចម្បងរបស់រដ្ឋាភិបាលអាណត្តិថ្មី គឺការស្ថាបនាបរិយាកាសអភិវឌ្ឍន៍ បើកលំហសម្រាប់កំណើន បង្កើតកម្លាំងចលករថ្មីសម្រាប់កំណើន និងបង្កើនសមត្ថភាពអនុវត្តន៍ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់។
“ត្រូវតែរក្សាយ៉ាងរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពង្រឹងតុល្យភាពសំខាន់ៗ គ្រប់គ្រងហានិភ័យឲ្យបានល្អ និងបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើន; អនុវត្តន៍ឲ្យបានជោគជ័យនូវគោលដៅកំណើនខ្ពស់ និងប្រកបដោយចីរភាព។ កំណើនពីរខ្ទង់ ត្រូវតែផ្អែកលើការកែទម្រង់ស្ថាប័នយ៉ាងខ្លាំងក្លា ដោយការបង្កើនផលិតភាព ការដោះសោធនធានសង្គមទាំងអស់ ការផ្ទេរលំហូរទុនវិនិយោគឯកជនទៅក្នុងវិស័យអាទិភាព ដោយនវានុវត្តន៍ គុណភាពធនធានមនុស្ស និងសមត្ថភាពប្រកួតប្រជែងពិតប្រាកដនៃសេដ្ឋកិច្ច។ រដ្ឋាភិបាលត្រូវតែបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់បក្ស រដ្ឋសភា និងច្បាប់របស់រដ្ឋ; ធានាថា ច្បាប់និងសេចក្តីសម្រេចចិត្តចូលទៅក្នុងជីវភាពជាក់ស្ដែងកាន់តែលឿន មានតម្លាភាព និងស៊ីសង្វាក់គ្នាជាងមុន; ធ្វើឲ្យប្រជាជន សហគ្រាស នឹងនរចិត្តនៅពេលវិនិយោគ ច្នៃប្រឌិត និងធ្វើអាជីវកម្មស្របច្បាប់”។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានតម្រូវឱ្យសមាជិករដ្ឋាភិបាលម្នាក់ៗ ត្រូវតែជាអ្នកទទួលខុសត្រូវរបស់ប្រទេសជាតិក្នុងវិស័យដែលគេគ្រប់គ្រង ហើយក្រសួងនិងវិស័យនីមួយៗ ត្រូវដាក់ផលប្រយោជន៍រួមរបស់ប្រទេសជាតិ ប្រសិទ្ធភាពរួមនៃសេដ្ឋកិច្ច និងភាពងាយស្រួលរបស់ប្រជាជន និងអាជីវកម្មជាអាទិភាពចម្បង ព្រមទាំងត្រូវយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ធ្វើជាមូលដ្ឋាននៃគំរូកំណើនថ្មី។
ក្នុងនាមរដ្ឋាភិបាល និងគណៈកម្មាធិការបក្សរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអះអាងថា៖
“យើងទទួលភារកិច្ចនេះនៅពេលដែលប្រទេសជាតិកំពុងស្ថិតនៅចំពោះមុខច្រកចូលនៃឱកាសដ៏ធំធេង ប៉ុន្តែក៏ពោរពេញដោយបញ្ហាប្រឈមផងដែរ។ ដើម្បីសក្តិសមនឹងជំនឿជាក់របស់បក្ស និងការរំពឹងទុករបស់ប្រជាជន ខ្ញុំស្នើឲ្យសមមិត្តទាំងអស់ លើកកំពស់ស្មារតីសាមគ្គីភាព ការស្រុះចិត្តគំនិត និងវិន័យ ហាត់ពត់លត់ដំលក្ខណៈសម្បត្តិដោយឥតឈប់ឈរ និងបង្កើនសមត្ថភាព ត្រូវហ៊ានគិត ហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ហ៊ានប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈម និងធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់និងមានប្រសិទ្ធភាព។ ផ្តោតលើការកសាងគណៈកម្មាធិការបក្សរដ្ឋាភិបាល រដ្ឋាភិបាលនិងប្រព័ន្ធរដ្ឋបាលរដ្ឋពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន ប្រកបដោយសុចរិតភាព ធ្វើសកម្មភាពប្រកបដោយភាពស្អាតស្អំ រឹងមាំ និងប្រសិទ្ធភាព។ ពិតជារបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន និងត្រៀមខ្លួនជាស្រេចបម្រើប្រជាជន”។
នៅព្រឹកថ្ងៃដដែល នៅក្នុងសម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៦ រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តផ្ដល់សច្ចាប័ណ្ណលើសំណើរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអំពីការតែងតាំងឧបនាយករដ្ឋមន្ត្រីចំនួន៦រូប រដ្ឋមន្ត្រីចំនួន១៤រូប និងប្រធានស្ថាប័នស្មើកម្រិតក្រសួងចំនួន៣រូប សម្រាប់អាណត្តិរដ្ឋាភិបាលឆ្នាំ២០២៦-២០៣១៕
