ទិដ្ឋភាពទូទៅនៃជំនួបពិភាក្សា។ រូបថត៖ Le Phuong/VOV ៥ |
ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចដែនសមុទ្រដែលផ្សាភ្ជាប់នឹងការធានាការពារជាតិ និងសន្តិសុខ; រក្សាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ពង្រឹងកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើសមុទ្រ រួមចំណែករក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។ នេះជាការអះអាងរបស់នាយឧត្តមសេនីយ៍លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក្នុងជំនួបជាមួយលោក Nikolai Patrushev ជំនួយការប្រធានាធិបតី ប្រធានក្រុមប្រឹក្សាដែនសមុទ្រសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ១៥ កញ្ញា នៅទីស្នាក់ការក្រសួងការពារប្រទេស (នៃទីក្រុងហាណូយ)។
នាយឧត្តមសេនីយ៍ លោក Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះឋានៈជាមហាអំណាចដែនសមុទ្ររបស់សហព័ន្ធរុស្ស៊ី; ជឿជាក់ថា សហព័ន្ធរុស្ស៊ី ជាមួយនឹងសក្តានុពលរបស់ខ្លួន នឹងបន្តរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី នាយឧត្តមសេនីយ៍ លោក Phan Van Giang សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាម និងក្រុមប្រឹក្សាដែនសមុទ្រនៃសហព័ន្ធរុស្ស៊ីនឹងត្រូវបានជំរុញដោយឈរលើមូលដ្ឋានផលប្រយោជន៍ទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ ច្បាប់នៃប្រទេសនីមួយៗ បំពេញតម្រូវការនិងសមត្ថភាពរបស់ភាគីនិមួយៗ ស្ថិរភាពក្នុងតំបន់និងអភិវឌ្ឍន៍។
ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត នាយឧត្តមសេនីយ៍ លោក Phan Van Giang បានអះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការដោះស្រាយជំលោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស គឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២); គោរពតាមសេចក្តីថ្លែងការណ៍ឆ្នាំ ២០០២ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ជំរុញការបញ្ចប់រាល់កិច្ចចរចា ឈានដល់ការចុះហត្ថលេខាលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព។
រីឯខ្លួនវិញ ជំនួយការប្រធានាធិបតី និងជាប្រធានក្រុមប្រឹក្សាដែនសមុទ្រសហព័ន្ធរុស្ស៊ី លោក Nikolai Patrushev បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការលើដែនសមុទ្ររួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ស្របតាមទិសដៅសំខាន់ៗ នៃដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី ដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរព្រមព្រៀង កាលពីខែឧសភា ឆ្នាំ ២០២៥។ លោក Nikolai Patrushev បានអះអាងថា កិច្ចសហប្រតិបត្តិការអំពីសមុទ្ររវាងប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន ដោយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពិភាក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹក ការអប់រំនិងបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រជាដើម ហើយទន្ទឹមនឹងនោះសិក្សាលើវិស័យសមុទ្រដែលភាគីទាំងពីរមានសក្តានុពល។
នៅចុងបញ្ចប់នៃកិច្ចចរចា ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពិគ្រោះយោបល់លើវិស័យដែនសមុទ្ររវាងក្រសួងការពារប្រទេសវៀតណាម និងក្រុមប្រឹក្សាដែនសមុទ្រនៃសហព័ន្ធ រុស្ស៊ី៕

